Paris Peace Accords 23 Oct. 1991

Tuesday, July 17, 2018

មន្ត្រី​ HRW​ ប្រចាំ ​ប្រទេស ​អូស្ត្រាលី ស្នើ ​រដ្ឋាភិបាល​ខ្លួន​ ដាក់ទណ្ឌកម្ម​ មន្ត្រី​ បាតដៃ​កង្វក់ ​ខ្មែរ​ ១២​រូប | HRW country rep in Australia requests her govt to sanction Cambodian "dirty dozen"

រូបភាពគម្របខាងមុខនៃរបាយការណ៍របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូ​មែន​ រ៉ៃ វ៉ច្ឆ (Human Rights Watch)។
មន្ត្រី​ HRW​ ប្រចាំ ​ប្រទេស ​អូស្ត្រាលី ស្នើ ​រដ្ឋាភិបាល​ខ្លួន​ ដាក់ទណ្ឌកម្ម​ មន្ត្រី​ បាតដៃ​កង្វក់ ​ខ្មែរ​ ១២​រូប


RFA / វិទ្យុ អាស៊ី សេរី | ១៦ កក្កដា ២០១៨

ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​ប្រទេស​អូស្ត្រាលី អ្នកស្រី អេឡែន ភាសិន (Elaine Pearson) អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ចាត់​វិធានការ​ជាក់លាក់​មួយ​ចំនួន​ប្រឆាំង​ឧត្ដមសេនីយ៍​កម្ពុជា​១២​រូប ដែល​អង្គការ​អន្តរជាតិ​នេះ អោយ​ឈ្មោះថា ជា​បុគ្គល «មាន​បាតដៃ​កខ្វក់​» ព្រមទាំង​ជន​ដទៃ​ទៀត​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ ការ​អំពាវនាវ​នេះ ធ្វើឡើង​តាមរយៈ​សំណេរ​មួយ របស់​អ្នកស្រី ចុះផ្សាយ​ដោយសារ​ព័ត៌មាន​អូស្ត្រាលី The Sydney Morning Herald នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា​នេះ។ ប៉ុន្តែ​អ្នកនាំពាក្យ​របប​លោក ហ៊ុន សែន មិន​ខ្វល់​នឹង​រឿង​នេះ​ទេ។

ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​ប្រទេស​អូស្ត្រាលី អ្នកស្រី អេលេន ភាសិន លើកឡើង​នៅ​ក្នុង​អត្ថបទ​របស់​អ្នកស្រី ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី គួរ​ចាត់​វិធានការ​បន្ទាន់ ដាក់ទណ្ឌកម្ម​មន្ត្រី​ខ្មែរ​បាតដៃ​កង្វក់​ទាំង ១២​រូប និង​បុគ្គល​ដទៃ​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​កម្ពុជា។ វិធានការ​ទណ្ឌកម្ម​បន្ទាន់​នោះ អ្នកស្រី អេលេន ភាសិន ចង់​សំដៅ​លើ​ការ​ហាម​ឃាត់​ទិដ្ឋាការ ចំពោះ​មន្ត្រី​ទាំងអស់​នេះ ដោយ​មិន​ឲ្យ​ពួកគាត់​ជាន់​ដី​អូស្ត្រាលី ពីព្រោះ​អ្នកស្រី អះអាង​ថា រដ្ឋាភិបាល​អូស្ត្រាលី ឃើញ​នៅតែ​ផ្ដល់​ការ​បណ្តុះបណ្តាល​ដល់​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ និង​នគរបាល​ជាតិ នៃ​របប​លោក ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​ឧត្ដមសេនីយ៍​ទាំងនេះ អាច​នឹង​ធ្វើ​ដំណើរ​មក​អូស្ត្រាលី ដើម្បី​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល ឬ​មក​សម្រាក​លម្ហែ​កាយ​នា​ពេល​ខាងមុខ។
អ្នកស្រី អេឡែន ភាសិន បន្ត​ទៀត​ថា រដ្ឋាភិបាល​អូស្ត្រាលី​មាន​ចំណែក​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​កម្ពុជា ព្រោះ​រដ្ឋាភិបាល​អូស្ត្រាលី​ចំណាយ​លុយ​ជាច្រើន​លាន​ដុល្លារ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ដើម្បី​លើកស្ទួយ​ការកែទម្រង់​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។ ប៉ុន្តែ ជា​អកុសល ដោយសារតែ​ថ្នាក់ដឹកនាំ​នៃ​របប​លោក ហ៊ុន សែន ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ និង​នគរបាល​ជាតិ ដែល​ប្រកាន់​បក្សពួក និង​លម្អៀង​ផ្នែក​នយោបាយ និង​ការ​រួច​ទោស ទោះ​អ្នក​ទាំងនោះ​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិ​មនុស្ស ទើប​ធ្វើ​ឲ្យ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​ខំ​ជួយ​កម្ពុជា ត្រូវ​រលាយ​សូន្យ​អស់។
កាលពី​ខែ​មិថុនា កន្លងទៅ​ថ្មីៗ​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ កម្រាស់​ជាង​២០០​ទំព័រ លាតត្រដាង​ពី​ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ចាប់​តាំង​ពី​សម័យ​ខ្មែរក្រហម​មក របស់​នាយ​ឧត្ដមសេនីយ៍​១២​រូប ដែល​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន។ នាយ​ឧត្ដមសេនីយ៍​ទាំង​១២​រូប​នោះ​រួមមាន នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤ ចំនួន​៧​នាក់ គឺ​លោក ប៉ុល សារឿន លោក គន់ គីម លោក សៅ សុខា លោក នេត សារឿន លោក សុខ ផល លោក ម៉ក់ ជីតូ លោក ជួន សុវណ្ណ និង​នាយ​ឧត្ដមសេនីយ៍ឯក​ផ្កាយ​មាស​៣ ចំនួន​៥​នាក់ គឺ លោក ជា ម៉ន លោក ប៊ុន សេង លោក ជឿន សុវណ្ណថា លោក ចាប ភក្ដី និង​លោក រ័ត្ន ស្រ៊ាង។
ក្នុង​អត្ថបទ​របស់​ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ប្រចាំ​ប្រទេស​អូស្ត្រាលី អ្នកស្រី អេឡែន ភាសិន បញ្ជាក់ថា ក្រៅពី​ហាមឃាត់​បុគ្គល​ទាំងនោះ​មិន​ឲ្យ​ចូល​ទឹកដី​អូស្ត្រាលី រដ្ឋាភិបាល​អូស្ត្រាលី​គួរតែ​ឈាន​មួយ​ជំហាន​ទៀត ទៅ​បង្កក​ទ្រព្យសម្បត្តិ​របស់​នាយ​ឧត្ដមសេនីយ៍​ទាំងនោះ ព្រមទាំង​សមាជិក​ជាន់ខ្ពស់ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដទៃ​ទៀត ដែល​កាន់អំណាច​អស់​ជិត ៤០​ឆ្នាំ​មក​ហើយ តាមរយៈ​ការគាបសង្កត់​ពលរដ្ឋ និង​អំពើពុករលួយ​យ៉ាង​ធ្ងន់ធ្ងរ។
អ្នកស្រី​បញ្ជាក់​ផង​ដែរ​ថា តាមពិត​អូស្ត្រាលី​មាន​ច្បាប់​ស្រាប់​ដែល​អនុញ្ញាត​ឲ្យ​មានការ​ដាក់​ទណ្ឌកម្ម​របៀប​លើ​បុគ្គល​បែបនេះ ប៉ុន្តែ​រដ្ឋាភិបាល​អូស្ត្រាលី​កម្រ​ប្រើ​ច្បាប់ ដែល​មាន​ស្រាប់​នេះ​ណាស់។
កន្លងទៅ រដ្ឋាភិបាល​អូស្ត្រាលី​ធ្លាប់​បាន​ចូលរួម​ជាមួយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ ក្នុង​ការ​ចេញ​សេចក្ដីថ្លែងការណ៍​ចំនួន​ពីរ​លើក រួច​មក​ហើយ ដោយ​បង្ហាញ​ក្ដី​ព្រួយបារម្ភ​អំពី​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ប៉ុន្តែ​អ្នកស្រី អេឡែន ភាសិន កត់សម្គាល់​ថា ជាក់ស្ដែង​ក្នុង​ទំនាក់ទំនង​ការទូត​ទ្វេភាគី​វិញ រដ្ឋាភិបាល​អូស្ត្រាលី​នៅតែ​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់ ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដដែល។ អ្នកស្រី​យល់ថា នេះ​ទំនងជា​ដោយសារតែ​កិច្ចព្រមព្រៀង បញ្ជូន​ជនភៀសខ្លួន​ទៅ​កម្ពុជា និង​ករណី​ផលិតករ​ភាពយន្ត​អូស្ត្រាលី​លោក ជែមស៍ រីកឃីតសិន (James Ricketson) ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​សមត្ថកិច្ច​កម្ពុជា ក្នុង​សំណុំរឿង​ចារកម្ម។
អាស៊ីសេរី​បាន​ទាក់ទង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ដើម្បី​សុំ​ប្រតិកម្ម​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ ប៉ុន្តែ​មិនទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅឡើយ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៦ កក្កដា។
ប៉ុន្តែ​អ្នកនាំពាក្យ​របប​លោក ហ៊ុន សែន លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា របប​លោក ហ៊ុន សែន មិន​ចាប់អារម្មណ៍​នឹង​សារ​អំពាវនាវ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ នោះ​ទេ ហើយ​ចាត់​ទុក​ការ​លើកឡើង របស់​ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ប្រចាំ​ប្រទេស​អូស្ត្រាលី ថា​ជា​ចេតនា​ដដែលៗ ដែល​គ្រាន់តែ​ចង់​បង្អាប់​របប​លោក ហ៊ុន សែន នៅមុន​ការបោះឆ្នោត​ចូល​មកដល់​ប៉ុណ្ណោះ។ ទោះជា​យ៉ាង​នេះ​ក្តី លោក ផៃ ស៊ីផាន ថា សារ​អំពាវនាវ​នេះ នឹង​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី​នោះ​ឡើយ៖ «អង្គការ​នោះ គឺ​គ្រាន់តែ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល។ ចំណែក​ឯ​ការ​ស្នើ​សុំ​ណាមួយ​នោះ គឺ​គ្រាន់តែ​សិទ្ធិ​បញ្ចេញយោបល់​របស់​គេ មិន​មាន​ផល​ប៉ះពាល់​មក​លើ​កម្ពុជា ជាមួយ​នឹង​រដ្ឋាភិបាល​អូស្ត្រាលី​នោះ​ទេ។ នេះ​គ្រាន់តែ​ជា​យុទ្ធនាការ​វាយប្រហារ នៅ​មុន​ពេល​បោះឆ្នោត។ យើង​តែងតែ​ជួប​នូវ​បទពិសោធន៍​នេះ នៅ​រៀង​រាល់ពេល​នៃ​ការបោះឆ្នោត​សាកល​ម្តងៗ។»
ភា្លមៗ​បន្ទាប់ពី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញ​របាយការណ៍​លាតត្រដាង ពី​ប្រវត្តិ​របស់​នាយ​ឧត្ដមសេនីយ៍​ទាំង​១២​រូប លោក ហ៊ុន សែន បាន​ថ្លែង​ការពារ​ភាព​ស្អាតស្អំ​របស់​មន្ត្រី​ទាំងនោះ ហើយ​បាន​ឌឺដង​ទៅ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​វិញ​ថា ឲ្យ​រាប់ទាំង​កងកម្លាំង​យោធា និង​នគរបាល​ទាំងអស់​នៅ​កម្ពុជា ទើប​ត្រឹមត្រូវ។

ទោះ​យ៉ាង​ណា នៅ​ក្នុង​សេចក្ដី​បញ្ចប់​នៃ​អត្ថបទ របស់​ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ប្រចាំ​ប្រទេស​អូស្ត្រាលី អ្នកស្រី អេឡែន ភាសិន ប្រើ​ភាសា​ធ្ងន់ៗ​ថា វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា ឬ​ទម្លាប់​ទុក​ឲ្យ​ជនល្មើស​រួចខ្លួន​ពី​សំណាញ់​ច្បាប់ ត្រូវការ​ការ​ដោះស្រាយ​ប្រកបដោយ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ មិនមែន​ទុកចោល ហើយ​មិន​អើពើ ឬក៏​ចាត់ទុកថា​មិនសូវ​ធ្ងន់ធ្ងរ​នោះ​ទេ។ អ្នកស្រី​សរសេរ​បន្ថែម​ទៀត​ថា យើង​ត្រូវ​ឲ្យ​មន្ត្រី​កម្ពុជា​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ទាំងនោះ​ដឹង​ថា ពួកគេ​មិន​អាច​គេច​ផុត​ពី​ទោស​ទណ្ឌ​ចំពោះ​ទង្វើ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​នោះ​ទេ បើ​មិន​ទទួលទោស​នៅ​ប្រទេស​កម្ពុជា​ទេ ក៏​យ៉ាងហោចណាស់​ត្រូវ​ទទួល​នៅ​បរទេស​ដែរ៕





1 comment:

  1. Anonymous9:22 AM

    They know who the boss of these “dirty dozen” is.
    Why don’t they put Hun Sen on the list too?
    Why do they keep on beating around the bushes?

    ReplyDelete