Paris Peace Accords 23 Oct. 1991

Wednesday, April 20, 2016

របាយការណ៍៖ សេរីភាព សារព័ត៌មាន កម្ពុជា​ ប្រសើរជាង ប្រទេស សមាជិក អាស៊ាន, តែ បន្ត នៅក្នុងស្ថានភាព អាក្រក់

របាយការណ៍៖ សេរីភាព សារព័ត៌មាន កម្ពុជា​ ប្រសើរជាង ប្រទេស សមាជិក អាស៊ាន, តែ បន្ត នៅក្នុងស្ថានភាព អាក្រក់

| ២០ ខែមេសា ឆ្នាំ២០១៦​
អង្គការ អ្នករាយការណ៍ គ្មាន ព្រំដែន (Reporters Without Borders) បានចំណាត់ថ្នាក់ សេរីភាព សារព័ត៌មាន សម្រាប់ ប្រទេស កម្ពុជា ប្រសើរជាង ប្រទេស ទាំងអស់ ជាសមាជិក អាស៊ាន, តែ សេរីភាពនេះ ស្ថិតនៅក្នុង ស្ថានភាព អាក្រក់ ដដែល។

នៅក្នុងរបាយការណ៍ស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានឆ្នាំ២០១៦ចេញផ្សាយនៅថ្ងៃពុធនេះ អង្គការអ្នករាយការណ៍គ្មានព្រំដែនបានចំណាត់ថ្នាក់ប្រទេសចំនួន១៨០នៅក្នុងពិភពលោក អំពីសន្ទស្សន៍សេរីភាពសារព័ត៌មាន ដោយផ្អែកលើសេរីភាពនិងសុវត្ថិភាពរបស់អ្នកសារព័ត៌មាន ចំនួនប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យភាព និងបរិយាកាសបំពេញតួនាទីរបស់អ្នកសារព័ត៌មាន។ បើតាមសន្ទស្សន៍នោះ កម្ពុជា ទទួល ចំណាត់ថ្នាក់ លេខ១២៨ សម្រាប់ សេរីភាពសារ ព័ត៌មាន ក្នុងឆ្នាំ២០១៥ ដែលធ្លាក់ ពីលេខ ១៣៩ សម្រាប់ សេរីភាពសារ ព័ត៌មាន ក្នុងឆ្នាំ២០១៤។
 
អង្គការអ្នករាយការណ៍គ្មានព្រំដែនចាត់កម្រិតនៃស្ថានភាពសារព័ត៌មានជា៥កម្រិតគឺស្ថានភាពល្អ ស្ថានភាពដែលអាចទទួលយកបាន កម្រិតមានបញ្ហាគួរឲ្យកត់សម្គាល់ ស្ថានភាពអាក្រក់ និងស្ថានភាពអាក្រក់ខ្លាំង។ កម្ពុជាទទួលបានចំណាត់ថ្នាក់ប្រសើរជាងប្រទេសឥណ្ឌូនេស៊ី(ទទួលចំណាត់ថ្នាក់១៣០) ថៃ(១៣៦) មីយ៉ាន់ម៉ា(១៤៣) ហ្វីលីពីន(១៣៨) ម៉ាឡេស៊ី(១៤៦) សិង្ហបុរី(១៥៤)និងព្រុយនេ(១៥៥)ឡាវ(១៧៣)និងវៀតណាម(១៧៥)។ កាលពីឆ្នាំមុន កម្ពុជាឈរនៅលំដាប់ល្អជាងប្រទេសហ្វីលីពីន មីយ៉ានម៉ា ម៉ាឡេស៊ី សិង្ហបុរី ឡាវនិងវៀតណាមតែប៉ុណ្ណោះ។ ចំណែកប្រទេសដែលទទួលបានចំណាត់ថ្នាក់ល្អជាងគេ រួមមានប្រទេសហ្វាំងឡង់ ហូឡង់និងន័រវ៉េ។
បើតាមរបាយការណ៍នោះ ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល។ របាយការណ៍បន្តថាការបរិហាកេរ្តិ៍និងការធ្វើឲ្យប៉ះពាល់រូបភាពប្រទេសជាញឹកញយត្រូវបានចោទប្រកាន់។ របាយការណ៍ឲ្យដឹងទៀតថារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងតែរៀបចំច្បាប់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធើណែត។
អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត្យ សុធា បានបដិ សេធមិនអត្ថាធិប្បាយលើបញ្ហានេះ ដោយលោកថាមិនទាន់បានឃើញរបាយការណ៍។
អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា លោក ពុយ គា មានប្រសាសន៍ថាសេរីភាពអ្នកសារព័ត៌មាននៅកម្ពុជាមិនល្អពេកនិងមិនអន់ពេកនោះទេ បើធៀបនឹង១៨០ប្រទេស។ លោកបន្តថាដើម្បីឲ្យសេរីភាពសារព័ត៌មានល្អប្រសើរជាងនេះ លុះត្រាតែអ្នកសាព័ត៌មាននិងរដ្ឋាភិបាលអនុវត្តការងាររបស់ខ្លួនប្រកបដោយភាពចាស់ទុំ។ លោកមានប្រសាសន៍ថា៖ «ទំាងសារព័ត៌មាន ទំាងរដ្ឋាភិបាល ទំាងអស់ ឲ្យចាស់ទុំ, មានន័យ ថា, ឲ្យយល់គ្នា ទៅវិញទៅមក, ហើយ ការសរសេរ របស់យើង ឲ្យគោរព តាមវិជ្ជាជីវៈ មិនមាន បញ្ហាទេ។  កន្លងមក មានសារព័ត៌មាន របស់យើង មួយចំនួន តូច គឺ ថា, ធ្វើឲ្យវា មិនបាន គោរព តាមវិជ្ជាជីវៈ នៃក្រមសីលធម៌ បានល្អ។  អញ្ចឹងហើយ បានធ្វើ ឲ្យមាន ការប្រទំាងប្រទើស នៅក្នុងការផ្សាយ របស់ខ្លួន  វា ធ្វើឲ្យ ប៉ះពាល់ ដល់អ្នក ដទៃ ឬមួយ ក៏គាត់ យកទៅ មិនបាន គ្រប់ជ្រុងជ្រោយ។  ដោយឡែក ខាងអាជ្ញាធរ, ពេលខ្លះ គាត់ អត់ទាន់ បានយល់ ពីវិជ្ជាជីវៈ អ្នកសារព័ត៌មាន។  គាត់ យល់ថា, អ្នកសារព័ត៌មាន គឺ សរសេរខុស, សរសេរអី។  គាត់ មានការប្តឹង, ប៉ុន្តែ គាត់ មិនបាន យោងទៅលើច្បាប់ សារព័ត៌មាន ថា, ត្រូវ ឲ្យកែតម្រូវ សិន មុន នឹងគាត់ ប្រតិកម្មប្តឹង។»

គួរបញ្ជាក់ថាកាលពីថ្ងៃទី១៦ខែមីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាកម្ពុជាពិតនិងកម្ពុជាលើបណ្តាញសារព័ត៌មានខុសគ្នា ដោយលោកបានរិះគន់សារព័ត៌មាននិងអ្នកនយោបាយមួយចំនួនថាសរសេរនិងនិយាយធ្វើឲ្យខូចកេរ្តិ៍ឈ្មោះកម្ពុជា។  លោកមានប្រសាសន៍ថា៖ «ប៉ុន្តែ នេះ ដោយសារ វា ជាកម្ពុជា ពិត ទើប ខ្ញុំ និយាយលេងសើច។  បើសិនជា កម្ពុជា លើទំព័រ លើសារព័ត៌មាន, គឺ យើង គ្មាន ឱកាស នឹងលេងសើចទេ,  ព្រោះ វា ជាឋាននរកលោកិយ របស់ អ្នកនយោបាយ ខ្លះ ដែលដើរសំអុយ កេរ្តិ៍ឈ្មោះ កម្ពុជា ស្រប នឹងសារព័ត៌មាន ដែលមិន សុចរិតភាព។  តែ ហ្នឹង ជាសិទ្ធិបញ្ចេញ មតិ របស់ គេទេ៕»


No comments:

Post a Comment