Paris Peace Accords 23 Oct. 1991

Wednesday, July 11, 2018

[Vietnamization: Border, Military] លោក សម រង្ស៊ី មិន​ ចាប់​អារម្មណ៍​​ សាលដីកា​ ដាក់​ទោស​លោក​ ករណី​ ព្រំដែន​ កម្ពុជា-វៀតណាម | Sam Rainsy unconcerned about judgment against him in case involving Cambodia-Vietnam border

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។
លោក សម រង្ស៊ី មិន​ ចាប់​អារម្មណ៍​​ សាលដីកា​ ដាក់​ទោស​លោក​ ករណី​ ព្រំដែន​ កម្ពុជា-វៀតណាម

RFA / វិទ្យុ អាស៊ី សេរី | ១០ កក្កដា ២០១៨

លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ ប្រតិកម្ម​ទៅ​នឹង​តុលាការ​កំពូល ដែល​បាន​ប្រកាស​តម្កល់​សាលដីកា​ដែល​បាន​កាត់ទោស​លោក ឲ្យ​ជាប់ពន្ធនាគារ​ចំនួន ៥​ឆ្នាំ ពាក់ព័ន្ធ​នឹង​បទ​ចោទ​សមគំនិត​ក្លែងបន្លំ​ឯកសារ​ព្រំដែន​កម្ពុជា​-​វៀតណាម។
លោក សម រង្សី ដែល​ជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ ពី​ប្រទេស​បារាំង​ថា លោក​មិន​ចាប់អារម្មណ៍​ចំពោះ​ការ​កាត់ទោស​ទេ ព្រោះ​តុលាការ​កម្ពុជា ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក​បន្ត​ថា នរណា​ក៏​ដឹង​ច្បាស់​ថា កម្ពុជា​បាន​បាត់បង់​បូរណភាព​ទឹកដី​ទៅ​ឲ្យ​ប្រទេស​វៀតណាម រួមមាន​កោះត្រល់​ជាដើម៖ «គ្មាន​អ្វី​ចម្លែក​ទេ​ក្នុង​រឿង​នេះ ពី​ព្រោះ​តុលាការ​ស្រុក​ខ្មែរ​ធ្វើ​ស​ទៅជា​ខ្មៅ ខ្មៅ​ទៅជា​ស។ អ្នក​មានទោស​រួចខ្លួន អ្នក​គ្មាន​ទោស​បែរជា​មាន​ទោស​ទៅវិញ​។ បញ្ហា​ព្រំដែន​នេះ ខ្ញុំ​នៅតែ​និយាយ​អះអាង​ថា អ្នក​ដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​កាត់​ទឹកដី​កម្ពុជា ឲ្យ​ទៅ​ប្រទេសជិតខាង និយាយ​ឲ្យ​ចំ គឺ​ប្រទេស​វៀតណាម។ គ្រាន់តែ​និយាយ​ការពិត មាន​ឯកសារ​ត្រឹមត្រូវ បែរជា​ជាប់ទោស​ទៅវិញ ហើយ​អ្នក​កាត់​ទឹកដី​ឲ្យ​ប្រទេស​ជិតខាង ជា​ជន​ក្បត់ជាតិ រួចខ្លួន ដូចជា​កោះត្រល់។ ប្រទេស​យើង​បាត់បង់​កោះត្រល់ កាលពី​ទសវត្សរ៍​ឆ្នាំ​៨០​​»

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចុះផ្សាយ​កាលពី​ថ្ងៃទី១០ ខែ​កក្កដា បាន​ដកស្រង់​ប្រសាសន៍ លោក​អគ្គព្រះរាជអាជ្ញារង អ៊ុក គឹមសិទ្ធ និង​ជា​អ្នកនាំពាក្យ​តុលាការ​កំពូល ឲ្យ​ដឹង​ថា តុលាការ​កំពូល បាន​សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល ប៉ុន្តែ​លោក មិន​បាន​បញ្ជាក់​លម្អិត​ពី​មូលហេតុ​នៃ​ការសម្រេច​នេះ​ទេ។
លោក សម រង្ស៊ី ត្រូវ​បាន​ចោទ​ពី​បទ «​សមគំនិត​ក្នុង​អំពើ​បន្លំ​ឯកសារ​សាធារណៈ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ សំណុំរឿង​ចោទ​ប្រកាន់​នេះ ដោយសារ​ការ​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ប្រវែង​ជាង ១០​នាទី កាលពី​ថ្ងៃទី១២ និង​១៣ ខែ​សីហា ឆ្នាំ ២០១៥ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី។ នៅ​ក្នុង​វីដេអូ​នោះ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី គឺ​លោក ហុង សុខហួរ នា​ពេល​នោះ បាន​បរិយាយ​អំពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​លោក​បាន​ឃើញ​នៅ​តាម​អ៊ីនធឺណិត ដោយ​សរសេរ​ថា​កម្ពុជា​-​វៀតណាម ព្រមព្រៀង​រំលាយ​ព្រំដែន ពោល​គី​លោក​មិន​បាន​សរសេរ​ខ្លួនឯង​ទេ គ្រាន់តែ​និយាយ​តាម​ឯកសារ​ដែល​មាន​ស្រាប់​នោះ។
លោក ហុង សុខហួរ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​គាត់​ដាក់​ពន្ធនាគារ ៧​ឆ្នាំ ប៉ុន្តែ លោក​ត្រូវ​បាន​លើកលែងទោស​ក្រោយពេល​សុំទោស​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ឆ្នាំមុន បន្ទាប់​ពី​បាន​សរសេរ​សំបុត្រ​ទៅ​សុំ​អភ័យទោស​ពី​លោក ហ៊ុន សែន។
ចំណែក​លោក សម រង្ស៊ី វិញ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៥ឆ្នាំ ដោយ​ត្រូវ​អនុវត្ត​ទោស​ពេញ។ រីឯ​ជំនួយការ​របស់​លោក សម រង្ស៊ី ២​នាក់ ម្នាក់ ឈ្មោះ អ៊ឹង ជុងលាង និង​សត្យា សម្បត្តិ នោះ​ពួកគេ​ត្រូវ​បាន ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៥​ឆ្នាំ​ដូចគ្នា តែ​អនុវត្ត​ទោស​តែ ៣​ឆ្នាំ សល់ ២ ឆ្នាំ​ទៀត​ត្រូវ​ព្យួរទោស៕



1 comment:

  1. Anonymous1:39 AM

    Scam Rainsy said he would take back all land loss to Vietnam, Koh Tral, Khmer Krom. There is only one way he can do that: launch an invasion into Vietnam.

    But the first thing he would do is to pull up all the border post, repudiate all treaties with Vietnam.
    Although Scam Rainsy said he will only demand the land back and Vietnam must comply, I doubt Vietnam will give any land back.

    ReplyDelete