Paris Peace Accords 23 Oct. 1991

Monday, February 16, 2015

បទវិភាគ៖ តើ ​បក្ស​ជាប់​ឆ្នោត​ ទាំង​ពីរ ​គិត​ពី​ប្រយោជន៍​ ពលរដ្ឋ​ ឬ​​​ប្រយោជន៍​ បក្ស​ជា​ធំ? Analysis: Do both political parties think of public interests or party interests?

បទវិភាគ៖ តើ ​បក្ស​ជាប់​ឆ្នោត​ ទាំង​ពីរ ​គិត​ពី​ប្រយោជន៍​ ពលរដ្ឋ​ ឬ​​​ប្រយោជន៍​ បក្ស​ជា​ធំ?

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៥ កុម្ភៈ ២០១៥

សម រង្ស៊ី ហ៊ុន សែន ៦១០
ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) ចាប់​ដៃ​ ជាមួយ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ជំនួប​ ចរចា ​នា​វិមាន ​ព្រឹទ្ធ​សភា​ នៅ​ថ្ងៃ ​ទី​២២ កក្កដា ២០១៤។  RFA/Tin Zakariya

ការ​បញ្ចប់ ​វិបត្តិ​ នយោបាយ ​កាល​ពី​ថ្ងៃ​ ទី​២២ កក្កដា ឆ្នាំ​២០១៤ គឺ​ ជា​បរិបទ ​ដ៏​សំខាន់​មួយ​ ដែល​ប្រជាពលរដ្ឋ​ សង្ឃឹម​ថា, គណបក្ស​ ទាំង​ពីរ​ នឹង​ចាប់​ដៃ​គ្នា​ ដើម្បី ​កសាង​ ប្រទេស​ជាតិ និង​ដោះស្រាយ​ វិបត្តិ​សង្គម​នានា ដែល​ប្រជាពលរដ្ឋ ប្រឈម​នោះ។

​គណបក្ស​ ជាប់​ឆ្នោត​ ទាំង​ពីរ​ ហាក់​នៅ​ មិន​ទាន់​ គិតគូរ​ ជូន​ប្រជាពលរដ្ឋ,​ ដូចជា៖​ ការ​បង្កើត​ ការងារ​ ឲ្យ​ប្រជាពលរដ្ឋ, ការ​រក​ទីផ្សារ ​កសិផល, ការ​ដោះស្រាយ ​រឿង​ជម្លោះ ​ដីធ្លី, និង​បញ្ហា​ អន្តោប្រវេសន៍​, ជាដើម។

តើ​ នៅ​ក្នុង​អាណត្តិ ​ទី​៥​នេះ, គណបក្ស ​ជាប់​ឆ្នោត​ ទាំង​ពីរ​ ពិត​ជា​ចាប់​ដៃ​គ្នា ​ធ្វើ​ការ​ ដើម្បី ​បម្រើ​ ប្រជាពលរដ្ឋ​ ពិត ឬ​យ៉ាង​ណា?


ការ​អភិវឌ្ឍ​ប្រទេស និង​ការ​ជំរុញ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​មាន​ភាព​ប្រសើរ​ឡើង​នោះ គឺ​ជា​ការ​សន្យា​របស់​មេ​ដឹកនាំ​គណបក្ស​នយោបាយ​នៅ​មុន​ពេល​បោះ​ឆ្នោត។ ក៏ប៉ុន្តែ​តាម​មើល​ទៅ​អ្វីៗ​បាន​ប្រែប្រួល​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត មិន​ដូច​ការ​សន្យា​ទាំង​ស្រុង​នោះ​ទេ។

វិបត្តិ​នយោបាយ​រយៈពេល ១​ឆ្នាំ គឺ​ជា​ឧបសគ្គ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​ជាតិ ក៏​ប៉ុន្តែ​ក្រោយ​ពី​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀងគ្នា​លើ​កិច្ចចរចា​កាលពី ​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤ ត្រូវ​បាន​ប្រជាពលរដ្ឋ​សំដែង​សាទរ និង​រំពឹង​ថា គណបក្ស​ទាំងពីរ​អាច​ចាប់ដៃ​គ្នា​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ ពិសេស​បញ្ហា​ដែល​ប្រជាពលរដ្ឋ​កំពុង​ជួបប្រទះ ដូចជា​បញ្ហា​អត់​ការងារ​ធ្វើ ការ​ដំឡើង​ប្រាក់ខែ​កម្មករ និង​ភាព​អយុត្តិធម៌​សង្គម អន្តោប្រវេសន៍​ខុស​ច្បាប់ និង​បញ្ហា​ជម្លោះ​ដីធ្លី ។ល។

ម្យ៉ាង​ទៀត ភាព​ស្ងប់ស្ងាត់​របស់​អ្នក​នយោបាយ​បាន​មួយ​រយៈ ដោយ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​សង្ឃឹម​ថា គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​កំពុង​រក​វិធី​រួម​គ្នា​អភិវឌ្ឍ​ប្រទេស​ដូច​ដែល​ ខ្លួន​បាន​សន្យា។
​ក្ដី​សង្ឃឹម​របស់​ប្រជាពលរដ្ឋ​ហាក់​នៅ​ស្រពិចស្រពិល​នៅ​ឡើយ ដោយសារតែ​កាល​ពី​ពេល​ថ្មីៗ​នេះ មេដឹកនាំ​កំពូល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ចេញ​មុខ​ធ្វើ​សង្គ្រាម​ ពាក្យ​សម្ដី​ជា​ថ្មី​ម្ដង​ទៀត ហើយ​ប្រើ​ពាក្យ​សម្ដី​ធ្ងន់ៗ​ដាក់​គ្នា ដោយ​មិន​ខ្វល់​ពី​សម្ពន្ធភាព ឬ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤ នោះ​ឡើយ។

នៅ​ក្នុង​បរិបទ​នេះ អ្នក​នយោបាយ​ហាក់​ដូច​ជា​ប្រើ​ល្បែង​នយោបាយ​ដដែលៗ គិត​ពី​ការ​យក​ឈ្នះ​ចាញ់​គ្នា​ដណ្ដើម​យក​ត្រូវ និង​បង្ហាញ​ពី​ភាព​ខ្លាំង​រៀងៗ​ខ្លួន ក្នុង​ការ​ផ្ដួល​គ្នា​នៅ​ក្នុង​សមរភូមិ​នយោបាយ ហាក់​ដូចជា​ភ្លេច​ម្ចាស់​ឆ្នោត និង​គ្មាន​ពេល​គិតគូរ​ពី​អ្វី​ដែល​ប្រជាពលរដ្ឋ​ប្រឈម និង​មាន​តម្រូវការ​នោះ?

បញ្ហា​នៅ​ចំពោះ​មុខ​ដែល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ត្រូវ​ដោះស្រាយ​ជា​ ចាំបាច់​នោះ គឺ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ការ​ការពារ​បូរណភាព​ទឹកដី បញ្ហា​អន្តោប្រវេសន៍ ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋ​ឲ្យ​ក្លាយ​ជា​ប្រទេស​នីតិរដ្ឋ​ពិតប្រាកដ យក​ច្បាប់​ជា​អាជ្ញាសឹក​ក្នុង​ការ​កាត់​សេចក្ដី ការ​កម្ចាត់​អំពើ​ពុករលួយ រៀបចំ​កំណែ​ទម្រង់​ដីធ្លី​រក​ទីផ្សារ​កសិផល​ឲ្យ​កសិករ បង្កើន​ការងារ​ឲ្យ​យុវជន​ធ្វើ​ជាដើម។ បញ្ហា​ទាំង​នេះ​សុទ្ធសឹងតែ​មាននៅ​ក្នុង​គោលនយោបាយ​របស់​គណ​បក្ស​ជាប់​ឆ្នោត​ ទាំង​ពីរ ហើយ​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ផង។

ម្យ៉ាង​វិញ​ទៀត បញ្ហា​ដ៏​ចម្បង​ដែល​គេ​ឯង​ដឹង​គ្រប់​គ្នា​នោះ គឺ​បញ្ហា​សង្គម​កំពុង​កើត​ឡើង​រ៉ាំរ៉ៃ ទោះបីជា​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​សន្យា​ថា នឹង​ដោះស្រាយ​ហើយ​ក៏ដោយ​ចុះ ក៏ប៉ុន្តែ​បញ្ហា​ទាំង​នោះ​នៅ​តែ​អូស​បន្លាយ​ដដែល។ មិនបាច់​ទៅ​មើល​ឯ​ណា​ឆ្ងាយ​ទេ បើ​យើង​ក្រឡេក​មើល​នៅ​មុខ​រដ្ឋ​សភា​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​តាម​វត្ត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ប្រជាពលរដ្ឋ​អ្នក​តវ៉ា​ដីធ្លី​បាន​នាំ​គ្នា​មក​សុំ​អន្តរាគមន៍​ជា​ប្រចាំ​ពី ​រដ្ឋាភិបាល។ តែ​បញ្ហា​ទំនាស់​ដីធ្លី​នេះ ហាក់​នៅ​មិន​ទាន់​មាន​យន្តការ​ដោះស្រាយ​ច្បាស់លាស់​នៅ​ឡើយ។

កត្តា​ទាំង​នេះ​តាម​មើល​ទៅ​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​រដ្ឋាភិបាល​ មិន​បាន​ដោះស្រាយ​បាន​ទាំង​ស្រុង​នោះ​ទេ ព្រោះ​បញ្ហា​ដីធ្លី​នេះ បាន​កើន​មាន​ជា​ប្រព័ន្ធ ហើយ​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ទៀត​ផង។ ផ្ទុយទៅវិញ រដ្ឋាភិបាល​ហាក់​ដូចជា​រក​យុទ្ធសាស្ត្រ​ក្នុង​ការ​ទប់ស្កាត់​គួរ​ប្រកួត​ ច្រើន​ជាង ព្រោះ​ការ​កាន់​កាប់​អំណាច​ដ៏​យូរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​មិន​ងាយ​ចុះ​ចាញ់​ដោយ​ងាយៗ​ទេ លោក​បាន​ប្រើ​យុទ្ធសាស្ត្រ​ឈ្នះៗ​របស់​លោក​ក្នុង​ការ​តទល់​ជាមួយ​គូបដិបក្ខ។

ជាង​នេះ​ទៅ​ទៀត បើ​មើល​ពី​ដំណើរ​វិវឌ្ឍ​ការងារ​របស់​គណបក្ស​ទាំង​ពីរ​វិញ ទោះបីជា​គណបក្ស​ទាំង​ពីរ​ប្រកាស​ថា យក​វប្បធម៌​សន្ទនា ដើម្បី​ជជែក​គ្នា​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​ក៏ដោយ តែ​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា​នេះ ហាក់​មិន​ទាន់​មាន​លទ្ធផល​អ្វី​ជា​ដុំកំភួន​នៅ​ឡើយ។ ផ្ទុយ​ទៅ​វិញ​ជា​ញឹកញាប់ មេដឹកនាំ​គណបក្ស​ទាំង​ពីរ​បាន​ឆ្លងឆ្លើយ​សារ​នយោបាយ​ឌឺ​ដង​ដាក់​គ្នា​ក្នុង​ ការ​ទាញ​យក​ប្រជាប្រិយភាព​របស់​ខ្លួន។

ក្រោយ​ពី​ប្រើ​ធម៌​ក្ដៅ​ដាក់​គ្នា​រួច មេដឹកនាំ​គណបក្ស​ទាំង​ពីរ​ក៏​បាន​ចាប់​ដៃ​គ្នា​វិញ​ភ្លាមៗ ហើយ​ប្រកាស​ពី​ការ​ប្រើ​វប្បធម៌​សន្ទនា។ តើ​នេះ​ជា​ល្បែង​នយោបាយ​ដដែលៗ ដែល​អ្នក​នយោបាយ​ខ្មែរ​តែងតែ​ប្រើប្រាស់​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​ដោយ ​មាន​អ្វី​លាក់​កំបាំង​នៅ​ពី​ក្រោយ​ខ្នង ឬ​យ៉ាង​ណា?

ការ​ប្រើ​វប្បធម៌​សន្ទនា​នេះ ជា​ទម្លាប់​មួយ​ល្អ​ណាស់​សម្រាប់​អ្នក​នយោបាយ បើសិនជា​អ្នក​នយោបាយ​ប្រើប្រាស់​វប្បធម៌​នេះ ដើម្បី​ដោះស្រាយ​កិច្ចការ​ប្រទេស​ជាតិ​មែន​នោះ ហើយក៏​ជា​គំរូ​ដ៏​ល្អ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ទៀត​ដែរ។ ទន្ទឹម​នឹង​នេះ ការ​បង្ហាញ​ពី​សកម្មភាព​ពិត​របស់​អ្នក​នយោបាយ ថា​តើ​ពួកគេ​គិត​ផលប្រយោជន៍​ជាតិ ឬ​គិត​ពី​ផលប្រយោជន៍​ជាតិ​ជា​ធំ ឬ​យ៉ាង​ណា?

ផ្ទុយ​ទៅ​វិញ ការ​ប្រើ​វប្បធម៌​សន្ទនា​នេះ ហាក់​ដូច​ជា​ការ​ត​ថ្លៃ​គ្នា​ក្នុង​ការ​បែង​ចែក​អំណាច​គ្នា និង​ប្រើ​យុទ្ធសាស្ត្រ​ដើម្បី​យក​ឈ្នះ​ចាញ់​គ្នា​ទៅ​វិញ​ទេ ដូចជា​សភា​បាន​កែប្រែ​បទបញ្ជាផ្ទៃក្នុង​របស់​ខ្លួន​ដើម្បី​បង្កើត​ឲ្យ​មាន​ ប្រធាន​ក្រុម​ភាគតិច​នៅ​ក្នុង​សភា ដែល​លោក សម រង្ស៊ី ជា​ប្រធាន មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​ជាដើម។ ការ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​លោក សម រង្ស៊ី មាន​តួនាទី​ធំ​មួយ​នៅ​ក្នុង​សភា នៅ​ពេល​អនុ​ប្រធាន​គណបក្ស​របស់​លោក គឺ​លោក កឹម សុខា បាន​ក្លាយ​ជា​អនុ​ប្រធាន​ទី​១​សភា​ទៅ​ហើយ​នោះ។

មួយ​វិញ​ទៀត ចំពោះ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ គឺ​រដ្ឋាភិបាល​បាន​ដាក់​ទិសដៅ​បំបាត់​អំពើពុករលួយ និង​ភាព​អយុត្តិធម៌​សង្គម ជំរុញ​ការ​អភិវឌ្ឍន៍​កម្ពុជា ពី​ទីក្រុង​ដល់​ជនបទ និង​ប្រកាន់​នូវ​នយោបាយ​ដោះស្រាយ​បញ្ហា​ដោយ​មិន​ប្រើ​អាវុធ ដើម្បី​រក្សា​សន្តិសុខ និង​សេចក្ដី​សុខ ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ។ តែ​បញ្ហា​នេះ ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ រដ្ឋាភិបាល​ហាក់​ធ្វើ​មិន​បាន​ទាំង​ស្រុង​ឡើយ ពិសេស​នៅ​ក្រោយ​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ ក្រោយ​ពេល​បោះឆ្នោត​អាណត្តិ​ទី​៥ កងកម្លាំង​រដ្ឋាភិបាល​ប្រើប្រាស់​អាវុធ បង្ក្រាប​បាតុករ បាញ់​សម្លាប់ និង​របួស​ជា​ច្រើន​នាក់ មក​ទល់​ពេល​នេះ​មិន​ទាន់​ផ្ដល់​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​នៅ​ឡើយ។ រី​ឯ​រដ្ឋាភិបាល​វិញ ក៏​ទម្លាក់​រឿង​នេះ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ។ បើ​រវល់​តែ​ចង្អុល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នេះ តើ​យុត្តិធម៌​សម្រាប់​អ្នក​រង​គ្រោះ​នៅ​ឯ​ណា?

ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ក៏​មិន​ទាន់​ប្រើប្រាស់​វប្បធម៌​សន្ទនា ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​លើ​ករណី​នេះ​ដែរ មេដឹកនាំ​គណបក្ស​នេះ​បាន​ប្រើ​វិធីសាស្ត្រ​នយោបាយ​ទន់ភ្លន់​ដែល​មិន​ប្រឆាំង ​ដាច់ខាត និង​គណបក្ស​ប្រជាជន​កម្ពុជា ដូច​នៅ​​មុន​ពេល​បោះឆ្នោត និង​នៅ​ពេល​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​នោះ​ទេ។

សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ដូច​ជា​ប្រើ​យុទ្ធសាស្ត្រ​អង្អែល​ខ្នង​គណបក្ស​ប្រជាជន​កម្ពុជា។ ការ​ធ្វើ​ដូច្នេះ អាច​ខ្លាច​ខ្លួន​មិន​បាន​បំពេញភារកិច្ច​ក្នុង​សភា​ពេញ​មួយ​អាណត្តិ និង​មិន​សម្រេច​គោលបំណង​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ច្បាប់​បោះ​ឆ្នោត​ក៏​ថា​បាន ព្រោះ​លោក ហ៊ុន សែន នៅតែ​ព្រមាន​ដក​អភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ម្ដង​ហើយ​ម្ដង​ទៀត​នោះ។

ក្រោយ​ពី​ការ​ចូល​សភា​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤ មក មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សុំ​ឲ្យ​អ្នក​គាំទ្រ​ខ្លួន​ទុក​ពេល​ឲ្យ​សិន តែ​មក​ទល់​ពេល​នេះ ជា​លទ្ធផល​ឃើញ​តែ​គណៈកម្មការ​ជំនាញ​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​សួរ​នាំ​ក្នុង​សភា តែ​មិន​ទាន់​មាន​លទ្ធផល​ណា​មួយ​ជា​ដុំកំភួន​នៅ​ឡើយ។

ក្រៅ​ពី​នេះ​ទៀត លំហូរ​ជនបរទេស​មក​កម្ពុជា ឥត​ឈប់​ឈរ ហូរ​ចូល​ទាំង​ទំនិញ កសិផល​សព្វសារពើ មក​សម្លាប់​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ខ្មែរ។ ជនបរទេស​មក​ជំនួស​ការងារ​ពី​យុវជន​កម្ពុជា ដូចជា​ការងារ​សិប្បកម្ម សំណង់ និង​កសិកម្ម។ ពួកគេ​ខ្លះ​ចូល​​មក​តាមរយៈ​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ រដ្ឋាភិបាល​ប្រមាណ ៧០​ម៉ឺន​ហិកតារ ដែល​ក្រុមហ៊ុន​ទាំង​នោះ​យក​កម្លាំង​ពលកម្ម​ពី​ប្រទេស​វៀតណាម។ រី​ឯ​ដំណាំ​កសិផល​កសិកម្ម​វិញ ក៏​ហូរ​ចូល​មក​ពី​វៀតណាម ច្រើន​ដែរ ដែល​ជា​ឧបសគ្គ​ធ្វើ​ឲ្យ​កសិផល​ខ្មែរ​គ្មាន​ទីផ្សារ ឬ​ធ្លាក់​ចុះថោក។

ទន្ទឹម​នេះ យុវជន​ខ្មែរ​បាន​ធ្វើ​ចំណាក​ស្រុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទៅ​ធ្វើ​ខ្ញុំគេ​នៅ​ឯ​​បរទេស ដូចជា​ទៅ​ថៃ ម៉ាឡេស៊ី កូរ៉េ​ខាងត្បូង ទោះបីជា​ការងារ​នៅ​ក្រៅ​ប្រទេស​ប្រឈម​នឹង​គ្រោះថ្នាក់​ក៏ដោយ ដើម្បី​ក្រពះ និង​ដើម្បី​កូនចៅ បងប្អូន​មាន​ជីវភាព​អាច​រស់​បាន​សមរម្យ។ ចំណែក​ឯ​កូន​មន្ត្រី​ធំ​វិញ មាន​ទាំង​កូន​មន្ត្រី​បក្ស​ប្រឆាំង​ផង ធ្វើ​ចំណាកស្រុក​ដូចគ្នា​ដែរ គឺ​ទៅ​បន្ត​សិក្សា​បង់​លុយ​សិក្សា​រាប់​ម៉ឺន​ដុល្លារ​សហរដ្ឋ​ក្នុង​មួយ​ ឆ្នាំៗ ដូចជា​នៅ​សហរដ្ឋអាមេរិក សិង្ហបុរី និង​អូស្ត្រាលី និង​ប្រទេស​ផ្សេងៗ​ទៀត។

ពេល​ត្រឡប់​មក​ពី​បរទេស​ដល់​ស្រុក​កំណើត​វិញ យុវជន​ធ្វើ​ចំណាកស្រុក​ជា​កូន​កសិករ​នោះ ប្រឈម​នឹង​ភាព​អត់​ការងារ​ធ្វើ ខ្លះ​គ្មាន​វាសនា​មក​ជួបជុំ​បងប្អូន ឪពុក​ម្ដាយ​វិញ​ផង ដោយសារ​ជួប​គ្រោះថ្នាក់​ស្លាប់​នៅ​កន្លែង​ការងារ ឬ​ត្រូវ​ថៅកែ​ធ្វើបាប​ដោយ​ប្រការ​ណា​មួយ។ ដោយឡែក​កូន​អ្នកធំ​វិញ ពេល​ត្រឡប់​មក​វិញ ពួកគាត់​មាន​កៅអី​អង្គុយ​ស្រាប់​នៅ​ការិយាល័យ​ក្នុង​ម៉ាស៊ីន​ត្រជាក់​នៅ​តាម ​ស្ថាប័នរដ្ឋ​ខ្លះ មាន​ឋានន្តរសក្ដិ​ខ្ពង់ខ្ពស់ ខ្លះ​ពាក់​ផ្កាយ​លើ​ស្មា​ពីរ​បី មាន​អង្គរក្ស​ហែហម ការពារ​ទៀត​ផង។

របាយការណ៍​សិក្សា​ស្រាវជ្រាវ​ប្រទេស​កម្ពុជា របស់​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​រក​ឃើញ​ថា យុវជន​កម្ពុជា ហក់​ចូល​ទីផ្សារ​ការងារ​ក្នុង​១​ឆ្នាំៗ​មាន​ពី ២០​ម៉ឺន ទៅ ២៥​ម៉ឺន​នាក់ ហើយ​អ្នក​ដែល​មាន​ទទួល​បាន​ការងារ​ធ្វើ​ប្រមាណ ៥​ម៉ឺន​នាក់ ទៅ ៦​ម៉ឺន​នាក់​ទេ។

រី​ឯ​របាយការណ៍​ជំរឿន​ប្រជាសាស្ត្រ​របស់​ក្រសួង​ផែនការ​បង្ហាញ​ថា យុវជន​មាន​អាយុ​ពី ១៥​ឆ្នាំ ទៅ ៣០​ឆ្នាំ មាន ៤,៣​លាន​នាក់ ស្មើ ៣៣% នៃ​ប្រជាពលរដ្ឋ​សរុប ក្នុង​នោះ​អ្នក​ធ្វើ​ចំណាកស្រុក​មាន​ការងារ​ធ្វើ​ប្រមាណ ១​លាន​នាក់ អ្នក​ធ្វើ​ការ​រោងចក្រ​ប្រហែល ៧៥​ម៉ឺន​នាក់ និង​យុវជន​គ្មាន​ការងារ​ធ្វើ​ជាង ២​លាន​នាក់។
ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា បាន​រក​ឃើញ​ថា ចំនួន​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្បែរ​បន្ទាត់​ភាព​ក្រីក្រ​រស់​មាន​ចំណូល​ តិច​ជាង ២,៣០​សេន ក្នុង​មួយ​ថ្ងៃ មាន​ចំនួន​ជាង ៨​លាន​នាក់។ ក្រុម​នេះ​ជា​អ្នក​ងាយ​នឹង​ធ្លាក់​ចូល​ភាព​ក្រីក្រ​វិញ នៅ​ពេល​ដែល​ចំណូល​របស់​គាត់​បាត់បង់​ប្រមាណ ១.២០០​រៀល​ក្នុង​មួយ​ថ្ងៃ​ដែល​បញ្ហា​នេះ នឹង​ធ្វើ​ឲ្យ​អត្រា​ភាព​ក្រីក្រ​កើន​ឡើង​ដល់ ៤០% វិញ។

សរុប​សេចក្ដី​ទៅ ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តែ​មាន​បញ្ហា​លំបាក​ក្នុង​ការ​រស់​នៅ​ ប្រចាំ​ថ្ងៃ​ដដែល ដូច​ពាក្យ​ស្លោក​ខ្មែរ​ពោល​ថា អត្តាហិអត្តនោនាថោ  គឺ​ខ្លួន​ទី​ពឹង​ខ្លួន។ ចំពោះ​យន្តការ​ដោះស្រាយ​របស់​រដ្ឋាភិបាល​ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ។ បញ្ហា​សំខាន់​នោះ គឺ​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​ដោយ​ពឹង​លើ​ខ្លួន​ឯង ធ្វើ​យ៉ាង​ណា​រក​ចំណូល​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ។ គ្រួសារ​ខ្លះ​រក​មួយ​ថ្ងៃ​ដើម្បី​រស់​មួយ​ថ្ងៃ គ្រួសារ​ខ្លះ​ទៀត​ខំ​ការពារ​ផ្ទះសម្បែង​ដីធ្លី​ខ្លួន​ឯង​បែរ​ជា​ដេក​ក្នុង​ គុក​ទៅ​វិញ ដូចជា​អ្នក​បឹងកក់ បុរីកីឡា និង​សហគមន៍​មួយ​ចំនួន​ទៀត​ជា​ដើម។

រី​ឯ​គណបក្ស​នយោបាយ​ជាប់​ឆ្នោត​ទាំង​ពីរ​វិញ បាន​ត្រឹម​រៀបចំ​យុទ្ធសាស្ត្រ​ប្រកួត​ប្រជែង​គ្នា​ទៀត​នៅ​អាណត្តិ​ទី​៦ ខាង​មុខ ដូចជា​ការ​រៀបចំ​ស្ថាប័ន​បោះឆ្នោត​ថ្មី ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត និង​ការ​រៀបចំ​ទុកដាក់​កូនចៅ​ខ្លួន​ទៅ​ក្នុង​ជួរ​គណបក្ស ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា បញ្ចូល​កូន​មេដឹកនាំ​កំពូល​ក្នុង​គណៈកម្មការ​កណ្ដាល ដូច​គ្នា​នេះ គណបក្ស​សង្គ្រោះ​ជាតិ​វិញ ក៏​បញ្ចូល​កូន​ដូច​គ្នា​ដើម្បី​ត្រៀម​ខ្លួន​បន្ត​វេន។ គណបក្ស​ទាំង​ពីរ​ហាក់​គ្មាន​ពេល​គិតគូរ​ដល់​ប្រជាពលរដ្ឋ​ដូច​ដែល​ខ្លួន​បាន​ សន្យា​នៅ​មុន​ពេល​បោះឆ្នោត ដូច​ពាក្យ​ចាស់​ពោល​ថា ឆ្លង​ស្ពាន​ហើយ​រុះ​ស្ពាន​ចោល៕


No comments:

Post a Comment