Paris Peace Accords 23 Oct. 1991

Monday, August 4, 2014

បក្ស​ប្រឆាំង​ ថា​ មិន​ចុះ​ញ៉ម​ ចំពោះ​ ការ​គំរាម​ របស់​ បក្ស​កាន់​អំណាច

បក្ស​ប្រឆាំង​ ថា​ មិន​ចុះ​ញ៉ម​ ចំពោះ​ ការ​គំរាម​ របស់​ បក្ស​កាន់​អំណាច

RFA / វិទ្យុ​ អាស៊ី សេរី​  | ៣ សីហា ២០១៤
 កឹម សុខា ៦១០
លោក កឹម សុខា អនុប្រធាន​ គណបក្ស​ សង្គ្រោះជាតិ នៅ​មុខ​ សាលា​ដំបូង​ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ ​ទី២៥ ខែ​កក្កដា ឆ្នាំ ២០១៤។  RFA/Tin Zakariya

អនុ​ប្រធាន​ គណបក្ស ​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ចាត់​ទុក​ ការ​ឃុំ​ខ្លួន​ យុវជន ៣​នាក់ និង​កោះ​ហៅ​ មន្រ្តី ​គណបក្ស​ ឲ្យ​បំភ្លឺ​ឡើង​វិញ ថា​ ជា​ការគំរាម​កំហែង ​ផ្នែក​នយោបាយ​នោះ អះអាង ​ថា, គណបក្ស​លោក ​នឹង​មិន​ចុះញ៉ម​ ចំពោះ​ ការ​គំរាមកំហែង ​នៅ​ពេលនេះ​ឡើយ។

លោក ​បន្ត​ថា រាល់​ការ ​ទាមទារ​ របស់ ​គណបក្ស​នេះ ​នឹង​មិន​មាន​ ការ​បន្ធូរ​បន្ថយ ​ទៀត​ទេ​ ដ្បិត អ្វី ​ដែល​គណបក្ស​ សង្គ្រោះ​ជាតិ ទាមទារ​ ជា​កំរិត​អប្បរមា,​ ហើយ ​មិន​មែន ជា​ការ​ទាមទារ​ ដើម្បី​ ប្រយោជន៍​បក្ស​ឡើយ, គឺ ​ដើម្បី​ ប្រយោជន៍​ជាតិ។

កន្លង​ទៅ​ គណបក្ស​ សង្គ្រោះ​ជាតិ បាន​ប្រកាន់​ យក​លក្ខខណ្ឌ​ ចម្បង​មួយ គឺ ​ការ​កែទម្រង់​ ស្ថាប័ន​រៀប​ចំ​ ការបោះ​ឆ្នោត​ ឲ្យឯករាជ្យ ជា​ថ្នូរ​ នឹង​ការ​យល់​ព្រម ​ចូល​សភា ​របស់​ អ្នក​តំណាងរាស្ត្រ​ ជាប់​ឆ្នោត ​នៃ​គណបក្ស​នេះ​ ទាំង៥៥​រូប។

ការ​អះអាង ​របស់​លោក កឹម សុខា គឺ ​បន្ទាប់​ ពី​យុវជន​ គណបក្ស​ សង្គ្រោះ​ជាតិ ៣​រូប ត្រូវ បញ្ជូន ​ទៅ​ឃុំ​ខ្លួន​ បណ្ដោះ​អាសន្ន​ នៅ​ពន្ធនាគារ​ ព្រៃ ស នៅ​រសៀល​ថ្ងៃ​ ទី​២ ខែ​កក្កដា ដើម្បី​ រង់​ចាំ​ ស៊ើប​អង្កេត។  ពួក​គេ ​ត្រូវ ​ចោទ​ប្រកាន់ ​ពី​បទ​ព្រហ្មទណ្ឌ​ ពាក់ព័ន្ធ​ នឹង​អំពើ​ហិង្សា ​នៅ​ក្បែរ ទីលាន​ ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃ​ ទី​១៥ ខែ​កក្កដា។

ចំណែក​មន្ត្រី​ គណបក្ស ​សង្គ្រោះ​ជាតិ​ ចំនួន ៩​នាក់, ក្នុង​នោះ​ មាន​លោក កឹម សុខា ផង, ត្រូវ​ បាន​សាលាដំបូង​ រាជធានី​ភ្នំពេញ​ កោះ​ហៅ ​ឲ្យ​ចូល​ខ្លួន ​ទៅ​បំភ្លឺ​ ជា​ថ្មី ដើម្បី​ សាកសួរ​ អំពី​ ការ​ដឹកនាំ ​ធ្វើ​បាតុកម្ម​ កាល​ពី​ថ្ងៃ ​ទី​១៥ សីហា។

យុវជន​ គណបក្ស​ សង្គ្រោះ​ជាតិ​ ទាំង​បី​រូប​ ត្រូវ​ ចោទ​ប្រកាន់​ ពី​បទ​ចូល​រួម ​កុបកម្ម, បទ​ហិង្សា ​ដោយ​ចេតនា, និង​ប្រមាថ​មន្ត្រី​ រាជការ។


យុវជន ​ទាំង​រូប​នោះ ​រួម​មានលោក ឃិន ជំរឿន ប្រធាន​ ចលនា​ គណបក្ស, លោក នាង សុឃុន ជា​ហិរញ្ញិក​ ចលនា​ យុវជន​ គណបក្ស​ សង្គ្រោះ​ជាតិ ក្នុង​ខណ្ឌ​ ច្បារអំពៅ, និង​លោក សាន គឹមហេង ជា​ប្រធាន ​ចលនា ​យុវជន​ គណបក្ស​ សង្គ្រោះ​ជាតិ ខណ្ឌ​ ទួលគោក។  ពួក​គេ ​ត្រូវ​ នគរបាល​ ចាប់​ខ្លួន​ បន្តបន្ទាប់​គ្នា​ នៅ​ថ្ងៃ ​ទី​២ ខែ​សីហា និង​ត្រូវ​ បញ្ជូន​ទៅ ​ស្នង​ការដ្ឋាន នគរបាល​ រាជធានី​ភ្នំពេញ, បន្ទាប់​មក​ ទៅ​តុលាការ, និង​ចុង​ក្រោយ ​ត្រូវ​ បញ្ជូន​ ទៅ​ឃុំ​ខ្លួន បណ្ដោះ​អាសន្ន​ នៅ​ពន្ធនាគារ​ ព្រៃ ស ​រង់ចាំ​ ការ​សាកសួរ។

គណបក្ស ​សង្គ្រោះ​ជាតិ បាន​ចេញ ​សេចក្ដី​ថ្លែងការណ៍​ ភ្លាមៗ ​នៅ​ថ្ងៃ​ ដដែល​នេះ ដោយ​ថ្កោល​ទោស​ ចំពោះ ​ការ​ចាប់​ខ្លួន​នេះ និង​អំពាវនាវ​ ​ឲ្យ​ដោះលែង ​អ្នក​ទាំង​នោះ ​ដោយ​គ្មាន ​លក្ខខណ្ឌ។  លើស​ពី​នេះ​ គណបក្ស​នេះ ​បាន​បញ្ជាក់ ​ទៅ​គណបក្ស ​ប្រជាជន​ ​ឲ្យបញ្ឈប់​ ការ​គំរាមកំហែង។

អង្គការ​ សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល ​ចាត់​ទុក​ ករណី​នេះ​ ថា ជា​សម្ពាធ​ នយោបាយ​ ទៅ​លើ​គណបក្ស​ ប្រឆាំង​ ពី​សំណាក់​ គណបក្ស​ កាន់​អំណាច ដើម្បី​ ចាប់​បង្ខំ​ គណបក្ស​នេះ ​ឲ្យទទួល​យក​ កិច្ចព្រមព្រៀង​ ចូល​សភា។   ពួកគេ​ អំពាវ​នាវ ​​ឲ្យគណបក្ស​ ទាំង​២ ពិភាក្សា​គ្នា ​ដោយ​សន្តិវិធី ដើម្បី​ ចៀសវាង​ បញ្ហា​ចម្រូងចម្រាស​ ដែល​អាច​ កើត​ឡើង ​ក្នុង​សង្គម។

ទាក់ទង​ នឹង​ករណី​ អំពើ​ហិង្សា ​នៅ​ក្បែរ​ ទីលាន ​ប្រជាធិបតេយ្យ​ កាល​ពី​ថ្ងៃ​ ទី​១៥ កក្កដា បេក្ខជន​ តំណាងរាស្រ្ត​ គណបក្ស ​ប្រឆាំង ៧​នាក់ និង​សកម្មជន​ម្នាក់ ដែល​ត្រូវ​ រដ្ឋាភិបាល​ ចាប់​ឃុំ​ខ្លួន​ ចំនួន​ ១​សប្តាហ៍​ ដោយ​ចោទ​ប្រកាន់ ​ពី​បទ​ដឹកនាំ​ កុបកម្ម, បទ​ញុះញង់​ ឲ្យ​ប្រព្រឹត្ត​ បទ​ឧក្រិដ្ឋ និង​បទ​ផ្ដើម​ គំនិត ​ក្នុង​អំពើ​ហិង្សា, ប៉ុន្តែ ​ត្រូវ​ ដោះ​លែង​ មក​វិញ ​នៅ​ថ្ងៃ ​ទី​២២ កក្កដា នៅ​ក្រោយ ​មាន​កិច្ច​ព្រមព្រាង ​បញ្ចប់​ភាព​ជាប់​គាំង ​នយោបាយ៕


No comments:

Post a Comment