Paris Peace Accords 23 Oct. 1991

Friday, February 20, 2015

ក្រសួង​មហាផ្ទៃ អំពាវនាវ​ ឲ្យ​ពលរដ្ឋ​ ទៅ​ធ្វើ​ អត្តសញ្ញាណប័ណ្ណ | Interior Ministry urges people to obtain ID card

ក្រសួង​មហាផ្ទៃ អំពាវនាវ​ ឲ្យ​ពលរដ្ឋ​ ទៅ​ធ្វើ​ អត្តសញ្ញាណប័ណ្ណ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៩ កុម្ភៈ ២០១៥

អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ៦១០
អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។  Photo: RFA

ក្រសួង​មហាផ្ទៃ អំពាវនាវ ​ឲ្យ​ពលរដ្ឋ​ ទៅ​ធ្វើ​ អត្តសញ្ញាណប័ណ្ណ ដើម្បី​ ងាយ​ស្រួល ​ចូលរួម ​បោះ​ឆ្នោត។  ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ បន្ទាប់​ ពី​ក្រុម​ការងារ​ ចរចា ​នៃ​គណបក្ស​ ទាំង​ពីរ​ ឯកភាព​គ្នា ដោយ​ចែង​ ច្បាប់​បោះ​ឆ្នោត​ ថ្មី ​ថា, នឹង​យក​អត្តសញ្ញាណប័ណ្ណ​ ជា​ឯកសារ​គោល​ សម្រាប់ ​បម្រើ​ការចុះ​ឈ្មោះ ​បោះ​ឆ្នោត និង​បោះ​ឆ្នោត។

លិខិត​ អំពាវនាវ​ របស់ ​ក្រសួង​មហាផ្ទៃ បរិយាយ ​ថា, អត្តសញ្ញាណប័ណ្ណ​ សញ្ជាតិ​ខ្មែរ​ ជា​ឯកសារ​ គតិយុត្តិ ​ដ៏​សំខាន់​ ចាំបាច់ សម្រាប់ ​បញ្ជាក់ ​ពី​អត្តសញ្ញាណ ​របស់ ​បុគ្គល​ ម្នាក់ៗ ដើម្បី​ ធានា​ ដល់​ការ​ លើក​កម្ពស់ ​សិទ្ធិ, សេរីភាព, ផល​ប្រយោជន៍, និង​កាតព្វកិច្ច​ សង្គម, ជាពិសេស ​ការ​អនុវត្ត​សិទ្ធិ​ ខាង​នយោបាយ។

លិខិត​នេះ ស្នើ​ ឲ្យ​ប្រជាពលរដ្ឋ​ អាយុ​ ចាប់​ពី ១៥​ឆ្នាំ​ ឡើង​ទៅ​ ដែល​មិន​ ទាន់​មាន ​អត្តសញ្ញាណប័ណ្ណ សូម​ មេត្តា ​ទៅ​បំពេញ​ សំណុំ​បែបបទ​ ធ្វើ​អត្តសញ្ញាណប័ណ្ណ តាម​គោលដៅ ​ដែល​កំណត់​ ដោយ​អាជ្ញាធរ​ មាន​សមត្ថកិច្ច និង​បញ្ជា​ ឲ្យ​អាជ្ញាធរ ​គ្រប់​លំដាប់​ថ្នាក់ ចុះ​អន្តរាគមន៍ ​ឲ្យ​ប្រជាពលរដ្ឋ​ ទទួល​បាន​ អត្តសញ្ញាណប័ណ្ណ​ គ្រប់ៗ​គ្នា។

ប្រធាន ​ក្រុម​ការងារ​ ចរចា​ របស់​ គណបក្ស​ ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន ធ្លាប់​មាន​ ប្រសាសន៍ ​ថា, គណបក្ស​ កាន់​អំណាច ​មាន​គោលការណ៍ ​ជំរុញ ​ឲ្យ​ក្រសួង​មហាផ្ទៃ ធ្វើ​អត្តសញ្ញាណប័ណ្ណ​ ជូន​ពលរដ្ឋ​ ឲ្យ​បាន ​ច្រើន​បំផុត​ តាម​ដែល​អាច​ ធ្វើ​ទៅ​បាន នៅ​មុន​ ការ​បោះ​ឆ្នោត ​ជ្រើស​តាំង​ ក្រុមប្រឹក្សា​ ឃុំ-សង្កាត់​ ឆ្នាំ​២០១៧។

ចំណែក​ ឯ​ប្រធាន ក្រុម​ការងារ​ ចរចា ​គណបក្ស​ សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន មាន​ប្រសាសន៍​ នៅ​ថ្ងៃ​ ទី​១៩ ខែ​កុម្ភៈ ថា, លោក​ គាំទ្រ ​ចំណាត់​ការ ​របស់ ​ក្រសួង​មហាផ្ទៃ ក្នុង​ការ​អំពាវនាវ​ នេះ។   ប៉ុន្តែ ​លោក​ ស្នើ​ឲ្យ​ អាជ្ញាធរ​ ពិនិត្យ​ ឲ្យ​បាន​ច្បាស់​ ថា, អ្នក​ណា​ខ្លះ​ ត្រូវ​ ទទួល​បាន​ អត្តសញ្ញាណប័ណ្ណ ​សញ្ជាតិ​ខ្មែរ, ព្រោះ​ថា កន្លង​ទៅ​ ជន​អន្តោប្រវេសន៍ ​ជាច្រើន ​អាច​ធ្វើ​ អត្តសញ្ញាណប័ណ្ណ​ សញ្ជាតិ​ខ្មែរ ​បាន ដោយសារ​ សូកប៉ាន់។

វិទ្យុ​ អាស៊ី សេរី មិន​អាច​ ទាក់ទង ​ប្រធាន​ នាយកដ្ឋាន​ អត្តសញ្ញាណកម្ម​ លោក ​ឧត្តមសេនីយ៍ សុខ ផល បាន​ទេ ​នៅ​ល្ងាច​ថ្ងៃ​ ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

ទោះ​ ជា​បែប​ណា​ក្តី ប្រធាន​ បណ្ដាញ ​រួបរួម ​គណនេយ្យ​ភាព​ សង្គម​អាស៊ី​បូព៌ា និង​អាស៊ី​ប៉ាស៊ីហ្វិក ប្រចាំ​នៅ​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា រាជ​រដ្ឋាភិបាល​គួរ​ណាស់​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ជូន​ពលរដ្ឋ​ជា​មុន​សិន ទើប​មិន​មាន​បាតុភាព​នៅ​ពេល​ធ្វើ​អត្តសញ្ញាណប័ណ្ណ។ លោក​លើក​ឡើង​ថា មន្ត្រី​ដែល​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ នៅ​តែ​លម្អៀង​ទៅ​រក​អ្នក​មាន​លុយ ហើយ​ជានិច្ច​កាល​តែង​ឆ្លៀត​យក​ពេល​ចុះ​ធ្វើ​ការ​នោះ ទៅ​គោះ​យក​លុយ​ពី​ពលរដ្ឋ​ទៀត​ផង។

យ៉ាង​ណា​មិញ លិខិត​របស់​ក្រសួង​មហាផ្ទៃ មិន​បាន​បញ្ជាក់​ពី​តម្លៃ​នៃ​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឡើយ។ ប្រជាពលរដ្ឋ​ប្រាប់​ថា ពួក​គាត់​ត្រូវ​បង់​ប្រាក់ ១​ម៉ឺន​រៀល ដើម្បី​អាច​បំពេញ​សំណុំ​បែបបទ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​បាន។ ក្រសួង​មហាផ្ទៃ ក៏​មិន​បាន​ប្រកាស​ពី​លេខ​ទូរស័ព្ទ​ពិសេស​ណា​មួយ ដើម្បី​ប្រជាពលរដ្ឋ​ប្ដឹងផ្ដល់​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ធ្វើ​ អត្តសញ្ញាណប័ណ្ណ​នោះ​ទេ៕



No comments:

Post a Comment