អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី នាការិយាល័យនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។ |
លោក សម រង្ស៊ី ជាមនុស្ស ទី៣ ដែលរងការប្តឹង ពីបទប្រមាថ ព្រះមហាក្សត្រ
RFA / វិទ្យុ អាស៊ី សេរី | ១០ មិថុនា ២០១៨
លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ គឺជាមនុស្សទី៣ ហើយ ដែលរងការប្តឹងដោយច្បាប់ប្រមាថព្រះមហាក្សត្រ ក្រោយពេលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចេញបញ្ជា។ ចំណាត់ការរបស់របបក្រុងភ្នំពេញនៅពេលនេះ ក្រោយពីអតីតប្រធានគណបក្សប្រឆាំងរូបនេះនិយាយថា របបនេះជាអ្នកបង្ខំឲ្យព្រះមហាក្សត្រចេញព្រះរាជសារ អំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ខាងមុខ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាលោក អង្ស វង្សវឌ្ឍានា បានចេញអធិបញ្ជាឲ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្ដឹងលោក សម រង្ស៊ី។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាពបានអះអាងថា ការចាត់វិធានការផ្លូវច្បាប់លើលោក សម រង្ស៊ី នៅពេលនេះដើម្បី ការពារព្រះចេស្ដាអង្គព្រះមហាក្សត្រ។
ក្រោយពេលរបបក្រុងភ្នំពេញបានកែក្រមព្រហ្មទណ្ឌពាក់ព័ន្ធនិងអំពើប្រមាថអង្គព្រះមហាក្សត្រ អាជ្ញាធរនេះបានចាប់ឃុំខ្លួនបុរសពីរនាក់រួចទៅហើយពីបទប្រមាថព្រះមហាក្សត្រ។ កាលពីខែឧសភាកន្លងទៅនេះ សមត្ថកិច្ចបានចាប់ខ្លួននាយកសាលាបឋមសិក្សាម្នាក់ ក្នុងខេត្តកំពង់ធំ ឈ្មោះ ឃាង ណាវី ក្រោយពីនាយកសាលារូបនោះបានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកក្នុងន័យចោទប្រកាន់ ព្រះមហាក្សត្រ និងសមាជិករាជវង្សដទៃទៀតថា បានចូលដៃចូលជើងជាមួយរបបលោក ហ៊ុន សែន ក្នុងការរំលាយគណបក្សសង្គ្រោះជាតិ។ មនុស្សទី២ដែលត្រូវចាប់ខ្លួនពីបទប្រមាថព្រះមហាក្សត្រគឺជាងកាត់សក់នៅខេត្តសៀមរាប ឈ្មោះ បាន សម្ភីរ ជាមន្ត្រីគណបក្សង្គ្រោះជាតិប្រចាំខេត្តសៀមរាប។ លោកត្រូវចោទប្រកាន់ ក្រោយពេលបានចែកចាយបន្ត (Share) នូវរូបភាពអង្គព្រះមហាក្សត្រមានបង្កប់ន័យរិះគន់ព្រះមហាក្សត្រតាមរយៈគណនីហ្វេសប៊ុក។ ពេលនេះ លោក សម រង្ស៊ី គឺជាបុគ្គលទី៣ដែលត្រូវអាជ្ញាធរក្រុងភ្នំពេញប្រើប្រាស់ ច្បាប់ថ្មីដ៏ចម្រូងចម្រាសដើម្បីចាត់ការ។
ចំណាត់ការផ្លូវច្បាប់មកលើលោក សម រង្ស៊ី នៅពេលនេះក្រោយលោកបាននិយាយថា របប លោក ហ៊ុន សែន ជាអ្នកបង្ខំឲ្យព្រះមហាក្សត្រចេញព្រះរាជសារអំពាវនាវឲ្យពលរដ្ឋទៅបោះ ឆ្នោត។ លោក សម រង្ស៊ី បានហៅព្រះរាជសាររបស់ព្រះមហាក្សត្រចេញផ្សាយនោះថាជា លិខិតក្លែងក្លាយ ឬត្រូវលោក ហ៊ុន សែន បង្ខំអោយចេញសារអំពាវនាវនោះ។ ក្រោយពីលោក សម រង្ស៊ី ចោទប្រកាន់បែបនេះ មេដឹកនាំរបបក្រុងភ្នំពេញ ដែលរួមមាន៖ លោក ហ៊ុន សែន លោក គង់ សំអុល តំណាងគណបក្សកាន់អំណាច និងរដ្ឋមន្ត្រីក្រសួងព្រះរបរាជវាំង អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា រួមទាំងគណបក្សតូចៗពីរដែលជាកូនជឹង បក្សកាន់អំណាច ព្រមទាំងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បាននាំគ្នាប្រតិកម្មតប និងចោទប្រកាន់ថា លោក សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ។
លោក អង្ស វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាបានបញ្ជាឲ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់លើលោក សម រង្ស៊ី តាំងតែពីថ្ងៃសុក្រ ទី៨ មិថុនាមកម្ល៉ោះ ប៉ុន្តែព័ត៌មាននេះទើបត្រូវអ្នកនាំពាក្យរបស់លោកប្រាប់អ្នកសារព័ត៌មានថ្ងៃអាទិត្យ ទី១០ ខែមិថុនា។
អ្នកវិភាគនយោបាយជើងចាស់ និងជាអតីតទីប្រឹក្សា លោក កឹម សុខា គឺ លោក បណ្ឌិត ឡៅ ម៉ុងហៃ ចោទសួរថា ព្រះមហាក្សត្រមានព្រះទ័យយ៉ាងណាចំពោះការលើកឡើងរបស់លោក សម រង្ស៊ី? ហេតុអីបានជារបបលោក ហ៊ុន សែន ចេញ មុខប្តឹងជំនួសព្រះមហាក្សត្រ?។
លោកបណ្ឌិតបន្តថា ការដែលរបបមន្ត្រីរបបលោក ហ៊ុន សែន ជាអ្នកចេញមុខប្តឹងជំនួសព្រះមហាក្សត្រដូចនេះគឺគ្មានសមភាពចំពោះមុខច្បាប់នោះទេ ព្រោះនៅក្នុងស្ថាប័ននានាក៏មាន ភាពមិនប្រក្រតីកើតឡើងច្រើនដែរ ចុះហេតុអ្វីព្រះរាជអាជ្ញាទាំងនោះមិនចេញមុខប្ដឹងផង៖ «មានការរំលោភច្បាប់ច្រើនណាស់ណាម៉ិចក៏មិនចេញមុខប្ដឹងផងទៅ មួយចេញមុខប្តឹង មួយទៀតអត់ចេញមុខប្តឹង ដូច្នេះនៅឯណាសមភាពចំពោះមុខច្បាប់។»
យោងតាមច្បាប់ថ្មីស្ដីពីការប្រមាថព្រះមហាក្សត្រនេះ លោក សម រង្ស៊ី អាចប្រឈមជាប់ពន្ធធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល ឬស្មើនឹងប្រាក់ ៥០០ ទៅ ២.៥០០ដុល្លារអាមេរិក។ ច្បាប់ដែលរបបលោក ហ៊ុន សែន បានវិសោធនកម្មនេះ ត្រូវអង្គការសិទ្ធិមនុស្សអន្តរជាតិ រួមនិងសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សបានចេញសេចក្ដីថ្លែងការណ៍ទាមទារឱ្យលុបចោលមាត្រាថ្មីនេះវិញ ដោយចាត់ទុកថាជាការប៉ះពាល់ដល់សិទ្ធិនៃការបញ្ចេញមតិដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិស៊ីវិលនិងនយោបាយ។
អាស៊ីសេរីមិនអាចសុំការប្រតិកម្មតបពីលោក សម រង្ស៊ី បានទេនៅថ្ងៃទី១០មិថុនា ចំពោះការ ចោទប្រកាន់នៅពេលនេះ។
ប៉ុន្តែការចោទប្រកាន់មកលើអតីតប្រធានគណបក្សប្រឆាំងរូបនេះ មិនមែនជារឿងថ្មីឡើយ ។ លោកត្រូវបានតុលាការដែលពលរដ្ឋហៅថា ជាតុលាការតេឡេ ស្ថិតក្រោមការបញ្ជារបស់លោក ហ៊ុន សែន ចោទប្រកាន់ និងផ្ដន្ទាទោស ជាង១០ករណី៖ «តុលាការស្រុកខ្មែរគ្នាមិនសូវដឹងអីទេ គ្នាធ្វើតាមថ្នាក់លើ ហើយថ្នាក់លើហ្នឹងធ្វើអីតាមតែអំពើចិត្ត។ ខ្ញុំសប្បាយចិត្តទៅវិញទេ ព្រោះឱកាសមួយលាតត្រដាងឲ្យកាន់តែច្បាស់ថែមទៀតអ្វីដែលអ្នកដឹកនាំនិងគូរកនរបស់គេបានធ្វើ។»
កាលពីថ្ងៃទី២៣ ខែឧសភា លោក សម រង្ស៊ី បានសរសេរលិខិតមួយច្បាប់ ថ្វាយទៅព្រះមហាក្សត្រ ស្នើសុំព្រះអង្គកុំធ្វើតាមអ្វី ដែលរបបលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ក្នុងការជំរុញអោយប្រជាពលរដ្ឋឲ្យទៅបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។ ព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រត្រូវបានឡាយព្រះហស្ថលេខា ថ្ងៃទី១៨ ខែឧសភា ប៉ុន្តែជាងម្ភៃថ្ងៃក្រោយមក ទើបត្រូវបានប្រព័ន្ធផ្សព្វផ្សាយរបស់លោក ហ៊ុន សែន ចេញផ្សាយដែលមានខ្លឹមសារ អំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត។
លោក សម រង្ស៊ី អះអាងថា លិខិតណាមួយពីព្រះមហាក្សត្រពេលនេះ គឺធ្វើឡើងក្រោមកាគំរាមកំហែង ហើយលិខិតបែបនេះអត់មានតម្លៃអ្វីទេ តាមផ្លូវច្បាប់។ លោកថែមទាំងបានរម្លឹកថា លោក ហ៊ុន សែន ធ្លាប់ប្រើអំណាចគំរាមរម្លាយរបបរាជានិយមចោល ដោយសារតែអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ មិនចង់ចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែម រឿងព្រំដែនជាមួយប្រទេសវៀតណាម កាលពីឆ្នាំ២០០៥៕
No comments:
Post a Comment