Paris Peace Accords 23 Oct. 1991

Monday, July 2, 2018

របប​លោក ហ៊ុន សែន ត្រៀម​​ដំឡើង​ ឋានន្តរសក្ដិ​ លោក ហ៊ុន ម៉ាណែត ជា​នាយ​ឧត្ដមសេនីយ៍ | Hun Sen regime to promote rank of Hun Manet as army commander

លោក ហ៊ុន ម៉ាណែត មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ក្នុង​ពិធី​រៀបចំ​ការ​ចូល​ប្រឡង​ជ្រើសរើស​នាយទាហាន កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។
របប​លោក ហ៊ុន សែន ត្រៀម​​ដំឡើង​ ឋានន្តរសក្ដិ​ លោក ហ៊ុន ម៉ាណែត ជា​នាយ​ឧត្ដមសេនីយ៍
RFA / វិទ្យុ អាស៊ី សេរី | ១ កក្កដា ២០១៨

របប ​លោក ហ៊ុន សែន ត្រៀម​ នឹង​ដំឡើង​ ឋានន្តរសក្ដិ​ កូនប្រុស​ច្បង ​របស់​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ ​លោក ហ៊ុន ម៉ាណែត ដែល​បច្ចុប្បន្ន​ ជា​ឧត្ដមសេនីយ៍​ ឯក​ ផ្កាយ​មាស​៣ ឲ្យ​ក្លាយទៅ ជា​នាយ​ឧត្ដមសេនីយ៍​ ផ្កាយ​មាស ៤ ខណៈ​ នៅ​មិន​ដល់ ១​ខែ​ មុន​ការបោះឆ្នោត​ ដ៏​ចម្រូងចម្រាស។

ការ​បង្ហើប​ពី​តម្រុយ​នៃ​ការ​ដំឡើង​ឋានន្តរសក្ដិ​កូនប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដ៏​ឆាប់រហ័ស​នៅ​ពេល​នេះ ធ្វើឡើង​ខណៈ​ដែល​លោក​បាន​ឡើង​កាន់​តំណែង​ជា​នាយសេនាធិការ​ចម្រុះ​ស្ដីទី និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ស្ដីទី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដែល​ជា​មេបញ្ជាការ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម ជំនួស​ឲ្យ​នាយ​ឧត្ដមសេនីយ៍ គន់ គីម ដែល​ត្រូវ​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ខេត្ត​ឧត្តរមានជ័យ​សម្រាប់​ការបោះឆ្នោត​អាណត្តិ​ទី​៦​នេះ។
ការ​ឡើង​កាន់​តំណែង​នា​ពេល​នេះ គឺជា​ការ​បើកផ្លូវ​ឲ្យ​លោក​អាច​ទៅកាន់​មុខតំណែង​កំពូល​ក្នុង​ជួរ​កងទ័ព ទំនងជា​ដើម្បី​ការពារ​អំណាច​ឪពុក​របស់​លោក។ ពិធី​ផ្ទេរតំណែង​នេះ ធ្វើឡើង​កាលពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ក្រោម​អធិបតីភាព​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ។
កាសែត​កម្ពុជាថ្មី ដែល​ស្និទ្ធ​នឹង​របប​លោក ហ៊ុន សែន ចុះផ្សាយ​កាលពី​ថ្ងៃ​៣០ មិថុនា បាន​ស្រង់​ប្រសាសន៍ លោក ទៀ បាញ់ និង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាតិ ឲ្យ​ដឹង​ថា លោក ហ៊ុន ម៉ាណែត អាច​នឹង​ទទួល​បាន​ការ​ដំឡើង​ឋានន្តរសក្ដិ ជានាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ នា​ពេល​ឆាប់ៗ​ខាងមុខនេះ ដោយសារតែ​លោក ហ៊ុន ម៉ាណែត នា​ពេល​នេះ បាន​ក្លាយ​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ហើយ​ជា​នាយសេនាធិការ​ចម្រុះ​ស្ដីទី និង​ជា​មេបញ្ជាការ​ស្ដីទី​កងទ័ពជើងគោក។
សម្រាប់​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​នៅ​អាណត្តិ​ទី​៦​នេះ លោក ហ៊ុន សែន ហាក់​កំពុង​រៀបចំ​យុទ្ធសាស្ត្រ និង​សេនារីយ៉ូ ឲ្យ​កូនប្រុស​របស់​លោក ឡើង​ទៅ​កាន់​តំណែង​កំពូល​ជិត​ផុត​លេខ​ក្នុង​ជួរ​យោធា គឺ​នៅសល់​តែមួយ​កាំ​ប៉ុណ្ណោះ​នៅ​ពីក្រោម​តំណែង​ជា​នាយករដ្ឋមន្ត្រី ដែល​ជា​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស៥ ផុត​លេខ។ យុទ្ធសាស្ត្រ​នេះ ធ្វើឡើង​តាមរយៈ​ការ​តម្រូវ​ឲ្យ​មេទ័ព​កំពូលៗ ដែល​ជា​មន្ត្រី​ស្និទ្ធ​នឹង​លោក ទៅ​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ ក្នុង​នោះ​រួមមាន​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ លោក ប៉ុល សារឿន ដែល​ជា​អគ្គមេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ បាន​ប្រកាស​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ព្រះសីហនុ ខណៈ​តំណែង​របស់​លោក ត្រូវ​បាន​ជំនួស​ដោយ​លោក សៅ សុខា ឲ្យ​កាន់​តំណែង​ជា​អគ្គមេបញ្ជាការ​ស្ដីទី នៃ​កង​យោធពល​ខេមរភូមិន្ទ។
ក្រៅពីនោះ លោក គន់ គីម ទៅ​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​ពេញ​សិទ្ធិ​តែមួយគត់ នៅ​មណ្ឌល​ឧត្តរមានជ័យ ខណៈ​នាយ​ឧត្តមសេនីយ៍ មាស សុភា ដែល​ជា​មេបញ្ជាការ​កងទ័ពជើងគោក ក៏​ត្រូវ​ព្យួរ​តំណែង​ទៅ​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញ​សិទ្ធិ​តែមួយគត់​នៅ​មណ្ឌល​ព្រះវិហារ ចំណែក​ឯ​លោក ទៀ បាញ់ ក៏​នឹង​ត្រូវ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ នៅ​មណ្ឌល​សៀមរាប។
ការ​ព្យួរ​មុខតំណែង​សំខាន់ៗ​របស់​មេទ័ព​ធំៗ​ស្និទ្ធ​នឹង​លោក ហ៊ុន សែន នេះ ត្រូវ​មន្ត្រី​របប​លោក ហ៊ុន សែន អះអាង​ថា ធ្វើឡើង​ស្របតាម​មាត្រា ២៥ នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​តម្រូវ​ឲ្យ​មន្ត្រីរាជការ មន្ត្រី​តុលាការ កងកម្លាំង​នគរបាល​ជាតិ កងយោធពល​ខេមរភូមិន្ទ សមាជិក​ក្រុម​ប្រឹក្សាធម្មនុញ្ញ សមាជិក​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​បព្វជិត​សាសនា ដែល​មាន​បំណង​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ ត្រូវ​ដាក់​ពាក្យសុំ​ច្បាប់​ឈប់​ពិសេស ឬ​លាចាក​សិក្ខាបទ​រហូតដល់​ថ្ងៃ​ប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​ជា​ស្ថាពរ។

កាលពី​ថ្ងៃ​ទី​២៨ មិថុនា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​ថ្មី​មួយ ស្ដីពី «​បុគ្គល​នាយ​ឧត្ដមសេនីយ៍​មាន​បាតដៃ​កខ្វក់​១២​រូប​របស់​កម្ពុជា​៖ ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​យូរអង្វែង​នៃ​នាយ​ឧត្ដមសេនីយ៍​របស់​លោក ហ៊ុន សែន» ដែល​លាតត្រដាង​ឲ្យ​ឃើញ​ថា កម្ពុជា​កាន់តែ​ប្រែក្លាយ​ទៅ​រក​របប​ផ្ដាច់ការ និង​ការដឹកនាំ​បែប​ឯក​បក្ស ដោយសារតែ​នាយ​ឧត្ដមសេនីយ៍​មាន​បាតដៃ​កខ្វក់​ទាំង​១២​រូប ក្នុង​ជួរ​កងកម្លាំង​សន្តិសុខ​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើជា​ខ្នងបង្អែក​នៃ​របប​នយោបាយ​មួយ​ពោរពេញ​ទៅ​ដោយ​អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ និង​មាន​ចរិត​ផ្ដាច់ការនិយម។ អង្គការ​នេះ ជំរុញ​ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​វប្បធម៌​និទ្ទណ្ឌភាព តាមរយៈ​ការ​បើក​ការស៊ើបអង្កេត​លើ​ឧត្ដមសេនីយ៍​បាតដៃ​កខ្វក់​ទាំង​១២​រូប របស់​លោក ហ៊ុន សែន នេះ ដើម្បី​យក​ពួកគេ​ទៅ​កាត់ទោស​តាម​ផ្លូវ​ច្បាប់​នៅ​តុលាការ​អន្តរជាតិ៕

No comments:

Post a Comment