Paris Peace Accords 23 Oct. 1991

Tuesday, August 1, 2017

[Demographic Vietnamization: Military, Border, Rubber, Logging, Ratanakiri] សហគមន៍​ អំពាវនាវ​ ឲ្យ​ក្រុមហ៊ុន​ វៀតណាម​ អនុវត្ត​ កាត់​ចេញ​ ដី ​តំបន់​ ប៉ះពាល់ ​ឲ្យ​បាន​ឆាប់ | Community request that Vietnamese company implement the return of the relevant land more quickly

ជនជាតិ​ដើម​ភាគ​តិច​ភូមិ​កាណាតធំ ឃុំ​តាឡាវ ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី ដែល​ជួប​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​នៃ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ទាក់ទិន​ជម្លោះ​ដី​សហគមន៍ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Ratha Visal

សហគមន៍​ អំពាវនាវ​ ឲ្យ​ក្រុមហ៊ុន​ វៀតណាម​ អនុវត្ត​ កាត់​ចេញ​ ដី ​តំបន់​ ប៉ះពាល់ ​ឲ្យ​បាន​ឆាប់

RFA / វិទ្យុ អាស៊ី សេរី | ១ សីហា ២០១៧


សហគមន៍​ ជនជាតិ​ដើម ​ភាគតិច ​ខេត្ត​រតនគិរី និង​មន្ត្រី​ មូលដ្ឋាន ស្វាគមន៍​ សេចក្តី​ ថ្លែងការណ៍ ​រួម ​ស្ដីពី​ ការ​ប្ដេជ្ញា​ជា​ថ្មី ថា​ នឹង​កាត់​ចេញ​ តំបន់​ មួយ​ចំនួន ​ដែល​ក្រុមហ៊ុន ហ័ង អាញ់ យ៉ាឡាយ (Hoang Anh Gia Lai, or HAGL) និង​ក្រុមហ៊ុន​ បុត្រ​សម្ព័ន្ធ​ ឈូស​ឆាយ ​យក​កន្លង ​ទៅ​នោះ ប្រគល់ ​ឲ្យ​សហគមន៍ ​វិញ។


សហគមន៍​ចំនួន ១១​ភូមិ ចោទ​ថា​ក្រុមហ៊ុន​រំលោភ​យក​ដី​តំបន់​ភ្នំ​អារក្ស តំបន់​អូរ​ប្រភព​ទឹក ដី​ចម្ការ​វិល​ជុំ បិទ​ផ្លូវ​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​តំបន់​គោរព​បូជា​តាម​ការដ្ឋាន​ក្រុមហ៊ុន ជាដើម។
ជនជាតិ​ដើម​ភាគតិច​ដែល​កំពុង​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហ័ង អាញ់ យ៉ាឡាយ របស់​វៀតណាម អំពាវនាវ​ឲ្យ​តំណាង​ក្រុមហ៊ុន និង​ភាគី​ពាក់ព័ន្ធ អនុវត្ត​ការ​ប្ដេជ្ញា​ចិត្ត​កាត់​ចេញ​ពី​តំបន់​មាន​ផល​ប៉ះពាល់​សហគមន៍​ឲ្យ​បាន​ឆាប់ ពីព្រោះ​ករណី​នេះ​អូស​បន្លាយ​យូរ​ឆ្នាំ​មក​ហើយ។

ក្រុមហ៊ុន ហ័ង អាញ់ យ៉ាឡាយ និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា ដោយ​ប្ដេជ្ញា​ថា​នឹង​ប្រគល់​ត្រឡប់​វិញ​នូវ​តំបន់​ភ្នំ​អារក្ស​ប្រមាណ ១៦​កន្លែង ប្រគល់​តំបន់​ច្រប់ ស្ដារ​អូរ ជួសជុល​ថ្នល់​ស្ពាន ធ្វើ​ខ្នង​ទំនប់​ពង្រីក​ផ្ទៃដី​កប់​សព អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​ចេញ​ចូល​តាម​ផ្លូវ​ក្រុមហ៊ុន និង​សន្ទនា​ជា​អចិន្ត្រៃយ៍​ជាមួយ​អ្នក​ភូមិ​ឡើង​វិញ។

ប្រធាន​សហគមន៍​ភូមិ​កាណាតធំ លោក សល់ ណឺយ បញ្ជាក់​ថា នេះ​ជា​ការ​ប្ដេជ្ញា​បន្ថែម​ទៀត​របស់​តំណាង​ក្រុមហ៊ុន បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​សហគមន៍​ទាំង ១១​ភូមិ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា នៅ​ក្រុង​បានលុង ទៅ​លើ​ជម្រើស​នានា​សំដៅ​ដោះស្រាយ​កង្វល់​របស់​អ្នក​ភូមិ។ លោក​កត់​សម្គាល់​ថា ការ​ប្ដេជ្ញា​របស់​ក្រុមហ៊ុន​កើត​មាន​ច្រើន​លើក​មក​ហើយ​តាំង​ពី​ឆ្នាំ​២០១៥ ក៏ប៉ុន្តែ​សហគមន៍​ចង់​ឃើញ​ការ​អនុវត្ត​របស់​ក្រុមហ៊ុន​ឲ្យ​មាន​លទ្ធផល ជាពិសេស​កង្វល់​ផ្សេង​ទៀត​ដែល​មិន​មាន​ចែង​ក្នុង​ការ​ប្ដេជ្ញា​របស់​ក្រុមហ៊ុន«យើង​ឯកភាព​ក្រុមហ៊ុន​គាត់​ព្រមព្រៀង​ជាមួយ​សហគមន៍។ ចំណុច​សេសសល់​នៅ​ភ្នំ​ហ្នឹង​ដូចជា​ព្រៃឈើ​អាស្រ័យ​ផល ដូចជា​សំរង​ខូចខាត​អស់ អា​ហ្នឹង​មិន​ទាន់​ជជែក​មិន​ទាន់​ពិភាក្សា​គ្នា​បាន​ទេ ចាំ​ពេល​ក្រោយ»


កាល​ពី​ចុង​ឆ្នាំ​២០១៥ ក្រុមហ៊ុន ហ័ង អាញ់ យ៉ាឡាយ និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​បី​ដែល​កំពុង​ប្រតិបត្តិការ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្ត​រតនគិរី បាន​ប្រារព្ធ​ពិធី​សុំ​ទោស​ផ្លូវការ​ក្រោម​ការ​សម្របសម្រួល​ដោយ​ការិយាល័យ​ភាព​អនុលោម​ទីប្រឹក្សា​ដោះស្រាយ​វិវាទ ហៅ​កាត់​ថា ស៊ី.អេ.អូ (CAO = Compliance Advisor Ombudsman) មាន​ទីតាំង​នៅ​ទីក្រុង​វ៉ាស៊ីនតោន ឌីស៊ី (Washington DC) សហរដ្ឋ​អាមេរិក និង​ផ្តល់​ប្រាក់​វិភាគទាន ៥០០​ដុល្លារ និង​ក្របី​មួយ​ក្បាល​សម្រាប់​សហគមន៍​មួយ​ភូមិ រៀបចំ​សែនព្រេន​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច បន្ទាប់​ពី​ក្រុមហ៊ុន​ទទួល​ស្គាល់​ថា បាន​បង្ក​ផល​ប៉ះពាល់​លើ​ដី​សហគមន៍។

មេ​ឃុំ​ល្អក់ លោក យ៉ាម ប៉ាន បញ្ជាក់​ថា សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​រង​ផល​ប៉ះពាល់ រង់ចាំ​ដោយ​ទទូច​នូវ​ដំណោះស្រាយ​ដែល​សហគមន៍​ទាមទារ ជាពិសេស​តំបន់​ព្រៃ​អារក្ស​ដែល​ជា​ផ្នែក​នៃ​ការ​បាត់បង់​តំបន់​ប្រពៃណី វប្បធម៌ ដែល​សហគមន៍​ប្រើប្រាស់​តំបន់​នោះ​សម្រាប់​ចុះ​បញ្ជី​ដី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព។
លោក​បន្ត​ថា ការ​ប្ដេជ្ញា​ប្រគល់​តំបន់​ដែល​សហគមន៍​តវ៉ា គឺ​ជា​ការ​ផ្តល់​យុត្តិធម៌​មក​សហគមន៍​ដែល​កំពុង​រងគ្រោះ​បច្ចុប្បន្ន«នៅ​តំបន់​នេះ​មាន​ភ្នំ​តែ​មួយ​ទេ​ពី​ដូនតា​មក គឺ​ភ្នំ​នេះ​ទម្លាប់​ពី​ដូនតា​មក កាលណា​គេ​ធ្វើ​អំពើ គេ​ធ្លាប់​សែនព្រេន​ដូនតា​តាំង​ពី​ដំបូង​តាំង​ពី​ដូនតា​គេ​មក»


មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឌិន ខុន្នី សាទរ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ភាគី​ជម្លោះ ដែល​ខិត​ចូល​គ្នា​ដោះស្រាយ​បញ្ហា​កើត​មាន​ដោយ​សន្តិវិធី។ លោក​គាំទ្រ​ការ​អំពាវនាវ​របស់​សហគមន៍ ដែល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ឲ្យ​សម្រេច​លទ្ធផល​តាម​ការ​ប្ដេជ្ញា​ចិត្ត និង​បន្ត​ដោះស្រាយ​បញ្ហា​នៅ​សេសសល់​ឲ្យ​បាន​ឆាប់​កាន់​តែ​ប្រសើរ«ជា​ការ​ប្រសើរ​ណាស់​សម្រាប់​បងប្អូន​ជនជាតិ​ដើម​ភាគតិច តែ​កុំ​ឲ្យ​តែ​សន្យា​ខ្យល់ សុំ​ឲ្យ​ពន្លឿន​ការ​ដោះស្រាយ ដើម្បី​ឲ្យ​ពលរដ្ឋ​គាត់​ប្រើប្រាស់​បាន ហើយ​រស់នៅ​សុខដុមរមនា»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សេចក្តី​ថ្លែងការណ៍​រួម​ថ្ងៃ​ទី​២០ ខែ​កក្កដា ឲ្យ​ដឹង​ថា គូភាគី​មាន​ទំនាស់​នឹង​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ខេត្ត អនុវត្ត​ការ​ប្ដេជ្ញា​របស់​ក្រុមហ៊ុន និង​បន្ត​ធ្វើ​ការងារ​ជាមួយ​គ្នា​តាម​រយៈ​កិច្ច​សម្របសម្រួល​ដោះស្រាយ​វិវាទ​របស់​ការិយាល័យ ស៊ី.អេ.អូ នូវ​កង្វល់ និង​បញ្ហា​ដីធ្លី​សហគមន៍​នៅ​សេសសល់​បន្ត​ទៀត៕

No comments:

Post a Comment