អ្នក មានជម្លោះដី នៅស្រុក មេមត់ ស្នើឱ្យ អាជ្ញាធរ ចាត់វិធានការ រឿងដុត រោងចាំចម្ការ
RFA / វិទ្យុ អាស៊ី សេរី | ៧ មេសា ២០១៦
ប្រជាពលរដ្ឋ នៅឃុំ ជាំក្រវៀន ស្រុក មេមត់ ខេត្ត ត្បូងឃ្មុំ ស្នើអាជ្ញាធរ មានសមត្ថកិច្ច ចាត់វិធានការ ចំពោះ អ្នក ដែលបាន ដុតបំផ្លាញ រោងចាំចម្ការ របស់ អ្នកភូមិ។ ការស្នើនេះ ក្រោយពេល រោងចាំចម្ការ របស់ ពលរដ្ឋ ចំនួន បីគ្រួសារ ត្រូវ ជន មិនស្គាល់មុខ ដុតបំផ្លាញ, ហើយ ពួកគេ ថែមទាំង គំរាមថា នឹងដុត បន្ថែមទៀត។ បញ្ហានេះ មន្ត្រី អាជ្ញាធរ មូលដ្ឋាន ថា នឹងចុះស្រាវជ្រាវ ប្រសិនបើ មានពាក្យបណ្ដឹង ពីប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋមានវិវាទដីធ្លីនៅឃុំជាំក្រវៀន និងឃុំទន្លូង បារម្ភខ្លាចក្រែងមានអ្នកដុតរោងចាំចម្ការរបស់ពួកគាត់ជាថ្មីទៀត ប្រសិនអាជ្ញាធរមិនបានដោះស្រាយវិវាទដីធ្លីជូនពលរដ្ឋឱ្យបាន ដាច់ស្រេចនោះទេ។ មិនតែប៉ុណ្ណោះ វានឹងអាចឈានទៅរកអំពើហិង្សារវាងពលរដ្ឋជាមួយក្រុមអ្នកកាងដីនៅ តំបន់នោះទៀតផង។
ពលរដ្ឋនៅឃុំជាំក្រវៀន លោក វ៉ាន់ សំខាន់ ឱ្យដឹងថា កាលពីយប់ថ្ងៃទី៥ ខែមេសា រោងចាំចម្ការរបស់ពលរដ្ឋចំនួនបី ត្រូវជនមិនស្គាល់មុខដុតបំផ្លាញ។ លោកដាក់ការសង្ស័យថា រោងរបស់ពួកគាត់អាចត្រូវក្រុមអ្នកកាងដីនៅតំបន់នោះ ឈ្មោះ កេង សាវឿន ជាអ្នកដុត ពីព្រោះ កន្លងមក ក្រុមនេះ បានប្រាប់ ឱ្យពលរដ្ ឋធ្វើចម្ការ នៅតំបន់ ពុលប្រម៉ា នាំគ្នា ដកខ្លួនចេញ ដោយសារ ដីតំបន់នោះ លោក កេង សាវឿន បានទិញ ពីក្រុមហ៊ុន ម៉ែន សារុន ជាង ៣០០ហិកតារ ស្របពេល ពលរដ្ឋ កាប់ឆ្ការ និងដាំដំណាំ ជាច្រើនឆ្នាំ ទៅហើយ៖ «គេ ធ្វើហ្នឹង ខ្ញុំ ជឿថា គេ រំលោភ ខ្លាំងណាស់។ ប្រសិនបើ គេ មិនរំលោភ, គេ មកតាម អាជ្ញាធរ ដែនដី ដូចជាឃុំ ដូចជាស្រុក អី។»
ស្រដៀងគ្នានេះ ពលរដ្ឋ មួយរូបទៀត សូម មិនបញ្ចេញឈ្មោះ និយាយថា ក្រោយពេលមានហេតុការណ៍ដុតរោងអ្នកភូមិ ធ្វើឱ្យពួកគាត់មានក្តីបារម្ភថា នឹងអាចមានរឿងនេះបន្តទៀត ពីព្រោះបក្ខពួកក្រុម កេង សាវឿន បានគំរាមពលរដ្ឋថា នឹងដុតបន្តទៀត ប្រសិនបើអ្នកភូមិមិនព្រមចាកចេញពីតំបន់ដីជម្លោះ។ លោកស្នើឱ្យអាជ្ញាធរចាត់វិធានការបញ្ឈប់សកម្មភាពដុតរោងប្រជាពលរដ្ឋ បែបនេះ ដោយរង់ចាំការដោះស្រាយជាមុន។
បញ្ហាដីធ្លីរវាងពលរដ្ឋជាមួយក្រុមហ៊ុន ម៉ែ សារុន នៅតែជាបញ្ហាស្មុគស្មាញ បើទោះបីជាអាជ្ញាធរខេត្តបានចុះធ្វើអត្តសញ្ញាញកម្មជូនប្រជាពលរដ្ឋ នៅតំបន់នោះចំនួនពីរលើករួចមកហើយក្តី។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងលោក កេង សាវឿន ដើម្បីឆ្លើយតបបញ្ហានេះបានទេ នៅថ្ងៃទី៧ ខែមេសា។
ដោយឡែកនាយនគរបាលប៉ុស្តិ៍ឃុំជាំក្រវៀន លោក បេង រិទ្ធី បញ្ជាក់ថា ខាងលោកបានឱ្យមន្ត្រីខ្លួនចុះពិនិត្យមើលលើបញ្ហានេះឃើញថា រោងចាំចម្ការរបស់ពលរដ្ឋចំនួនបី ត្រូវបានគេដុតបំផ្លាញ ប៉ុន្តែសំណុំរឿងនេះបន្តទៀតយ៉ាងណា គឺជាភារកិច្ចរបស់អាជ្ញាធរឃុំទន្លូង ព្រោះកន្លែងកើតហេតុគឺស្ថិតនៅក្នុងទឹកដីឃុំទន្លូង។
ជាមួយគ្នានេះ ជំទប់ទី១ ឃុំទន្លូង ទទួលបន្ទុកដីធ្លី លោក ពឹង ប៊ុន ថន មានប្រសាសន៍ថា ដីតំបន់នោះមិនអាចលក់ដូរបានទេ ហើយក្រុមហ៊ុន ម៉ែន សារុន មិនបានលក់ឱ្យលោក កេង សាវឿន ដែរ ពីព្រោះស្ថិតនៅជាដីជម្លោះ។ លោកបន្តថា លោក កេង សាវឿន ដែលជាអតីតកងអង្គរក្សនៅទួលក្រសាំងផងនោះ ជាអ្នករំលោភដីរបស់ក្រុមហ៊ុនទៅវិញ។
លោកបន្ថែមថា នឹងចុះស្រាវជ្រាវលើករណីដុតរោងចាំចម្ការរបស់អ្នកភូមិ ប្រសិនបើអាជ្ញាធរទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋទាំងនោះ៖ «គោលការណ៍ធំ គឺប្រជាពលរដ្ឋហ្នឹងហើយ យើងដោះស្រាយជូនពួកគាត់ហើយ ប៉ុន្តែឱ្យគាត់ដាក់ពាក្យប្ដឹងមកអាជ្ញាធរ។»
ជំទប់ឃុំដដែលឱ្យដឹងថា ក្រោយពេលធ្វើអត្តសញ្ញាណកម្មជាច្រើនដង ចំនួនពលរដ្ឋមានវិវាទជាមួយក្រុមហ៊ុន ម៉ែន សារុន គឺកើនឡើងរហូតជាង ៧០០គ្រួសារ។
បើទោះជាយ៉ាងនេះក្តី មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ចាម លោក ប៊ូ វីរៈ មានប្រសាសន៍ថា ដីធ្លីទាំងឡាយណាដែលកំពុងមានវិវាទ គ្មានបុគ្គលណាមួយអាចជាម្ចាស់កម្មសិទ្ធិបានទេ ប្រសិនគេនៅមិនទាន់ដោះស្រាយជម្លោះនោះបាន ប៉ុន្តែគេរក្សាស្ថានភាពដើមដដែល។ លោកយល់ថា សកម្មភាពដុតរោងចាំចម្ការរបស់ប្រជាពលរដ្ឋ គឺជាបទល្មើសព្រហ្មទណ្ឌ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលអាជ្ញាធរមិនអាចអត់អោនឱ្យបាន។ ជាមួយគ្នានេះ ដើម្បីជៀសវាងអំពើហិង្សាកើតឡើងនៅពេលខាងមុខ អាជ្ញាធរត្រូវពន្លឿនការដោះស្រាយវិវាទដីធ្លីមួយនេះឱ្យបាន ឆាប់រហ័ស៕
No comments:
Post a Comment