សង្គមស៊ីវិល និងបក្សប្រឆាំង ចង់ឃើញ លោក ហ៊ុន សែន ដករដ្ឋមន្ត្រី ពីររូប ដែលអសកម្ម
RFA / វិទ្យុ អាស៊ី សេរី | ៧ មេសា ២០១៦
រដ្ឋមន្ត្រីពីររូប គឺរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា។ រដ្ឋមន្ត្រីទាំងពីររូបនេះ គឺជាមុខសញ្ញាដែលពលរដ្ឋ សង្គមស៊ីវិល និងបក្សប្រឆាំង ចង់ឃើញ លោក ហ៊ុន សែន មានចំណាត់ការបន្ត ឬបញ្ចប់មុខងាររដ្ឋមន្ត្រីទាំងពីររូបនេះតែម្តង។
លោក យឹម សុវណ្ណ ថ្លែងថា យើង អត់ឃើញអីមានការប្រែប្រួលទេ។ យើងឃើញហើយអំពើអយុត្តិធម៌ក្នុងសង្គមកើតឡើង ប្រព័ន្ធយុត្តិធម៌ទាំងមូលត្រូវកែប្រែ សុខាភិបាលក៏ចឹងដែរ អត់មានគុណភាពទេ ទន់ខ្សោយយឺតយ៉ាវ។ពួកគេថា ការបំពេញការងារមិនបានល្អរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបង្កឲ្យមានបញ្ហានៅក្នុងសង្គម ភាពអយុត្តិធម៌ និងមានអំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការ ជាដើម។ ចំណែករឿងសុខាភិបាល គឺគ្រូពេទ្យខ្លះខ្វះក្រមសីលធម៌ ធ្វេសប្រហែសក្នុងការបំពេញការងារ និងធ្វើឲ្យពលរដ្ឋបាត់បង់ជំនឿលើគ្រូពេទ្យខ្មែរ ហើយត្រូវបង្ខំចិត្តរត់ទៅព្យាបាលជំងឺនៅបរទេស ខណៈដែលពលរដ្ឋក្រីក្រគ្មានប្រាក់បង់ថ្លៃសេវា ពេលខ្លះប្រឈមនឹងការមិនយកចិត្តទុកដាក់ព្យាបាលរបស់គ្រូពេទ្យ។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ យល់ឃើញថា ការផ្លាស់ប្ដូរសមាសភាពរដ្ឋាភិបាលរបស់ លោក ហ៊ុន សែន អាចកាត់ផ្តាច់ឫសគល់គ្រួសារនិយមនៅក្នុងក្រសួងខ្លះ និងជាសារព្រមានទៅរដ្ឋមន្ត្រី ឲ្យសកម្មនឹងការងាររបស់ខ្លួន និងជាដំណើរការវិវឌ្ឍន៍ឆ្ពោះទៅការធ្វើកំណែទម្រង់បន្ថែមក្នុងជួរ គណៈរដ្ឋមន្ត្រីរបស់ លោក ហ៊ុន សែន។
ទាក់ទង នឹងរដ្ឋមន្ត្រី ក្រសួង សុខាភិបាល និងរដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ លោកបណ្ឌិត រស់ រ៉ាវុធ យល់ថា ប្រសិនបើ ពលរដ្ឋ បាត់បង់ជំនឿ លើរដ្ឋមន្ត្រី ទាំងពីរ រូប នេះហើយ, ប្រមុខរដ្ឋាភិបាល គួរ ពិចារណា លើកង្វល់ របស់ ពលរដ្ឋ។ បើ មិនដូច្នេះទេ នៅពេល បោះឆ្នោត ពលរដ្ឋ នឹងផ្លាស់ប្ដូរ រដ្ឋាភិបាល ទាំងមូល តែម្តង៖ «យើង មិនអាចបង្គាប់បញ្ជាថាយ៉ាងណា ឬយ៉ាងណានោះទេ ប៉ុន្តែសារដែលពលរដ្ឋបានផ្ញើហ្នឹង ប្រសិនបើគាត់ (រដ្ឋមន្ត្រី) ការ ផ្លាស់ប្ដូរ ហើយការផ្លាស់ប្ដូរ មហាជនអាចទទួលយកបាន ទុកឱកាសឲ្យមនុស្សកែប្រែ ប៉ុន្តែគ្មានការផ្លាស់ប្ដូរទេ ប្រជាពលរដ្ឋគាត់នឹងផ្លាស់ប្ដូរនៅពេលបោះឆ្នោត ៥ឆ្នាំម្តង។»
រដ្ឋសភា សម្រេចបោះឆ្នោតផ្លាស់ប្ដូរសមាសភាពរដ្ឋមន្ត្រីតាមសំណើរបស់រដ្ឋាភិបាល ដូចការគ្រោងទុកកាលពីថ្ងៃទី៤ ខែមេសា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងនៅក្នុងកិច្ចប្រជុំសភានោះថា ការរុះរើគណៈរដ្ឋមន្ត្រីនៅពេលនេះ គឺធ្វើទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ។
ក្នុងការផ្លាស់ប្ដូរនោះ ក្នុងចំណោមរដ្ឋមន្ត្រីចំនួន ៧ក្រសួង មានតែអតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ឹម ឈុនលឹម និងអតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន ត្រូវបញ្ចប់មុខងារជារដ្ឋមន្ត្រី។ ចំណែករដ្ឋមន្ត្រី និងមន្ត្រីផ្សេងទៀត គឺគ្រាន់តែផ្លាស់ប្ដូរកន្លែងការងារប៉ុណ្ណោះ។
អ្នកតាមដានស្ថានការណ៍នយោបាយ និងជានាយកអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ យល់ថា លោក ហ៊ុន សែន មិនអាចផ្លាស់ប្ដូរ ឬដករដ្ឋមន្ត្រីបន្ថែមទៀតបានទេ។ អ្នកតាមដានស្ថានការណ៍នយោបាយរូបនេះយល់ថា លោក ហ៊ុន សែន គួរដក លោក ម៉ម ប៊ុនហេង និងលោក អង្គ វង្សវឌ្ឍានា ចេញ ហើយក៏គួរធ្វើកំណែទម្រង់ក្រសួងការពារជាតិ ផងដែរ៖ «លោក ហ៊ុន សែន គាត់ត្រូវចិត្តសឿងជាងហ្នឹងក្នុងការធ្វើកំណែទម្រង់។ តាមពិត ក្នុងរឿងក្រសួងសុខាភិបាល ធ្វើឲ្យពលរដ្ឋឈឺចាប់មែនទែនទាក់ទងរឿងការពារជាតិ នាយករដ្ឋមន្ត្រីត្រូវកំណែទម្រង់ទាហាន និងប៉េអិមធ្វើការងារជាន់គ្នា។»
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្លាប់រងការចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយកិបកេងលុយរដ្ឋ តាមរយៈការក្លែងបន្លំតម្លៃនៃការដេញថ្លៃឱសថបរិក្ខារពេទ្យជារៀង រាល់ឆ្នាំ។ ជាងនេះទៅទៀត លោកក៏រងការចោទប្រកាន់ពីម្ចាស់ជំនួយបរទេសឈ្មោះថា មូលនិធិសកល (Global Fund)។ មូលនិធិនេះ បានរកឃើញថា មានស្ថាប័នចំនួនពីរស្ថិតក្រោមឱវាទក្រសួងសុខាភិបាល និងអង្គការក្រៅរដ្ឋាភិបាលមួយ បានលួចបន្លំកិបកេងប្រាក់ជំនួយរាប់លានដុល្លារអាមេរិក។
ចំណែកវិស័យសុខាភិបាលសព្វថ្ងៃនេះ ក៏កំពុងរងការរិះគន់។ ថ្មីៗនេះ មានវេជ្ជបណ្ឌិតម្នាក់ គឺលោកវេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានងារជាឧកញ៉ា បានរិះគន់គ្រូពេទ្យកម្ពុជា ថា ក្នុងចំណោមគ្រូពេទ្យ ១០នាក់ មាន ៩នាក់ជាពេទ្យគ្មានវិជ្ជាជីវៈ គ្មានភាពទន់ភ្លន់ និងគ្មានមេត្តាធម៌។
ជាក់ស្តែង ពលរដ្ឋដែលមានជីវភាពធូរធារ នៅពេលមានបញ្ហាសុខភាព ពួកគេតែងចេញទៅស្វែងរកការព្យាបាលនៅក្រៅប្រទេស ឬប្រទេសជិតខាងដូចជាវៀតណាម ឬថៃ ជាដើម។ ជាងនេះទៅទៀត លោក ហ៊ុន សែន ដែលតែងតែចេញមុខការពារវិស័យសុខាភិបាលកម្ពុជា នោះ ក៏ធ្លាប់ទៅព្យាបាលជំងឺនៅក្រៅប្រទេសផងដែរ។
ចំណែករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ក្រៅតែរងការរិះគន់ថាស្ពឹកស្រពន់ក្នុងការងារយុត្តិធម៌ ពេលនេះលោកកំពុងជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវមួយ នោះគឺលោកត្រូវបានក្រុមអ្នកសារព័ត៌មានស៊ើបអង្កេតមួយក្រុម បង្ហាញឯកសារលាតត្រដាងថា លោកមានហ៊ុនក្នុងក្រុមហ៊ុនបរទេសដោយអាថ៌កំបាំង។ ឯកសារសម្ងាត់ជាង ១១លានច្បាប់ ដែលលេចធ្លាយចេញពីក្រុមហ៊ុនមេធាវីដ៏មានឥទ្ធិពលមួយឈ្មោះ ម៉ូសាក់ ហ្វុនសេកា (Mossack Fonseca) នៅប្រទេសប៉ាណាមា (Panama) រកឃើញថា លោក អង្គ វង្សវឌ្ឍានា មានភាគហ៊ុនចំនួន ៥.០០០ដុល្លារក្នុងក្រុមហ៊ុនមួយឈ្មោះ អ.ស៊ី.ឌី អ៊ីនធឺណេសិណល លីមីធីត (RCD International Limited) ដែលក្រុមហ៊ុននេះមានមូលដ្ឋាននៅ ប្រ៊ីដធីស វឺជិន អាយឡេន (British Virgin Islands) ប៉ុន្តែ លោក អង្គ វង្សវឌ្ឍានា បដិសេធថា លោកមិនមានជាប់ពាក់ព័ន្ធនឹងរឿងនេះឡើយ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ចង់ឃើញ លោក ហ៊ុន សែន កែប្រែគណៈរដ្ឋមន្ត្រីរបស់ខ្លួនឲ្យមានក្បាលតូចជាងខ្លួន ដោយកាត់បន្ថយចំនួនក្រសួង ចំនួនមន្ត្រីជាក្បាលម៉ាស៊ីននៅតាមក្រសួងស្ថាប័ន មិនមែនត្រូវផ្លាស់ប្ដូររដ្ឋមន្ត្រីបន្ថែមនោះទេ។ លោក យឹម សុវណ្ណ ទាមទារឲ្យ លោក ហ៊ុន សែន កែទម្រង់ជាចាំបាច់ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធយុត្តិធម៌៖ «យើងអត់ឃើញអីមានការ ប្រែប្រួលទេ។ យើងឃើញហើយអំពើអយុត្តិធម៌ក្នុងសង្គមកើតឡើង ប្រព័ន្ធយុត្តិធម៌ទាំងមូលត្រូវកែប្រែ សុខាភិបាលក៏ចឹងដែរ អត់មានគុណភាពទេ ទន់ខ្សោយយឺតយ៉ាវ។»
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មិនឆ្លើយតបទៅនឹងការលើកឡើងរបស់ពលរដ្ឋ សង្គមស៊ីវិល និងបក្សប្រឆាំង ដែលចង់ឃើញ លោក ហ៊ុន សែន ដករដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ ចេញនោះទេ ដោយលោកថា នេះជាបុព្វសិទ្ធិរបស់ លោក ហ៊ុន សែន តែម្នាក់ប៉ុណ្ណោះ។ លោក ផៃ ស៊ីផាន ណែនាំឲ្យអ្នកទាំងនោះស្នើទៅកាន់ លោក ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកតែម្តងទៅ៖ «សម្ដេចលោក បានផ្តល់ឱកាសក្នុងការផ្តល់ដំណឹងជូនលោក គាត់អាចផ្តល់រយៈហ្វេសប៊ុកបាន អាចសរសេរពីបំណង លោកនឹងយកចិត្តទុកដាក់ពិចារណា។ ខ្ញុំយល់ថា នៅកែទម្រង់ថែមទៀត ប៉ុន្តែពេលណាខ្ញុំអត់ដឹងទេ។»
ថ្លែងក្នុងពេលសម្ពោធអគាររដ្ឋបាលថ្មី សាលារាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែមេសា លោក ហ៊ុន សែន នៅតែថ្លែងការពារការរុះរើគណៈរដ្ឋមន្ត្រីរបស់លោកថា ជាកំណែទម្រង់ដើម្បីប្រសិទ្ធភាព។ លោក ហ៊ុន សែន បានហៅអ្នកវិភាគដែលរិះគន់ការរុះរើរបស់លោកថា ជាអ្នកនិយាយ មិនមែនជាអ្នកវិភាគអ្វីទេ៖ «នៅស្រុកខ្មែរ ខ្ញុំអត់ប្រើពាក្យអ្នកវិភាគទៀតទេ គឺអ្នកនិយាយ អ្នកទាំងនោះថាដោះដូរ ឬមិនដោះដូរ គឺមិនសំខាន់ទេ ព្រោះអំណាចប្រមូលផ្តុំលើមនុស្សតែម្នាក់ ដែលគេសំដៅមកខ្ញុំ តែខ្ញុំអាចប្រាប់ទៅអស់លោក ខ្ញុំមិនដែលទៅបំពានកិច្ចការរដ្ឋមន្ត្រីទេ។»
ទោះយ៉ាងនេះក្តី អ្នកវិភាគ បក្សប្រឆាំង និងសង្គមស៊ីវិល នៅតែបន្តហៅកំណែទម្រង់នេះថា គ្រាន់តែជាការប្ដូរកន្លែងការងារមន្ត្រីរបស់លោក និងជារូបភាពនយោបាយប៉ុណ្ណោះ៕
No comments:
Post a Comment