Paris Peace Accords 23 Oct. 1991

Monday, November 16, 2015

អាមេរិក​ ជំរុញ ​ឲ្យ​សភា ​ប្រគល់​ សមាជិកភាព​ សភា​ និង​អភ័យឯកសិទ្ធិ​ ឲ្យ​លោក សម រង្ស៊ី វិញ | US urges NatAss restore parliamentary membership and immunity to Sam Rainsy

អាមេរិក​ ជំរុញ ​ឲ្យ​សភា ​ប្រគល់​ សមាជិកភាព​ សភា​ និង​អភ័យឯកសិទ្ធិ​ ឲ្យ​លោក សម រង្ស៊ី វិញ

RFA / វិទ្យុ អាស៊ី សេរី | ១៦ វិច្ឆិកា ២០១៥

ស្ថានទូត​អាមេរិក ៣០៥
រូប​សញ្ញា​ ស្ថានទូត ​អាមេរិក​ ប្រចាំ​នៅ​កម្ពុជា
RFA


សហរដ្ឋ អាមេរិក ​ជំរុញ​ ឲ្យ​រដ្ឋសភា​ កម្ពុជា​ ប្រគល់​ សមាជិកភាព​ សភា និង​អភ័យឯកសិទ្ធិ​ សភា ​ទៅ​ឲ្យលោក សម រង្ស៊ី ប្រធាន ​គណបក្ស​ សង្រ្គោះជាតិ​វិញ។  ការ​ទទូច​នេះ ធ្វើ​ឡើង ​ភ្លាម​ៗ   បន្ទាប់​ ពី​រដ្ឋសភា​ បាន​សម្រេច​ ដក​ទាំង​ស្រុង​ នូវ​សិទ្ធិ, បុព្វសិទ្ធិ,  និង​សមាជិកភាព ​ជា​សមាជិក​ សភា របស់​លោក សម រង្ស៊ី ពី​មណ្ឌល​ ខេត្ត​ កំពង់ចាម នៅ​ថ្ងៃ​ ទី១៦ ខែ​វិច្ឆិកា។ 

សេចក្ដី​ប្រកាស ​ព័ត៌មាន​ របស់​ ស្ថានទូត​ សហរដ្ឋ អាមេរិក​ ប្រចាំ​កម្ពុជា ចុះ​ផ្សាយ​ នៅ​ថ្ងៃទី១៦ ខែ​វិច្ឆិកា លើក​ឡើង ​ថា, សហរដ្ឋ អាមេរិក មាន​ការ​ ព្រួយបារម្ភ​ យ៉ាង​ខ្លាំង​ ពី​ការ​ដក​ សមាជិកភាព​ សភា លោក សម រង្ស៊ី ដោយ​គណបក្ស​ ប្រជាជនកម្ពុជា។

សហរដ្ឋ អាមេរិក,  ដែល​ចាត់​ទុក​ ការ​ដក​ សមាជិកភាព​ សភា​ លោក សម រង្ស៊ី ថា, ​កំពុង​ តែ ​ធ្វើ​ឲ្យ បរិយាកាស ​ប្រជាធិបតេយ្យ​ នៅ​កម្ពុជា រិតតែ ​ធ្លាក់​ចុះ​ មួយ​កម្រិត​ ទៀត​នោះ,  ជំរុញ​ ឲ្យ​រដ្ឋសភា​ ប្រគល់ ​សមាជិកភាព​ សភា និង​អភ័យឯកសិទ្ធិ សភា ​ទៅ​ឲ្យ​លោក សម រង្ស៊ី វិញ​ ជា​បន្ទាន់។

សហរដ្ឋអាមេរិក ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​ដក​ចេញ​នូវ​ដីកា​តាម​ចាប់​ខ្លួន​លោក សម រង្ស៊ី ក្នុង សំណុំ​រឿង​បរិហារកេរ្តិ៍ លោក ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួងការបរទេស ដែល​សហរដ្ឋអាមេរិក លើក​ឡើងថា បាន​កើត​ឡើង​រយៈពេល​៧ឆ្នាំ​មក​ហើយ​នោះ។

សហរដ្ឋអាមេរិក​កត់​សម្គាល់​ថា ចំណាត់​ការ​របស់​រដ្ឋសភា​មក​លើ​លោក សម រង្ស៊ី ពេល​នេះ គឺ​ជា​ឧប្បត្តិហេតុ​ថ្មីៗ​បំផុត​មួយ​ទៀត ដែល​បង្ហាញ​ពី​ការ​យាយី និង​គំរាមកំហែង​ទៅ​លើ​បក្ស​ប្រឆាំង ក្នុង​នោះ​រួម​មាន​តាំង​ពី​ការ​វាយ​ប្រហារ ទៅ​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នៅ​មុខ​រដ្ឋសភា និង​ការ​ដក​តំណែង​លោក កឹម សុខា ពី​អនុប្រធានទី១​រដ្ឋសភា​ផង​ដែរ។ សហរដ្ឋអាមេរិក លើក​ឡើង​ថា ព្រឹត្តិការណ៍​ទំាង​នេះ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។



No comments:

Post a Comment