លោក វីរ៉ា ស៊ុំក្វាមឃីត ក្នុងថ្ងៃនាំចូលសវនាការ នាពេលកន្លងមក
ទស្សនៈ អ្នកប្រវត្តិសាស្ត្រ និងអ្នកស្រាវជ្រាវ ជុំវិញ ការដោះលែង អ្នកទោសថៃ
ដោយ៖ ជន ស្រីណុច / វីអូឌី | ថ្ងៃពុធ ទី2 កក្កដា 2014
អ្នកវិភាគ ប្រវត្តិសាស្ត្រ និងអ្នកស្រាវជ្រាវ លើកឡើងថា ការដោះលែង ទណ្ឌិត ជនជាតិថៃ ដែលជាមេដឹកនាំ អាវលឿង លោក វីរ៉ា ស៊ុំក្វាមឃីត អាចជាសញ្ញា នៃការបង្ហាញភាពទន់ភ្លន់ ផ្នែកការទូត ដើម្បី បានផលប្រយោជន៍ អ្វីមួយ មកវិញ, តែ ក៏ជាការបង្ហាញ អំពី ការចុះខ្សោយ ផ្នែកការទូត របស់ កម្ពុជាដែរ។
ទណ្ឌិត និងជាសកម្មជន អាវលឿងថៃ លោក វីរ៉ា ស៊ុំក្វាមឃីត (Veera Somkwamkid) ត្រូវបានដោះលែងកាលពីថ្ងៃអង្គារទី០១ខែកក្កដានេះ បន្ទាប់ពីមានការអន្តរាគមន៍ពីរដ្ឋាភិបាលយោធាថៃ។
ការដោះលែងនេះ ស្របពេល ដែលរដ្ឋមន្ត្រី ស្តីទី ក្រសួង ការបរទេសថៃ លោក Sihasak Phuangketheow បានបំពេញទស្សនកិច្ចនៅកម្ពុជា ដោយបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រី ការបរទេស កម្ពុជាលោក ហោ ណាំហុង។
សាស្ត្រចារ្យប្រវត្តិសាស្ត្រលោក សំបូរ មាណ្ណារ៉ា ឯកភាពនឹងឯកសារប្រវត្តិសាស្ត្រថា កាលពីជំនាន់ស្តេចមុនៗ ក្សត្រដែលចង់បានសន្តិភាព តែងតែនាំយកសួយសារអាករទៅឲ្យប្រទេសជិតខាង ដើម្បីខ្លួនទទួលបាននូវសេចក្ដីសុខ សន្តិភាព ដោយមិនមានការឈ្លានពានទឹកដីពីប្រទេសជិតខាង។ ប៉ុន្តែលោកសាស្ត្រាចារ្យសំបូរ មាណ្ណារ៉ា បញ្ជាក់ថា ការដឹកនាំប្រទេសនាពេលបច្ចុប្បន្ន គឺមិនដូចគ្នាទេ ព្រោះប្រទេសនីមួយៗមានច្បាប់សម្រាប់គ្រប់គ្រងប្រទេសដូចៗគ្នា «កាលដែលព្រមព្រាងការដោះលែង ឫការដោះដូរ អ្នកទោសមួយនោះ ទោះបីជាយ៉ាងណាក៏ដោយ ទាំងអស់នេះគឺជាការ បង្ហាញប្រាប់ពីការ ទំនោទៅរកភាពសន្តិភាព នឹងសុខដុមនីយកម្មនេះឯង។ »
សម្រាប់អ្នកស្រាវជ្រាវសង្គមលោក កែម ឡី មានប្រសាសន៍ថា ការដោះលែងអ្នកទោសថៃ គឺជារឿងនយោបាយ ដែលជាថ្នូរនឹងការឲ្យពលករខ្មែរ ចូលទៅក្នុងប្រទេសនេះដោយសន្តិភាព។ ប៉ុន្តែផ្ទុយទៅវិញការដោះលែងអ្នកទោសថៃនេះ គឺជាកំហុសដ៏ធ្ងន់ធ្ងរ ដែលជាការជ្រៀងជ្រែកក្នុងប្រព័ន្ធតុលាការ ដែលអាចហៅបានថា ប្រព័ន្ធតុលាការកម្ពុជា គឺគ្រប់គ្រងដោយលោកហ៊ុន សែន។ លោកបន្តថា ការដែលប្រមុខរដ្ឋាភិបាលកម្ពុជា ចេញមុខទៅចាប់ដៃជាមួយទ័ពថៃ ដែលធ្វើរដ្ឋប្រហារលទ្ធិប្រជាធិបតេយ្យ បញ្ជាក់ឲ្យឃើញថា ប្រទេសខ្មែរកំពុងស្ថិតក្នុងបរិបទប្រទេសកុម្មុយនីសដែរ ហើយថាការធ្វើនយោបាយនេះអាចនឹងប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិ ជាពិសេសព្រំដែនប្រាសាទព្រះវិហារ «ថៃរំកិលព្រំដែនជាប្រចាំ ថៃរំលោភសិទ្ធិមនុស្សជាប្រចាំ ថៃបាញ់សម្លាប់ជាប្រចាំ ប៉ុន្តែថៃមិនដែលយកចិត្តទុក្ខដាក់ទៅលើការរំលោភសិទ្ធិមនុស្ស ការដោះដូរមកកម្ពុជាទេ ក្នុងការយើងយកអ្នកទោសដែល ទៅដោះដូរក្នុងកាលៈទេសៈដែល យោធាថៃធ្វើរដ្ឋប្រហារដែលខុសច្បាប់ របៀបនេះហើយយើងចង សម្ព័នភាពបែបនេះយើងឃើញថា ខាតនយោបាយសម្រាប់ស្រុកខ្មែរ។»
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីលើកឡើងថា ការដោះលែងនេះ មិនមែនផ្អែកទៅបាលើនយោយដោះដូរអីនោះទេ តែគឺផ្អែកទៅលើគោលការណ៍ច្បាប់ «ឆ្លើតបតាមនីតិវីធី ហើយនឹងនីតិច្បាប់ ដែលតម្រូវឲ្យយើងមានលទ្ធភាព នៅក្នុងការសម្របសម្រួល គាត់ទទួលបានសេរីភាព ស្របទៅតាមសិទ្ធិមនុស្ស ដែលមិនមានសារៈសំខាន់ណាស់ណា ទុក្ខឲ្យគេងពន្ធធានាគារ ដែលមិនមានសារៈសំខាន់ណាមួយទេ។»
កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១១ លោក វីរ៉ា ស៊ុំក្វាមឃីត ត្រូវបានសាលាដំបូងក្រុងភ្នំពេញ បានកាត់ទោស ក្រោមបទចូលទីលានយោធាកម្ពុជាដោយខុសច្បាប់ ក្នុងបំណងទុច្ចរិត និងបទប្រមូលព័ត៌មានសម្ងាត់ប៉ះពាល់ដល់សន្តិសុខជាតិកម្ពុជា។
ការដោះលែងទណ្ឌិត វីរ៉ា ស៊ុំក្លាមឃីត ដែលជាសកម្មជនក្រុមអាវលឿងថៃ ធ្វើឡើងក្រោយពេលរបបយោធាថៃចាប់បញ្ជូនពលករខ្មែរមកកម្ពុជាទាំងបង្ខំ និងក្រោយពេលនាយករដ្ឋមន្ត្រីហ៊ុន សែន ស្នើសុំឲ្យរបបយោធាថៃដោះលែងពលករខ្មែរ១៣នាក់ ដែលរដ្ឋាភិបាលថៃចាប់ខ្លួនករណីប្រើឯកសារក្លែងក្លាយ៕
No comments:
Post a Comment