Paris Peace Accords 23 Oct. 1991

Tuesday, June 19, 2018

អ្នកម្នាង អ៊ុក ផល្លា ទទួល​ មរណភាព, ​រីឯ​​ សម្ដេច ​ក្រុមព្រះ ​របួសធ្ងន់ ​ក្រោយ​ជួប ​គ្រោះថ្នាក់​ ចរាចរណ៍,| Princess Ouk Phalla killed, Prince Ranariddh seriously wounded in car accident

ស្ថានភាព​រថយន្ត​​ខូច​ខាត ពេល​ដែល​អ្នក​ម្នាង អ៊ុក ផល្លា និង​សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ ២០១៨។  រូប​ពី​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ 
អ្នកម្នាង អ៊ុក ផល្លា ទទួល​ មរណភាព, ​រីឯ​​ សម្ដេច ​ក្រុមព្រះ ​របួសធ្ងន់ ​ក្រោយ​ជួប ​គ្រោះថ្នាក់​ ចរាចរណ៍

សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ (ឆ្វេង) អ្នកម្នាង អ៊ុក ផល្លា (ស្ដាំ) ក្នុង​ពិធី​សមាជ​វិសាមញ្ញ ប្រកាស​ផ្ទេរ​ថ្វាយ​តួនាទី​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច នា​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ នៅ​ថ្ងៃ​ទី ១៩ មករា ២០១៥។





















សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ (ឆ្វេង) អ្នកម្នាង អ៊ុក ផល្លា (ស្ដាំ) ក្នុង​ពិធី​សមាជ​វិសាមញ្ញ ប្រកាស​ផ្ទេរ​ថ្វាយ​តួនាទី​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច នា​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ នៅ​ថ្ងៃ​ទី ១៩ មករា ២០១៥។ RFA/Sek Bandith

RFA / វិទ្យុ អាស៊ី សេរី | ១៧ មិថុនា ២០១៨

សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ធូរស្រាល​វិញ​ហើយ ក្រោយ​ពេល​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ ខណៈ​អ្នកម្នាង អ៊ុក ផល្លា ទទួល​អនិច្ចកម្ម នៅ​ម៉ោង​១២​ថ្ងៃត្រង់ ក្រោយពី​គ្រោះថ្នាក់​ចរាចរ​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា។
អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​រំលែក​ទុក្ខ​ក្រៀមក្រំ ដល់​អ្នកម្នាង អ៊ុក ផល្លា និង​ក្រុម​គ្រួសារ​ផង ដែល​បាន​ទទួល​អនិច្ចកម្ម​ដោយសារ​គ្រោះថ្នាក់​ចរាចរ​នេះ។ ទោះជា​យ៉ាងណា​លោក ញ៉េប ប៊ុនជិន អះអាង​ថា ស្ថានភាព​ជំងឺ​របស់​សម្ដេចក្រុមព្រះ បាន​ធូរស្រាល​ច្រើន គឺ​អាច​និយាយ​ឆ្លងឆ្លើយ​គ្នា​បាន​មិន​មាន​បញ្ហា​អ្វី​ធំដុំ​នោះ​ទេ ដោយ​គ្រាន់តែ​ព្រះអង្គ​នៅ​ឈឺ​ត្រង់​ត្រចៀក​បន្តិច ហើយ​ត្រូវ​សម្រាក​ព្យាបាល​មួយរយៈ និង​បាន​ធូរស្រាល​ហើយ៖ «គ្រោះថ្នាក់​នឹង​ខ្ញុំ​សួរ​ទៅ​ថា លោក​ត្រូវ​ធ្ងន់ ប៉ុន្តែ​លោក​ដឹង​ព្រះកាយ​ហើយ លោក​បាន​ស្រួល​ហើយ ប៉ុន្តែ​នៅ​មាន​ឈាម​ត្រចៀក និង​ច្រមុះ ហើយ​ជើង​លោក​ដើរ​មិនទាន់​បានទេ។ ម្យ៉ាង​ខ្ញុំ​មិនទាន់​ដឹង​ព្រះអង្គ​នឹង​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​យូរ​ប៉ុនណា​នោះ​ទេ»
លោក ញ៉េប ប៊ុនជិន បន្ថែម​ទៀត​ថា សម្ដេចក្រុមព្រះ អ្នកម្នាង អ៊ុក ផល្លា និង​ក្រុមការងារ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ធ្វើដំណើរ​ដើម្បី​ទៅ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​ជាង ៣​ពាន់​នៅ​ខេត្ត​កំពត ហើយក៏​ជួប​គ្រោះ​នេះ​តែម្ដង។ លោក ញ៉េប ប៊ុនជិន ចាត់​ទុក​គ្រោះថ្នាក់​ចរាចរ​នេះ​ថា ជា​ទុក្ខ​ក្រៀមក្រំ​ធំ​បំផុត​របស់​គណបក្ស ហើយ​ថា គណបក្ស​មួយ​នេះ​នឹង​ចេញ​សេចក្ដី​ថ្លែង​ពី​សោកនាដកម្ម​នេះ​នៅ​រសៀល​ថ្ងៃ​ទី​១៧ មិថុនា ដើម្បី​ផ្សព្វផ្សាយ​និង​ជូនដំណឹង​ដល់​សាធារណជន​បាន​ដឹង​ដើម្បី​ទៅ​ចូលរួម​រំលែក​ទុក្ខ​ឲ្យ​បាន​ច្រើន​កុះករ៖ «នេះ​ជា​លើក​ទី​២​ហើយ គ្រោះថ្នាក់​ចរាចរ​នឹង គ្រាន់តែ​កាល​មុន​ឡាន​ធំ​ហើយ​លើក​នេះ ប៉ុន្តែ​ខ្ញុំ​មើល​ទៅ​ឡាន​ភាគី​ម្ខាង​ទៀត​មិន​គួរ​ណា​បើក​លឿន​ដូច្នេះ​ទេ ព្រោះ​នៅ​ទីប្រជុំជន ហើយ​បាន​ចូល​មក​កន្លង​ផ្លូវ​រថយន្ត​របស់​ព្រះអង្គ។ ចំណែក​ដែល​បណ្ដាល​ឲ្យ​អ្នក​ម្នាង​ទទួលអនិច្ចកម្ម ប្រហែល​ដោយសារ​អ្នក​ម្នាង​ធ្លាប់​រង​របួស​ម្ដង​ហើយ ម្ល៉ោះហើយ​ខ្ញុំ​ថា​រឿង​នេះ​ជាហេតុ​មួយ​មិនល្អ​រួច​មក​ហើយ»
គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​នេះ​ដោយសារ អ្នក​បើក​រថយន្ត​រត់​ឈ្នួល​ម៉ាក ហាយឡិនឌឺ (HIGHLANDER) បើក​ក្នុង​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ទៅ​ភ្នំពេញ ហើយ​បាន​រ៉េ​ចង្កូត​មក​ខាងឆ្វេង​ដៃ ហើយក៏​បាន​បុក​ជាមួយ​រថយន្ត​របស់​សម្ដេច​ក្រុមព្រះ ដែល​ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​តែម្ដង។

អគ្គស្នងការ​ឲ្យ​ដឹង​ទៀត​ថា គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ៧​នាក់​រង​របួស​ធ្ងន់ និង​ស្រាល ក្នុង​នោះ​មាន​មនុស្ស​ស្រី ២​នាក់។ ចំណែក​សម្ដេចក្រុមព្រះ រង​របួស​ធ្ងន់ ហើយ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​នៅ​គ្លីនិក​សេតេ នៅ​ខេត្ត​ព្រះសីហនុ ចំណែក​អ្នក​រងរបួស​ផ្សេងទៀត​ក៏​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក និង​គ្លីនិក​នៅ​ខេត្ត​ព្រះសីហនុ។ រីឯ​អ្នក​បើក​រថយន្តឈ្នួល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្ដោះអាសន្ន ។ អ្នក​ម្នាង អ៊ុក ផល្លា ទទួលអនិច្ចកម្ម​ក្រោយពី​ក្រុម​ការងារ​គណបក្ស​មួយ​នេះ​បញ្ជូន​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៧ មិថុនា។

រថយន្ត​ដឹក​សម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ និង​អ្នកម្នាង អ៊ុក ផល្លា កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៥​កន្លង​ទៅ ធ្លាប់​ជួប​គ្រោះថ្នាក់​ចរាចរ ដោយ​បុក​ជាមួយ​រថយន្ត​ដឹក​ដី​ម្ដង​រួចមក​ហើយ នៅ​ភូមិ​អំពិលធំ ឃុំ​ខ្វិតធំ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ដែល​ពេលនោះ​ក្បួន​រថយន្ត​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​យាង​ត្រឡប់​មកពី​ជួប​អ្នកគាំទ្រ​បក្ស​របស់​ខ្លួន​វិញ។ កាលណោះ បណ្ដាល​ឲ្យ​មនុស្ស​មួយ​ចំនួន​រង​របួស​ធ្ងន់ និង​ស្រាល ក្នុង​នោះ​អ្នកម្នាង អ៊ុក ផល្លា បាន​រង​របួស​ធ្ងន់ធ្ងរ រហូត​ត្រូវ​នាំ​យក​ទៅ​សម្រាក​ព្យាបាល​ព្រះរោគ​នៅ​ប្រទេស​ថៃ​ទៀត​ផង។

ចំណែក​សាកសព អ្នកម្នាង អ៊ុក ផល្លា សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច នឹង​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្តបទុមវតី នៅ​រាជធានី​ភ្នំពេញ៕



No comments:

Post a Comment