Paris Peace Accords 23 Oct. 1991

Friday, July 27, 2018

អាមេរិក​ ដាក់​ទណ្ឌកម្ម​ ក្បាល​ម៉ាស៊ីន​ ដឹកនាំ​ របប​ លោក ហ៊ុន សែន ដែល​បំផ្លាញ​ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ​ធ្ងន់ធ្ងរ | US puts sanctions on high-ranking leaders of Hun Sen regime for destroying democracy, serious human rights violations

រូបពីឆ្វេងទៅស្តាំ ជួរខាងលើជួរទី១៖ លោក ស ខេង, លោក ទៀ បាញ់, លោក ប្រាក់ សុខុន, លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ស៊ុន ចាន់ថុល ជួរទី២៖ លោក កើត រិទ្ធ, លោក ឱម យ៉ិនទៀង, លោក ប៉ុល សារឿន, លោក នេត សាវឿន​ និងលោក សៅ សុខា, ជួរទី៣៖ លោក គុន គីម, លោក ហ៊ីង ប៊ុនហៀង, លោក ហ៊ុន ម៉ាណែត, លោកស្រី ហ៊ុន ម៉ាណា និង លោក សុខ ពុទ្ធីវុធ (រូបធំជាងគេឆ្វេងដៃ គឺរូបលោក ហ៊ុន សែន)។

RFA / វិទ្យុ អាស៊ី សេរី | ២៦ កក្កដា ២០១៨








សភា​អាមេរិក នៅ​ថ្ងៃទី២៦ ខែ កក្កដា​នេះ បាន​អនុម័ត​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ​២០១៨ ដាក់​ទណ្ឌកម្ម​ក្បាលម៉ាស៊ីន ដឹកនាំ​របប​លោក ហ៊ុន សែន ទាំងអស់​ដែល​ចូល​ដៃ ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ ពាក់ព័ន្ធ​នឹង​ការ​អនុម័ត​ច្បាប់ ដាក់​ទណ្ឌកម្ម​មន្ត្រី​របប​លោក ហ៊ុន សែន នេះ លោក ជុន ច័ន្ទបុត្រ សាកសួរ​លោក មួង ណារ៉េត ​ជុំវិញ​រឿង​នេះដូច​តទៅ​៖
ជុន ច័ន្ទបុត្រ៖ ក្បាលម៉ាស៊ីន​ដឹកនាំ​របប​លោក ហ៊ុន សែន មាន​ច្រើន​នាក់​ណាស់​លោក មួង ណារ៉េត តើ​ជា​ដំបូង ច្បាប់​នេះ កំណត់​បុគ្គល​ប៉ុន្មាន​នាក់​ដែល​ត្រូវ​ដាក់​ទណ្ឌកម្ម?

មួង ណារ៉េត៖ បាទ​! ដោយសារ​ក្បាលម៉ាស៊ីន​ដឹកនាំ​របប​លោក ហ៊ុន សែន មាន​មនុស្ស​ច្រើន ជា​ដំបូង​ច្បាប់​នេះ ផ្តោត​លើ​តែ​បុគ្គល​ចំនួន ១៦​រូប​សិន​ទេ។
ជុន ច័ន្ទបុត្រ៖ អ្នក​ទាំង ១៦​នាក់​នោះ មាន​នរណា​ខ្លះ?
មួង ណារ៉េត៖ បុគ្គល​ដំបូង​គេ គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ផ្ទាល់​តែម្ដង។ បន្ទាប់​មក អនុប្រធាន​គណបក្ស​ប្រជាជន និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង។ អ្នក​ទីបី គឺ​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក ទៀ បាញ់។ បន្ត​មក​ទៀត គឺ​មាន​រដ្ឋមន្ត្រី​បី​រូប​ទៀត គឺ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​លោក អូន ព័ន្ធមុន្នីរ័ត្ត និង​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក ប្រាក់ សុខុន។ ក្រៅពីនោះ​មាន​ឧត្ដមសេនីយ៍ មេទ័ព​គ្រាក់ៗ និង​ស្នងការ​រង​នគរបាល​ជាតិ​ផង ដូចជា​លោក ប៉ុល សារឿន នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤ និង​ជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ លោក នេត សាវឿន នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤ និង​ជា​អគ្គស្នងការ​នគរបាល​ជាតិ លោក គន់ គីម នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤ និង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​នាយសេនាធិការ​ចម្រុះ លោក សៅ សុខា នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ និង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ហ៊ីង ប៊ុនហៀង នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤ និង​ជា​អគ្គបញ្ជាការរង​នៃ​ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស​លោក ហ៊ុន សែន លោក ជួន សុវណ្ណ នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤ និង​ជា​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង ដែល​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន ដែរ​នោះ ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​នេះ​ដែរ។ លោក កើត រិទ្ធិ ដែល​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ក៏​ជាប់​ឈ្មោះ​ដែរ។ នៅសល់​ប៉ុន្មាន​ចុងក្រោយ នោះ​គឺ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ទាំងអស់ រួមមាន​កូនប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ឧត្ដមសេនីយ៍​ផ្កាយ​៣ ដែល​ជា​អគ្គមេបញ្ជាការ​រង​កង​ទ័ពជើងគោក ជា​មេ​បញ្ជាការរង​កង​អង្គរក្ស ជា​មេបញ្ជាការ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ កូនស្រី​លោក ហ៊ុន សែន គឺ​លោកស្រី ហ៊ុន ម៉ាណា ដែល​គ្រប់គ្រង​អាជីវកម្ម​ជាច្រើន​វិស័យ​នៅ​កម្ពុជា និង​កូនប្រសា​រលោក ហ៊ុន សែន ដែល​ជា​កូនបង្កើត​លោក សុខ អាន គឺ​លោក សុខ ពុទ្ធិវុធ ដែល​មាន​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ទូរគមនាគមន៍​កម្ពុជា ព្រមទាំង​ជា​ថៅកែ​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​នៅ​កម្ពុជា។
ជុន ច័ន្ទបុត្រ៖ លោក ហ៊ុន សែន និង​កូនៗ និង​កូន​ប្រសារ រួម​ទាំង​មន្ត្រី​ជំនិត​របស់​គាត់ សុទ្ធតែ​ត្រូវ​រង​ទណ្ឌកម្ម​ដូច្នេះ តើ​ខាង​របប​លោក ហ៊ុន សែន មាន​ប្រតិកម្ម​យ៉ាង​ណាដែរ?
មួង ណារ៉េត៖ មិន​ខុស​ពី​រាល់ដង​ដែរ ចំពោះ​របប​លោក ហ៊ុន សែន គឺ​ហាក់​ដូច​ជា​គ្មាន​អ្វី​ភ្ញាក់ផ្អើល​នឹង​ទណ្ឌកម្ម​នេះ​ទេ ព្រោះ​សហរដ្ឋអាមេរិក បាន​ព្រមាន​យូរ​ក្រែល​ដែរ​ហើយ តែ​របប​លោក ហ៊ុន សែន មិន​ខ្ចី​ខ្វល់។ អ្នកនាំពាក្យ​របប​លោក ហ៊ុន សែន លោក ផៃ ស៊ីផាន អះអាង​ថា ទណ្ឌកម្ម​នេះ មិន​ប៉ះពាល់​អ្វី​ដល់​កម្ពុជា​ទេ ព្រោះ​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ មិន​ចំណុះ​ក្រោម​ឥទ្ធិពល​សហរដ្ឋ​អាមេរិក​នោះ​ឡើយ៖ «ការសម្រេច​ច្បាប់​នេះ គឺ​គ្រាន់តែ​ជា​ការ​វាយប្រហារ និង​ប្រមាថ​ដល់​កិត្តិយស នៃ​បុគ្គល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចាត់ទុកជា​វីរជន​នោះ​ទេ ពីព្រោះ​គាត់​ទាំងអស់​នោះ​ហើយ ដែល​មាន​ស្នាដៃ​រំដោះ​ជីវិត​កម្ពុជា និង​មាន​ស្នាដៃ​កសាង​ប្រទេស​កម្ពុជា រហូតដល់​ពេលនេះ ក្រៅពី​និន្នាការ​នយោបាយ​ប្រឆាំង​នឹង​វីរជន​ទាំងអស់​នោះ។ ច្បាប់​នេះ មាន​ទិស​ទៅ​គ្រាន់តែ​ចង់​បំផ្លាញ​កិត្តិយស​តែប៉ុណ្ណោះ​ឯង។ ហើយ​បើ​ច្បាប់​នោះ មាន​គោលដៅ​អនុវត្ត​ទៅ​អ្វី​ផ្សេងទៀត ខ្ញុំ​មើល​មិន​ឃើញ​ថា​មាន​ឥទ្ធិពល​ទេ ដោយសារ​កម្ពុជា ស្ថិត​ជា​ប្រទេស​មួយ​ឯករាជ្យ។ ការបោះឆ្នោត ការ​ជ្រើសតាំង​នៃ​អ្នកតំណាង​របស់​ខ្លួន នៃ​រដ្ឋាភិបាល​របស់​ខ្លួន គឺ​ឈរ​ទៅលើ​សិទ្ធិ​​សេរីភាព​ស្វ័យ​សម្រេច ដែល​ទទួលខុសត្រូវ​ជោគវាសនា​របស់​ខ្លួន។ ហើយ​ការបោះឆ្នោត​នេះ គឺ​មិនមែន​ជា​ការបោះឆ្នោត សម្រាប់​បម្រើ​ផលប្រយោជន៍ ក្រុម​នយោបាយ​មួយ​ចំនួន​នៅ​សហរដ្ឋអាមេរិក​នោះ​ទេ»
ជុន ច័ន្ទបុត្រ៖ នៅ​ពេល​ច្បាប់​នេះ ចូល​ជា​ធរមាន តើ​បុគ្គល​ទាំងអស់​នោះ នឹង​រង​ទណ្ឌកម្ម​អ្វីខ្លះ​?
មួង ណារ៉េត៖ ច្បាប់​នេះ មាន​គោលដៅ​ជាពិសេស គឺ​បិទ​ទិដ្ឋាការ មិន​ឲ្យ​បុគ្គល​ដែល​រង​ទណ្ឌកម្ម​ទាំងនេះ ចូល​ដឹក​ដី​អាមេរិក​។ មិនតែប៉ុណ្ណោះ ច្បាប់​នេះ ក៏​បង្កក​ទ្រព្យសម្បត្តិ ដែល​អ្នក​ទាំងនេះ អាច​មាន​នៅ​ក្នុង​យុត្តាធិការ ឬ​ដែន​សមត្ថកិច្ច​របស់​អាមេរិក។
ជុន ច័ន្ទបុត្រ៖ តើ​ច្បាប់​នេះ នឹង​ត្រូវ​ការ​ពេល​ប៉ុន្មាន​ថ្ងៃ ទើប​ចូល​ជា​ធរមាន ហើយ​វា​មាន​ឥទ្ធិពល​ប៉ុនណា?
មួង ណារ៉េត៖ អ្នកច្បាប់​អន្តរជាតិ និង​ជា​មេធាវី​ជនជាតិ​អង់គ្លេស​លោក រីឆាត រ៉ូជើរ (Richard Rogers) ពន្យល់​ថា ច្បាប់​នេះ​អាច​ត្រូវការ​ពេល​ប្រាំ​មួយ​ខែ ឬ​ក៏​ឆាប់​ជាង​នេះ អាស្រ័យ​ទៅ​លើ​ភាព​បន្ទាន់ និង​ឆន្ទានុសិទ្ធិ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​ត្រូវ​ចុះហត្ថលេខា ដាក់​ឲ្យ​ប្រើប្រាស់៖ «ពេល​ដែល​សំណើ​ច្បាប់​នេះ ត្រូវ​បាន​អនុម័ត និង​ដាក់​ឲ្យ​ចូល​ជា​ធរមាន​រួច ច្បាស់​ណាស់ វា​នឹង​មាន​ឥទ្ធិពល​ខ្លាំង។ ប៉ុន្តែ​ឥទ្ធិពល​នេះ គឺ​ចាំ​រហូតដល់ ១៨០​ថ្ងៃក្រោយ​ចេញ​ច្បាប់​នេះ​សិន ទើប​ឃើញច្បាស់។ ពេលនោះ យើង​នឹង​ឃើញ​បញ្ជីរាយនាម​បុគ្គល ដែល​ត្រូវ​រង​ទណ្ឌកម្ម។ ទណ្ឌកម្ម​ទាំងនោះ​រួមមាន ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ទាំងនោះ ដែល​មាននៅ​សហរដ្ឋអាមេរិក ទាំង​ជា​ទ្រព្យ​បុគ្គល ឬ​ជា​ក្រុមហ៊ុន និង​ការ​ហាមឃាត់​ទិដ្ឋាការ​ធ្វើដំណើរ​មកកាន់​ទឹកដី​អាមេរិក។ មានន័យថា មន្ត្រី​របប​លោក ហ៊ុន សែន មិន​អាច​ជាន់​ដី​អាមេរិក​បានទេ លើកលែងតែ​ក្នុង​ករណី​មក​ប្រជុំ​អង្គការសហប្រជាជាតិ​ប៉ុណ្ណោះ។ ទណ្ឌកម្ម​នេះ គឺ​ដាក់​លើ​ជន​ទាំងឡាយ​ណា ដែល​បាន​ចូល​ដៃ​ចូល​ជើង ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ជន​ដែល​រំលោភ​សិទ្ធិមនុស្ស ដែល​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​ប្រជាធិបតេយ្យ​នេះ​ដែរ។ បើ​និយាយ​ពី​ជន​ដែល​ជាប់​ពាក់ព័ន្ធ​វិញ គឺ​មាន​ច្រើន​ស្អេកស្កះ នៅ​ស្រុក​ខ្មែរ​។ ដូច្នេះ បញ្ជី​ខ្មៅ​ច្បាស់​ជា​វែង​ខ្លាំង​ណាស់​ហើយ»
ជុន ច័ន្ទបុត្រ៖ តើ​ច្បាប់​នេះ ពាក់ព័ន្ធ​គ្នា​យ៉ាងម៉េច​ខ្លះ ទៅ​នឹង the US Global Magnitsky Act?
មួង ណារ៉េត៖ លោក​មេធាវី រីឆាត រ៉ូយជើរ ពន្យល់​បន្ថែម​ថា ច្បាប់ Global Magnitsky Act ដែល​ជា​វិធានការ​ដាក់ទណ្ឌកម្ម​សាកល​នេះ ដែល​មាន​ស្រាប់​នេះ គឺ​មិន​ខុស​ពី​ច្បាប់​ថ្មី​នេះ​ប៉ុន្មាន​ទេ ខុសគ្នា​ត្រង់​តែ​ថា វា​ប្រើ​សម្រាប់​ដាក់ទណ្ឌកម្ម​ប្រទេស​ណាមួយ​ក៏បាន ពេលណា​ក៏បាន។ ច្បាប់​ចាស់ និង សំណើ​ច្បាប់​ថ្មី​នេះ ដែល​ហៅថា​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ​២០១៨ នេះ គឺ​មាន​គោលដៅ​ដាក់ទណ្ឌកម្ម តែ​លើ​របប​លោក ហ៊ុន សែន មួយ។ ប៉ុន្តែ ច្បាប់​ទាំងពីរ​នេះ ជួយ​បំពេញ​គ្នា​ទៅវិញទៅមក​។ អ្វី​ដែល​គួរ​កត់​សម្គាល់ ចំពោះ​សំណើ​ច្បាប់​ថ្មី​នេះ គឺ​ការ​បង្ហាញ​នូវ​ឆន្ទៈ​រួមគ្នា របស់​សមាជិកសភា​អាមេរិក ទាំង​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង ដែល​សុទ្ធតែ​មានបំណង​ដាក់​សម្ពាធ​របប​លោក ហ៊ុន សែន ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។ ដូច្នេះ នៅ​ពេល​ច្បាប់​ថ្មី​នេះ​ចេញ រដ្ឋាភិបាល​អាមេរិក នឹង​ប្រើ​គួប​គ្នា​ជាមួយ​ច្បាប់​មាន​ស្រាប់ ដើម្បី​ដាក់ទណ្ឌកម្ម​របប​លោក ហ៊ុន សែន កាន់តែ​ខ្លាំង និង​ប៉ះពាល់​ដល់​មន្ត្រី​របប​នេះ កាន់តែច្រើន​បន្ថែម​ទៀត ដើម្បី​ឲ្យ​របប​នេះ​បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស​ត​ទៅទៀត។
ជុន ច័ន្ទបុត្រ៖ តើ​តំណាងរាស្ត្រ​អាមេរិក ពី​ខាង​បក្ស​ប្រឆាំង និង​បក្ស​កាន់អំណាច ដែល​រួមគ្នា ស្នើ​ច្បាប់​នេះ​ឡើង ចង់​ជួយ​អ្វីខ្លះ​ដល់​ប្រទេស​កម្ពុជា?
មួង ណារ៉េត៖ បាទ​! តំណាងរាស្ត្រ​អាមេរិក​លោក អេដ រ៉យស៍ (Ed Royce) ដែល​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៅ​រដ្ឋសភា ដែល​ចូលរួម​ជំរុញ​ឲ្យ​ចេញ​ច្បាប់​នេះ ថ្លែង​នៅ​ក្នុង​រដ្ឋសភា​ថា ពលរដ្ឋ​ខ្មែរ សម​នឹង​ទទួល​បាន​របប​ដឹកនាំ​មួយ ប្រសើរ​ជាង​ការដឹកនាំ​បែប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ដូច​សព្វថ្ងៃ។ លោក អេដ រ៉យស៍ បន្ថែម​ទៀត​ថា ច្បាប់​នេះ​មាន​សារសំខាន់​ខ្លាំង​ណាស់ សម្រាប់​ពេល​ជិត​បោះឆ្នោត​នេះ និង​ជា​សារ​មួយ​បង្ហាញ​ទៅ​របប​លោក ហ៊ុន សែន ថា​សភា​អាមេរិក មិន​អត់ឱន​ឲ្យ​លោក ហ៊ុន សែន និង​របប​លោក ហ៊ុន សែន ក្នុង​ការ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស និង ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ​ដូច្នេះ​បាន​នោះ​ឡើយ។
ចំណែកឯ តំណាងរាស្ត្រ​លោក ថិត យ៉ូហូ (Ted YOHO) សម្ដែង​ក្តី​សោមនស្ស ដែល​ច្បាប់​នេះ​អនុម័ត​នៅមុន​ការបោះឆ្នោត​នៅ​ថ្ងៃទី២៩ ខែ​កក្កដា។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ ត្រូវ​គេ​បោកប្រាស់ សិទ្ធិ ដែល​មិន​អាច​ឲ្យ​ពួកគាត់​ចូលរួម​បោះឆ្នោត​មួយ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​បាន ដោយសារ​លោក ហ៊ុន សែន បន្ត​ក្រាញ​អំណាច និង ធ្វើទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង​។ លោក​បន្ត​ថា ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា ២០១៨ នេះ នឹង​រាំង​ខ្ទប់​របប​លោក ហ៊ុន សែន កុំ​ឲ្យ​បន្ត​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​បាន​តទៅទៀត។
ចំពោះ​លោក​តំណាងរាស្ត្រ​មួយ​រូប​ទៀត គឺ​លោក អាឡាន់ ឡូវេនថល (Alan Lowenthal) ថ្លែង​ថា​របប​លោក ហ៊ុន សែន បាន​ប្រឹងប្រែង​ធ្វើ​អ្វី​សព្វបែបយ៉ាង ដើម្បី​បន្ត​ក្រាញ​អំណាច ដោយ​មិន​ខ្លាច ក្នុង​ការ​បំផ្លាញ​ចោល​នូវ​ក្តី​សង្ឃឹម ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ពលរដ្ឋ​ខ្មែរ​សមតែ​នឹង​ទទួល​បាន​ការបោះឆ្នោត មួយ​ដែល​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ តែ​ជា​អកុសល ការបោះឆ្នោត​ខាងមុខនេះ គឺ​គ្មាន​អ្វី​ក្រៅពី​ការបោះឆ្នោត​តាម​បែប​បោក​បន្លំ និង ក្លែងក្លាយ​ប៉ុណ្ណោះ ដែល​ជា​ការរៀបចំ​ដោយ​របប​លោក ហ៊ុន សែន ដើម្បី​គ្រាន់តែ​បន្ត​ក្រាញ​អំណាច ជិះជាន់​ពលរដ្ឋ​ខ្មែរ​តទៅទៀត​។ លោក អាឡាន់ ក៏​បញ្ជាក់​ថា ច្បាប់​នេះ គឺជា​ការ​បញ្ជាក់​ថា បាបកម្ម​ដែល​លោក ហ៊ុន សែន បាន​សាង​ក្នុង​ការ​បំបាត់​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ នឹង​រង​ការ​តបស្នង​វិញ​យ៉ាង​ចាស់ដៃ។ លោក អាឡាន់ នឹង​មាន​បទសម្ភាសន៍​ដាច់ដោយឡែក​មួយ ចំពោះ​រឿង​នេះ នៅ​ក្នុង​ការផ្សាយ​របស់​យើង​នៅ​ពេល​ក្រោយ។
ជុន ច័ន្ទបុត្រ៖ សូម​អរគុណ
មួង ណារ៉េត៖ បាទ​! សូម​អរគុណ






No comments:

Post a Comment