ចំណែកពណ៌បៃតង គឺជាដីកម្ពុជាក្រោមដែលបារាំងកាត់ទៅឲ្យវៀតណាម។
សហព័ន្ធនិស្សិត បញ្ញវន្ត កម្ពុជា គ្រោងធ្វើ បាតុកម្ម ប្រឆាំង ស្ថានទូតវៀតណាម នៅកម្ពុជា
នេះជាគម្រោងធ្វើបាតុកម្ម ប្រឆាំងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ជាលើកទីពីរហើយជុំវិញប្រវត្តិសាស្ត្រនៃការបាត់បង់ទឹកដីកម្ពុជាក្រោមទៅឲ្យវៀតណាម។ក្រុមអ្នកតវ៉ាបានព្រមាណថា ដរាបណា អ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាមិនសូមទោសចំពោះការលើកឡើងរបស់ខ្លួននោះទេ ដរាបនោះការធ្វើបាតុកម្មប្រឆាំងវៀតណាមលើទឹកដីកម្ពុជា នឹងអាចកើតឡើងនៅពេលខាងមុខ។
រឿងរាវដែលនាំឲ្យកើតមានគម្រោងធ្វើបាតុកម្មប្រឆាំងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ជាបន្តបន្ទាប់បែបនេះ គឺ ក្រោយពីអ្នកពាក្យស្ថានទូតវៀតណាមបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនាពេលកន្លងមកថា ទឹកដីកម្ពុជាក្រោមមិនមែនបារាំងកាត់ឲ្យវៀតណាមនោះទេ តែជាទឹកដីវៀតណាមតាំងពីយូរយារណាស់មកហើយ។
លោក ម៉ៅ ពិសេស បានហៅការលើកឡើងនេះថា ជាការបំផ្លើសប្រវត្តិសាស្ត្រពិត និងមើលងាយប្រជាពលរដ្ឋ ជាពិសេសនិស្សិតបញ្ញវន្តខ្មែរនាពេលបច្ចប្បន្ន។
កាលពីថ្ងៃពុធ សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាបានអំពាវនាវឲ្យ សិស្ស និស្សិត បញ្ញវន្ត និងយុវជនខ្មែរទាំងអស់ចូលរួមធ្វើបាតុកម្មអហិង្សានៅទី ថ្ងៃទី ០៨ កក្កដាខាងមុខនេះនៅពីមុខស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។ កាលពីថ្ងៃពុធដែរ សហព័ន្ធនេះក៏បានជូនដំណឹងទៅកាន់សាលារាជធានីភ្នំពេញអំពីគម្រោងធ្វើបាតុកម្មនេះ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ ថាសាលារាជធានីភ្នំពេញបានទទួលលិខិតជូនដំណឹងនេះហើយ ប៉ុន្តែមិនទាន់សម្រេចយ៉ាងណានៅឡើយទេ គឺកំពុងតែពិចារណា និង ពិនិត្យលើលិខិតនេះ។
សូមរម្លឹកឡើងវិញថា សមាគមខ្មែរកម្ពុជាក្រោម ក៏បានចេញប្រតិកម្មជាបន្តបន្ទាប់ផងដែរចំពោះការលើកឡើងរបស់អ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំនៅកម្ពុជានេះ។ ហើយកាលពីថ្ងៃអង្គារ សមាគមខ្មែរកម្ពុជាក្រោមបានចេញសេចក្តីជូនដំណឹងមួយដោយគ្រោងនឹងរៀបចំវេទិកាសាធារណៈមួយស្តីពីទឹកដីកម្ពុជាក្រោមនៅថ្ងៃទី ០៦ កក្កដាខាងមុខនេះ៕
No comments:
Post a Comment