តុលាការ កោះហៅ តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងក្រុមបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតយ៉ាងតិច៧នាក់ទៀតត្រូវតុលាការកោះហៅឲ្យចូលខ្លួនទៅបំភ្លឺឡើងវិញ។
វ៉ាស៊ីនតោន —ក្រុមបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតយ៉ាងតិច៨នាក់ រួមទាំងលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងមន្ត្រីគណបក្សជំទាស់ម្នាក់ទៀត ត្រូវតុលាការកោះហៅឲ្យចូលខ្លួនទៅបំភ្លឺឡើងវិញ នៅពេលដែលក្រុមការងារចរចានៃគណបក្សទាំងពីរត្រូវគេដឹងថា មិនទាន់ឈានដល់កិច្ចព្រមព្រៀងគ្នានៅឡើយ ចំពោះបញ្ហាលម្អិត។ ក្រុមគណបក្សជំទាស់ចាត់ទុកថា ការកោះហៅទៅតុលាការ ឡើងវិញ នេះជារឿងនយោបាយ។
ទោះជាគេមិនដឹងថា តើការកោះហៅជាថ្មីនេះដើម្បីបញ្ចប់រឿង ដោយការទម្លាក់ បទចោទ ឬក៏ចាប់ឃុំខ្លួនជាថ្មីចំពោះក្រុមមន្ត្រីគណបក្សជំទាស់មែន តែក្រុមអ្នក នយោបាយ និងមន្ត្រីសង្គមស៊ីវិល បានអះអាងថា ពួកគេមិនចង់ឃើញការប្រើ ប្រាស់តុលាការដើម្បីដាក់សម្ពាធលើការចរចានេះទេ។
ថ្លែងប្រាប់វីអូអេតាមទូរស័ព្ទ លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា លោកបានទទួលដីកាកោះកាលពីម្សិលមិញ ហើយលោកត្រៀម ទាំងចម្ងល់ ទៅបំភ្លឺនៅតុលាការជាថ្មីទៀត នៅថ្ងៃទី១១ខែសីហា បន្ទាប់ពីបានបំភ្លឺរួចហើយកាលពីសប្តាហ៍នោះ។ លោកបន្តថា គ្មានអ្វីក្រៅពីរឿងនយោបាយ ដែលគេបានដឹងនោះទេ ទាក់ទងនឹងការកោះហៅជាថ្មីនេះ។
«រឿងដដែលៗហ្នឹង ទោះជាខ្ញុំមិនថា ក៏គេដឹងពេញពិភពលោកដែរ ល្បិចរបស់ គណបក្សប្រជាជន តែប៉ុណ្ណឹង។ គាត់ប្រើប្រាស់តុលាការដើម្បីគំរាមផ្នែកនយោបាយរាល់តែដងហ្នឹង។ អញ្ចឹងហើយពេលវេលាល្មមដល់ហើយ។ អន្តរជាតិដឹងហើយថា ស្រុកខ្មែរដល់ពេលដែលយើងត្រូវកែប្រព័ន្ធតុលាការជាបន្ទាន់ហើយ។ បើយើងមិនកែប្រព័ន្ធតុលាការទេ ទុកឲ្យគណបក្សប្រជាជនប្រើប្រាស់តុលាការហ្នឹងគឺថា គ្មានទេយុត្តិធម៌នៅស្រុកខែ្មរ គ្មានទេប្រជាធិបតេយ្យនៅស្រុកខ្មែរនោះ»។
លោកឡុង រី បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត បានប្រាប់វីអូអេថា លោកបានបំភ្លឺ ជាច្រើនដងហើយ ហើយក៏គ្មានអីនិយាយខុសពីលើកមុនទៀតដែរ។ តែលោកអះអាងថា មិនខ្លាចការចាប់ខ្លួនទេ នៅពេលចូលទៅបំភ្លឺជាថ្មីនេះ។
«បាទ! រឿងហ្នឹងមិនដឹងធ្វើម៉េច បើគេចាប់ គេចាប់ទៀតហើយ យើងមិនដឹងធ្វើម៉េច ព្រោះយើងអត់រត់ផង»។
គណបក្សទាំងពីរកំពុងធ្វើកិច្ចការលើកំណែទម្រង់គណៈកម្មការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប.)ថ្មី អភ័យឯកសិទ្ធិសមាភាពគ.ជ.ប.ថ្មី ការកែប្រែច្បាប់រដ្ឋធម្មនុញ្ញ ដោយដាក់បញ្ចូលសមាសភាព និងរបៀបជ្រើសរើសសមាសភាពនេះក្នុងរដ្ឋធម្មនុញ្ញជាដើម។ តែការកែទម្រង់នេះមិនត្រូវបានទទួលការយល់ព្រមពីគណបក្សប្រជាជនកម្ពុជានៅឡើយទេ ដោយចាត់ទុកថា គ្មានច្បាប់អនុញ្ញាតឲ្យធ្វើដូច្នោះ។ ភាពមិនចុះសម្រុងគ្នានេះនៅមិនទាន់ធ្វើឲ្យបេក្ខជនជាប់ឆ្នោតទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិចូលរួមស្បថទទួលមុខតំណែងនិងចាប់ផ្តើមប្រជុំសភានៅឡើយទេ។
មេដឹកនាំគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ីទទួលបានអាសនៈសភា ហើយ បេក្ខជនតំណាងរាស្ត្រ៧រូបនិងមន្ត្រីម្នាក់ទៀត ដែលត្រូវជាប់ឃុំឃាំងនោះ ត្រូវ បានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នពីបទដែលតុលាការចោទប្រកាន់ ថា ពាក់ព័ន្ធនឹងអំពើហិង្សា ធ្វើឲ្យមានបាតុករ និងមានក្រុមសន្តិសុខរបួសជាង៥០នាក់ក្នុងពេលបាតុកម្មសុំឲ្យបើកទីលានប្រជាធិបតេយ្យដើម្បីឲ្យពួកគេបានតវ៉ារឿងរ៉ាវនានានោះ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមតំណាងរាស្ត្រជាប់ឆ្នោតបានបដិសេធការចោទប្រកាន់នេះ ដោយបញ្ជាក់ជំហររឹងប៉ឹងថា មិនបានជាប់ពាក់ព័ន្ធនឹងអំពើហិង្សាដែលផ្ទុយពីគោលនយោបាយរបស់គណបក្សរបស់គេនោះទេ។
លោកម៉ែន សុថាវរិន្ទ្រ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតម្នាក់ទៀត បានអះអាងថា ការកោះហៅនេះគឺគ្រាន់តែជាការគំរាមកំហែងឲ្យគណបក្សសង្គ្រោះជាតិចូល ប្រជុំសភាតែប៉ុណ្ណោះ នៅពេលគណបក្សលោកទាមទារច្រើនក្នុងការកែទម្រង់ បញ្ហាជាច្រើន។«អូ ខ្ញុំមើលទៅ គេរៀបគំរាមទៀតហើយ។ គេចង់ឲ្យយើងចូលប្រជុំសភា ឆាប់ៗ»។
លោកនុត រំដួល បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតមួយរូបទៀត បានអះអាងថា លោកគ្មានការព្រួយបារម្ភអំពីការដាក់ទោសទណ្ឌលោកទេ ព្រោះលោកគ្មានបានធ្វើអ្វីខុសក្នុងពេលបាតុកម្មកាលពីថ្ងៃទី១៥ខែកក្កដានោះទេ ហើយលោកក៏បានបំភ្លឺរួចហើយដែរ។
«ក្រដាសដីកាកោះហ្នឹងមកដល់ស្នាក់ការគណបក្សហើយ តែខ្ញុំអត់ទាន់បានឃើញថា ក្នុងហ្នឹងគេនិយាយថា ម៉េចទេ តែគ្រាន់ចង់ជម្រាបជូនថា តុលាការគេកោះហៅពេលណា ខ្ញុំនឹងចូលខ្លួនទៅពេលនោះ»។
គណបក្សទាំងពីរទទួលរងការរិះគន់ធ្ងន់ធ្ងរដូចគ្នា ក្រោយពីការចរចានយោបាយបានបញ្ចប់ ដោយមានការដោះលែងអ្នកតំណាងរាស្ត្រជាប់ឆ្នោត និងមន្ត្រីគណបក្សសង្គ្រោះជាតិ។ គណបក្សសង្គ្រោះជាតិពិបាកនឹងទប់ស្កាត់ការរិះគន់ខ្លះៗ ដែលថា មិនគោរពឆន្ទៈរាស្ត្រ នៅពេលគណបក្សនេះសម្រេចចិត្តបញ្ចប់ការជាប់គាំងនយោបាយក្រោយការបោះឆ្នោតរយៈពេលមួយឆ្នាំនេះ។ ដោយឡែក គណបក្សប្រជាជនកម្ពុជាត្រូវគេចោទប្រកាន់ថា បានប្រើប្រាស់តុលាការដើម្បីកៀបសង្កត់ក្រុមជំទាស់ តែក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជាបានបដិសេធ។
លោកនី ចរិយា ប្រធានក្រុមអ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សអាហុក បាន អះអាងថា លោកបានដឹងអំពីការកោះហៅក្រុមមេដឹកនាំគណបក្សជំទាស់ទៅ បំភ្លឺនៅតុលាការជាថ្មីដែរ។ លោកថា ការចរចាមិនគួរមានការដោះស្រាយលាយ ឡំនឹងការប្រើប្រាស់ប្រព័ន្ធតុលាការនោះទេ ទោះបីជាគណបក្សជំទាស់មិនខ្លាចក៏ដោយ។
«ទោះជាយ៉ាងណាក៏វាធ្វើឲ្យប៉ះពាល់ទៅដល់ដំណើរការនៃការចរចា និងតម្លៃនៃ ការចរចាដែរ កាលណាយើងយកប្រព័ន្ធតុលាការមួយមកលាយឡំជាមួយនឹង ការដោះស្រាយខាងទំនាស់នយោបាយអញ្ចឹង»។
លោកបានដាក់ចម្ងល់ចំពោះរឿងការកោះហៅមេដឹកនាំគណបក្សសង្គ្រោះជាតិ ទៅបំភ្លឺនេះ ហើយអះអាងថា នឹងតាមដានមើលបន្តទៀត។ ក្រុមអ្នកតំណាង រាស្ត្រទាំង៨នាក់និងមន្ត្រីគណបក្សសង្គ្រោះម្នាក់នោះត្រូវគេគ្រោងនឹងហៅទៅ សាកសួរចាប់ពីថ្ងៃទី៨ដល់ថ្ងៃ១៣ខែសីហាខាងមុខ។ ក្នុងនោះមានលោកស្រីមូរ សុខហួរ លោកហូ វ៉ាន់ លោកកែវ ភារម្យ លោករៀល ខេមរិន្ទ្រ និងមន្ត្រី គណបក្សមួយរូបគឺលោកអឿ ណារិទ្ធ៕
No comments:
Post a Comment