Paris Peace Accords 23 Oct. 1991

Friday, August 1, 2014

លោក ​ហ៊ុន ​សែន ​បញ្ជា​ឲ្យ​អភិបាល​ក្រុង​​​​​ ធ្វើ​ឲ្យ​ជោ​គ​ជ័យ ​នូវ​សេវា​រថយន្ត​ក្រុង ​សាធារណៈ

លោក ​ហ៊ុន ​សែន ​បញ្ជា​ឲ្យ​អភិបាល​ក្រុង​​​​​ ធ្វើ​ឲ្យ​ជោ​គ​ជ័យ ​នូវ​សេវា​រថយន្ត​ក្រុង ​សាធារណៈ​

លោក ហ៊ុន សែន ពេលបើកសម្ពោធស្ពានអាកាសស្ទឹងមានជ័យ។
លោក ហ៊ុន សែន ពេលបើកសម្ពោធស្ពានអាកាសស្ទឹងមានជ័យ។
RFI/Siv Channa   វណ្ណ សុគន្ធា / វីទ្យុបារាំង​ / 31 កក្កដា 2014


ប្រមុខ​​រដ្ឋាភិបាល​​កម្ពុ​ជា​ លោក​នាយក​​រដ្ឋ​មន្ត្រី​​ហ៊ុន ​សែន ​ក្នុង​​ពិធី​​សម្ពោធ​​ស្ពាន​​អាកាស​​ស្ទឹង​មាន​ជ័យ​​នៅ​​ព្រឹក​​ថ្ងៃ​​ព្រហស្បតិ៍ ​ទី​ ៣១ ​កក្កដា ​នេះ ​បាន​ដាក់​​ចេញ​​នូវ​​ផែនការ​​តឹង​រ៉ឹង​​មួយ​​ដោយ​​បញ្ជា​​ឲ្យ​​អភិបាល​​រាជ​ធានី​​ភ្នំពេញ ​លោក ​ប៉ា ​សុជាតិ​វង្ស ​ត្រូវ​ធ្វើ​​ឲ្យ​​បាន​សម្រេច​​នូវ​​សេវា​​រថយន្ត​ក្រុង​​សាធារណៈ​​រត់​​នៅ​ក្នុង​​ទី​ក្រុង​​ភ្នំពេញ​ ។​ នៅ​​ខែ​កញ្ញា ​ខាង​មុខ​នេះ ​សាលា​​រាជធានី​​ភ្នំពេញ​​គ្រោង​​ដាក់​​ដំណើរ​ការ​​រថយន្ត​ក្រុង​​សាធារណៈ​​ចំនួន ​៤០ ​គ្រឿង​​បន្ថែម​ទៀត​។​


ដោយ​មើលឃើញថា សេវា​រថយន្តក្រុង​សាធារណៈ​មិនទាន់​មានដំណើរ​ការល្អ​ដោយ​ក្រុមហ៊ុន​ឯកជន​លែង​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​នោះ  លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​វិនិយោគ​លើ​វិស័យនេះ​ខ្លួនឯង។

ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ផ្ទាល់​ទៅកាន់​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ត្រូវធ្វើ​ឲ្យ​សេវា​រថយន្តក្រុង​សាធារណៈ​ទទួលបាន​ជោគជ័យ ដោយ​បង្កើត​រដ្ឋាករ​ដឹកជញ្ជូន​ដោយ​រដ្ឋ​ជា​អ្នកទទួលបន្ទុក​រាល់​ការចំណាយ។

លោក ហ៊ុន សែន បាន​លើកឡើងថា រដ្ឋាភិបាល​គាំទ្រ​ការ​នាំចូល​រថយន្ត​ដឹកជញ្ជូន​ទាំងនេះ ដោយ​រដ្ឋ​មិន​យកពន្ធ​នាំចូល​នោះទេ។ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ប្រកាស​ផងដែរ​ថា ការដឹកជញ្ជូន​ព្រះសង្ឃ ជនពិការ និង​សិស្ស និស្សិត រថយន្តក្រុង​មិនត្រូវ​យកលុយ​នោះឡើយ។លោក​បញ្ជាក់ថា  ការមិន​យក លុយ​នេះ គឺ​ដើម្បី​ជួយ​កាត់បន្ថយ​ការធ្វើដំណើរ​តាម​ម៉ូតូ​របស់​អាណាព្យាបាល ដែល​ដឹកជញ្ជូនកូនៗទៅ​សាលា និង ធានា​សុវត្ថិភាព​ដល់​ពួកគេ​ផងដែរ ។

សូមបញ្ជាក់ថា បើតាម​គម្រោង​សាលា​រាជធានី​ភ្នំពេញ នឹងដាក់​ឲ្យ​ដំណើរការ​រថយន្តក្រុង​សាធារណៈ​ចំនួន៤០ គ្រឿង​បន្ថែមទៀត នៅក្នុង​ខែកញ្ញា​ខាងមុខនេះ។ នេះ បើតាម​បញ្ជាក់​ឲ្យ​ដឹង​របស់ លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ។ រថយន្ត ក្រុង ៤០ គ្រឿង​នេះ នឹង​រត់​លើផ្លូវ ៣ខ្សែ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ខ្សែ​ទី១ គឺ​ចាប់ពី​គីឡូម៉ែត្រ​លេខ៩ កាត់​តាម​រង្វង់​មូល​ស្ពាន​ជ្រោយចង្វា ចុះ​តាមផ្លូវ​មុនី​វង្ស រហូតដល់​ស្ពាន​អាកាស​ក្បាលថ្នល់ ឆ្លងទៅ​ផ្សារ​ច្បារអំពៅ ហើយ​បញ្ចប់​ត្រឹម​វត្ត​ក្តី​តា​កុយ ។

ខ្សែ​ទី២ ចេញពី​ផ្សារ​រាត្រី តាមផ្លូវ​ស៊ីសុវត្ថិ ឆ្ពោះទៅកាន់​រង្វង់​មូល​ស្ពាន​ជ្រោយចង្វា ហើយ​បន្ត​តាមផ្លូវ​ទំនប់ទួលគោក ឬ​ផ្លូវ​ទំ​បន់៧០ ទៅដល់​អង់​តែ​ន​ទួលគោក ហើយ​បត់​តាម​វិថី​គីម​អ៊ី​ល​សុង ឆ្លងកាត់​ស្តុ​ប​តិច​ណូ ចូលដល់​ផ្លូវ​ម៉ៅ​សេទុង រហូតដល់​ស្តុ​ប​ប៊ូ​ក​គោ និង​ស្តុ​ប​ក្រសួងកសិកម្ម រួច​បត់​តាមផ្លូវ​នរោត្តម ឆ្លងកាត់​ស្ពាន​អាកាស​ក្បាលថ្នល់ និង​បន្ត​រហូតដល់​តាខ្មៅ។

និង​ខ្សែ​ទី៣ ចេញពី​ផ្សារ​រាត្រី កាត់​តាម​ផ្សារ​ចាស់ និង​ផ្លូវ​នរោត្តម រួច​ឆ្លងទៅ​ផ្លូវ​កម្ពុជា​ក្រោម រហូតដល់​ស្តុ​ប​សន្ធរ​មុខ បត់​ឡើងទៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី​វិញ រួច​បន្ត​ឆ្លងកាត់​ស្ពាន​អាកាស ៧មករា រហូតដល់​រង្វង់​មូល​ចោមចៅ៕

No comments:

Post a Comment