ទិដ្ឋភាពខាងក្រៅផ្សារទំនើបអ៊ីអន (រូបថត៖ ឡាយ សាមាន)
ប្រជាពលរដ្ឋ រិះគន់ ផ្សារទំនើបធំបំផុត របស់ ជប៉ុន នៅកម្ពុជា ថា មិនមានអក្សរខ្មែរ
ដោយ៖ កាន់ វិច្ឆិកា / វីអូឌី | ថ្ងៃពុធ ទី2 កក្កដា 2014
ប្រជាពលរដ្ឋ បានរិះគន់ ទៅលើផ្សារទំនើប របស់ ជប៉ុន ដ៏ធំបំផុតមួយ នៅកម្ពុជា ដែលទើបតែសម្ពោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ កាលពីថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០១៤ ថា មិនសមស្រប ទៅនឹង ច្បាប់ វប្បធម៌ របស់ កម្ពុជា។
បើតាមប្រជាពលរដ្ឋលើកឡើងដូចៗគ្នាថា ការដែលផ្សារទំនើបដ៏ធំមួយរបស់បរទេស សាងសង់លើទឹកដីកម្ពុជាដែលមានឈ្មោះថា អ៊ីអន (AEON) មិនមានអក្សរខ្មែរ ហាក់ដូចជាមិនសមស្របទៅនឹងប្រពៃណី វប្បធម៌របស់កម្ពុជាឡើយ។ ពួកគេលើកឡើងថា រដ្ឋាភិបាលគួរតែមានវិធានការ កែប្រែឲ្យមានការដាក់បន្ថែមអក្សរខ្មែរ ស្របតាមច្បាប់ពាណិជ្ជកម្ម។
ពលរដ្ឋម្នាក់ទៀត លោក ម៉េង ហេង លើកឡើងដែរថា ខ្មែរត្រូវគោរពតាមប្រពៃណីវប្បធម៌ខ្មែរ មិនគួរប្រើប្រាស់តែភាសាបរទេសបែបនេះទេ។ លោកថា រដ្ឋាភិបាលគួរតែរៀបចំឡើងវិញ ដោយមានដាក់អក្សរខ្មែរនៅពីលើ និងធំជាងអក្សរបរទេស ដើម្បីឲ្យត្រឹមត្រូវតាមច្បាប់កម្ពុជា។
VOD មិនអាចទាក់ទងសុំការអធិប្បាយពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ស៊ុន ចាន់ថុល និងអ្នកនាំពាក្យ លោក សួស សម្បត្តិ បានទេ។
អ្នកនាំពាក្យសាលារាជធានី លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា លោកយល់ស្របចំពោះការរិះគន់របស់ពលរដ្ឋទៅលើបញ្ហាលើផ្សារទំនើបរបស់ជប៉ុន ដែលទើបតែសម្ពោធមិនមានអក្សរខ្មែរ។ លោកថា ខាងក្រុមហ៊ុនគួរតែបន្ថែមអក្សរខ្មែរដើម្បីបង្ហាញពីការសាងសង់អគារលើទឹកដីខ្មែរនេះ។
ពាក់ព័ន្ធនឹងការលើកឡើងនេះ ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិពាក់ព័ន្ធនឹងសីលធម៌សង្គម លោក ប៉ូ សំណាង មានប្រសាសន៍ថា នេះជាកំហុសរបស់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដែលមិនបានពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយ ជាហេតុធ្វើឲ្យផ្សារទំនើបដ៏ធំមួយលើទឹកដីកម្ពុជា បែរជាមិនមានប្រើប្រាស់ភាសាខ្មែរបែបនេះ។
លោក ប៉ូ សំណាង បានបន្ថែមទៅលើការនិយមប្រើប្រាស់វប្បធម៌បរទេសរបស់ប្រជាជនកម្ពុជា ថាកំពុងធ្វើឲ្យកម្ពុជាឈានទៅដល់ការបាត់បង់នូវវប្បធម៌របស់ខ្លួន ស្របពេលដែលបណ្តាបរទេស តែងយកចិត្តទុកដាក់លើកកម្ពស់ប្រពៃណីវប្បធម៌របស់គេ មិនឲ្យមានការបាត់បង់។
ផ្សារទំនើបរបស់ជប៉ុន ដែលមានឈ្មោះថា អ៊ីអន (AEON) ដែលទើបតែសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃចន្ទ ទី៣០ ខែ មិថុនា ឆ្នាំ២០១៤ ម្សិលមិញនេះ ជាផ្សារទំនើបដែលមានទំហំធំជាងគេនៅកម្ពុជា ដោយចំណាយទឹកប្រាក់វិនិយោគអស់ ២០៥លានដុល្លារ និងមានបុគ្គលិកធ្វើការចំនួន២៥០០នាក់។ ពិធីសម្ពោធផ្សារនេះ ក៏មានវត្តមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសជប៉ុន ចូលរួមផងដែរ។
កន្លងមកនៅខេត្តសៀមរាប ក៏មានការរិះគន់ពីសំណាក់មគ្គុទ្ទេសក៍ និងភ្ញៀវទេសចរ ទៅលើក្រុមហ៊ុនបរទេសមួយចំនួនដែលសរសេរស្លាកយីហោ របស់ខ្លួនជាភាសារបរទេស ដោយមិនប្រើភាសាខ្មែរនៅជាមួយផង។ ទោះជាយ៉ាងណាក្រោយពីមានការរិះគន់ ទើបឃើញមានការផ្លាស់ប្តូរមកសរសេរជាអក្សរខ្មែរវិញ៕
No comments:
Post a Comment