គ.ជ.ប. រង់ចាំ សម្ភារៈ និងការប្រកាស របស់ រដ្ឋាភិបាល ដើម្បី ដំណើរការ ចុះឈ្មោះ បោះឆ្នោត
RFA / វិទ្យុ អាស៊ី សេរី | ២០ មេសា ២០១៦
គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) អះអាង ថា, បានត្រៀម លក្ខណៈ គ្រប់គ្រាន់ហើយ ដើម្បី ដំណើរការ ចុះឈ្មោះ បោះឆ្នោត, ប៉ុន្តែ នៅមិនទាន់ កំណត់ កាលបរិច្ឆេទ នៃការ ចុះឈ្មោះ បោះឆ្នោត ជាផ្លូវការ ទេ រហូត មកទល់ ពេលនេះ។ សង្គមស៊ីវិល ដែលធ្វើការ ទាក់ទង នឹងការងារ បោះឆ្នោត ជំរុញ ឲ្យ គ.ជ.ប. ពន្លឿនកិច្ចការនេះ ឲ្យបានឆាប់ ដើម្បី ឲ្យការបោះឆ្នោត ប្រព្រឹត្តទៅ ដោយរលូន និងជឿ ទុកចិត្ត បាន។
បញ្ហា ដែលមិនអាច ដំណើរការ ចុះឈ្មោះ បោះឆ្នោតបាន នៅពេលនេះ ត្រូវ បានប្រធាន នាយកដ្ឋាន ព័ត៌មាន និងទំនាក់ទំនង សាធារណៈ នៃគ.ជ.ប. លោក ខន កែវមនោ ពន្យល់ ថា, គឺ ដោយសារ គ.ជ.ប. មិនទាន់ ទទួលបាន សម្ភារៈ និងបរិក្ខារ បម្រើ ឲ្យការ ចុះឈ្មោះ បោះឆ្នោត និងការប្រកាស កំណត់កាល បរិច្ឆេទ នៃការបោះឆ្នោត ពីរដ្ឋាភិបាល។
លោក បន្តថា នៅពេល ដែលរដ្ឋាភិបាល កំណត់ កាលបរិច្ឆេទ នៃការបោះឆ្នោត ច្បាស់លាស់ ដែលតាមច្បាប់ គឺ រយៈពេល ៩ខែ មុនថ្ងៃ បោះឆ្នោត, ព្រមទាំង ទទួលបាន សម្ភារៈ បច្ចេកទេស ដូចជាកុំព្យូទ័រ គ្រប់គ្រាន់ហើយ, នោះ គឺ គ.ជ.ប. នឹងដំណើរការ ចុះឈ្មោះ បោះឆ្នោត ភ្លាមៗ៖ «កាលពីឆ្នាំ២០១២ ការបោះឆ្នោត ប្រព្រឹត្តទៅ នៅខែ មិថុនា។ អ៊ីចឹង ការបោះឆ្នោត សម្រាប់ ឆ្នាំ២០១៧ ក៏អាចធ្វើ នៅខែ មិថុនា នេះដែរ។ កាលបរិច្ឆេទ នៃការបោះឆ្នោត ត្រូវ ប្រកាស ដោយរដ្ឋាភិបាល តាមសំណើ របស់ រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ។»
ចំពោះបញ្ហាបរិយាកាសនយោបាយអាប់អួរនៅពេលនេះ លោក ខន កែវមនោ លើកឡើងថា មិនមែនជាឧបសគ្គឡើយ ព្រោះថា គ.ជ.ប នឹងនៅតែរៀបចំការបោះឆ្នោតទៅតាមច្បាប់កំណត់។
រីឯនាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា លើកឡើងថា គ.ជ.ប គួរតែជំរុញឲ្យដំណើរការចុះឈ្មោះបោះឆ្នោតឲ្យបានលឿន ដើម្បីកុំឲ្យរំកិលទៅដល់ខែភ្លៀងនាំឲ្យលំបាកដល់ប្រជាពលរដ្ឋ៖ «បើធ្វើនៅមុនខែភ្លៀង គឺល្អ ហើយ គ.ជ.ប ត្រូវផ្តល់ព័ត៌មាននេះឲ្យបានលឿនបន្តិច ព្រោះប្រជាពលរដ្ឋជិត ១០លាននាក់ដែលមានសិទ្ធិបោះឆ្នោត ដើម្បីឲ្យគេបានត្រៀមខ្លួនចូលរួមចុះឈ្មោះ ព្រោះបច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរមានការងារធ្វើផ្លាស់ប្ដូរពីកន្លែងមួយទៅកន្លែង មួយអ៊ីចឹងពិបាក។»
ទន្ទឹមគ្នានេះ លោកអំពាវនាវឲ្យរដ្ឋាភិបាល ត្រូវទទួលខុសត្រូវក្នុងការស្ដារបរិយាកាសនយោបាយឲ្យល្អឡើងវិញ ដើម្បីធានាឲ្យការត្រៀមប្រកួតប្រជែងនយោបាយនៅពេលខាងមុខនេះ ប្រកបដោយសេរី និងយុត្តិធម៌៖ «បរិយាកាសនយោបាយក៏សំខាន់ ណាស់ដែរ ធ្វើយ៉ាងណាកុំឲ្យគណបក្សនយោបាយ និងប្រជាជន មានការភ័យខ្លាច ហើយអាចចូលរួមដោយសេរី និងមានអត្ថន័យត្រឹមត្រូវ។»
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា លោក ចច អែដហ្គឺរ (George Edgar) សង្ឃឹម ថា ជំនួយសម្ភារៈបច្ចេកទេស និងជំនួយជាថវិកាប្រមាណ ១០លានអឺរ៉ូ ស្មើប្រមាណជាង ១១លានដុល្លារអាមេរិកដែលសហភាពអឺរ៉ុប ផ្តល់ឲ្យ គ.ជ.ប សម្រាប់កំណែទម្រង់ការបោះឆ្នោត ជាពិសេសផ្ដោតលើការចុះឈ្មោះបោះឆ្នោតនោះ នឹងធ្វើឲ្យលទ្ធផលនៃការបោះឆ្នោតខាងមុខនេះ ប្រកបដោយការជឿទុកចិត្តពីគ្រប់ភាគីទាំងអស់៖ «ដំណើរការនៃការចុះឈ្មោះ ត្រូវធ្វើយ៉ាងណាឲ្យប្រកបដោយទំនុកចិត្ត និងតម្លាភាព។»
ក្នុងការបោះឆ្នោតកន្លងមក ពលរដ្ឋ សង្គមស៊ីវិល និងបក្សប្រឆាំង តែងរិះគន់ទៅលើដំណើរការរៀបចំការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតរបស់ គ.ជ.ប។ ពលរដ្ឋរអ៊ូរទាំថា ការចុះឈ្មោះបោះឆ្នោតមិនមានភាពប្រក្រតី ដូចជាពលរដ្ឋមិនអាចចុះឈ្មោះបោះឆ្នោតបានដោយសារការរើសអើងនយោបាយ ការបាត់ឈ្មោះបោះឆ្នោត ការមានឈ្មោះខ្មោច និងការគំរាមកំហែងផ្នែកនយោបាយ ជាដើម។
បើទោះបីជា គ.ជ.ប ថ្មី តែងថ្លែងប្ដេជ្ញាធ្វើឲ្យការបោះឆ្នោតក្នុងពេលខាងមុខប្រកបដោយភាព ត្រឹមត្រូវ និងយុត្តិធម៌ក្តី ប៉ុន្តែស្ថានភាពនយោបាយបច្ចុប្បន្ន ដែលបក្សប្រឆាំងហាក់ត្រូវបានបក្សកាន់អំណាចកំពុងគាបសង្កត់គ្រប់ ច្រកល្ហកបែបនេះ គេពិបាកនឹងជឿថា ការបោះឆ្នោតអាចប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមការប្ដេជ្ញារបស់ គ.ជ.ប នេះណាស់៕
No comments:
Post a Comment