អ្នកភូមិម្នាក់នេះ ព្យាយាមលើកបន្ទះឈើដាក់លើម៉ូតូរបស់គាត់ ដើម្បីយកទៅលក់ឲ្យក្រុមហ៊ុនលក់ឈើ គ្រាដែលអ្នកស៊ើបអង្កេតពីអង្គការសហប្រជាជាតិពីររូប ដើរមើលជុំវិញបរិវេណក្រុមហ៊ុនលក់ឈើ។ (file photo)
សកម្មជន ការពារព្រៃឈើ ចោទថា ក្រុមហ៊ុន កាប់បំផ្លាញព្រៃឈើ នៅមណ្ឌលគីរី
ស៊ុយ ហ៊ាមខេមរា / វីអូអេ | ០២ កក្កដា ២០១៤
ភ្នំពេញ —សកម្មជន ការពារព្រៃឈើ អះអាងថា ពួកគេ កំពុងរង ការគម្រាមកំហែង ពីអាជ្ញាធរ ថ្នាក់ខេត្តមណ្ឌលគិរី នៅពេលចុះល្បាត ទប់ស្កាត់ បទល្មើសព្រៃឈើ។ ក៏ប៉ុន្តែអាជ្ញាធរ ច្រានចោល ការលើកឡើងនេះ។
តំណាងសកម្មជន ការពារព្រៃឈើ ដែលជាជនជាតិដើមភាគតិច មកពីខេត្តមណ្ឌលគិរី អះអាងថា ពួកគេ បានរង ការគម្រាមគំហែង ពីសំណាក់អាជ្ញាធរ ថ្នាក់មូលដ្ឋាន និងសំណាក់ ក្រុមហ៊ុនឯកជន នៅពេលដែលពួកគាត់ ចុះល្បាត ដើម្បីទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើ ខុសច្បាប់។
ថ្លែងក្នុងសន្និសីទកាសែតរៀបចំឡើងនៅទីស្នាក់ការរបស់សមាគមន៍ការពារសិទ្ធិមនុស្ស ADHOC ក្នុងទីក្រុងភ្នំពេញនៅព្រឹកថ្ងៃអង្គារ អ្នកស្រី មអារ ងំ ជនជាតិដើមព្នងចោទប្រកាន់ ថាអាជ្ញាធរថ្នាក់មូលដ្ឋាន និងខេត្តបានខុបខិត និងបើកដៃឲ្យក្រុមហ៊ុនកាប់បំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរ ហើយមិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីអៈអាងថាប្រជាសហគមន៍ដែលហ៊ានចេញមុខចុះល្បាតនិងចាប់បទល្មើសព្រៃឈើតែរងការគម្រាមគំហែង និងការការប្រើអំពើហិង្សាពីអាជ្ញាធរ។
«ឡានដឹកឈើធំៗមានរាប់រយគ្រឿង យើងខ្ញុំមិនអាចធ្វើអ្វីបានទេ យើងសុទ្ធតែស្រីៗ។ ទៅដាក់បណ្តឹងនៅបរិស្ថាន សាលាខេត្ត តុលាការទៀតផង ប៉ុន្តែគេអត់ចង់សេញ៉ែ អត់ចឹងស្អីទេ។ ពួកខ្ញុំមិនអាចដើរព្រៃបានទេពីមុនដើរសេរី ខ្លាចតែខ្មោចទេ។ ឥឡូវខ្លាចមនុស្សគេគម្រាមកំហែង»។
អ្នកស្រី មអារ ងំ រស់ នៅក្នុងភូមិឡៅកា ឃុំសុខដុម ស្រុកសែនមនោរម្យ ខេត្តមណ្ឌល់គិរីនិងជាតំណាងឲ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍ដែលមានជាង២០០គ្រួសារ។
តំណាងជនជាតិដើមភាគតិចម្នាក់ទៀតលោក ញ្រូន ខុត ថ្លែងថាប្រជាពលរដ្ឋបានចាប់យកគ្រឿងចក្រ និងម៉ាស៊ីនអាឈើខុសច្បាប់ជាច្រើនលើក ហើយប្រគល់ឲ្យអាជ្ញាធរ និងមន្ត្រីបរិស្ថាន ក៏ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកឧបករណ៍ទាំងនោះត្រូវអាជ្ញាធរប្រគល់ឲ្យក្រុមហ៊ុនវិញ។
«អាជ្ញាធរគ្មានគេអើពើទេ ឡានមួយថ្ងៃចេញចូលៗក្នុងព្រៃសហគមន៍របស់ខ្ញុំ ព្រៃឈើអស់រលីង ហើយប្រជាពលរដ្ឋខំប្រឹងប្រែងណាស់ ពួកខ្ញុំអត់មានលុយមួយទៀតទេ ពីព្រោះព្រៃឈើរបស់ខ្ញុំអត់រលីងហើយ»។
ស្របពេលជាមួយគ្នានេះសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) នៅថ្ងែដដែលនេះដែរបានចេញសេចក្តីថ្លែងការណ៍រិះគន់អាជ្ញាធរខេត្តមណ្ឌលគិរីថា បានរើសអើង និងរំលោភសិទ្ធិមនុស្សជាមូលដ្ឋាន ចំពោះការគម្រាមគំហែង ចោទប្រកាន់ ចាប់ដាក់ពន្ធធនាគារចំពោះសកម្មជនការពារព្រៃឈើ។
មានសកម្មជនការពារព្រៃឈើយ៉ាងតិច ១១០នាក់បានរងការគម្រាមគំហែងនៅពេលដែលពួគគេចុះល្បាតទប់ស្កាត់បទល្មើសព្រៃឈើ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដដែល។ បន្ថែមពីនោះដែរសេចក្តីថ្លែងការណ៍ក៏បានកត់សម្គាល់ដែរថាអាជ្ញាធរមិនសូវបានឲ្យតម្លៃសកម្មភាពចុះការពារព្រៃឈើរបស់ប្រជាពលរដ្ឋឡើង ផ្ទុយទីវិញសកម្មភាពការពារព្រៃឈើរបស់សហគមន៍ត្រូវបានចាត់ទុកថាធ្វើឲ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍របស់រដ្ឋាភិបាល។
លោក នី ចរិយាប្រធានស៊ើបអង្កេតកម្មវិធីសិទ្ធិមនុស្សកម្ពុជាថ្លែងដាក់ការសង្ស័យថាអាជ្ញាធរទំនងជានិងជាប់ពាក់ព័ន្ធពីការទទួលបានផលប្រយោជន៍នៃការកាប់បំផ្លាញព្រៃឈើ។
«ផ្ទុយទៅវិញនៅពេលដែលប្រគល់ហើយអាជ្ញាធរបែរជាប្រគល់សម្ភារៈទៅឲ្យក្រុមហ៊ុនហើយបែរជាមកចោទប្រកាន់ប្រជាពលរដ្ឋ មានន័យថាយ៉ាងម៉េច មានន័យថាអាជ្ញាធរកំពុងឃួបឃិតជាមួយក្រុមហ៊ុនកាប់បំផ្លាញព្រៃឈើ អាជ្ញាធរកំពុងបើកឱកាសឲ្យជនលើ្មសកាប់ព្រៃឈើ មិនមែនការពារប្រជាពលរដ្ឋដែលចូលរួមអនុវត្តច្បាប់នោះទេ»។
ក្រុមហ៊ុនVila Development បានទទួលរងកាចោទប្រកាន់ពីក្រុមប្រជាពលរដ្ឋជនជាតិដើមភាគតិចចំពោះ ការប្រើប្រាស់ការគំរាមកំហែងខាងលើ។ ហើយម្ចាស់ក្រុមហ៊ុននេះត្រូវគេស្គាល់ថាជាភរិយារបស់លោក យឹម លុចអភិបានរងខេត្តមណ្ឌលគិរី។
ក្រុមហ៊ុននេះទទួលបានដីសម្បទានសេដ្ឋកិច្ចជាង ៧២៨ហិកតាសម្រាប់ដាំកៅស៊ូ។ ក្រុមអ្នកភូមិបានលើកឡើងថាក្រុមហ៊ុននេះបានបន្តសកម្មភាពកាប់ និងនាំចេញឈើប្រណិតជារៀងរាល់ថ្ងៃ។
វីអូអេសម្លេងសហរដ្ឋអាមេរិកមិនអាចស្នើរសុំសេចក្តីអធិប្បាយពីលោក យឹម លុចបានឡើយនៅថ្ងៃអង្គារនេះដោយលោកប្រាប់ថាកំពុងជាប់ប្រជុំ។
ដោយឡែកលោក អ៊ិន អៀវចៅ ប្រធានឃុំសុខដុមបានបដិសេធការលើកឡើងរបស់ក្រុមអ្នកភូមិដែលថាអាជ្ញាធរបានធ្វើការគម្រាមគំហែងប្រជាពលរដ្ឋ។ លោកបន្ថែមថាលោកមិនបានដឹងពីការកាប់បំផ្លាញព្រៃឈើទេ ក៏ប៉ុន្តែលោកបានឃើញក្រុមហ៊ុនចាប់ដាំដើមកៅស៊ូ។
«ឃុំសង្កាត់យើងពុំមានការគំរាមកំហែងអ្វីទេ។ បើគាត់សំណើរមកយើងបញ្ជូនទៅតាមហ្នឹងបើគាត់ស្នើរទៅក្រុងយើងធ្វើតាមហ្នឹង បើទៅខេត្តយើងធ្វើតាមហ្នឹង។ បំផ្លាញអ្វីៗផ្សេងៗទៀត អាហ្នឹងគាត់ដឹងទៅឆ្លើយប្រាប់លោកថាចឹងខ្ញុំក៏មិនដឹងដែរ ខ្ញុំឃើញគេកាប់ហើយគេដាំកៅស៊ូវិញ»។
ក្រុមប្រជាសហគមន៍អៈអាងថាពួកគេនឹងនៅតែបន្តដើរល្បាតព្រៃដដែលបើទោះជាមានគម្រាមគំហែងយ៉ាងណាក្តីពីព្រោះថាក្រុមអ្នកភូមិមិនដឹងថានឹងត្រូវរំពឹងលើអ្វីប្រសិនបើព្រៃឈើពីដូនតារបស់ពួកគាត់ត្រូវក្រុមហ៊ុនកាប់បំផ្លាញអស់៕
No comments:
Post a Comment