Paris Peace Accords 23 Oct. 1991

Thursday, May 29, 2014

ពលរដ្ឋ​ នៅ​ក្រចេះ ​បារម្ភ​ ពី​សកម្មភាព ​ដឹក​ឈើ​ ទៅ​វៀតណាម​ តាម​ច្រក ​របៀង | Kratie villagers are concerned about luxury wood trucked to Vietnam

ពលរដ្ឋ​ នៅ​ក្រចេះ ​បារម្ភ​ ពី​សកម្មភាព ​ដឹក​ឈើ​ ទៅ​វៀតណាម​ តាម​ច្រក ​របៀង

ដោយ សូត សុខប្រាថ្នា / RFA | ២៨ ឧសភា ២០១៤

ដឹក​ឈើ ក្រចេះ ៣០៥
សកម្មភាព​ ដឹក​ឈើ​ប្រណិត ​ចេញ​ពី​ព្រៃ នៅ​ស្រុក​ ស្នួល ខេត្ត ​ក្រចេះ កាល​ពី​ថ្ងៃ​ ទី​១៤ ខែ​មករា ឆ្នាំ​២០១២។  RFA/Den Ayuthyea

សកម្មភាព​ ដឹក​ឈើ​ ធ្វើ​អាជីវកម្ម ​របស់​ ជនជាតិ​ វៀតណាម នៅ​ខេត្ត ​ក្រចេះ ពី​ទឹក​ដី​ កម្ពុជា ទៅ​វៀតណាម កាន់​តែ​ មាន​ច្រើន​ឡើង។  ពលរដ្ឋ​ នៅ​ខេត្ត​នេះ​ ព្រួយ​បារម្ភ​ ថា, វាសនា ​ព្រៃ​ឈើ​ ពិត​ ជា​អាច​ បាត់​បង់​ មិន​ខាន។

ចំណែក​ អាជ្ញាធរ​ តាម​ព្រំដែន ហាក់​ធ្វើ​ មិន​ដឹង​ មិន​ឮ ​ឡើយ។  មន្ត្រី​ប៉ុ ស្តិ៍​បាន​បញ្ជាក់​ ថា ពិត​ជា​មាន ​ករណី​ ជនជាតិ ​វៀតណាម ដឹក​ឈើ​ តាម​ច្រក​ របៀង​មែន, ប៉ុន្តែ​ មិន​ដឹង​ មាន​ការ​ យល់​ព្រម ​ឱ្យ​ចូល ឬ​ដោយ​លួច​លាក់ ​នោះ​ទេ, ហើយ ​អាជ្ញាធរ​ ក៏​បាន​ចេញ​ បង្ក្រាប​ដែរ។

ប្រជាពលរដ្ឋ​នៅ​តាម​ច្រក​របៀង​ព្រំដែន​កម្ពុជា​វៀតណាម បាន​លើក​ឡើង​ពី​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ញឹកញាប់​នៅ​តាម​ព្រំដែន ដោយ​មិន​មាន​ការ​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ឱ្យ​មាន​ប្រសិទ្ធភាព​ឡើយ។ សកម្មភាព​ដឹក​ឈើ​ពី​កម្ពុជា ចូល​ទៅ​វៀតណាម យ៉ាង​អនាធិបតេយ្យ​នោះ ធ្វើ​ឱ្យ​ពួក​គាត់​បារម្ភ​ពី​ការ​បាត់​បង់​ព្រៃ​ឈើ​នៅ​ពេល​យ៉ាង​ខ្លី​ខាង​ មុខ។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​២ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា សកម្មភាព​របស់​ជនជាតិ​វៀតណាម ចូល​មក​ដឹក​ឈើ​ពី​ស្រុក​ខ្មែរ​ទៅ​វៀតណាម យ៉ាង​ច្រើន ហើយ​មាន​ជា​រៀង​រាល់​ថ្ងៃ ដោយ​មិន​មាន​សមត្ថកិច្ច​ណា​យក​ចិត្ត​ទុក​ដាក់​នោះ​ឡើយ។ លោក​បន្ត​ថា ក្នុង​មួយ​ថ្ងៃៗ គឺ​មាន​ឈ្មួញ​ដឹក​ឈើ​តាម​រថយន្ត​កែច្នៃ​ជាច្រើន​គ្រឿង​ជា​ប្រចាំ នៅ​ច្រក​របៀង​ឈ្មោះ ឌុង​ផាត់ ដែល​ធ្វើ​ឱ្យ​ខូច​ផ្លូវ​របស់​ប្រជាពលរដ្ឋ​ដែល​ខំ​រ៉ៃ​លុយ​គ្នា​ធ្វើ​ទៀត​ផង៖ «មិន​ដែល​ទៅ​យួន ឯណា​ហ៊ាន​ចូល​មក​ដី​ខ្មែរ វា​ទៅ​ហ្នឹង​មែន​នេះ​បង វា​ទៅ​ហ្នឹង​ម៉ា​យប់​មួយ​ថ្ងៃ​បាន​មក​វិញ។ បាទ​ទៅ​មកៗ ប៉ុន្តែ​ឥឡូវ​ហ្នឹង​មិន​សូវ​ដឹក​ឈើ​មូល​ទេ គឺ​ដឹក​តែ​ឈើ​ជ្រុង អា​ឈើ​មូល​ប្រជាជន​ដាក់​បារាស​យក​លុយ​ផ្លូវ​វិញ។»

ប្រភព​ដដែល​បន្ត​ថា ប្រភេទ​ឈើ​ដែល​ឈ្មួញ​ដឹក​ចេញ​ទាំង​នោះ ភាគ​ច្រើន​ជា​ប្រភេទ​ឈើ​កកោះ និង​សុក្រំ ជាដើម។ លោក​បន្ថែម​ទៀត​ថា ការ​ចូល​ដឹក​ឈើ​នៅ​ស្រុក​ខ្មែរ​បាន​យ៉ាង​សេរី​នោះ គឺ​អាច​មាន​ការ​បើក​ដៃ​ណា​មួយ​ពី​សំណាក់​អាជ្ញាធរ​តាម​ព្រំដែន និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ទៀត​ផង។

មេ​ប៉ុស្តិ៍​រដ្ឋបាល​ស្ថិត​នៅ​ក្នុង​ឃុំ​២ធ្នូ លោក ព្រំ ផល មាន​ប្រសាសន៍​ថា សកម្មភាព​ជនជាតិ​វៀតណាម ចេញ​ចូល​ដឹក​ឈើ​នៅ​តំបន់​នោះ​ពិត​ជា​មាន​មែន ប៉ុន្តែ​លោក​មិន​ដឹង​ប្រាកដ​ថា ឈ្មួញ​ទាំង​នោះ​មាន​ការ​យល់​ព្រម​ពី​មន្ត្រី​ព្រំដែន ឬ​ជា​ការ​លួច​ចូល​ដោយ​លួច​លាក់​យ៉ាង​ណា​នោះ​ទេ៖ «បាន​ដូច​ថា ក្រុមហ៊ុន​ចូល​មក​ចំហៀង​ខាង​ហ្នុង សុទ្ធ​តែ​មាន​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ទេ។ អ៊ីចឹង​ដីធ្លី​របស់​ក្រុមហ៊ុន​ដែល​មាន​ច្បាប់​វិនិយោគ ឈូស​ឆាយ​ហ្នឹងៗ យើង​អត់​មាន​សិទ្ធិ​ទៅ សិទ្ធិ​ទៅ​ឃាត់​ទៅ​ឃាំង​គ្នា​គេ ដូច​ថា គេ​ត្រូវរ៉ូវ​គ្នា​គេ​អ៊ីចឹង ហើយ​ឈើ​ប្រភេទ​ឈើ​ឧស​ឈើ​អ៊ីចឹង​បង។»

លោក​បន្ត​ថា ឃើញ​មាន​មន្ត្រី​ប៉េអិម និង​មន្ត្រី​ជំនាញ​ព្រៃ​ឈើ បាន​ចុះ​ចាប់​រថយន្ត​ដឹក​ឈើ​ជាច្រើន​គ្រឿង​នៅ​ម្តុំ​ក្រុមហ៊ុន អី អ៊ិនវេសមេន កាល​ពី​ពេល​កន្លង​ទៅ​ជា​បន្តបន្ទាប់ ប៉ុន្តែ​សកម្មភាព​ដឹក​ឈើ​ទៅ​វៀតណាម នៅ​តែ​មាន។

នាយក​អង្គការ​ធនធាន​ធម្មជាតិ លោក ឈឹម សាវុធ មាន​ប្រសាសន៍​ថា តាម​ច្រក​របៀង​នៅ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌលគិរី ភាគ​ច្រើន គឺ​ជា​តំបន់​ដឹក​ជញ្ជូន​ឈើ​របស់​មន្ត្រី​ឧកញ៉ា​ធំៗ ដែល​ដឹក​ឈើ​ខុស​ច្បាប់​ទៅ​វៀតណាម។ ក្រៅ​ពី​មន្ត្រី​ធំៗ គឺ​ជនជាតិ​វៀតណាម នោះ​ហើយ​ដែល​បាន​ចេញ​ចូល​ដឹក​ឈើ​ពី​ខាង​ខ្មែរ​ជា​ប្រចាំ ដែល​លោក​ហៅ​ការ​ចេញ​ចូល​នោះ​ថា វា​ជា​ប្រពៃណី​របស់​ជនជាតិ​វៀតណាម ទាំង​នោះ ដែល​តែង​មក​រក​ស៊ី​ឈើ​នៅ​ស្រុក​ខ្មែរ៖ «ឥឡូវ​ហ្នឹង​វា​ចេញ​ជា​ប្រពៃណី​ទៅ ​ហើយ ដូច​នៅ​មណ្ឌលគិរី អ៊ីចឹង មិន​ត្រឹម​តែ​ឈ្មួញ​វៀតណាម ដែល​ចូល​មក​កាង​ឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី យើង​ទៅ​ក្រៅ​ទេ សូម្បី​តែ​ប្រជាពលរដ្ឋ​វៀតណាម ដូច​ជា នៅ​ពេជ្រចិន្តា ត្រូវ​បាន​គេ​ជួល ឬ​ក៏​រំលោភ​នូវ​ការ​កាប់​ឈើ​នៅ​ក្នុង​ដី​ខ្មែរ​រាប់​សិប​គីឡូ​ទៀត។ អា​ហ្នឹង​គិត​ថា​វា​មិន​មែន​ជា​រឿង​ដែល​ថ្មី​ទេ តែ​រឿង​ដែល​កើត​ឡើង គឺ​ដោយសារ​តែ​សមត្ថកិច្ច​យើង រដ្ឋ​អំណាច អាជ្ញាធរ​យើង​ទាំងអស់​ដែល​ឃុបឃិត​គ្នា​នៅ​តំបន់​ហ្នឹង។»

លោក​បញ្ជាក់​ថា ការ​បាត់​បង់​ឈើ​នៅ​កម្ពុជា ទាំង​មូល គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​របស់​រាជ​រដ្ឋាភិបាល ពីព្រោះ​ទាំង​មន្ត្រី​ឧកញ៉ា ជនជាតិ​វៀតណាម និង​ឈ្មួញ​ឈើ​ធំៗ​នៅ​ប្រទេស​កម្ពុជា ប្រសិន​មិន​មាន​ការ​បើក​ដៃ​ជា​ប្រព័ន្ធ​នោះ​ទេ ក៏​មិន​មាន​បទល្មើស​ទាំង​នោះ​កើត​ឡើង​ដែរ។  លោក​បញ្ជាក់​ថា រាល់​ការ​បង្ក្រាប​បទល្មើស​ណា​មួយ គឺ​លុះត្រា​តែ​រាជ​រដ្ឋាភិបាល​មាន​ឆន្ទៈ​មក​ប្រើ និង​យក​ច្បាប់​មក​អនុវត្ត ទើប​អាច​ទៅ​រួច។ ប្រសិន​បើ​អនុវត្ត​ដូច​បច្ចុប្បន្ន​នេះ ព្រៃ​ឈើ​នឹង​ត្រូវ​រលាយ​តែ​ម្តង៕



No comments:

Post a Comment