មន្ត្រីគ.ជ.ប.ប្រជុំជាមួយក្រុមសង្គមស៊ីវិល។ (រូបថត ឯកសារ)
គណបក្ស ប្រឆាំង សុំឱ្យ គណបក្ស កាន់អំណាច បន្តការចរចា លើ ការបង្កើត គ.ជ.ប.
ហេង រស្មី / វីអូអេ | ០២ កក្កដា ២០១៤
ភ្នំពេញ — គណបក្ស សង្គ្រោះជាតិ បានទទូច ដល់ គណបក្ស ប្រជាជន កម្ពុជា ឱ្យបន្តចូលរួមប្រជុំចរចា ដើម្បីស្វះស្វែងរក រូបមន្តកណ្តាលមួយ ដើម្បីទម្លុះទម្លាយ ការជាប់គាំង នយោបាយ ក្រោយពីការបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០១៣។
ការស្នើឡើង របស់ គណបក្ស សង្គ្រោះជាតិ បានធ្វើឡើង ក្រោយពី លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រួតត្រា ប្រទេសកម្ពុជា អស់រយៈពេល ជិត៣០ឆ្នាំ បានប្រកាសដាច់ណាត់ ថាគណបក្ស ប្រជាជន កម្ពុជា នឹងមិនចូលរួមចរចា ជាមួយ នឹងគណបក្ស សង្គ្រោះជាតិ ទៀតទេ ប្រសិនណា បើគណបក្សនេះ នៅតែទទូច ឲ្យមាន ការបោះឆ្នោត ជ្រើសតាំង សមាសភាពគណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត ដោយសំឡេង ២ភាគ៣ នៃសមាជិកសភា ទាំងមូល។
លោកហ៊ុន សែន បាននិយាយ កាលពីថ្ងៃអង្គារថា ការបោះឆ្នោត ជ្រើសតាំង សមាសភាពគណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត (គជប) តាមរូបមន្ត ២ភាគ៣ នឹងបង្កឲ្យ មានការជាប់គាំងនយោបាយ។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិក្រៅពីស្តីបន្ទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថា គ្មានឆន្ទៈក្នុងការដោះស្រាយវិបត្តិនយោបាយបានផ្តល់ជម្រើសថ្មីមួយទៀតសម្រាប់ជាផ្លូវកណ្តាលដែលគណបក្សទាំងពីរនឹងត្រូវដោះស្រាយ។
លោក កឹម សុខា មានប្រសាសន៍ថា ផ្លូវកណ្តាលដែលលោកបានស្នើឡើងនោះទាល់តែគណបក្សទាំងពីរចូលរួមអង្គុយតុចរចារដើម្បីស្វែងរកគន្លឹះថា តើនឹងត្រូវដោះស្រាយភាពជាប់គាំងនយោបាយតាមរបៀបណា។
លោកនិយាយថា៖ «គណបក្សប្រជាជនចង់បាន៥០ភាគរយបូក១ គណបក្សសង្គ្រោះជាតិចង់បាន២ភាគ៣ មកអង្គុយជជែកគ្នាសិន បានដឹងថាកន្លែងណាមួយដែលយើងអាចថាមិនផ្អៀងទៅខាងណាៗ។ តែគ.ជ.បមានលក្ខណៈឯករាជ្យដែលមិនស្ថិតនៅក្នុងគណបក្សនយោបាយណាមួយដែលត្រួតត្រាបាន។»
នៅសល់តែជាងបីសប្តាហ៍ទៀតតែប៉ុណ្ណោះ ប្រទេសកម្ពុជាបានជាប់គាំងនយោបាយអស់រយៈពេលមួយឆ្នាំគត់ មូលហេតុដែលនាំឲ្យជាប់គាំងក្នុងពេលនេះគឺការខ្វែងគំនិតគ្នាលើការអនុម័តបង្កើតសមាសភាពគ.ជ.បដែលគណបក្សសង្គ្រោះជាតិបានធ្វើដំណើរយ៉ាងប្រុងប្រយ័ត្នបំផុត ដោយសារតែមានបទពិសោធន៍ពីគណបក្សហ៊្វុនស៊ីនប៉ិច។
គណបក្សសង្គ្រោះជាតិបានស្នើឲ្យដាក់គ.ជ.ប ជាស្ថាប័នធម្មនុញ្ញឬមានន័យថាត្រូវចែងក្នុងរដ្ឋធម្មនុញ្ញហើយការជ្រើសតាំងសមាសភាពនៃគ.ជ.បនេះត្រូវមានការយល់ព្រមពីសមាជិកសភាចំនួន២ភាគ៣។ ចំណែកឯគណបក្សកាន់អំណាចទាមទារឲ្យការបោះឆ្នោតជ្រើសតាំងសមាសភាព គ.ជ.ប នេះដោយសំឡេង៥០បូក១នៃសមាជិកសភាសរុបវិញ។
លោក ឈាង វ៉ុន សមាជិកក្រុមចរចាខាងគណបក្សប្រជាជនមិនជំទាស់ទៅនឹងការស្នើឡើងរបស់លោកកឹម សុខាដែលទាមទាររករូបមន្តផ្លូវកណ្តាលមួយដើម្បីដោះស្រាយភាពជាប់គាំងទេ។ ក៏ប៉ុន្តែគណបក្សប្រជាជននៅតែប្រកាន់ជំហរឱ្យបោះឆ្នោតជ្រើសតាំងសមាសភាពគ.ជ.បដោយសំឡេង៥០ភាគរយបូកមួយដដែល បើទោះបីជាស្ថិតនៅក្នុងរូបមន្តណាក៏ដោយ។
លោកបញ្ជាក់ថា៖ «ការស្នើរបស់លោក កឹម សុខានេះ ចំពោះខ្លួនខ្ញុំទេ ខ្ញុំគិតថាជាគំនិតល្អមួយដែលយើងអាចធ្វើដំណើរការ។ ប៉ុន្តែការសម្រុះសម្រួលគ្នាក្នុងការបែងចែកអាសនៈរបស់គ.ជ.បនេះគឺគេមិនបាច់និយាយថាត្រូវបោះឆ្នោត២ភាគ៣ដើម្បីចងគ្នាទៅវិញ ទៅមកនោះទេ អាហ្នឹងធ្វើឱ្យស្ថាប័នរដ្ឋគាំង»។
លោក បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យបានផ្តល់យោបល់ឱ្យគណបក្សទាំងពីរគួរតែផ្លាស់ប្តូរជំហរទាមទារដែលមិនអាចរកច្រកចេញបាននេះ។
លោកបានឱ្យរូបមន្តចំនួនពីរសម្រាប់គណបក្សទាំងពីរត្រូវជ្រើសរើសហើយប្រសិនបើ២ភាគបីមិនអាចទៅរួចទេគេគួរតែយករូបមន្ត៦៩ បូកមួយ បូក២និងបូក៣ ដែលរូបមន្តបូកនេះតុលាការខ្មែរក្រហមបានអនុវត្តរួចមកហើយនិងជម្រើសទី២ដើម្បីកុំឱ្យខាតបង់ថវិកាជាតិនិងសមាសភាពច្រើនមិនបានការ។ សមាសភាពថ្នាក់ដឹកនាំគ.ជ.បលើកក្រោយនេះគួរមានតែម្នាក់ប៉ុណ្ណោះ ហើយត្រូវជាមនុស្សឯករាជ្យ៕
No comments:
Post a Comment