Paris Peace Accords 23 Oct. 1991

Wednesday, June 13, 2018

អាមេរិក ដាក់មេកងអង្គរក្ស លោក ហ៊ុន សែន ក្នុងបញ្ជីខ្មៅ ដែល​ត្រូវ​ បង្កក ​ទ្រព្យ​សម្បត្តិ​ មុន​គេ | US sanctions chief of Hun Sen's bodyguard unit on blacklist

លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស នាយ​ឧត្ដមសេនីយ៍ ចូលរួម​សិក្ខាសាលា​ស្ដីពី​សម្ព័ន្ធ​មេត្រីភាព​រវាង​អង្គភាព​កងទ័ព-​ នគរបាល​ជាតិ ជាមួយ​អង្គភាព​សង្គម​ស៊ីវិល​នា​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥។
អាមេរិក ដាក់មេកងអង្គរក្ស លោក ហ៊ុន សែន ក្នុងបញ្ជីខ្មៅ ដែល​ត្រូវ​ បង្កក ​ទ្រព្យ​សម្បត្តិ​ មុន​គេ

RFA / វិទ្យុ អាស៊ី សេរី | ១២ មិថុនា ២០១៨

សហរដ្ឋ​អាមេរិក ដាក់​មេកងអង្គរក្ស​លោក ហ៊ុន សែន ក្នុង​បញ្ជីខ្មៅ ដែល​ត្រូវ​បង្កក​ទ្រព្យ​សម្បត្តិ​មុន​​គេ​។ លោក ហ៊ីង ប៊ុនហៀង ដែល​ជា​មេបញ្ជាការ​នៃកងអង្គរក្ស​របស់​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន ត្រូវ​បានការិយាល័យ​កិច្ចការ​សាធារណៈ នៃ​​នាយកដ្ឋាន​​រតនាគារ​អាមេរិក ប្រកាស​នៅថ្ងៃទី១២ ខែមិថុនា ដោយ​​បញ្ចូល​ទៅ​ក្នុង​​បញ្ជី​ខ្មៅ នៃ​បុគ្គលដែល​ត្រូវ​រង​ទណ្ឌកម្ម ក្រោម​ច្បាប់ ហ្គ្លោប៊ល ម៉ែកនីតស្គី​ (GLOBAL MAGNITSKY) ដោយសារ​​តែ​​ការ​​ចូល​ដៃ​ក្នុង​ការ​​រំលោភ​​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅកម្ពុជា។ សហរដ្ឋអាមេរិក រកឃើញថា លោក ហ៊ីង ប៊ុន​ហៀង រំលោភ​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ ក្នុង​​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ​​ចុង​ក្រោយ​នេះ រួមទាំង​អំពើ​ហិង្សា​នៅ​ឆ្នាំ​២០១៣ នៅ​ក្បែរ​វត្ត​ភ្នំ និង​អំពើ​ហិង្សា​វាយដំ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប នៅ​​មុខ​​រដ្ឋសភា​ នៅ​ឆ្នាំ២០១៥។ លោក ហ៊ីង ប៊ុនហៀង ក៏ជាប់​ពាក់ព័ន្ធនឹងអំពើ​ហិង្សាក្នុងការ​បង្រ្កាប​លើ​​ក្រុម​​អ្នក​តវ៉ា និង​សកម្មជន​​បក្ស​ប្រឆាំង ដូចជា​ការ​​បោក​គ្រាប់​​បែក​​លើ​អ្នក​តវ៉ា​អហិង្សា កាល​ពី​ឆ្នាំ​១៩៩៧ ដែល​​ធ្វើ​​ឲ្យ​​ស្លាប់​ និង​របួស​​មនុស្ស​ជា​ច្រើន​នាក់ រួមទាំង​​របួស​​ជនជាតិ​​អាមេរិក​​មួយ​រូប​​ផង។



ជាលទ្ធផល​នៃ​អំពើ​រំលោភសិទ្ធិមនុស្ស​ទាំងនេះ ខាង​រតនាគារ​អាមេរិក នឹង​ចាត់​​វិធានការ​ទាំង​ឡាយ ដើម្បី​​បង្កក​ទ្រព្យ​សម្បត្តិ ឬ​ផល​ប្រយោជន៍​​ផ្សេង​ទៀត​ ដែល​ពាក់ព័ន្ធ​នឹង​​លោក ហ៊ីង ប៊ុន​ហៀង។ មិន​ត្រឹម​តែ​​បង្កក​ទ្រព​សម្បត្តិ​​លោក ហ៊ីង ប៊ុនហៀង ប៉ុណ្ណោះ​ទេ សហរដ្ឋ​អាមេរិក ក៏​នឹង​​ហាម​ឃាត់​​ជនជាតិ​​អាមេរិក​​ឯ​ទៀត មិន​​ឲ្យ​​រកស៊ី ឬ​ទាក់ទង​​ជាមួយ​លោក ហ៊ីង​ ប៊ុនហៀង ​នោះ​ឡើយ។

នេះជាករណីទីមួយហើយ ដែល​សហរដ្ឋ​អាមេរិក អនុវត្ត​​វិធានការ​​ក្តៅ ក្នុង​ការ​​ដាក់​ទណ្ឌកម្ម​​លើ​​មន្រ្តី​​នៃ​​របប​លោក ហ៊ុន សែន ដែល​​កំពុង​​រង​ការ​​ថ្កោលទោស​យ៉ាង​​ចាស់​​ដៃ ពី​​សំណាក់​​សហគមន៍​​អន្តរជាតិ ក្នុង​​រឿង​​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ក្រោយ​​ពេល​រម្លាយ​​​គណបក្ស​​សង្គ្រោះ​ជាតិ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ តំណាង​រាស្រ្ត​សហរដ្ឋអា​មេរិក កំពុង​​តែ​​ពន្លឿន​​ច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា​ឆ្នាំ​២០១៨ ដើម្បី​​ដាក់​ទណ្ឌកម្ម​បន្ថែម​ ទៅ​លើ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ ព្រមទាំង​មន្រ្តី​​ជាន់​ខ្ពស់​​ក្នុង​​របប​ភ្នំពេញ​​ដទៃ​ទៀត នា​ពេល​ឆាប់​ៗ ​ខាង​​មុខ​​នេះ៕






No comments:

Post a Comment