Paris Peace Accords 23 Oct. 1991

Thursday, June 21, 2018

តុលាការ ក្រុងភ្នំពេញ កោះហៅលោក សម រង្ស៊ី ករណី ប្រមាថ ព្រះមហាក្សត្រ | Phnom Penh Municipal Court summons Sam Rainsy for lese majeste

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី លោក សម រង្ស៊ី។

RFA / វិទ្យុ អាស៊ី សេរី | ២០ មិថុនា ២០១៨






លោក សម រង្ស៊ី ប្រធានចលនា​សង្គ្រោះជាតិ នៅ​រក្សា​ជំហរ​របស់​លោក​ថា ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម ក្នុង​ការ​បោះឆ្នោត​ថ្ងៃទី​២៩ កក្កដា​ថា ជា​លិខិត​ក្លែងក្លាយ ឬ​ក៏​ជា​លិខិត​ធ្វើ​ឡើង ក្រោម​ការ​សម្លុត និង​គាប​សង្កត់។ ការ​លើក​ឡើង​របស់​លោក សម រង្សី ដូច​នេះ គឺ​ស្រប​ពេល​ដែល​សាលាដំបូង​ក្រុង​ភ្នំពេញ សម្រេច​ចេញ​ដីកា​កោះ​ហៅ​លោក សម រង្ស៊ី ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ព្រឹក​ថ្ងៃ​ទី១២ ខែ​កក្កដា ដើម្បី​សាកសួរ​ករណី​ថ្មី​មួយ​ទៀត ​ដែល​របប​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ថា ប្រធាន​ចលនាស​ង្គ្រោះ​ជាតិ​រូប​នេះ​ប្រមាថ​ព្រះមហាក្សត្រ​តាម​រយៈ​ហ្វេសប៊ុក​របស់​លោក​ជា​បន្តបន្ទាប់​នៅ​ក្នុង​អំឡុង​ខែ​មិថុនា​នេះ។

ដីកា​របស់​ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​ក្រុង​ភ្នំពេញ លោក សៀង សុខ ចុះ​ថ្ងៃ​ទី១៩ មិថុនា ដែល​ទើប​ផ្សព្វផ្សាយ នៅ​ថ្ងៃ​ទី២០ មិថុនា បង្គាប់​ឲ្យ​លោក សម រង្ស៊ី ត្រូវ​ធ្វើ​ដំណើរ​មក​កាន់​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ឲ្យ​ទាន់​ពេល​វេលា និង​យក​លិខិត​ផ្សេងៗ ដែល​ទាក់ទង​នឹង​សំណុំ​រឿង​នេះ មក​ជាមួយ​ផង​ប្រសិន​បើ​មាន។
ដីកា​របស់​ព្រះរាជ​អាជ្ញា​នៅ​ពេល​នេះ គឺ​ក្រោយ​រយៈ​ពេល ១២ថ្ងៃ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កម្ពុជា​លោក អង្ស វង្សវឌ្ឍនា បាន​​ចេញ​អធិបញ្ជា​ឲ្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្ដឹង​លោក សម រង្ស៊ី ករណី​ប្រមាថ​ព្រះមហាក្សត្រ។
លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា លោក​ជឿ​ជាក់​ថា ព្រះមហាក្សត្រ​សព្វថ្ងៃ ជា​ចំណាប់​ខ្មាំង​ក្នុង​កណ្តាប់​ដៃ​លោក ហ៊ុន សែន ដែល​បង្ខំ​ឲ្យ​ព្រះអង្គ​គាំទ្រ​របប​ក្បត់​ជាតិ​សព្វថ្ងៃ។ ដូច្នេះ លោក​យល់​ថា ព្រះរាជ​សារ​ព្រះ​មហាក្សត្រ ដែល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត គឺ​ជា​លិខិត​គ្មាន​តម្លៃ​អ្វី និង​មិន​អាច​យក​ជា​ការ​បាន​ទេ។
អ្នកវិភាគ​នយោបាយ​វ័យ​ក្មេង​លោក ហង្ស វិទូ យល់​ថា​ ការ​កោះហៅ​លោក សម រង្ស៊ី ម្តង​នេះ ក៏​មិន​ខុស​ពី​សំណុំរឿង​ផ្សេង​ទៀត​ដែរ គឺ​គ្មាន​ប្រសិទ្ធភាព​ទេ ព្រោះ​លោក សម រង្ស៊ី មិន​ដែល​ចូល​ខ្លួន​បំភ្លឺ​ម្តង​ណា​ឡើយ។ លោក​បន្ត​ទៀត​ថា វិធានការ​របស់​តុលាការ​នៅ​ពេល​នេះ គ្រាន់​តែ​ជា​ការ​បង្ហាញ​ថា តុលាការ​នៅ​កម្ពុជា​ធ្វើការ​មិន​ឯករាជ្យ ដែល​ធ្វើ​ឲ្យ​មាន​មហាជន​ទូទៅ​មិន​ឲ្យ​ផ្តល់​តម្លៃ​ដល់​តុលាការ៖ «ការ​កោះហៅ​របស់​តុលាការ​នេះ​គ្រាន់​តែ​ជា​ការ​ដាក់​បន្ទុក​លើ​លោក សម រង្ស៊ី ដើម្បី​ឲ្យ​លោក​មាន​ទោស​កាន់​តែ​ច្រើន​ទៅៗ។»
គិត​មក​ដល់​ពេល​នេះ លោក សម រង្ស៊ី កំពុង​រង​បណ្តឹង និង​ចាញ់​ក្តី​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ជាង ១០បណ្តឹង​ទៅ​ហើយ។ ចំណាត់​ការ​របស់​តុលាការ​ក្រុង​ភ្នំពេញ​មក​លើ​រូប​លោក សម រង្ស៊ី លើ​ករណី​ថ្មី​នេះ ស្រប​ពេល​របប​លោក ហ៊ុន សែន កំពុង​រង​សម្ពាធ​ពី​ចលនា​មហាជន​នៃ​ពលរដ្ឋ​ខ្មែរ នៅ​ក្រៅ​ស្រុក រួមមាន សហរដ្ឋអាមេរិក កាណាដា បារាំង ជប៉ុន កូរ៉េ​ខាង​ត្បូង និង​អូស្ត្រាលី ជា​ដើម​នោះ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម ទាមទារ​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី២៩ កក្កដា​ខាង​មុខ និង​ស្នើសុំ​ទៅ​ប្រទេស​ជប៉ុន​ឲ្យ​ឈប់​គាំទ្រ​ការ​បោះ​ឆ្នោត ដោយ​ពួក​គេ​ចាទ​ប្រកាន់​ថា ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ។
លោក ហង្ស វិទូ យល់​ថា នេះ​អាច​ជា​ការ​ប្រតិកម្មតប​របស់​របប​ក្រុង​ភ្នំពេញ ទៅ​នឹង​ក្រុម​ពលរដ្ឋ​ក្រៅ​ប្រទេស ដែល​កំពុង​ដាក់​សម្ពាធ​មក​លើ​ខ្លួន។ ប៉ុន្តែ អ្នក​វិភាគ​រូប​នេះ​យល់​ថា ការ​ឆ្លើយតប​បែប​នេះ មិន​ខុស​ពី​រឿង​កំប្លែង​នោះ​ទេ៖ «យើង​ឃើញ​កន្លង​មក​ឲ្យ​តែ​បាតុកម្ម​នៅ​ក្រៅ​ស្រុក​ច្រើន តុលាការ​តែង​ចេញ​ដីកា​កោះ​ហៅ។ វា​ជារឿង​មួយ ដែល​កំប្លែង​មើល​ទៅ​វា​នៅ​លើ​គោគ។»
ដីកា​កោះ​របស់​តុលាការ​នៅ​ពេល​នេះ ក្រោយ​ពេល​លោក សម រង្ស៊ី លោក​បាន​និយាយ​កាល​ពី​ដើម​ខែ​មិថុនា​ថា របប លោក ហ៊ុន សែន ជា​អ្នក​បង្ខំ​ឲ្យ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជ​សារ​អំពាវ នាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត។ លោក សម រង្ស៊ី ក៏​ធ្លាប់​បាន​ហៅ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ថា ជា​លិខិត​ក្លែងក្លាយ ឬ​ត្រូវ​លោក ហ៊ុន សែន បង្ខំ​អោយ​ចេញ​សារ​អំពាវនាវ​នោះ។
កាលពីថ្ងៃទី១០ ខែ​មិថុនា ខណៈ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កម្ពុជា​លោក អង្ស វង្សវឌ្ឍនា បង្គាប់​ឲ្យ​ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្ដឹង​លោក សម រង្ស៊ី ប្រធាន​ចលនាសង្គ្រោះជាតិ និង​ជា​អតីត​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​រូប​នេះ បាន​សរសេរ​សារ​មួយ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក​ថា ព្រះមហាក្សត្រ​ជា​ចំណាប់​ខ្មាំង​របស់​លោក ហ៊ុន សែន។ លោក​បន្ត​ទៀត​ថា គ្មាន​នរណា​មើល​ងាយ​ព្រះមហាក្សត្រ​ជាង​ជន​ផ្ដាច់ការ ហ៊ុន សែន ទេ ដែល​ជេរ​ប្រមាថ និង​គំរាម​កំហែង​ព្រះមហាក្សត្រ​តាំង​ពី​យូរ​ឆ្នាំ​មក​ហើយ ព្រមទាំង​យក​ព្រះមហាក្សត្រ​ធ្វើ​ជា​ខែល ដើម្បី​បន្ត​អំណាច​ផ្ដាច់ការ​របស់​គាត់។
រាល់​ពេល​មាន​ការ​ចោទ​ប្រកាន់​មក​លោក សម រង្ស៊ី ម្តងៗ ពី​តុលាការ ​លោក​តែង​ហៅ​តុលាការ​នោះ​ថា ជា​តុលាការ​តេឡេ ដែល​ស្ថិត​ក្រោម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន៖ «តុលាការ​ស្រុក​ខ្មែរ​គ្នា​មិនសូវ​ដឹង​អី​ទេ គ្នា​ធ្វើតាម​ថ្នាក់លើ ហើយ​ថ្នាក់លើ​ហ្នឹង​ធ្វើ​អី​តាមតែ​អំពើ​ចិត្ត។ ខ្ញុំ​សប្បាយចិត្ត​ទៅវិញ​ទេ ព្រោះ​ឱកាស​មួយ​លាតត្រដាង​ឲ្យ​កាន់តែ​ច្បាស់​ថែមទៀត​ អ្វី​ដែល​អ្នកដឹកនាំ​និង​គូរ​កន​របស់​គេ​បាន​ធ្វើ។»
លោក សម រង្ស៊ី គឺ​ជា​មនុស្ស​ទី៤ ហើយ ដែល​ត្រូវ​រដ្ឋអំណាច​ក្រុង​ភ្នំពេញ​ប្រើប្រាស់​ច្បាប់​ថ្មី​ដ៏​ចម្រូងចម្រាស ​ដើម្បី​ចាត់​ការ។ យោង​តាម​ច្បាប់​ថ្មី​ស្ដីពី​ការ​ប្រមាថ​ព្រះមហាក្សត្រ​ លោក សម រង្ស៊ី អាច​ប្រឈម​ជាប់​ពន្ធនាគារ​ពី ​១​ឆ្នាំ​ទៅ​ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ទៅ​ ១០លាន​រៀល ឬ​ស្មើនឹង​ប្រាក់ ៥០០ ទៅ ២.៥០០​ដុល្លារ​អាមេរិក៕


No comments:

Post a Comment