Paris Peace Accords 23 Oct. 1991

Saturday, June 30, 2018

ស្ថាប័ន​ បោះឆ្នោត​ មីយ៉ាន់ម៉ា​ បដិសេធ ​សំណើ​ មក​សង្កេតការណ៍​ បោះឆ្នោត​ នៅ​កម្ពុជា | Myanmar's electoral body rejects request to monitor election in Cambodia

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៧។
ស្ថាប័ន​ បោះឆ្នោត​ មីយ៉ាន់ម៉ា​ បដិសេធ ​សំណើ​ មក​សង្កេតការណ៍​ បោះឆ្នោត​ នៅ​កម្ពុជា

RFA / វិទ្យុ អាស៊ី សេរី | ២៨ មិថុនា ២០១៨

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មីយ៉ានម៉ា (Myanmar) បាន​បដិសេធ​សំណើ​អញ្ជើញ​ទៅ​សង្កេតការណ៍​បោះឆ្នោត​សកល ថ្ងៃ​ទី​២៩ ខែ​កក្កដា នៅ​កម្ពុជា​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កម្ពុជា។

ប្រភព​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មីយ៉ាន់ម៉ា​អះអាង​ថា ការ​បដិសេធ​នេះ ដោយសារ​តែ​​មន្ត្រី​​រៀបចំ​​ការ​បោះ​ឆ្នោត​​មីយ៉ាន់ម៉ា​​រវល់​​ជាប់​​រៀបចំ​​ការ​បោះ​ឆ្នោត​​ក្នុង​ស្រុក។ ចំណែក​អង្គការ​សង្គម​ស៊ីវិល​ឯករាជ​សំខាន់ៗ​ចំនួន​បី​របស់ មីយ៉ាន់ម៉ា បាន​អះអាង​ថា ពួកគេ​មិនបាន​ទទួល​សំណើ​សុំ​ទៅ​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា​នោះ​ទេ។
ទោះបីជា​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី២៧ មិថុនា​កន្លងទៅ គ.ជ.ប​កម្ពុជា​បាន​អះអាង​ថា បាន​ទទួល​អ្នកសង្កេតការណ៍​ជាតិ​និង​អន្តរជាតិ​ជាង ៥​ម៉ឺន​នាក់។ ក្នុងចំណោម​អ្នកសង្កេតការណ៍​ទាំងនោះ មាន ១៧​នាក់ មកពី​ស្ថានទូត​ចិន សិង្ហបុរី និង​មីយ៉ាន់ម៉ា។
អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បកស្រាយ​ពី​ស្ថានទូត​មីយ៉ាន់ម៉ា​បាន​នៅឡើយ​ទេ ចំពោះ​ការ​បដិសេធ​មិន​ទៅ​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា។ ចំណែក​ស្ថានទូត​សិង្ហបុរី ក៏​មិនទាន់​ឆ្លើយ​សំណួរ​អាស៊ីសេរី ជុំវិញ​ការ​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា​នៅឡើយ​ដែរ។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ស្វាគមន៍ អ្នក​សង្កេតការណ៍​អន្តរជាតិ ប៉ុន្តែ​លោក​អះអាង​ថា បញ្ហា​សំខាន់​គឺ​ត្រូវ​មើល​ទៅលើ​សមាសភាព​របស់​អ្នកសង្កេតការណ៍​ទាំងនោះ និង​នីតិវិធី​នៃ​ការវាយតម្លៃ​របស់​ពួកគេ ថា​តើ​មាន​ភាព​ជឿជាក់​ដល់​កម្រិត​ណា​ដែរ។ លោក កន សាវាង្ស បន្តថា ដើម្បី​វាយតម្លៃ​ការបោះឆ្នោត​មួយ​ថា ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ លុះត្រាតែ​ប្រទេស​នោះ​ធ្លាប់​មាន​បទពិសោធន៍​រៀបចំ​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ប៉ុន្តែ​ប្រទេស​ចិន សិង្ហបុរី និង​មីយ៉ាន់ម៉ា សុទ្ធតែ​មិន​សូវ​មាន​បទពិសោធន៍​នៃ​ការរៀបចំ​ការបោះឆ្នោត​បែប​ប្រជាធិបតេយ្យ៕

No comments:

Post a Comment