Paris Peace Accords 23 Oct. 1991

Thursday, July 31, 2014

លោកហ៊ុនសែនបញ្ជា​ឲ្យចេញ​ថ្លៃ​ខាត​រថយន្តក្រុង​សាធារណៈដើម្បី​ធ្វើឲ្យ​ជោគជ័យ

លោកហ៊ុនសែនបញ្ជា​ឲ្យចេញ​ថ្លៃ​ខាត​រថយន្តក្រុង​សាធារណៈដើម្បី​ធ្វើឲ្យ​ជោគជ័យ​​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃព្រហស្បតិ៍ ទី31 កក្កដា 2014 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បញ្ជា​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ត្រៀម​ទុនបម្រុង​ទុក​សម្រាប់​ថ្លៃ​ខាត​ក្នុង​ការដាក់​ឲ្យ​ដំណើរការ​សេវា​រថយន្តក្រុង ដើម្បី​ធ្វើ​ឲ្យ​ការដឹកជញ្ជូន​នេះ​ទទួលបាន​ជោគជ័យ កុំឲ្យ​បាត់បង់​ទៅវិញ​។​
​ក្នុង​ពិធី​សម្ពោធ​ស្ពាន​អាកាស​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ  លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាល​អនុញ្ញាតឲ្យ​បង្កើត​រដ្ឋា​ករ​ដឹកជញ្ជូន​សាធារណៈ​របស់​ក្រុង ដោយ​នឹង​ជួយ​ទំនុកបម្រុង​ឧបត្ថម្ភ​តាមរយៈ​ការ​មិន​យកពន្ធ​លើ​ការ​នាំចូល​រថយន្តក្រុង​ដឹកជញ្ជូន​ទាំង​នេះ​។ លោក​បញ្ជាក់ថា​ការចំណាយ​នេះ នឹង​«​មិន​អា​លាយ​កម្ពុជា​ទេ​»​។  
​លោកនាយក​រដ្ឋមន្ត្រី​បន្ត រាជរដ្ឋាភិបាល​កម្ពុជា មិន​ខ្វល់​នឹង​ក្រុមហ៊ុន​វិនិយោគ​ឯកជន​ឡើយ បើ​ទោះ​ជា​ពួកគេ​បាន​សាកល្បង​សេវា​រថយន្ត​ក្រុង​ហើយ រួច​ត្រឡប់​ទៅវិញ​។ លោក​ថា រាជរដ្ឋាភិបាល​នឹង​ធ្វើ​ឲ្យ​សេវា​ដឹកជញ្ជូន​សាធារណៈ​នេះ ទទួលបាន​ជោគជ័យ ហើយ​រដ្ឋ​នឹង​ឧបត្ថម្ភ​មក​សាលា​រាជធានី ដោយ​ចេញ​ខាត​សេវា​ដឹកជញ្ជូន តាមរយៈ​យុទ្ធសាស្ត្រ​ធុន​ឧបត្ថម្ភ​ធុន​។
អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ឲ្យដឹងថា សាលា​រាជធានី នឹង​បន្ថែម​ផ្លូវរ​ត់របស់​រថយន្តក្រុង​ចំនួន​៣​ខ្សែ​ទៀត នៅ​ខែ​កញ្ញា​ខាងមុខ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ ការបំពុល​បរិស្ថាន និង​គ្រោះថ្នាក់​ក្នុង​រាជធានី​ភ្នំពេញ​។​លោក​បន្តថា សាលា​រាជធានី​ភ្នំពេញ​នឹង​ដាក់​រថយន្តក្រុង​ចំនួន ៤០​គ្រឿង នៅលើ​ផ្លូវ​៣​ខ្សែ​បន្ថែមទៀត​រួមមាន ខ្សែ​ទី​១​ពី​គីឡូ​ម៉ែត​លេខ​១១​ទៅ​ដល់​វត្តក្តី​តាកុយ (​ផ្លូវជាតិ​លេខ​១) ខ្សែ​ទី​២​ពី​ផ្លូវ​គីម អ៊ី​ល​ស៊ុង កាត់​តាម​ផ្លូវ​ម៉ៅ​សេទុង រហូត​ដល់​តាខ្មៅ និង​ខ្សែ​ទី​៣​ចាប់​ពី​ផ្សារ​រាត្រី ផ្សារ​ចាស់ ឡើង​មក​ផ្លូវ​កម្ពុជា​ក្រោម មក​ផ្លូវ​សហព័ន្ធ​រុស្សី​រហូតដល់​ចោមចៅ​។​
​តម្លៃ​ក្នុងការ​ចំណាយ​សម្រាប់​ជិះ​រថយន្ត​ក្រុង​នៅ​ដដែល គឺ​១៥០០​រៀល ក្នុង​ម្នាក់​។ ព្រះសង្ឃ ជនពិការ មនុស្ស​ចាស់ និង​សិស្សសាលា នឹង​មិន​ត្រូវ​យក​ថ្លៃ​សម្រាប់​ការប្រើប្រាស់​សេវា​ដឹកជញ្ជូន​នេះឡើយ​។​បច្ចុប្បន្ន​មាន​អ្នកប្រើប្រាស់​សេវា​រថយន្តក្រុង​នេះ មាន​ប្រមាណ​១៣០០​នាក់​ក្នុង​មួយថ្ងៃ​។​
​សាលា​រាជធានី​ភ្នំពេញ បាន​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រាស់​រថយន្ត​ក្រុង​ខ្សែ​ដំបូង កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ចេញដំណើរ​ពី​មុខ​ស្ថានទូត​បារាំង ឆ្ពោះ​ទៅ​ស្ពាន​មុនី​វង្ស ច្បារអំពៅ រាជធានី​ភ្នំពេញ​៕

No comments:

Post a Comment