សង្គមស៊ីវិល ចង់ឱ្យកែទម្រង់ ស្ថាប័នបោះឆ្នោត មុនចូលប្រជុំសភា
ភ្នំពេញ —សម្ព័ន្ធ កំណែទម្រង់ ការបោះឆ្នោត ដែលមានអង្គការ ជាសមាជិក ចំនួន២០ បានជំរុញបន្ថែមទៀតឲ្យ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ពង្រឹងសិទ្ធិអំណាច និងឯករាជ្យភាព របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ព្រមទាំងស្នើឲ្យ គណបក្សទាំងពីរ ពន្យារពេលកិច្ចប្រជុំសភា រហូតដល់មាន ការចុះសម្រុងគ្នា ពេញលេញ លើផ្នែកនយោបាយ។
នៅក្នុងលិខិតចំហជូនគណបក្សទាំងពីរនៅថ្ងៃព្រហស្បតិ៍នេះសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតបានជំរុញឲ្យគណបក្សទាំងពីរធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន៦មាត្រា និងធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនិងច្បាប់ស្តីពីវិសោធនកម្មស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រសរុបចំនួន១៣៩មាត្រា។
ក្រុមអង្គការសង្គមស៊ីវិលគ្រោងនឹងផ្ញើលិខិតចំហនិងឯកសារសំណើវិសោធនកម្មច្បាប់ទាំងនេះទៅកាន់គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិនៅល្ងាចនេះ។ ក៏ប៉ុន្តែមន្រ្តីនៃគណបក្សទាំងពីរអះអាងដូចគ្នាថាគណបក្សពួកខ្លួនមិនទាន់បានទទួលឯកសារទាំងនោះទេ។
លោកយ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលពលរដ្ឋ អភិវឌ្ឍន៍និងសន្តិភាពបានអានលិខិតចំហនៅក្នុងសន្និសីទកាសែតនៅល្ងាចនេះថាគណបក្សទាំងពីរត្រូវធ្វើច្បាប់ដើម្បីផ្តល់សិទ្ធិអំណាចឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)ឲ្យបានពេញលេញ។
«ស្ថាប័ននេះត្រូវតែជាស្ថាប័នតែមួយដែលទទួលខុសត្រូវធ្វើការចុះឈ្មោះអ្នកបោះឆ្នោតឬធ្វើបញ្ជីឈ្មោះអ្នកបោះឆ្នោតនិងមានសិទ្ធិគ្រប់គ្រាន់ក្នុងការបង្កើតគណៈកម្មការផ្សេងៗទៀតដើម្បីប្រសិទ្ធភាពនៃស្ថាប័ននេះរួមទាំងការបង្កើតយន្តការដាច់ដោយឡែកដោះស្រាយវិវាទបោះឆ្នោតនិងត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយនាអំឡុងពេលបោះឆ្នោត»។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិទើបតែបានព្រមព្រៀងគ្នាបញ្ចប់ជម្លោះនយោបាយនិងបានព្រមព្រៀងគ្នាកែទម្រង់ការបោះឆ្នោតនិងរុះរើសមាសភាពគជប ឡើងវិញដោយសមាសភាពគជប នឹងមាន៤រូបមកពីគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិបួនរូបនិងសមាសភាពគ.ជ.ប មួយរូបត្រូវជ្រើសរើសដោយមានការព្រមព្រៀងពីគណបក្សទាំងពីរនិងត្រូវជាបុគ្គលឯករាជ្យ។
ដោយឡែកគណបក្សទាំងពីរក៏បានព្រមព្រៀងចែកតួនាទីដឹកនាំគណៈកម្មការក្នុងរដ្ឋសភាចំនួនប្រាំទាំងសងខាងនិងអនុប្រធានសភាទី១បានមកលើគណបក្សសង្គ្រោះជាតិ។
នៅក្នុងលិខិតចំហដដែលសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតបានស្នើឲ្យគណបក្សទាំងពីរកុំប្រញាប់ប្រញាល់ចាប់ផ្តើមកិច្ចប្រជុំសភាដោយរង់ចាំគណៈកម្មការចំរុះទ្វេភាគីធ្វើកិច្ចការចប់សព្វគ្រប់លើវិសោធនកម្មច្បាប់នានារួចរាល់ជាមុន។ ហើយជាមួយគ្នានេះសង្គមស៊ីវិលគួរត្រូវបានអនុញ្ញាតឲ្យធ្វើការតាមដាននិងត្រួតពិនិត្យនិងផ្តល់យោបល់លើដំណើរការនេះផងដែរ។
ទាំងលោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្រ្តនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិគាំទ្រការជំរុញនេះ។«វាជាបំណងរបស់យើងដែរ។ ដូច្នេះយើងមើលទៅមិនខុសគ្នាអ្វីពីបំណងរបស់សង្គមស៊ីវិលទេ»។
ដោយឡែកលោកជាម យៀប បានស្វាគមការស្នើនេះប៉ុន្តែលោកបញ្ជាក់ថាគណបក្សទាំងពីរត្រូវអនុវត្តន៍តាមកិច្ចព្រមព្រៀងនិងគោលការណ៍ច្បាប់។«ចាំបាច់យកច្បាប់ជាមូលដ្ឋានហើយយកអ្វីដែលជាការស្រុះស្រួលគ្នានៃគណបក្សទាំងពីរធ្វើជាមូលដ្ឋាន។ ពិសេសកិច្ចព្រមព្រៀងថ្ងៃទី២២ខែកក្កដា»។
ជាមួយគ្នានេះដែរសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតបានស្នើថាសមាជិកគជប គួរទទួលបានអភ័យឯកសិទ្ធិដូចសមាជិកសភា។ មួយវិញទៀតក្រុមសង្គមស៊ីវិលស្នើឲ្យផ្អាកដំណើរការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី។ ការចុះបញ្ជីដែលគ្រោងនឹងធ្វើនៅខែតុលាឆ្នាំនេះ។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានឯកភាពគ្នាថានឹងធ្វើបញ្ជីឈ្មោះអ្នកបោះឆ្នោតឡើងវិញដោយមិនយកបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលធ្លាប់ប្រើប្រាស់កន្លងមកនោះទេ។ បញ្ជីឈ្មោះអ្នកបោះឆ្នោតចាស់នោះទទួលរងការរិះគន់ថាមានចេតនានយោបាយ៕
No comments:
Post a Comment