កម្មករ រោងចក្រ អំពូលភ្លើង នៅបាវិត ធ្វើបាតុកម្ម ទាមទារ លក្ខខណ្ឌការងារ ៥ចំណុច
ដោយ ហ៊ុំ ចំរើន / RFA | ២៨ ឧសភា ២០១៤
កម្មករ កម្មការិនី រោងចក្រ ផលិត អំពូលភ្លើង ឡុង ប្រាយ (Long Bright) ប្រមាណ ៥០០នាក់ នៅតំបន់ សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan) នៅក្រុង បាវិត ខេត្ត ស្វាយរៀង ប្រមូលផ្ដុំគ្នា ធ្វើបាតុកម្ម តវ៉ា នៅខាងមុខ សាលាក្រុង បាវិត ទាមទារ ឲ្យថៅកែ រោងចក្រ ដោះស្រាយ លក្ខខណ្ឌការងារ ៥ចំណុច។
លក្ខខណ្ឌការងារ ដែលក្រុមកម្មករ ទាមទារនោះ រួមមាន
សូម ឲ្យក្រុមហ៊ុន ទទួលយក តំណាងកម្មករ ៥នាក់ ដែលបញ្ឈប់ ពីការងារ កន្លងទៅ ឲ្យចូល ធ្វើការវិញ ជាធម្មតា។ កម្មករ ស្នើ ឲ្យក្រុមហ៊ុន ទូទាត់លុយ ឲ្យកម្មករ ដែលបញ្ឈប់ ពីការងារ តាមផ្លូវច្បាប់; សូម ឲ្យថៅកែ រោងចក្រ ទទួលយក កម្មករជាង ១០០នាក់ ដែលបញ្ឈប់ ពីការងារ ចូលធ្វើការវិញ។ កម្មករស្នើ ឲ្យក្រុមហ៊ុន សាងសង់បន្ទប់ ទារកដ្ឋាន សម្រាប់ បំបៅដោះកូន ក្នុងរោងចក្រ និងសូម កុំ ឲ្យក្រុមហ៊ុន ប្រើកិច្ចសន្យា ការងារ រយៈពេលខ្លី ជាដើម។
កម្មការិនីម្នាក់ កញ្ញា ស៊ឹម ស្រីនិច្ច ថ្លែងនៅថ្ងៃ ទី២៨ ឧសភា ថា ថៅកែរោងចក្រ បានបញ្ឈប់កម្មករ ពីការងារ រាប់រយនាក់ ជាបន្តបន្ទាប់, ហើយ ពេលបញ្ឈប់ ពីការងារនោះ ថៅកែរោងចក្រ ពុំ បានផ្ដល់ប្រាក់ អតីតភាព ការងារ ដល់កម្មករទេ ដោយយកលេស ថា, បញ្ចប់កិច្ចសន្យា ការងារ ដោយសារ តម្រូវការ ផលិតតិចតួច។ កញ្ញា ស៊ឹម ស្រីនិច្ច បន្តថា កន្លងមកថៅកែរោងចក្រនៅពេលដែលកម្មករតវ៉ាជាមួយក្រុមហ៊ុនម្ដងៗ តែងតែបញ្ឈប់កម្មករពីការងារជាបន្តបន្ទាប់ ដោយពុំមានកំហុសក្នុងការងារឡើយ។
កញ្ញាបញ្ជាក់ថា ក្រុមកម្មករមិនអាចទទួលយកតាមការបញ្ឈប់របស់ថៅកែរោងចក្រនេះបានឡើយ៖ «គេ រាប់ពាន់នាក់ ក៏គេគិតលុយឲ្យដែរ តែរោងចក្រហ្នឹងមួយគេមិនគិតលុយឲ្យកម្មករទេ គេបញ្ឈប់ម្ដង ៥នាក់ ម្ដង ១០នាក់ គេពន្យារពេល។ ហើយរោងចក្រហ្នឹងប្រហែលជាទំនងបិទបានជាបញ្ឈប់អ៊ីចឹងណាស់! វាមិនចង់គុណលុយ និងលុយបំណាច់ឆ្នាំ ៥ភាគរយឲ្យ។ ធ្វើការធម្មតាធ្វើឲ្យគេមិនដែលមានកំហុសទេ វាមកហៅទៅបញ្ឈប់តែហ្មងហ្នឹង ឡើងទៅអុបហ្វីសឲ្យយើងផ្ដិតមេដៃស៊ីញេតែម្ដង វាមិនឲ្យយើង វាមិនប្រាប់យើងថាម៉េចទេ វាថាទៅឡើងផ្ដិតមេដៃបញ្ឈប់តែហ្មង!»
កាលពីចុងខែមេសា កន្លងទៅ ក្រុមកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងបាវិត រាប់ម៉ឺននាក់ បានធ្វើកូដកម្មតវ៉ាប្រាក់អត្ថប្រយោជន៍ការងាររបស់កម្មករម្នាក់ ៥០ដុល្លារអាមេរិក។ ដោយកម្មករអះអាងថា ប្រាក់ម្នាក់ ៥០ដុល្លារនេះ ថៅកែរោងចក្រសន្យាឲ្យកម្មករណាដែលមិនចូលរួមធ្វើកូដកម្មតវ៉ាជាមួយ ក្រុមហ៊ុន កាលពីមុនបុណ្យចូលឆ្នាំខ្មែរកន្លងទៅ។ ប៉ុន្តែ កម្មករដែលមិនបានធ្វើកូដកម្មនោះ ថៅកែមិនឲ្យប្រាក់ ៥០ដុល្លារនោះដល់កម្មករដូចការសន្យាឡើយ។
ទាក់ទងនឹងបញ្ហានេះ អនុប្រធានមន្ទីរការងារខេត្តស្វាយរៀង លោក អ៊ូ សុខឿន ធ្លាប់មានប្រសាសន៍បញ្ជាក់ថា ថៅកែរោងចក្រនិយាយថា ក្រុមហ៊ុនមិនបានសន្យាផ្ដល់ប្រាក់ឲ្យកម្មករម្នាក់ ៥០ដុល្លារ ដូចការលើកឡើងរបស់កម្មករទេ។
បន្ទាប់ពីការតវ៉ារបស់កម្មករនៅសាលាក្រុងបាវិត នាព្រឹកថ្ងៃទី២៨ ឧសភា អាជ្ញាធរក្រុងអនុញ្ញាតឲ្យមានកិច្ចប្រជុំរកដំណោះស្រាយនៅខាងក្នុង សាលាក្រុងដែលមានតំណាងកម្មករ មន្ត្រីសម្ព័ន្ធសហជីព ចលនាកម្មករ តំណាងក្រុមហ៊ុន មន្ត្រីមន្ទីរការងារខេត្តស្វាយរៀង និងអាជ្ញាធរក្រុងបាវិត ចូលរួមប្រជុំប្រមាណជាង១ម៉ោង ប៉ុន្តែការប្រជុំនោះគ្មានដំណោះស្រាយទេ។
អភិបាលរងក្រុងបាវិត លោក យិន ចន្ធី មានប្រសាសន៍ថា ការប្រជុំរកដំណោះស្រាយពុំមានច្រកចេញ ដោយសារតំណាងកម្មករ និងមន្ត្រីសហជីព មិនព្រមដោះស្រាយនៅចំណុចទី១ ដែលស្នើឲ្យតំណាងកម្មករ ៥នាក់ចូលធ្វើវិញ។ លោកបញ្ជាក់ថា ចំណុចនេះភាគីក្រុមហ៊ុនស្នើដោះស្រាយនៅពេលក្រោយ ដោយរង់ចាំការសម្រេចរបស់ថៅកែក្រុមហ៊ុនត្រឡប់ពីក្រៅប្រទេស៖ «បី ចំណុចដោះស្រាយហើយ ឯកភាពអីហើយ ប៉ុន្តែនៅចំណុចទី១គេមិនដោះ។ មកពីកម្មករទេ កម្មករមិនចង់និយាយ ពួកសហជីពគេថាគេមិនដោះស្រាយអាទី១។»
តែយ៉ាងណា មន្ត្រីសហជីពពន្យល់ថា មូលហេតុដែលពួកគេមិនដោះស្រាយបន្ត ដោយសារអង្គប្រជុំមិនសម្របសម្រួលឲ្យកម្មករដែលបញ្ឈប់ពីការងារនោះ ចូលធ្វើការវិញ។
ច្បាប់ការងារមាត្រា៨៩ ចែងថា ប្រសិនកិច្ចសន្យាការងារត្រូវបញ្ឈប់ដោយឆន្ទៈរបស់និយោជកតែម្ខាង វៀរលែងតែនិយោជិតមានកំហុសធ្ងន់ និយោជកត្រូវតែឲ្យប្រាក់បំណាច់បណ្ដេញចេញទៅកម្មករនិយោជិតដែលខ្លួន បញ្ឈប់។ ត្រូវ មានបំណាច់ បណ្ដេញចេញ ប្រាក់ឈ្នួល និងប្រាក់ បន្ទាប់បន្សំ ចំនួន ៧ថ្ងៃ ចំពោះ កម្មករ ដែលបានធ្វើការ ជាប់ជាប្រចាំ ពី៦ខែ ទៅដល់ ១២ខែ។ បើ ធ្វើការ លើស ពី១២ខែ ឡើងទៅ ប្រាក់បំណាច់ បណ្ដេញចេញ ត្រូវ គណនាស្មើ នឹងប្រាក់ឈ្នួល, ព្រមទាំង ប្រាក់បន្ទាប់បន្សំ ចំនួន ១៧ថ្ងៃ ក្នុងមួយឆ្នាំ ការងារ៕
No comments:
Post a Comment