ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប អ្នកស្រី Cecilia Malmstrom។ |
សហភាព អឺរ៉ុប គំរាម ដកប្រព័ន្ធ អនុគ្រោះពន្ធ ពីកម្ពុជា ក្រោយបិទបញ្ចប់ បេសកកម្ម នៅកម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ១២ កក្កដា ២០១៨
សហភាពអឺរ៉ុប គំរាមដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA, Everything But Arms) ពីកម្ពុជា ក្រោយបិទបញ្ចប់បេសកកម្មរយៈពេល ៧ថ្ងៃ នៅកម្ពុជា។ ការគំរាមអំពីចំណាត់ការចុងក្រោយរបស់សហភាពអឺរ៉ុបនេះ ធ្វើឡើងស្របពេលដែលគណៈប្រតិភូបេសកកម្មស្វែងរកការពិតរបស់សហភាពអឺរ៉ុប កំពុងចាប់ផ្ដើមធ្វើការវាយតម្លៃស្ថានភាពពិតប្រាកដ ក្រោយបិទបញ្ចប់បេសកកម្មរយៈពេល ៧ថ្ងៃ របស់ខ្លួននៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ កក្កដា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងដំណើរវិវឌ្ឍវិស័យសិទ្ធិមនុស្ស និងវិស័យការងារ ដ៏គួរឲ្យព្រួយបារម្ភ នៅកម្ពុជានារយៈពេលចុងក្រោយនេះ។
ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប អ្នកស្រី Cecilia Malmstrom ថ្លែងសង្កត់ធ្ងន់ថា គោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប គឺផ្ដោតលើទិដ្ឋភាពសំខាន់ៗមួយចំនួន រួមមាន យុត្តិធម៌សង្គម ការគោរពសិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន និងបទដ្ឋានការងារ ជាដើម។ អ្នកស្រីថា ក្រោយពីបិទបញ្ចប់បេសកកម្មស្វែងរកការពិតនេះ គណៈប្រតិភូនេះ នឹងចាប់ផ្ដើមធ្វើការវាយតម្លៃព័ត៌មានលម្អិត ហើយពិចារណាជំហានបន្ទាប់ដែលត្រូវធ្វើ។ អ្នកស្រីព្រមានថា វិធានការចុងក្រោយ គឺសហភាពអឺរ៉ុបនឹងធ្វើការលុបចោលការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា EBA ចោលតែម្ដង ប្រសិនបើរាល់កិច្ចប្រឹងប្រែងទាំងអស់ដទៃទៀតរបស់សហភាពអឺរ៉ុប ក្នុងការជំរុញឲ្យរបបលោក ហ៊ុន សែន ស្តារស្ថានការណ៍នយោបាយនៅកម្ពុជាឡើងវិញ នៅតែទទួលបរាជ័យ ហើយរាល់កង្វល់ទាំងអស់ដែលសហភាពអឺរ៉ុបធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅ នៅតែមិនទទួលបានដំណោះស្រាយណាមួយនោះ។
ការលើកឡើងរបស់ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបបែបនេះ ធ្វើឡើងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប ចេញផ្សាយកាលពីថ្ងៃទី១២ កក្កដា។ សេចក្ដីប្រកាសព័ត៌មានដដែលនេះ ឲ្យដឹងថា សហភាពអឺរ៉ុប នឹងចាប់ផ្ដើមផ្ដោតអាទិភាពលើការវិភាគព័ត៌មានដែលទទួលបាននានា ក្នុងអំឡុងពេលបេសកកម្មរបស់ខ្លួន ដើម្បីធ្វើការពិចារណាថ្លឹងថ្លែងលើជំហាន ដែលត្រូវចាត់ការនាពេលបន្ទាប់។ ការវិភាគទាំងនេះ រួមមាន ការពិនិត្យមើលលើរាល់ការដាក់លិខិតជាលាយលក្ខណ៍អក្សពីសំណាក់អាជ្ញាធរកម្ពុជា របាយការណ៍របស់អង្គការ ពលកម្មអន្តរជាតិ (ILO) និងស្ថាប័នដទៃទៀត ដែលទទួលខុសត្រូវចំពោះការចូលរួមតាមដាន ការអនុវត្តរបស់កម្ពុជា ស្របតាមកតិកាសញ្ញាអន្តរជាតិដែលពាក់ព័ន្ធទៅនឹងកម្មវិធីអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុប គឺអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ។ កម្មវិធីអនុគ្រោះពន្ធ EBA អនុញ្ញាតឲ្យកម្ពុជា នាំចេញនូវរាល់ផលិតផលទាំងអស់ លើកលែងតែអាវុធ និងគ្រាប់រំសេវ ចូលទៅកាន់សហភាពអឺរ៉ុប ដោយមិនជាប់កូតា និងពន្ធអាករអ្វីទាំងអស់។
ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប អ្នកស្រី Cecilia Malmstrom លើកឡើងថា សហភាពអឺរ៉ុប មានមោទនភាពក្នុងការផ្ដល់ដល់ប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយ និងងាយរងគ្រោះបំផុត នៅលើពិភពលោក នូវការនាំចូលដោយសេរីទៅកាន់ទីផ្សាររបស់សហភាពអឺរ៉ុប។ គំនិតផ្ដួចផ្ដើមស្ដីពីប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ មានឥទ្ធិពលយ៉ាង សំខាន់ ទៅលើការអភិវឌ្ឍន៍ និងការលុបបំបាត់នូវភាពក្រីក្រនៅកម្ពុជា។ អ្នកស្រីបន្តថា យ៉ាងណាក៏ដោយ ដំណើរវិវឌ្ឍដ៏គួរឲ្យព្រួយបារម្ភនារយៈពេលថ្មីៗនេះ នៅកម្ពុជា តម្រូវឲ្យមានការការវាយតម្លៃដិតដល់ជាងមុន ថាតើកម្ពុជា បំពេញបានស្របតាមការប្ដេជ្ញាចិត្តរបស់ខ្លួនដែរ ឬយ៉ាងណានោះ។ ការពិភាក្សា និងការប្រមូលព័ត៌មាន ក្នុងអំឡុងពេលបេសកកម្មស្វែងរកការពិតរបស់សហភាពអឺរ៉ុប បានផ្ដោតលើបញ្ហានៃការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ក្នុងវិស័យនយោបាយ និងសិទ្ធិបោះឆ្នោត ក៏ដូចជាការបង្ក្រាបមកលើសកម្មភាពរបស់អង្គការសង្គមស៊ីវិល។ ជាមួយគ្នានេះ ក៏នៅមានភាពខ្វះខាតយន្តការដោះស្រាយវិវាទដីធ្លី និងការគំរាមកំហែងធ្ងន់ធ្ងរ លើសេរីភាពនៃការជួបប្រជុំ និងសិទ្ធិចុះអនុសញ្ញារួម ផងដែរ។
ក្នុងអំឡុងពេលបំពេញបេសកកម្មស្វែងរកការពិត គណៈប្រតិភូសហភាពអឺរ៉ុប បានជួបប្រជុំដាច់ដោយឡែក ជាមួយមន្ត្រីនៃរបបលោក ហ៊ុន សែន ក៏ដូចជាតំណាងសហជីពនានានៅកម្ពុជា សង្គមស៊ីវិល អ្នកធ្វើការក្នុងវិស័យធុរកិច្ច និងតំណាងអង្គការសហប្រជាជាតិ និងអង្គការពលកម្មអន្តរជាតិ៕
Only threat? Woahahaha... Nothing will happen.
ReplyDelete