អ.ស.ប.៖ មានពលរដ្ឋ កូរ៉េ ខាងជើង ៣ ភាគ៤ ត្រូវការ ជំនួយ មនុស្សធម៌ ជាបន្ទាន់
អង្គការ សហប្រជាជាតិ បានសម្តែង
ក្តីបារម្ភ របស់ខ្លួន ចំពោះ កង្វះ អាហារបរិភោគ នៅក្នុងទឹកដី
កូរ៉េ ខាងជើង។ នៅក្នុងរបាយការណ៍ មួយ មានចំណងជើង ថា «សាធារណរដ្ឋ កូរ៉េ
២០១៦៖ តម្រូវការ និងអាទិភាព» ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី២១ មេសា,
អង្គការ សហប្រជាជាតិ បានប្រាប់ ឲ្យដឹង ថា, មានពលរដ្ឋ កូរ៉េ ខាជើង ជាង៣ ភាគ៤ ត្រូវ ការជំនួយ មនុស្សធម៌ គ្រប់បែប ជាបន្ទាន់។
អង្គការសហប្រជាជាតិមិនបាន ស្តីបន្ទោសអ្វីធំដុំដាក់រដ្ឋអំណាចកូរ៉េខាងជើងទេ តែបានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា ទោះបីជាមានការប្រឹងប្រែងគ្រប់បែបយ៉ាងរបស់រដ្ឋអំណាច ពិសេសនៅក្នុងវិស័យកសិកម្មក៏ដោយ ក៏វិស័យមួយនេះនៅមិនទាន់អាចផ្តល់ផលិផលគ្រប់គ្រាន់ដើម្បីចិញ្ចឹម ជីវិតពលរដ្ឋកូរ៉េខាងជើងទាំង ២៥លាននាក់បានទេ។ មូលហេតុមកពីភាពរាំងស្ងួតដែលបានកាត់បន្ថយការប្រមូលផលកសិកម្មយ៉ាង ច្រើននាឆ្នាំកន្លងទៅ។
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ មានពលរដ្ឋកូរ៉េខាងជើងជាង ៣ភាគ៤ ពោលជាង ១៨លាននាក់កំពុងស្ថិតក្នុងស្ថានភាពខ្វះអាហារបរិភាគ និងត្រូវការជំនួយមនុស្សធម៌គ្រប់បែបជាបន្ទាន់។ ទន្ទឹមគ្នានេះ របាយការណ៍ក៏បានសម្តែងការខកចិត្តចំពោះសហគមន៍អន្តរជាតិដែលមិនបាន ចាប់អារម្មណ៍ពីវិបត្តិកង្វះស្បៀងអាហារនៅកូរ៉េខាងជើង។ របាយការណ៍ដដែលបានអះអាងថា កង្វះអាហារបរិភោគនៅកូរ៉េខាងជើងបានក្លាយជាក្តីកង្វល់ដែលមិនអាច មើលរំលងបាន ព្រោះវាជាមូលហេតុមួយនៃការស្លាប់ និងការឈឺស្កាត់ ពិសេសនៅលើស្រ្តីភេទ និងកុមារមានអាយុក្រោម ៥ឆ្នាំ។
ថ្មីៗកន្លងទៅនេះ របាយការណ៍ឆ្នាំ ២០១៥ របស់អង្គការស្បៀងអាហារ និងកសិកម្មពិភពលោកហៅកាត់ថា FAO បានឲ្យដឹងថា អត្រានៃចំនួនពលរដ្ឋកូរ៉េខាងជើងខ្វះអាហារបរិភាគក្នុងចន្លោះឆ្នាំ ២០១៤-២០១៦ មានចំនួន ៤១,៦% ពោលមានការកើនឡើងបើធៀបនឹងចន្លោះឆ្នាំ ២០០៥-២០០៧ ដែលមាន ៣៥,៥%។ សូមជម្រាបជូនថា ភាពរាំងស្ងួត ការគ្រប់គ្រងមិនបានល្អ និងការចំណាយលុយច្រើននៅក្នុងកម្មវិធីនុយក្លេអ៊ែរ គឺជាប្រភពនៃគ្រោះទុរ្ភិក្សសម្លាប់ពលរដ្ឋកូរ៉េខាងជើងជាច្រើន ម៉ឺននាក់ក្នុងពាក់កណ្តាលទសវត្សឆ្នាំ ៩០។
អ្វីជាក្តីបារម្ភរបស់អង្គការសហប្រជាជាតិពេលនេះ គឺមិនចង់ឃើញគ្រោះទុរ្ភិក្សកើតមានជាថ្មីនៅកូរ៉េខាងជើង។ សូមជម្រាបជូនថា ជំនួយអន្តរជាតិ ពិសេសជំនួយអាមេរិក និងជំនួយកូរ៉េខាងត្បូងជិតខាងសម្រាប់កូរ៉េខាងជើងបានកាត់បន្ថយច្រើន ដោយសារតែភាពតានតឹងនុយក្លេអ៊ែរបង្កឡើងដោយរបបក្រុងព្យុងយ៉ាង៕
No comments:
Post a Comment