Paris Peace Accords 23 Oct. 1991

Tuesday, June 19, 2018

[Vietnamization: Logging, Border, Military] តុលាការ​ រតនគិរី ​រង​ការ ​រិះគន់​ ថា ​ដោះលែង ​ឈ្មួញ​ឈើ​ ល្បី​​​​​​ឈ្មោះ​ ជា​ជនជាតិ ​វៀតណាម | Ratanakiri court criticized for releasing well-known logger, a Vietnamese citizen

ជនជាតិ​វៀតណាម ឈ្មោះ ផាម ថេគឿង (PHAM THE CUONG) កំពុង​ឈរ​លើ​គំនរ​ឈើ​នៅ​ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ២០១៨។
តុលាការ​ រតនគិរី ​រង​ការ ​រិះគន់​ ថា ​ដោះលែង ​ឈ្មួញ​ឈើ​ ល្បី​​​​​​ឈ្មោះ​ ជា​ជនជាតិ ​វៀតណាម

RFA / វិទ្យុ អាស៊ី សេរី | ១៧ មិថុនា ២០១៨

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស រិះគន់​តុលាការ​ខេត្ត​រតនគិរី ដែល​បាន​ដោះលែង​ជនជាតិ​វៀតណាម​ម្នាក់ ដែល​ល្បី​ខាង​ជួញដូរ​ឈើ​ខុសច្បាប់ ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។
ការ​ដោះលែង​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី១៧ មិថុនា ក្រោយ​ពី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នៅ​ស្រុក​វ៉ឺនសៃ សង្ស័យ​ប្រមូល​អនុផល​ព្រៃឈើ​ខុសច្បាប់ ដឹកជញ្ជូន​ទៅ​វៀតណាម។

មន្ត្រី​ឃ្លាំមើល​បរិស្ថាន​នៃ​សមាគម​អាដហុក (Adhoc) ឲ្យ​ដឹង​នៅ​ថ្ងៃទី១៨ មិថុនា ថា មន្ត្រី​នគរបាល​យុត្តិធម៌ បាន​ប្រឹងប្រែង​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​រតនគិរី អនុវត្ត​ច្បាប់​ភ្ជាប់​ភស្តុតាង​ដាក់​បន្ទុក​មាន​គំនរ​ឈើ​ជាច្រើន​ម៉ែត្រគូប និង​រូបភាព​ជនជាតិ​វៀតណាម​រូប​នោះ ឈរ​លើ​គំនរ​ឈើ ក៏ប៉ុន្តែ​បែរជា​ចៅក្រម​នៃ​សាលាដំបូង​ខេត្ត​នេះ សម្រេច​ដោះលែង​ជន​ជនសង្ស័យ​នោះ​ទៅវិញ។
មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ អះអាង​ថា ពលរដ្ឋ និង​សង្គម​ស៊ីវិល​នៅ​មិន​ស្ងប់​អារម្មណ៍​នោះ​ទេ នៅ​គ្រា​ដែល​តុលាការ​ខេត្ត​រតនគិរី ដោះលែង​ជនជាតិ​វៀតណាម ដែល​ល្បី​ខាង​ជួញ​ដូរ​ឈើ​ខុសច្បាប់​នៅ​ក្នុង​ទឹកដី​កម្ពុជា។ លោក​សង្ស័យ​ថា ករណី​នេះ​ទំនង​អ្នក​មាន​អំណាច​នៅ​ពីក្រោយ​ខ្នង​ជនជាតិ​វៀតណាម​រូប​នោះ ឬ​អាច​ទទួល​ប្រយោជន៍​អ្វីមួយ​។ លោក​សង្កត់ធ្ងន់​ថា លោក​នឹង​ដាក់​ពាក្យ​បណ្ដឹង​ករណី​នេះ ទៅ​ឧត្ត​ក្រុមប្រឹក្សា​អង្គចៅក្រម និង ក្រសួង​យុត្តិធម៌ ដើម្បី​ស្រាវជ្រាវ ពី​ហេតុផល​នាំ​ឲ្យ​មានការ​ដោះលែង​ជនសង្ស័យ​រូប​នោះ។ «»
កាលពី​ថ្ងៃ​ទី ១៤ មិថុនា សមត្ថកិច្ច​ខេត្ត​រតនគិរី បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ម្នាក់ ឈ្មោះ ផាម ថេគឿង (PHAM THE CUONG) វ័យ ៤១ឆ្នាំ កំពុង​ឈរ​ត្រួតពិនិត្យ​ឈើ នៅ​ក្នុង​ចម្ការ​ស្វាយចន្ទី​មាត់​ទន្លេ​សេសាន ឋិត​ក្នុង​ភូមិ​ប៉ុងលើ ឃុំ​ប៉ុង ស្រុក​វ៉ើនសៃ។
ជនសង្ស័យ រួប​នោះ មាន​ស្រុកកំណើត​នៅ​ខេត្ត​ហាយ​ផុង ប្រទេស​វៀតណាម។
អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​រតនគិរី លោក កែវ ពិសុទ្ធ ប្រាប់​អាស៊ីសេរី​ថា លោក​មិន​អាច​បញ្ជាក់​លម្អិត​ពី​ហេតុផល​ករណី​នេះ​បានទេ ព្រោះ​ចៅក្រម​ស៊ើបសួរ​មាន​ឆន្ទានុសិទ្ធិ​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន​បាន ដោយ​ផ្អែក​បញ្ហា​មិន​ស៊ីចង្វាក់​នឹង​បទ​ចោទ និង​ភស្តុតាង​ជាក់ស្ដែង។ ទោះ​យ៉ាង​ណា លោក​បញ្ជាក់​ថា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត សម្រេច​ប្តឹង​ជំទាស់ ការ​មិន​ឃុំខ្លួន​ជនសង្ស័យ​ជនជាតិ​វៀតណាម​នោះ​រួចហើយ។ «»
ជនជាតិ​ដើម​ភាគតិច​ទំ​ពូន រស់នៅ​ស្រុក​លំផាត់​ខេត្ត​រតនគិរី លោក ខាំ និន អះអាង​ថា ឈ្មួញ​ជនជាតិ​វៀតណាម បាន​ជូញ​ដូរ​ឈើ​ខុសច្បាប់​ឆ្លងដែន​តាម​អំពើ​ចិត្ត​នៅ​ខេត្ត​រតនគិរី កម្រ​ឃើញ​អាជ្ញាធរ​បង្ក្រាប ដោយសារ​ពួកគេ​សូកប៉ាន់​សមត្ថកិច្ច​ពាក់​ព័ន្ធ​។ លោក​ថា ដែន​ជម្រក​សត្វព្រៃ​លំផាត់ មាន​ឈ្មួញ​ជនជាតិ​វៀតណាម​ឃុបឃិត​ជាមួយ​អាជ្ញាធរ បើក​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​នៅ​តំបន់​នោះ និង ជួញ​ដូរ​ឈើ​ឆ្លងដែន គ្មាន​ការ​បង្ក្រាប​។ លោក​សម្ដែង​ការ​ខកចិត្ត​នៅ​គ្រា​ដែល​តុលាការ​ដោះលែង​ជនជាតិ​វៀតណាម ដែល​ល្បី​ខាង​ជួញ​ដូរ​ឈើ​ខុសច្បាប់​យូរ​មក​ហើយ​នេះ។
លោក​បន្ត​អ​អះអាង​ថា ថ្មីៗ​នេះ​ថា អាជ្ញាធរ​មូលដ្ឋាន បាន​លក់​ដី​ឲ្យ​ជនជាតិ​វៀតណាម ១៥​ហិកតារ​ដើម្បី​កាប់​យក​ឈើ​មាន​តម្លៃ និង​ទន្ទ្រាន​ធ្វើ​កសិកម្ម ឋិត​ក្នុង​ដែន​ជម្រកសត្វព្រៃ​លំផាត់។ «»
មន្ត្រី​ឃ្លាំមើល​បរិស្ថាន នៃ​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឌិន ខន្នី ដែល​តាមដាន​ករណី​នេះ អង្កេត​ឃើញ​ថា ចំណាត់ការ​របស់​តុលាការ គឺ​គ្មាន​ប្រសិទ្ធភាព​ចំពោះ​បុគ្គល​មាន​ឥទ្ធិពល និង​ជនជាតិ​វៀតណាម ដែល​នាំ​ឲ្យ​ពលរដ្ឋ​អស់​ជំនឿ​ចិត្ត។ លោក​ទទូច​ឲ្យ​មានការ​ស៊ើបអង្កេត​ឲ្យ​ស៊ីជម្រៅ​រឿង​នេះ​បន្ថែម​ទៀត ដើម្បី​ចៀសវាង​នាំ​ឲ្យ​ជនល្មើស នៅតែ​បន្ត​ប្រព្រឹត្ត​បទល្មើស​ដដែលៗ ហើយ​វប្បធម៌​និ​ទណ្ឌ​ភាព​នៅតែ​ចាក់​ស្រែះ​ជ្រៅ​ក្នុង​សង្គម។ «»
មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល ព្រួយបារម្ភ​ពី​ការអនុវត្ត​ច្បាប់​របស់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា លើ​សំណុំរឿង​ឈ្មួញ​ដុះ​ស្លែ​ជនជាតិ​វៀតណាម ជាប់​ពាក់ព័ន្ធ​ការ​ជួញដូរ​ឈើ​ប្រណិត​ដោយ​ខុសច្បាប់​ច្រើន​ឆ្នាំ។ ពួកគេ​អះអាង​ថា បើ​តុលាការ​មិន​អនុវត្ត​ច្បាប់​ករណី​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ មានន័យថា តុលាការ​បាន​ចូលរួម​ចំណែក​បំផ្លាញ​ធនធានធម្មជាតិ​នៅ​កម្ពុជា។
កាលពី​ចុង​ឆ្នាំ ២០១៦ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនជាតិ​វៀតណាម​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង ដែល​ល្បី​ខាង​ជួញដូរ​ឈើ​ទ្រង់ទ្រាយ​ធំ​ទៅ​វៀតណាម​នៅ​ខេត្ត​ភាគ​ឦសាន។ ឈ្មួញ​រូប​នោះ ត្រូវ​បាន​គេ​ស្គាល់​ជា​សាធារណៈ​ថា ជា​មេខ្លោង​ជួញ​ដូរ​ឈើ​ប្រណិត​ជាង ១០​ឆ្នាំ​មក​ហើយ ដែល​សូកប៉ាន់​អាជ្ញាធរ​ពាក់ព័ន្ធ​ស្ទើរ​គ្រប់​ស្ថាប័ន។

ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស ហៅ​កាត់​ថា អ៊ីអាយអេ (EIA) ថ្មីៗ​នេះ បាន​ចេញ​របាយ​ការ​បន្ត​បន្ទាប់​បញ្ជាក់​ថា ជនល្មើស​ជនជាតិ​វៀតណាម​ដែល​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​តម្លៃ​រាប់​រយ​លាន​ដុល្លារ នៅ​កម្ពុជា​មុខ​ដដែលៗ ។ ទោះជា​យ៉ាង​នេះ​ក្តី រហូតមកដល់​ពេលនេះ​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បរាជ័យ​ក្នុង​ស៊ើបអង្កេត និង​នាំ​ជនល្មើស​មក​ផ្ដន្ទាទោស ដែល​ធ្វើ​អោយ​កម្ពុជា​បាត់បង់​ទាំង​ព្រៃឈើ​ផង និង​បាត់បង់​ប្រាក់ចំណូល​ចូល​រដ្ឋ​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ពី​ព្រោះតែ​គ្មាន​តម្លាភាព​ក្នុង​ការ​គ្រប់គ្រង​បញ្ហា​នេះ៕




No comments:

Post a Comment