Paris Peace Accords 23 Oct. 1991

Thursday, July 31, 2014

លក្ខខណ្ឌ ៦​ចំណុច ​របស់ លោកស្រី ពុង ឈី​វ​កេក ទៅកាន់ ​គណបក្ស នយោបាយ ​ទាំងពីរ​​ | 6 conditions of Dr. Pung Chiv Kek to political parties

លក្ខខណ្ឌ ៦​ចំណុច ​របស់ លោកស្រី ពុង ឈី​វ​កេក ទៅកាន់ ​គណបក្ស នយោបាយ ​ទាំងពីរ​​

VOD | ៣០ កក្កដា ២០១៤


លោកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ (រូបថត៖ អេមី)

លោកស្រី ពុង ឈី​វ​កេក ប្រធាន​ អង្គការ​ លីកាដូ ដែល​ត្រូវ បាន​ជ្រើសរើស​ ជា​សមាជិក​ ទី​៩ នៃ​គណៈកម្មាធិការ ​ជាតិ​ រៀបចំ​ ការបោះឆ្នោត ​ថ្មី បង្ហាញ​លក្ខខណ្ឌ ​ទាមទារ ៦​ចំណុច ដែល​លោកស្រី បានដាក់ ​ទៅកាន់​ គណបក្ស នយោបាយ​ ជាប់​ឆ្នោត​ ទាំង​ពីរ​។​

​សេចក្តីថ្លែងការណ៍​ ចុះ​ថ្ងៃ ទី​៣០ ខែកក្កដា​នេះ ឲ្យដឹងថា, លោកស្រី វេជ្ជបណ្ឌិត ពុង ឈី​វ​កេក បច្ចុប្បន្ន ​ជា​ប្រធាន ​អង្គការ​ ការពារ​ សិទ្ធិមនុស្ស​ លីកាដូ ត្រូវ បាន​គណបក្ស​ ប្រជាជន​កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ ស្នើសុំ ​ធ្វើ​ជា​សមាជិក ​ថ្មី​ នៃ​ស្ថាប័ន​ រៀបចំ​ ការបោះឆ្នោត កាលពី​ថ្ងៃ​ ទី​២៦ និង​ទី​២៧ ខែកក្កដា​។  តប​នឹង​សំណើ​នោះ លោកស្រី បាន​ដាក់​ លក្ខខណ្ឌ ​មួយចំនួន​ ទៅ​កាន់​ គណបក្ស​ ទាំងពីរ និង​ទទួលបាន ​ការឆ្លើយតប ​ជា​វិជ្ជមាន នៅ​ថ្ងៃ ទី​២៨ ខែកក្កដា​។​

​លក្ខខណ្ឌ​ ទាំង​នោះ រួមមាន​៖ 

១. ធានា ​ឲ្យមាន ​ឯករាជ្យ​ភាព​ ច្បាស់លាស់ ​នៃ​ស្ថាប័ន រៀបចំ​ ការបោះឆ្នោត​ ថ្មី​នេះ; 

២. អនុញ្ញាត​ឲ្យ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការអនុវត្ត​សមត្ថភាព​ខ្លួន ក្នុង​ការរៀបចំ​ការបោះ​ឆ្នោត ប្រក​ដោយ​ឯករាជ្យភាព និង​អព្យាក្រឹត្យភាព; 

៣. ធានាឲ្យបាន​នូវ​​សមាជិក​នៃ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ទទួល​បាន​ការពារ​អភ័យឯកសិទ្ធិ ការធានា​ស្វ័យភាព​ក្នុងការ​ធ្វើ​សេចក្តីសម្រេចចិត្ត និង​សកម្មភាព​ផ្សេងៗ​​ទៀត; 

៤. ធានា​ឲ្យបាន​ថា ស្ថាប័ន​រៀបចំ​ការបោះឆ្នោត មាន​សិទ្ធិ​ក្នុង​ការជ្រើសរើស​បុគ្គលិក អ្នកជំនាញ និង​មាន​សិទ្ធិ​ចាត់ចែង លើ​សម្ភារៈ ហិរញ្ញវត្ថុ និង​ទទួល​ថវិកា​ស្វ័យយ័ត សម្រាប់​ស្ថាប័ន​នេះ; 

៥. ក្នុង​ករណី​ចាំបាច់ ស្ថាប័ន​នេះ​មាន​សិទ្ធិ​ទទួល​ជំនួយ ដោយ​គ្មាន​លក្ខខណ្ឌ​ពី​ម្ចាស់​ជំនួយ; និង​​

៦. រាល់​លក្ខខណ្ឌ​ទាំងអស់​ខាងលើ​នេះ គឺ​ឆ្លើយតប​ទៅនឹង​លក្ខខណ្ឌ​របស់​ស្ថាប័ន រៀបចំ​ការបោះឆ្នោត ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​វិសោធន​កម្ម​​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជាច្រើន​ទៀត​។​


ក្នុង​សេចក្តីថ្លែងការណ៍​នេះ លោកស្រី ពុង ឈី​វ​កេក បាន​អះអាង​ថា លក្ខខណ្ឌ​ទាំង​នេះ មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នយោបាយ ឬ​ការប្រកាន់​បក្ខពួក​នោះទេ គ្រាន់តែ​ជា​លក្ខខណ្ឌ​បច្ចេកទេស ដើម្បី​ធានា​ដល់​ការបោះឆ្នោត​នៅ​កម្ពុជា ប្រកបដោយ​សេរី យុត្តិធម៌ និ​អព្យាក្រឹត្យ ស្រប​តាម​លទ្ធិ​ប្រជា​ធិប​តេយ្យ សេរី​ពហុបក្ស និង​នីតិរដ្ឋ​។ លោកស្រី ក៏​អះអាង​នឹង​ខំប្រឹងប្រែង​ធ្វើ​ការងារ​តាម​មនសិការ យោងតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធរមាន​ផ្សេងៗ​ទៀត និង​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។​

​ក្រោយ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាព​ក្នុង​ការដាក់​ស្ថាប័ន​គជប​ក្នុង​ជំពូក​១៥ នៃ​រដ្ឋធម្មនុញ្ញ ដោយ​ជ្រើសរើស​សមាសភាព គជប តាមរយៈ​ការប្រើ​រូបមន្ត​ម្ខាងៗ​៤​រូប និង​១​រូប​ទៀត ជ្រើសរើស​ដោយ​គណបក្ស​មាន​អាសនៈ​ក្នុង​សភា​។

​តាមរយៈ​កិច្ចព្រមព្រៀង​នេះ គណបក្ស​ទាំង​ពីរ បាន​សម្រេច​ជ្រើសរើស​លោក​ស្រី ពុង ឈី​វ​កេក ជា​សមាជិក​ទី​៩​នៃ​គជប​ថ្មី តែ​ទោះជា​យ៉ាងនេះ​ក៏​ដោយ គណបក្ស​ទាំង​ពីរ នៅ​មិនទាន់​បាន​បង្ហាញ​ពី​សមាសភាព​ផ្លូវការនៃ​សមាជិក ៨​រូប​ផ្សេងទៀត ដែល​ត្រូវបានជ្រើសរើស​ឡើងដោយ​ភាគី​គណបក្ស​ម្ខាងៗ​នៅឡើយ​ទេ៕


No comments:

Post a Comment