រដ្ឋាភិបាល ឆ្លើយតប ទៅនឹង រឿងចាប់ខ្លួន យុវជន បក្សសង្គ្រោះជាតិ
វិទ្យុ អាស៊ី សេរី | ៣ សីហា ២០១៤
អង្គភាព ព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការ គណៈរដ្ឋមន្ត្រី ចេញសេចក្ដីថ្លែងការណ៍ ទាំងកណ្ដាលអធ្រាត្រ ថ្ងៃទី២ សីហា ដោយបាន ថ្កោលទោស ចំពោះ គណបក្ស សង្គ្រោះជាតិ និងអំពាវនាវ ឲ្យគណបក្សនេះ បញ្ឈប់បន្ទាន់ នូវការលាបពណ៌ មកលើ រាជរដ្ឋាភិបាល និងគណបក្ស កាន់អំណាច ដោយប្រែក្លាយ បទល្មើសព្រហ្មទណ្ឌ មកជារឿង នយោបាយ ដែលនាំ ឲ្យប៉ះពាល់ ដល់ឯករាជភាព របស់ ស្ថាប័នតុលាការ។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការ គណៈរដ្ឋមន្ត្រី បានការពារ គណបក្ស ប្រជាជនកម្ពុជា ឲ្យរួចផុត ពាក្យចោទប្រកាន់ គណបក្ស សង្គ្រោះជាតិ ដែលថា, ការចាប់ខ្លួន យុវជនសមាជិកបក្ស ៣រូប ដាក់ពន្ធនាគារ របស់ តុលាការ គឺ ជារឿងនយោបាយ ដោយស្ថាប័ននេះ បានចេញមក ធានា អះអាងថា, គណបក្ស ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល មិនស្ថិតនៅពីក្រោយ នៃការចាប់ខ្លួន នេះទេ។
អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស លោក ទិត សុធា បញ្ជាក់ថា ការឃាត់ខ្លួនយុវជន ៣រូប និងការចេញដីកាកោះហៅបេក្ខជនជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ៨រូប និងសកម្មជន ១រូបនោះ គឺជាការបន្តការងារនីតិវិធីរបស់តុលាការ។ លោកចាត់ទុកចំណាត់ការរបស់តុលាការនៅពេលនេះជាការប្រព្រឹត្ត ត្រឹមត្រូវចំពោះបុគ្គលដែលបានប្រព្រឹត្តបទល្មើសជាក់ស្ដែង រំលោភក្រមព្រហ្មទណ្ឌ។ ម្យ៉ាងបទឧក្រិដ្ឋដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ កក្កដា នោះ នៅមិនទាន់ផុតអាជ្ញាយុកាលនៅឡើយ។
លោកក្រើនរំលឹកថា ស្ថាប័នតុលាការមិនស្ថិតនៅចំណុះរាជរដ្ឋាភិបាល ឬគណបក្សណាមួយ ដូចការលើកឡើងរបស់គណបក្សសង្គ្រោះជាតិនោះទេ។ លោកក៏បានព្រមានថា មុននឹងធ្វើការរិះគន់ទៅលើរាជរដ្ឋាភិបាល ឬគណបក្សកាន់អំណាច គណបក្សសង្គ្រោះជាតិ ត្រូវពិនិត្យលើទិដ្ឋភាពផ្លូវច្បាប់ជាមុនសិន។
លោក ទិត សុធា៖ «មុនចេញសេចក្ដីថ្លែងការណ៍ណាមួយថ្កោលទោស រាជរដ្ឋាភិបាលគួរតែពិចារណាទិដ្ឋភាពផ្លូវច្បាប់។ មួយជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង មួយជាអំណាចឆន្ទានុសិទ្ធិរបស់តុលាការចាត់វិធានការតាមច្បាប់ ហើយរឿងមួយទៀត រាជរដ្ឋាភិបាលអត់មានពាក់ព័ន្ធនឹងរឿងនេះទេ ផុតពីដៃរាជរដ្ឋាភិបាលហើយ។»
ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ ចេញសេចក្ដីថ្លែងការណ៍កាលពីល្ងាចថ្ងៃទី២ សីហា ដោយចាត់ទុកថា ចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងការចាប់ខ្លួនយុវជនគណបក្ស ៣រូប និងការចេញដីកាកោះហៅបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះ ជាតិ ៨រូប និងសកម្មជនមួយរូបទៀតទៅសាកសួរនោះ គឺជារូបភាពគំរាមកំហែងថ្មីមួយទៀតដែលបក្សប្រជាជនកម្ពុជា ប្រើដើម្បីបំពេញមហិច្ឆតាអំណាចរបស់ខ្លួន។
គណបក្សសង្គ្រោះជាតិ ក៏បានទាមទារឲ្យគណបក្សប្រជាជនកម្ពុជា បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការជាមធ្យោបាយក្នុងការបំពេញ មហិច្ឆតានិងគោលដៅនយោបាយណាមួយរបស់ខ្លួនទៀត។
មជ្ឈដ្ឋានទូទៅមើលឃើញថា កម្ដៅនយោបាយហាក់ក្ដៅឡើងវិញនេះ នៅខណៈដែលគណបក្សសង្គ្រោះជាតិ បានរៀបចំឯកសារវិសោធនកម្មច្បាប់ដាក់ជូនគណបក្សកាន់អំណាចតាមស្មារតី កិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ ខែកក្កដា ទាក់ទិននឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
មន្ត្រីអង្គការសង្គមស៊ីវិលដែលឃ្លាំមើលបញ្ហាសិទ្ធិមនុស្សគិតថា ការចាប់ខ្លួនយុវជន ៣នាក់របស់គណបក្សប្រឆាំងនៅពេលនេះ ទំនងជាចំណាប់ខ្មាំងថ្មីដែលបក្សកាន់អំណាចប្រើប្រាស់ជា យុទ្ធសាស្ត្របង្ខំឲ្យបក្សប្រឆាំងព្រមចូលស្បថក្នុងព្រះបរមរាជវាំង ហើយពួកគេទំនងជាអាចនឹងត្រូវដោះលែងភ្លាមៗដែរ ប្រសិនបើបក្សប្រឆាំងព្រមស្បថចូលសភាមែននោះ៕
No comments:
Post a Comment