Paris Peace Accords 23 Oct. 1991

Thursday, July 3, 2014

លោក ហ៊ុន សែន អះអាង​ ថា​ នៅ​តែ​បន្ត ​អនុម័ត ​និង​កែប្រែ​ ច្បាប់ ​ទោះ​អន្តរជាតិ​ មិន​គាំទ្រ

ប្រជុំ​សភា ៦១០
កិច្ច​ប្រជុំ​សភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន​៣ ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​តុលាការ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤។
RFA/Yeang Socheametta

លោក ហ៊ុន សែន អះអាង​ ថា​ នៅ​តែ​បន្ត ​អនុម័ត ​និង​កែប្រែ​ ច្បាប់ ​ទោះ​អន្តរជាតិ​ មិន​គាំទ្រ

ដោយ តាំង សារ៉ាដា / អាស៊ីសេរី | ០៣ កក្កដា ២០១៤

ប្រមុខ​ដឹក​នាំ​ រដ្ឋាភិបាល​ កម្ពុជា កាល​ពី​ថ្ងៃ​អង្គារ បាន​គំរាម ​ជា​សាធារណៈ​ ថា ការ​ទាមទារ​ ឲ្យ​មាន​ការ​អនុម័ត ​កែទម្រង់​ ប្រព័ន្ធ​បោះ​ឆ្នោត​ ដោយ​សំឡេង ២​ភាគ​៣ ជា​ការ​សម្លាប់​ប្រជាធិបតេយ្យ ​នៅ​កម្ពុជា។ ហើយ​ថា ទោះ​បី​ ជា​គ្មាន​ ការ​គាំទ្រ​ ពី​អន្តរជាតិ ​ក៏ដោយ ក៏​បក្ស ​កាន់​អំណាច ​មួយ​នេះ​ នៅ​តែ​បន្ត​ អនុម័ត ឬ​កែប្រែ​ ច្បាប់​ ទាំង​ឡាយ​ ដោយ​គ្មាន​ឧបសគ្គ។
ប៉ុន្តែ ក្រុម​អ្នក​ឃ្លាំ​មើល​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ចង់​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​សំខាន់ៗ រួម​ទាំង​ការ​បង្កើត​ស្ថាប័ន​រដ្ឋ​កំពូលៗ​ដោយ​សំឡេង ២​ភាគ​៣ ហើយ​ថា ដំណើរ​ការ​រដ្ឋសភា​ឯក​បក្ស​បច្ចុប្បន្ន កំពុង​បោះ​ពួយ​ទៅ​រក​របប​ដឹក​នាំ​តាម​បែប​កុម្មុយនីស្ត។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​កាល​ពី​ថ្ងៃ​អង្គារ ថា ទោះ​បី​ជា​ប្រទេស​ម្ចាស់​ជំនួយ​មិន​ផ្តល់​ជំនួយ​មក​ឲ្យ​កម្ពុជា ក៏ដោយ ក៏​រដ្ឋសភា​ឯក​បក្ស​របស់​លោក នៅ​តែ​ធ្វើ​ការ​កែទម្រង់​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត រយៈពេល​នៃ​ការ​ប្ដឹង​តវ៉ា និង​ចំណុច​មួយ​ចំនួន​ទៀត​ដែល​មាន​ចែង​ក្នុង​ច្បាប់​បោះ​ឆ្នោត។
លោក​មាន​បន្ត​ថា សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អំពី​ការ​ធ្វើ​វិសោធនកម្ម​នៃ​ច្បាប់​បោះ​ឆ្នោត អាច​ទុក​ជា​មោឃៈ ប្រសិន​បើ​បក្ស​ប្រឆាំង​មួយ​នេះ​មិន​ចូល​ប្រជុំ​ក្នុង​រដ្ឋសភា ហើយ​ថា ការ​ដាក់​សម្ពាធ​របស់​ក្រុម​ប្រឆាំង ប្រៀប​បី​ដូច​ជា​ក្រុម​ម៉ាហ្វីយ៉ា​អ៊ីចឹង​ដែរ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ប្រតិកម្ម​ថា គណបក្ស​ប្រជាជន​កម្ពុជា ទេ​ដែល​ជា​ក្រុម​ម៉ាហ្វីយ៉ា​នោះ ដោយសារ​បក្ស​មួយ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ច្រើន​ក្នុង​ករណី​រំលោភ​ដីធ្លី បំផ្លាញ​ព្រៃ​ឈើ ការ​ប្រើ​អំពើ​ហិង្សា​លើ​កម្មករ និង​សម្លាប់​មនុស្ស ជាដើម។
ទាក់ទិន​ទៅ​នឹង​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពី​គម្រោង​កែប្រែ​ច្បាប់​បោះ​ឆ្នោត​នេះ​ដែរ លោក កឹម សុខា អះអាង​ថា ចំណុច​ទាំង​ឡាយ​ក្នុង​ច្បាប់​បោះ​ឆ្នោត​ដែល លោក ហ៊ុន សែន បាន​កែប្រែ​ជាច្រើន​ឆ្នាំ​កន្លង​មក​នោះ ធ្វើ​ឡើង​មិន​ចំ​ទិសដៅ ជាពិសេស​មិន​មាន​ឆន្ទៈ​ធ្វើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ស្ថិត​នៅ​ឯករាជ្យ។
លោក កឹម សុខា បញ្ជាក់​ថា គ.ជ.ប មិន​ឯករាជ្យ​ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​មិន​សេរី មិន​ត្រឹមត្រូវ មិន​យុត្តិធម៌ និង​ជា​ការ​រាំង​ស្ទះ​ដល់​ស្ថានភាព​នយោបាយ​រហូត​ដល់​បច្ចុប្បន្ន​នេះ ដោយសារ​រដ្ឋសភា​មិន​ព្រម​អនុម័ត​តាម​សំឡេង ២​ភាគ​៣។ ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ប្រកាន់​ជំហរ​យក​សំឡេង ៥០​ភាគរយ​បូក​១ ឬ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត ក្នុង​ការ​អនុម័ត​ជ្រើស​រើស​សមាសភាព គ.ជ.ប។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​អង្គារ ប្រកាស​ថា ការ​អនុម័ត​ដោយ​សំឡេង ២​ភាគ​៣ គឺ​ជា​ការ​សម្លាប់​ប្រជាធិបតេយ្យ។
លោក កែម ឡី អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម​មាន​ប្រសាសន៍​ថា វា​ពិត​មែន​ហើយ បើ​ទោះ​បី​ជា​គ្មាន​ជំនួយ​បរទេស ក៏​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​អាច​អនុម័ត​កែទម្រង់ គ.ជ.ប ដោយ​ខ្លួន​ឯង ឬ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​ឡាយ​ដោយ​ខ្លួន​ឯង ដោយ​ប្រើ​យុទ្ធសាស្ត្រ​តាម​របៀប​កុម្មុយនីស្ត។
កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋសភា​ដែល​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុម័ត​ច្បាប់​បី​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​តុលាការ ហើយ​ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ​រក​ឃើញ​ថា ច្បាប់​ទាំង​បី​នោះ​មាន​ចំណុច​មួយ​ចំនួន ធ្វើ​អោយ​តុលាការ​បំពេញ​កិច្ចការ​របស់​ខ្លួន​មិន​ឯករាជ្យ និង​ផ្តល់​អំណាច​ទៅ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ច្រើន​លើសលប់​ពេក។
នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា បញ្ជាក់​ថា ការ​ប្រើប្រាស់​របៀប​បោះ​ឆ្នោត​តាម​មតិ​ភាគ​ច្រើន​៥០​ភាគរយ​បូក​១ នៃ​សមាជិក​រដ្ឋសភា​ទាំង​មូល ក្នុង​ការ​បង្កើត​រដ្ឋាភិបាល ជា​រឿង​អាច​ទទួល​យក​បាន។ ប៉ុន្តែ​សម្រាប់​អនុម័ត​ច្បាប់​សំខាន់ៗ​មួយ​ចំនួន គប្បី​ត្រូវ​ឲ្យ​មាន​ការ​អនុម័ត​ដោយ​សំឡេង ២​ភាគ​៣ គឺ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​គណបក្ស​ផ្សេង​ទៀត ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​របប​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ។
បើ​យោង​តាម​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឬ គ.ជ.ប គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៨​អាសនៈ។ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៥៥​អាសនៈ នៅ​ក្នុង​រដ្ឋសភា។ បើ​គិត​ត្រឹម​យក​សំឡេង​ភាគ​ច្រើន​ដាច់​ខាត ឬ​ហៅ​បាន​ម្យ៉ាង​ទៀត​ថា ៥០​ភាគរយ​បូក​១ ដើម្បី​អនុម័ត​អ្វី​គ្រប់​យ៉ាង​ទាំងអស់​នោះ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ការ​តែ ៦២​អាសនៈ ឬ ៦២​សំឡេង​តែ​ប៉ុណ្ណោះ ដោយ​មិន​ចាំបាច់​ត្រូវ​ការ​សំឡេង​គាំទ្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទេ។ ប៉ុន្តែ​ប្រសិន​បើ​តម្រូវ​អោយ​មាន​សំឡេង​ភាគ​ច្រើន ២​ភាគ​៣ វិញ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ការ​រហូត​ដល់ ៨២​អាសនៈ ឬ ៨២​សំឡេង​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល​ឯណោះ។
ហេតុ​ដូច្នោះ ដោយសារ​តែ​ខ្លួន​មាន​ត្រឹម ៦៨​អាសនៈ ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា ប្រាកដ​ជា​ត្រូវ​ការ​សំឡេង​គាំទ្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ នេះ​ហើយ​ដែល​ជា​កត្តា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា មិន​ចង់​បាន ហើយ​មិន​ទទួល​យក ទើប​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ជាប់​គាំង ដោយសារ​ភាព​ខ្វែង​គំនិត​គ្នា​ក្នុង​ការ​អនុម័ត​កែទម្រង់​តាម​រូបមន្ត​បោះ​ឆ្នោត​ក្នុង​រដ្ឋសភា ដោយ​សំឡេង ២​ភាគ​៣ ឬ ៥០​ភាគរយ​បូក​១ នេះ​ឯង៕


No comments:

Post a Comment