Paris Peace Accords 23 Oct. 1991

Thursday, September 22, 2022

 ផ្សេង-ផ្សេង

២២កញ្ញា២០២២

គេបន្ថោកតម្លៃភាសាខ្មែរ

 

[Synopsis: A workshop in September confirms the Khmer language has thoroughly been abused. Workshop speakers put outright blame on users while offering no deliberations on either how the abuse has been allowed to go on or what the government is going to do to reverse the trend. While the Khmer language is going down the drain, however, the Royal University of Phnom Penh opens a Vietnamese Language School. While the workshop on the deteriorating Khmer language is run by a mere deputy Secretary of State at the Ministry of Culture and Fine Arts, Prime Minister Hun Sen and Education Minister Hang Choun Narong - come out to sing praises for the Vietnamese Language School. When Hanoi comes out to claim it has approved the School, the question arises if the Hun Sen government needs Hanoi's permission or if it is instructed to open the school.]

 

ភាសាខ្មែរកំពុងតែលិចលុង រឺក៏ថា គេបានបណ្តោយអោយភាសាខ្មែរលិចលុងក៏បាន។ សិក្ខាសាលាក្រោមប្រធានបទ «វិការភាពនៃការប្រើភាសាខ្មែរបច្ចុប្បន្ន» កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២២ បានអះអាងថាភាសាខ្មែរកំពុងតែខូចខាតចុះអន់ថយ។

វាគ្មិនទាំងប្រាំក្នុងសិក្ខាសាលានេះ បានដាក់ទោសកំហុសទៅលើអ្នកប្រើប្រាស់។ គេថា អ្នកទាំងនោះចេះតែប្រើភាសាយ៉ាងផ្តេសផ្តាស់ ទាំងក្នុងការសរសេរ ទាំងការនិយាយ ។ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ លោកគឹម ពីនន់ បានរិះគន់អំពី «ការប្រើប្រាស់ពាក្យអសុរោះ អាសអាភាស អសីលធម៌ ដែលជាគំរូ មិនល្អ បង្កអរិភាពក្នុងសង្គម និង បាត់បង់ពាក្យពេចន៍ ដែលជា អត្តសញ្ញាណរបស់ជាតិ» ។ គ្មានអ្នកណាដឹងច្បាស់ថាតើការរិះគន់នេះសំដៅទៅរកលោកហ៊ុនសែន ដែលមានទម្លាប់ប្រើសំដីបែបនេះដែររឺទេ។ គេមិនដឹងថាតើលោកហ៊ុនសែនបានយកដំរាប់តាមអ្នកប្រើសំដីអសុរោះ រឺក៏អ្នកទាំងនោះរៀនសូត្រតាមនាយករដ្ឋមន្រ្តីរបស់គេ។

វាគ្មិនមួយរូបទៀត លោក កុក រស់ ប្រធាននាយកដ្ឋាន សៀវភៅនិងការ អាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និយាយថា បញ្ហា (ការប្រើភាសា) នេះ ត្រូវបានគេមើលរំលង  ខ្វះការយកចិត្តទុកដាក់ ក្នុងចំណោមប្រជាជន ដែលជាម្ចាស់អក្សរ និងភាសារបស់ខ្លួន។ លោកបន្ទោសថា នេះជាវិការ ភាពមួយ ដែលបង្កភាពអនាធិបតេយ្យ អសីលធម៌ដល់សង្គមជាតិ 

យ៉ាងណាក៏ដោយ សិក្ខាសាលាេនះមិនបាននិយាយអំពីវិធានការណាមួយ ដែលរដ្ឋាភិបាលបានអនុវត្ត ដើម្បីទប់ទល់នឹងចរន្តលិចលុងនេះទេ ប្រសិនបើយើងយោលទៅលើរបាយការណ៍ក្នុងសារព័ត៌មាននានា។ គេមិននិយាយទេ អំពីគំរោងការអ្វីដែលគេនឹងធ្វើក្នុងពេលអនាគត ដើម្បីស្តារភាសាខ្មែរឡើងវិញ។ ដូច្នោះ ក្រៅពីការផ្តន្ទាទោសអ្នកប្រើប្រាស់ភាសាខ្មែរនេះ រដ្ឋាភិបាលនឹងបន្តការបណ្តោយអោយចុះអន់ថយទៅតាមយថាកម្មទៀត។

នៅពេលដែលរដ្ឋាភិបាលមិនរវល់នឹងការខូចខាតភាសាខ្មែរ សាកលវិទ្យាល័យភូមិន្ទភ្នំពេញបង្កើតអោយមានសាលាបង្រៀនភាសាវៀតណាម។ ដំបូងគេថាសាលានេះសំរាប់និសិ្សតខ្មែរទៅរៀននៅវៀតណាម ដែលមានចំនួនមួយពាន់នាក់។

ក្រោយពីមានការរិះគន់ខ្លះពីសំណាក់សាធារណជន ប្រឆាំងនឹងសាលាថ្មីនេះ គេនាំគ្នាចេញទាំងហ្វូង ទៅការពារសាលាភាសាវៀតណាមនេះ ដែលនាំអោយបញ្ហាសំខាន់ពីលេចចេញធ្លោ ដ៏គួរអោយចាប់អារម្មណ៍។ ទីមួយ នៅពេលដែលនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីអប់រំជាតិចេញមុខ លើកដំឡើង អោយដំលៃទៅលើការចេះភាសាវៀតណាម មន្រ្តីដែលដឹកនាំសិក្ខាសាលាអំពីការដែលគេបណ្តោយអោយភាសាខ្មែរខូចខាត មានថានៈត្រឹមតែអនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។ វាគ្មិនក្នុងសិក្ខាសាលានោះទាំងប៉ុន្មានសុទ្ធតែជាមន្រ្តីរាយរង គ្មានឥទ្ធិពល គ្មានអំណាច។ គ្មានរដ្ឋមន្រ្តីណាមួយ កុំថាឡើយដល់នាយករដ្ឋមន្រ្តី ចេញមុខនិយាយអំពីការចុះខ្សោយនៃភាសាខ្មែរនេះឡើយ។ តើហេតុអ្វីបានជាគេនាំគ្នាធ្វើយ៉ាងនេះ?

ទីពីរ រដ្ឋាភិបាលវៀតណាមបានយល់ព្រមអោយបើកភាសាវៀតណាមនៃសាកលវិទ្យាល័យខ្មែរនេះ។ អ្នកនាំពាក្យរងនៃក្រសួងការបរទេសវៀតណាម លោកដួនខាក់វៀតបានអះអាងថាវៀតណាមនិងកម្ពុជាបានយល់ព្រមរួមអោយខ្មែរបង្កើតសាលាភាសាវៀតណាមនេះ។ គេមិនដឹងច្បាស់ថា តើវៀតណាមជាអ្នកបញ្ជាអោយរដ្ឋាភិបាលហ៊ុនសែន ដែលតែងនិយាយថាពួកគេជំពាក់គុណវៀតណាម - បង្កើតសាលានេះឡើង រឺក៏រដ្ឋាភិបាលហ៊ុនសែនជាអ្នកទៅសុំបង្កើតសាលានេះ ដើម្បីជួយផ្សព្វផ្សាយភាសាវៀតណាម - ដែលអាចជាភាគមួយនៃការសងគុណវៀតណាម?

ប៉ុន្តែ ប្រសិនបើហាណូយមិនបានបញ្ជាអោយបើកសាលានេះ រឺក៏រដ្ឋាភិបាលហ៊ុនសែនមិនបានសុំច្បាប់បើកទេនោះ ហេតុអ្វីបានជាមានការយល់ព្រមពីវៀតណាមអោយបើកប្រសិនបើពិធីការនៃការបើកសាលាបង្រៀនភាសាបរទេសតម្រូវអោយមានការយល់ព្រមពីសំណាក់រដ្ឋាភិបាលនៃភាសានោះនោះ តើសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានសុំការយល់ព្រមពីរដ្ឋាភិបាលបរទេសមួយចំនួន មានជាអាទិ៍ បារាំង អង់គ្លេស សំរាប់សាលាភាសាបរទេសនានា ដែលសាកលវិទ្យាល័យនេះមានស្រាប់ទៅហើយនោះរឺមួយរដ្ឋាភិបាលហ៊ុនសែនត្រូវការការយល់ព្រមពីហាណូយ ដោយសារគេត្រូវសុំថវិកាវៀតណាមសំរាប់ផ្គត់ផ្គង់សាលាភាសាថ្មីនេះ?

សារុបសេចក្តីទៅ ប្រសិនបើគ្មានកំលាំងណាមួយមកទប់ និងស្តារទេនោះ អ្នកទុទិដ្ឋិនិយមមានមតិបារម្មណ៍អំពីអនាគតភាសាខ្មែរ ដែលកំពុងរមៀលធ្លាក់ជ្រោះងងឹត ជាពិសេសនៅស្របពេលដែលពួកខ្មែរៗដ៏មានឥទ្ធិពលកំពុងភ្លើតភ្លើននឹងវៀតណាម។


អ៊ឹង ប៊ុនអាង

២២កញ្ញា២២

 

 

Should you wish to receive Pseng-Pseng on your screen as soon as it is released, subscribe to it at https://tinyletter.com/pseng-pseng

 

Pseng-Pseng is published irregularly. Previous issues are archived at pseng-pseng.blogspot.com

No comments:

Post a Comment