ក្រុមការងារ គណបក្ស ទាំងពីរ ឯកភាព មិនផ្តល់ អភ័យឯកសិទ្ធិ ដូចតំណាងរាស្ត្រ ដល់សមាជិក គ.ជ.ប.
VOD | ១ សីហា ២០១៤
ក្រុមការងារ ជំនាញ របស់ គណបក្ស នយោបាយ ទាំងពីរ នៅល្ងាច ថ្ងៃសុក្រនេះ ឯកភាពគ្នា សម្រេច មិនផ្តល់ អភ័យឯកសិទ្ធិ ដូចតំណាងរាស្ត្រ ដល់សមាជិក គ.ជ.ប. ថ្មី ដោយគ្រាន់ តែ ផ្តល់សិទ្ធិ ការពារផ្លូវច្បាប់ ឲ្យដូច នឹងស្ថាប័ន តុលាការ និងក្រុមប្រឹក្សា ធម្មញ្ញ។
ក្រោយជំនួប ចរចា រយៈពេល ជាង៤ម៉ោង នៅវិមាន រដ្ឋសភា, ក្រុមការងារ វិសោធនកម្ម រដ្ឋធម្មនុញ្ញ របស់ គណបក្ស ប្រជាជន កម្ពុជា និងគណបក្ស សង្គ្រោះជាតិ បានឲ្យដឹង ថា, កិច្ចប្រជុំ លើសេចក្តីព្រាងច្បាប់ ធម្មនុញ្ញ ស្តីពី វិសោធនកម្ម មាត្រា៧៦ និងការបង្កើត ជំពូកថ្មី ទាក់ទង នឹងអង្គការ រៀបចំ ការបោះឆ្នោតនោះ គឺ គណបក្ស ទាំងពីរ បានឯកភាពគ្នា ជិត៩៥ភាគរយ ដោយនៅសេលសល់ តែ ចំណុច ខ្លះប៉ុណ្ណោះ ដែលមិនទាន់អាច សម្រេចបាន នៅពេលនេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយការផ្តល់កំណត់ហេតុកិច្ចប្រជុំ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សទាំងពីរ បានពិភាក្សាយ៉ាងល្អិតល្អន់ គឺសម្រចមិនផ្តល់អភ័យឯកសិទ្ធិដល់សមាជិកគជបថ្មីបានឡើយ ដោយសារតាមច្បាប់ជាតិ និងអន្តរជាតិ អភ័យឯកសិទ្ធិអាចផ្តល់បាន ក្នុងក្របខណ្ឌចំនួនបីតែប៉ុណ្ណោះ គឺអភ័យឯកសិទ្ធិរបស់ប្រមុខរដ្ឋសភា និងអ្នកការទូត។ ប៉ុន្តែលោកថា គណបក្សទាំងពីរ នឹងកំណត់ចែងពីសិទ្ធិរបស់គជបថ្មីនេះ ដោយការការពារសិទ្ធិតាមផ្លូវច្បាប់ក្នុងការសម្រេចចិត្តក្នុងតួនាទី របស់ខ្លួន។
លោកបញ្ជាក់ថា«ចំពោះគជប ក៏ដូចជាក្រុមប្រឹក្សាធម្មនុញ្ញ ក៏ដូចជាតុលាការ គឺថាយើងយកលក្ខណៈប្រហាក់ប្រហែលគ្នា ហើយយើងបញ្ជាក់អំពីការធានាឲ្យបំពេញភារកិច្ចដោយឯករាជ្យ និងអព្យាក្រឹត្យ យើងអត់ប្រើពាក្យ (អភ័យឯកសិទ្ធិ) ហ្នឹងទេ ប៉ុន្តែយើងប្រើន័យប្រហាក់ប្រហែលគ្នា។»
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គីមសួរ ភិរិទ្ធ បន្ថែមថា ការកំណត់សិទ្ធិរបស់គជបថ្មីនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងច្បាប់អង្គការរៀបចំការបោះឆ្នោត។ លោកថា « យើងផ្តល់ការការពារដល់គាត់ មិនមានតម្លៃដូចអភ័យឯកសិទ្ធិ តែមានតម្លៃប្រហាក់ប្រហែលនឹងអភ័យឯកសិទ្ធិដែរ ធ្វើម៉េចឲ្យពួកគាត់ បាត់បង់ការភ័យខ្លាចនៅពេលដែលគាត់បំពេញការងារ។»
ទោះជាយ៉ាងណាក៏ដោយ ក្នុងកំណត់ហេតុនៃលទ្ធផលកិច្ចប្រជុំនេះ ក្រុមការងារគណបក្សទាំងពីរ មិនបានរៀបរាប់ជុំវិញការកំណត់សំណើទាមទារការផ្តល់អភ័យឯកសិទ្ធិ សមាជិកគជបស្នើនឹងតំណាងរាស្ត្រនេះឡើយ។
តាមរយៈកំណត់ហេតុនៃលទ្ធផលកិច្ចប្រជុំ ក្រុមការងារគណបក្សសង្គ្រោះជាតិ បានស្នើចែងបន្ថែមពី ស្វ័យភាពការងារក្នុងការរៀបចំ និងចាត់ចែងការងាររបស់គជប តែសំណើនេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជា បានយល់ឃើញថា ពុំចាំបាច់ឡើយ ដោយហេតុថា ការចាត់ចែងការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានកំណត់នៅក្នុងមាត្រា ១៥០ថ្មី នៃសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញ និងត្រូវកំណត់បន្ថែមនៅក្នុងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ហេតុដូចនេះ ចំណុចពុំឯកភាពនេះ ក្រុមការងារគណបក្សទាំងពីរ នឹងទុកជូនថ្នាក់ដឹកនាំគណបក្សទាំងពីរសម្រេចនៅពេលក្រោយ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ស ខេង កាលពីថ្ងៃព្រហស្បតិ៍ បានលើកយកបញ្ហាគណនេយ្យភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គជប) ក្នុងករណីសមាជិកមានអភ័យឯកសិទ្ធិដូចតំណាងរាស្ត្រនៅរដ្ឋសភា។
ក្នុងលិខិតផ្ញើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលធ្វើឡើងដោយប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចុះថ្ងៃទី៣០ ខែកក្កដា គណបក្សសង្គ្រោះជាតិ ក៏បានស្នើឲ្យសមាជិក គជបថ្មីនេះ មានអភ័យឯកសិទ្ធិ ដូចតំណាងរាស្ត្រ ក្នុងការបំពេញតួនាទីរបស់លោក។
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) ក៏បានស្នើឲ្យគណបក្សនយោបាយទាំងពីរ រៀបចំកំណែទម្រង់រដ្ឋធម្មនុញ្ញ ដោយចែងកំណត់ ផ្តល់អភ័យឯកសិទ្ធិដល់សមាជិក គជប ថ្មី ដូចតំណាងរាស្ត្រ ដើម្បីធានាឯករាជ្យនៃសមាជិកស្ថាប័ននេះ៕
No comments:
Post a Comment