ខុមហ្វ្រែល ចេញផ្សាយ សៀវភៅ ប្រវត្តិរូបអ្នក តំណាងរាស្ត្រ ជាលើកដំបូង
សៀវភៅដែលមានចំណងជើងថា «ជីវប្រវត្តិសង្ខេបតំណាងរាស្ត្រនិងបេក្ខជនជាប់ឆ្នោត» បាននិយាយរៀបរាប់ត្រួសៗអំពីជីវប្រវត្តិនៃតំណាងរាស្ត្រនិងបេក្ខជនជាប់ឆ្នោតដែលភាគច្រើនមិនមានលក្ខណៈពិស្តារទេ។សៀវភៅនេះត្រូវបោះពុម្ពផ្សាយកាលពីខែមិថុនា ឆ្នាំ២០១៤។
ភ្នំពេញ —អង្គការឃ្លាំមើលដំណើរការបោះឆ្នោតមួយមានឈ្មោះថាខុមហ្វ្រែលបានចងក្រងជីវប្រវត្តិអ្នកតំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដែលជាគណបក្សជាប់ឆ្នោតតែពីរគត់ដែលមានអាសនៈនៅក្នុងរដ្ឋសភាក្រោយពីការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៣។សៀវភៅដែលមានចំណងជើងថា «ជីវប្រវត្តិសង្ខេបតំណាងរាស្ត្រនិងបេក្ខជនជាប់ឆ្នោត» បាននិយាយរៀបរាប់ត្រួសៗអំពីជីវប្រវត្តិនៃតំណាងរាស្ត្រនិងបេក្ខជនជាប់ឆ្នោតដែលភាគច្រើនមិនមានលក្ខណៈពិស្តារទេ។សៀវភៅនេះត្រូវបោះពុម្ពផ្សាយកាលពីខែមិថុនា ឆ្នាំ២០១៤។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅថាខុមហ្វ្រែលពន្យល់ថាសៀវភៅនេះធ្វើឡើងក្នុងបំណងឱ្យម្ចាស់ឆ្នោតមានព័ត៌មានថាមានអ្នកណាខ្លះជាអ្នកតំណាងរាស្ត្រ មានជំនាញអ្វីខ្លះដើម្បីឱ្យអ្នកតំណាងរាស្ត្រជួយការងារអ្វីខ្លះដល់ប្រជាពលរដ្ឋ។
លោកបាននិយាយថា៖ «ដើម្បីផ្តល់ព័ត៌មានឱ្យអ្នកបោះឆ្នោតដើម្បីឱ្យគេដឹងថាតើអ្នកណាខ្លះជាអ្នកតំណាងរាស្ត្រ លេខទូរស័ព្ទ គេមានជំនាញអ្វី គេធ្វើអ្វី យើងអាចទាក់ទងគេយ៉ាងម៉េចដើម្បីឱ្យអ្នកតំណាងរាស្ត្រគេគាំទ្របញ្ហាខ្លះដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតគេចង់ពឹងពាក់។អញ្ចឹងវាមានជីវប្រវត្តិខ្លះៗ»។
សៀវភៅរដែលមានកម្រាស់១៧៤ទំព័រមិនបានបង្ហាញពីអតីតភាពរបស់អ្នកដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជាក្នុងជួរខ្មែរក្រហមនោះទេ។ ក៏ប៉ុន្តែសៀវភៅគ្រាន់តែបង្ហាញថាលោក ហេង សំរិន បច្ចុប្បន្នជាប្រធានរដ្ឋសភាមានស្រុកកំណើតនៅស្រុកពញាក្រែក ខេត្តកំពង់ចាមនិងសិក្សានៅសាលាពុទ្ធិកៈបឋមសិក្សាខេត្តកំពង់ចាមហើយលោកបានសិក្សាជំនាញឯកទេសវគ្គនយោបាយជាន់ខ្ពស់នៅប្រទេសវៀតណាម។
ចំណែកឯលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនិងជាតំណាងរាស្ត្រវិញ ក៏មានស្រុកកំណើតក្នុងខេត្តកំពង់ចាមដែរ។ លោកហ៊ុន សែនមិនមានព័ត៌មានពីជីវប្រវត្តិសិក្សាឱ្យបានជាក់លាក់ទេតែលោកទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសជាច្រើនពីប្រទេសកូរ៉េខាងត្បូង សហភាពអឺរ៉ុប និង បណ្ឌិតសភានយោបាយជាតិក្រុងហាណូយប្រទេសវៀតណាម។
ដោយឡែកសម្រាប់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិវិញបានបញ្ចប់ការសិក្សាផ្នែកអនុបណ្ឌិតវិទ្យាសាស្ត្រនៃសាធារណរដ្ឋឆេកឆ្នាំ១៩៨៧ ហើយលោកក៏ធ្លាប់ជានិស្សិតនៃមហាវិទ្យាល័យនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ចឆ្នាំទី២ក្នុងអំឡុងឆ្នាំ១៩៧៥។
សៀវភៅស្តីពីជីវប្រវត្តិសង្ខេប អ្នកតំណាងរាស្ត្រនិងបេក្ខជនជាប់ឆ្នោតដដែល បានបញ្ជាក់ថាក្នុងចំណោមអ្នកតំណាងរាស្ត្រទាំង១២៣រូបនៃគណបក្សទាំងពីរមានតែបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រចំនួន២៧រូបមកពីគណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះដែលបានសហការក្នុងការផ្តល់ព័ត៌មានដល់អង្គការខុមហ្វ្រែល។ដោយឡែកព័ត៌មានដែលចុះផ្សាយត្រូវប្រមូលតាមឯកសារផ្សេងៗ។
សៀវភៅនោះបន្ថែមថាខុមហ្វ្រែលបានបញ្ជូនលិខិតទៅកាន់អ្នកតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជាតាមរយៈរដ្ឋសភាដើម្បីសុំព័ត៌មានពីអ្នកតំណាងរាស្ត្រទាំង៦៨រូបក៏ប៉ុន្តែត្រូវបានរដ្ឋសភាបដិសេធមិនបញ្ជូនលិខិតទាំងនោះទៅកាន់អ្នកតំណាងរាស្ត្រទាំងនោះទេ។
លោក ឈាង វ៉ុន សមាជិកសភាតំណាងរាស្ត្រដែលបានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ថ្នាក់ឧត្តមសិក្សាព័ត៌មានវិទ្យា ហិរញ្ញវត្ថុ និងធនាគារប្រទេសបារាំងមានប្រសាសន៍ថាព័ត៌មានពីជីវប្រវត្តិគឺជារឿងបុគ្គលអាស្រ័យទៅលើបុគ្គលនោះពេញចិត្តឱ្យសម្ភាសឬក៏មិនផ្តល់បទសម្ភាសតែប៉ុណ្ណោះ។លោកមានប្រសាសន៍ថាគណបក្សប្រជាជនមានមនុស្សដែលសម្បូរទៅដោយធនធានដែលអាចជាទំនុកចិត្តដល់ម្ចាស់ឆ្នោតបាន។
លោកឈាង វ៉ុនបានបន្ថែមថា៖ «គណបក្សប្រជាជនធនធានមនុស្សហ្នឹងច្រើនណាស់។ យើងបង្កើតហើយ បង្កើតទៀត យើងពង្រឹងការបង្កើតធនធានមនុស្សដើម្បីបន្តវេន។ យើងគិតគូរសម្បើមណាស់ ហើយយើងជឿថាគណបក្សប្រជាជន ជាគណបក្សស្នូលដែលអាចទ្រសភាពការណ៍នៅកម្ពុជានិងអាចដោះស្រាយបញ្ហាជាតិបាន»។
ដោយឡែកលោកស្រី ឡោក ខេង ជាអ្នកតំណាងរាស្ត្រខាងគណបក្សប្រជាជនដែលមានសញ្ញាប័ត្រមធ្យមសិក្សាកំរិត២នៃវិទ្យាល័យស៊ីសុវត្ថិ និងជានិសិ្សតឆ្នាំទី១នៃមហាវិទ្យាល័យពាណិជ្ជសាស្រ្ត។
លោកស្រីក៏បានរៀនជំនាញឯកទេសសាលាភូមិន្ទរដ្ឋបាលនៅឆ្នាំ២០០៤។ លោកស្រីមានប្រសាសន៍ថាមិនមានអង្គការក្រៅរដ្ឋាភិបាលណាមកទាក់ទងធ្វើបទសម្ភាសអំពីជីវប្រវត្តិនិងការសិក្សារបស់លោកស្រីឡើយ។
«ការបញ្ជាក់ពីជីវប្រវត្តិគឺបង្ហាញឱ្យយុវជនជំនាន់ក្រោយគាត់បានដឹងឮហើយគាត់ជួនកាលគាត់អាចរើសបាននូវបទពិសោធន៍ថ្មីៗរបស់មនុស្សចាស់ដើម្បីយកទៅអនុវត្ត»។
លោក គួយ ប៊ុនរឿន មន្ត្រីគណបក្សសង្គ្រោះជាតិនិងជាអ្នកអតីតតំណាងរាស្រ្តមានប្រសាសន៍ថាអ្នកតំណាងរាស្ត្រមិនគួរបិទបាំងជីវប្រវត្តិផ្ទាល់ខ្លួនចំពោះម្ចាស់ឆ្នោតទេ។
«ដើម្បីបង្ហាញប្រជាពលរដ្ឋនៅក្នុងមណ្ឌលរបស់ខ្លួន ហើយទី២ក៏បង្កលក្ខណៈងាយស្រួយដល់ប្រជាពលរដ្ឋជាពិសេសគឺការទំនាក់ទំនងក្នុងការផ្តល់ជាអាសយដ្ឋានតាមអ៊ីម៉ែលឬក៏ទូរស័ព្ទនៅពេលដែលគាត់មានបញ្ហាគាត់អាចទំនាក់ទំនងបាន ហើយនេះគឺជាកិច្ចការល្អដែលខុមហ្វ្រែលបានធ្វើហ្នឹងគឺខ្ញុំយល់ថាឃើញល្អ»។
លោក កែម ឡី អ្នកស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គមមើលឃើញថាទោះបីជីវប្រវត្តិរបស់គណបក្សប្រជាជនមិនបានបង្ហាញជាសាធារណៈក៏ដោយក៏គណបក្សនេះមានធនធានច្រើនក្នុងការចូលរួមកសាងប្រទេស។
លោកបានបញ្ជាក់ថា«គាត់មានចំណេះដឹងទាបក៏ដោយតែគាត់ឆ្លាតក្នុងការដឹកនាំហើយចេះប្រើប្រាស់នូវសក្តានុពលនៃអ្នកចេះដឹង អ្នកដែលមានចំណេះដឹងឱ្យច្រើនយកមកដាក់។ ខ្ញុំគិតថានឹងទទួលបានជោគជ័យ។ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយគណបក្សប្រជាជនឥឡូវនេះគាត់មានធនធានច្រើនហើយ»។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិមិនមានឈ្មោះក្នុងសៀវភៅជីវប្រវត្តិសង្ខេប អ្នកតំណាងរាស្ត្រនិងបេក្ខជនជាប់ឆ្នោតនេះទេមូលហេតុដោយសារលោកមិនត្រូវបានអនុញ្ញាតឲ្យឈរឈ្មោះបោះឆ្នោតដោយសារអំណាចសាលក្រមតុលាការដែលចោទប្រកាន់និងកាត់ទោសរូបលោកពីបទឧក្រិដ្ឋក្នុងបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម៕
No comments:
Post a Comment