Paris Peace Accords 23 Oct. 1991

Tuesday, June 12, 2018

«មានតែ​ មេដឹកនាំ​ ផ្ដាច់ការ​ ដែល​ឲ្យ​ និយមន័យ​ ប្រជាធិបតេយ្យ​ ផ្សេង​ពី​ គោលការណ៍​ សកល» | "Only an autocrat would give democracy a different definition than its universal understanding"

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
«មានតែ​ មេដឹកនាំ​ ផ្ដាច់ការ​ ដែល​ឲ្យ​ និយមន័យ​ ប្រជាធិបតេយ្យ​ ផ្សេង​ពី​ គោលការណ៍​ សកល»

RFA / វិទ្យុ អាស៊ី សេរី | ១១ មិថុនា ២០១៨

អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ជា​ប្រធាន​ចលនា​សង្គ្រោះជាតិ​បច្ចុប្បន្ន លោក សម រង្ស៊ី លើកឡើង​ថា គោលការណ៍​ប្រជាធិបតេយ្យ​សាកល ត្រូវតែ​មាន​លក្ខណៈ​រួម​មួយ ដែល​ខុស​ពី​របប​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច​សព្វថ្ងៃ​នេះ៖ «លទ្ធិប្រជាធិបតេយ្យ ដូចជា​ការ​គោរព​សិទ្ធិមនុស្ស គឺជា​គោលការណ៍​ដែល​មាន​លក្ខណៈ​ជា​​​​​​​​​​​​​​​​​​​សកល។ មិនមែន​ប្រែប្រួល​តាមតែ​យើង​បកស្រាយ ប្រែប្រួល​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​នោះ​ទេ។ មិនមែន​ដូច្នេះ​នោះ​ទេ។ មនុស្ស​ម្នាក់ៗ គ្រប់រូប ទោះជា​រស់នៅ​សម័យ​ណា​ក៏​ដោយ នៅ​ក្នុង​ប្រទេស​ណា​ក៏​ដោយ ទ្វីប​ណា​​ក៏ដោយ គឺ​យើង​ជា​មនុស្ស​ដូចគ្នា គឺ​មនុស្ស​ម្នាក់ៗ​ត្រូវ​មាន​ភាព​ថ្លៃថ្នូរ​ដូចគ្នា ពីព្រោះ​មនុស្ស​ម្នាក់ៗ​ចេះ​ឈឺចាប់​ដូចគ្នា​។ មនុស្ស​ម្នាក់ៗ​ចេះ​ស្រលាញ់​សេរីភាព​ដូចគ្នា​។ មនុស្ស​ម្នាក់ៗ​ស្រលាញ់​យុត្តិធម៌​ដូចគ្នា។ ឈាម​យើង​ក្រហម​ដូចគ្នា។ ហើយ​បើ​គេ​វាយ​យើង យើង​ឈឺ​ដូចគ្នា។ យើង​ស្លាប់​ទៅវិញ​ដូចគ្នា។ យើង​ស្រលាញ់​អំពើ​ល្អ​ដូចគ្នា។ មនុស្ស​គឺ​ដូចគ្នា​ទាំងអស់ មិនមែន​ខុសគ្នា ដោយសារ​ពណ៌​សម្បុរ​បន្តិចបន្តួច សាសនា ជាតិ​សាសន៍ មិនមែន​សំខាន់​ទេ។ អ្វី​ដែល​សំខាន់ គឺ​លក្ខណៈ​របស់​យើង​ជា​មនុស្ស ដែល​ត្រូវតែ​មាន​សិទ្ធិ ដូចគ្នា​ទាំងអស់ ទោះជា​យើង​រស់នៅ​ទីណា​ក៏ដោយ។»

លោក សម រង្ស៊ី បញ្ជាក់​បន្ថែម​ថា របប​លោក ហ៊ុន សែន បាន​បំផ្លាញ​គោលការណ៍​ប្រជាធិបតេយ្យ​ទាំងស្រុង រួចហើយ​បែរជា​បកស្រាយ​បិទបាំង​ការពិត ថា​គេ​មិន​ត្រូវ​ប្រៀបប្រដូច​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដូច​ប្រជាធិបតេយ្យ​នៅ​ប្រទេស​លោក​សេរី​នោះ​ទៅវិញ៖ «ច្បាប់​ដែល​គេ​យក មក​ប្រើ​នៅ​ប្រទេស​កម្ពុជា គឺជា​ច្បាប់​ព្រៃ គឺជា​ច្បាប់​ដែល​ស្ថិត​នៅ​លើ​តែ​បបូរមាត់​របស់​គេ គឺ​ច្បាប់​ដែល​ការពារ​តែ​ផលប្រយោជន៍​របស់​ពួកគេ រួមមាន​អ្នកកាន់អំណាច​សព្វថ្ងៃ ក្រុម​គ្រួសារ​គេ និង​បក្ស​ពួកគេ។ តាម​និយមន័យ​​ធម្មតា ច្បាប់​ដែល​រៀបចំឡើង​តាម​បែប​បទ​ប្រជាធិបតេយ្យ គឺ​ការពារ​ផលប្រយោជន៍​សាធារណៈ ផលប្រយោជន៍​រួម ផលប្រយោជន៍​ប្រជារាស្ត្រ​ទាំងមូល។ ហ្នឹងហើយ​គេ​ហៅថា​ច្បាប់​ប្រជាធិបតេយ្យ​។ បើ​ច្បាប់​ដូច​នៅ​ប្រទេស​កម្ពុជា សព្វថ្ងៃ​គ្រាន់តែ​ការពារ​ក្រុម​គ្រួសារ បក្សពួក និង ជន​ផ្ដាច់ការ​នៅ​ប្រទេស​កម្ពុជា មិនមែន​ហៅថា​ច្បាប់​ប្រជាធិបតេយ្យ​ទេ ហៅថា​ច្បាប់​ព្រៃ។ កុំ​ឲ្យ​តម្លៃ​ទៅ​ច្បាប់​ព្រៃ។ យើង​ត្រូវ​ទាមទារ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ ដែល​ក្នុង​ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​នីមួយៗ គេ​រៀបចំ​ឲ្យ​មាន​ច្បាប់​ដែល​ការពារ​ផលប្រយោជន៍​សាធារណៈ។»
ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់អំណាច​លោក សុខ ឥសាន នៅតែ​ការពារ​ជំហរ​របប​លោក ហ៊ុន សែន ក្នុង​ការ​បកស្រាយ​ថា​ប្រទេស​កម្ពុជា មាន​ប្រជាធិបតេយ្យ​ពេញលេញ តាម​បែប​កម្ពុជា ទោះ​រង​ការរិះគន់​ពី​មតិ​ជាតិ និង​អន្តរជាតិ​យ៉ាង​ខ្លាំង យ៉ាង​ណា​ក្តី៖ «ឥឡូវ​ខ្ញុំ​ឧទាហរណ៍​សាមញ្ញ​មួយ ដើម្បី​ឲ្យ​ប្រជាជន​ស្ដាប់ សម្ល​មួយ​ឆ្នាំង​ហូប​ប្រាំ​នាក់​អត់​ឆ្ងាញ់​ដូចគ្នា​ទេ។ អ្នកខ្លះ​ថា​សាប អ្នកខ្លះ​ថា​ប្រៃ អ្នកខ្លះ​ថា​ជូរ អ្នកខ្លះ​ថា​ហឹរ។ អាមេរិកាំង​ហូប​ហែមប៊ើហ្គ័រ (Hamburger) គាត់​ថា​ឆ្ងាញ់​របស់​គាត់ ប៉ុន្តែ​ខ្មែរ​តិច​ណាស់​ដែល​ឆ្ងាញ់​ហែមប៊ើហ្គ័រ។ បើ​ខ្មែរ​នៅ​ស្រុក​ខ្មែរ​ដូចជា​មិនសូវ​ចេះ​ហូប​ប៉ុន្មាន​ទេ។ ដូច្នេះ​បើ​បើកហាង​ហែមប៊ើហ្គ័រ​ហ្នឹង បានតែ​ក្មេងៗ នោះ​ទេ ព្រោះ​ចាស់ៗ​អត់​ត្រូវការ​ហែមប៊ើហ្គ័រ​ទេ។ អាហ្នឹង​ហើយ​គេ​ហៅថា ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ពហុមតិ ពហុ​យល់​ឃើញ មនុស្ស​មាន​សិទ្ធិ​ពហុនិយាយ វា​ខុស​ៗ​គ្នា។ របស់​តែមួយ​ទេ ប៉ុន្តែ​និយាយ​អត់​ត្រូវ​គ្នា។»

តាម​គោលការណ៍​ប្រជាធិបតេយ្យ គឺ​គេ​យក​ប្រជាពលរដ្ឋ​ជាធំ។ ប៉ុន្តែ ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ ដែល​មាន​ពលរដ្ឋ​គាំទ្រ​រហូតដល់​ជាង​បី​លាន​នេះ គឺ​របប​លោក ហ៊ុន សែន រង​ការរិះគន់ បាន​រំលោភ​គោលការណ៍​ប្រជាធិបតេយ្យ នៃ​អំណាច​ពលរដ្ឋ​ជា​ធំ​យ៉ាង​ដំណំ។ ក្នុង​របប​ប្រជាធិបតេយ្យ​ស្ថាប័ន​ធំៗ​ទាំង​បី រួមមាន​អង្គ​នីតិប្បញ្ញត្តិ អង្គ​នីតិប្រតិបត្តិ និង​តុលាការ ត្រូវ​ឯករាជ្យ​ដាច់​ពី​គ្នា។ ប៉ុន្តែ របប​លោក ហ៊ុន សែន ក៏​រង​ការរិះគន់​យ៉ាង​ចាស់ដៃ ដែល​ថា​ជា​អ្នក​ធ្វើ​ឲ្យ​ស្ថាប័ន​ទាំងនេះ ស្ថិត​ក្រោម​ឥទ្ធិពល បក្ស​កាន់​អំណាច​របស់​លោក​ទាំងអស់៕





1 comment:

  1. Anonymous9:22 AM

    «មានតែ​ មេដឹកនាំ​ ផ្ដាច់ការ​ ដែល​ឲ្យ​ និយមន័យ​ ប្រជាធិបតេយ្យ​ ផ្សេង​ពី​ គោលការណ៍​ សកល» | "Only an autocrat would give democracy a different definition than its universal understanding"
    -----------------------------
    Wait...every freaking Cambodian leader is an autocrat, especially Kem Sokha and Scam Rainsy. First of all, remember Kem Sokha? He told Thy Sovantha to submit to his sexual demand if she wanted to join CNRP? Wasn't that autocratic enough?

    When asked about the authenticity of the recorded audio clip of Kem Sokha's voice talking dirty about Thy Sovantha, he did not directly reply. All subsequent request of clarification from him, "Did you ever say anything sexually regarding Thy Sovantha?" was met with silence from Kem Sokha. Was that autocratic enough?

    ReplyDelete