Related / Background:
...
ជនជាតិដើម ភាគតិច ទំពួន ខេត្តរតនគិរី ថា អាជ្ញាធរ លក់ដីព្រៃ ឲ្យឈ្មួញ ជិត១០០ ហិកតារ ជាថ្មីទៀត
ព្រៃសហគមន៍កែងសាន់ ឋិតក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខែត្ររតនគិរី ដែលត្រូវឈ្មួញយកគ្រឿងចក្រឈូសឆាយ។ |
RFA / វិទ្យុ អាស៊ី សេរី | ១០ មិថុនា ២០១៨
ជនជាតិដើមភាគតិចទំពួនចោទអាជ្ញាធរឃុំ ស្មៀន មេភូមិ និងមេសហគមន៍ជាថ្មីទៀតថា ឃុបឃិតគ្នាជាប្រព័ន្ធ វាស់វែងលក់ដីព្រៃទំហំ ជិត ១រយហិកតារឲ្យឈ្មួញជាថ្មីទៀតឋិតនៅតំបន់ដែនជម្រកសត្វព្រៃលំផាត់ ក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ ពួកគេអង្កេតឃើញថា អាជ្ញាធរមូលដ្ឋាន បានលក់ដីព្រៃឲ្យឈ្មួញតាមអំពើចិត្តដោយមិនខ្វល់ពីទុក្ខវេទនារបស់ជនជាតិដើមភាគតិច។
ជនជាតិដើមភាគតិចទំពួន រស់នៅភូមិកែងសាន់ ឃុំសេដា ឲ្យដឹងនៅថ្ងៃទី៩ មិថុនា ថា ដែនជម្រកសត្វព្រៃលំផាត់ ដែលក្រសួងបរិស្ថានចុះបញ្ជីជាព្រៃអភិរក្ស គឺជាទីផ្សារលក់ឈើ និងលក់ដីព្រៃជាកម្មសិទ្ធិរបស់អាជ្ញាធរ និងឈ្មូញយ៉ាងពេញទំហឹង បណ្ដាលឲ្យព្រៃអភិរក្សមួយនេះ ត្រូវបានបាត់បង់អស់ជាង ២ពាន់ហិកតារនៅរយៈពេល ២ឆ្នាំចុងក្រោយនេះ។
ជនជាតិដើមភាគតិចទំពួន លោក ខាំ និន អង្កេតឃើញថា ដែនជម្រកសត្វព្រៃលំផាត់ នៅតែទទួលរងការកាប់ទន្ទ្រានយកដីជាសម្បត្តិបុគ្គលជាប្រព័ន្ធ គ្មានការទប់ស្កាត់ ក្រោយពីការកាប់យកឈើប្រណិត និងឈើមានតម្លៃអស់ទាំងស្រុង។ លោកថា ក្នុងចន្លោះឆ្នាំ២០១៦ ព្រៃនៅចំណុចបឹងយ៉ាម៉ាយ ទល់និងអូរជីប ត្រូវគេកាប់រាន និងឈួសឆាយអស់ ២ពាន់ហិកតារ។ លោកបន្ថែមថា ក្នុងអំឡុង ឆ្នាំ២០១៧ ទល់ខែមីនា ឆ្នាំ២០១៨ ព្រៃនៅចំណុច អូរម្ហេរត្រូវគេកាប់អស់ជាង ៥រយហិកតារ។ លើសពីនេះ នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ មេឃុំ ស្មៀនឃុំ មេភូមិ និងមេសហគមន៍ផង បានឃុបឃិតគ្នាលក់ដីព្រៃអភិរក្សនៅចំណុច អូរក្រែង និងអូរភ្ញាវ អស់ជិត ១រយហិកតារជាថ្មីទៀត៖ «អូរបោក ទល់ម្ហេរ ៥រយហិកតារអស់បាត់ហើយ។ នៅសល់តែ ១ពាន់ហិកតារ កំពុងចាប់ផ្ដើមចុងក្រោយ។ អស់កន្លែងហ្នឹងអស់ហើយគ្មានសល់ទេ។»
បុរសដដែលបន្ថែមថា ជនជាតិដើមភាគតិចទំពួន កំពុងដេកភ័យ ពីការថយចុះទំហំព្រៃឈើក្នុងដែនជម្រកសត្វព្រៃ ហើយព្រៃដែលនៅសេសសល់ ចុងក្រោយ ប្រមាណ ១ពាន់ហិកតារ ឋិតនៅចំណុចអូរក្រែង និងអូរភ្ញាវ កំពុងទទួលរងការកាប់ទន្ទ្រានឥតឈប់ឈរ។ លោកថា ដីព្រៃតំបន់នោះ ជាកន្លែងដែលជនជាតិដើមភាគតិចអាស្រ័យផល ដូចជា ឃ្វាលគោក្របី រកបន្លែត្រីសាច់ ថ្នាំបុរាណ និងបោចវល្លិ៍ជាដើម។ លោកសង្កត់ធ្ងន់ថា ជនជាតិដើមភាគតិចទំពួន បានប្ដឹងអាជ្ញាធរមូលដ្ឋាន ឆ្មាំអភិរក្ស និងអភិបាលស្រុកលំផាត់ សរុប ៩នាក់ ទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី តែមកទល់ពេលនេះ តុលាការមិនទាន់ស៊ើបអង្កេតសំណុំរឿងនេះទេ។ លោកថា ការដាក់ពាក្យប្តឹងទៅតុលាការ គឺជាជម្រើសចុងក្រោយរបស់ពួកគេ ដើម្បីសង្គ្រោះព្រៃឈើ ដែលនៅសេសសល់តិចតូច ក៏ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធនៅតែផ្គើន និងមិនខ្លាចអំណាចតុលាការនោះទេ៖ «តាំងពី២០១៧ និង ២០១៦ ពីមុនមានដើមឈើធំៗ មានសុក្រំ កកោះ គេបង់លុយឲ្យមេសហគមន៍ និងមេភូមិ ឥឡូវវាឈប់ វាអស់ហើយ។»
កាលពីដើមខែមិថុនា អ្នកភូមិកែងសាន់ បានស្វែងរកអនុផលព្រៃឈើក្នុងព្រៃ ប្រទះឃើញមនុស្សមួយក្រុម ក្នុងនោះមានអាជ្ញាធរឃុំផង វាលវែងដីព្រៃ ៣០ហិកតារ លក់ឲ្យឈ្មួញ និងត្រៀមដាំដំណាំនៅពេលឆាប់នេះ ហើយដីទាំងនោះមានគំនរឈើដែលគេទើបកាប់រាន មិនទាន់ដុតកម្ទេចចោល។
ជនជាតិដើមភាគតិចទំពួនម្នាក់ទៀត រស់នៅភូមិកែងសាន់ ថ្លែងមិនហ៊ានបញ្ចេញឈ្មោះ និយាយថា មុនឆ្នាំ២០១០ ឈ្មួញសម្រុកកាប់ឈើមូលធំៗ និងឈើប្រណិត ដូចជាបេង ធ្នង់ និងនាងនួន ជាដើម ហើយបច្ចុប្បន្នឈើប្រណិតទាំងនោះបាត់បង់អស់ទាំងស្រុង ហើយពួកគេបានបង្វែរកាប់ឈើគ្រប់ប្រភេទឲ្យតែមុខកាត់ចាប់ពី ៣តឹកឡើងទៅ។ លោកថា ក្រោយពីកាប់ឈើអស់ ពួកគេបានឃុបឃិតគ្នា ហ៊ុមព័ទ្ធឈូសឆាយដីព្រៃលក់ឲ្យឈ្មួញជាកម្មសិទ្ធិ ដែលមានអាជ្ញាធរមូលដ្ឋាន ចាំចុះហត្ថលេខាធ្វើលិខិតស្នាម។ លោកថា ក្នុងចន្លោះឆ្នាំ២០១៧ រហូតដល់ខែមេសា ឆ្នាំ២០១៨ ឈើនៅដែនជម្រកសត្វព្រៃលំផាត់ រាប់ពាន់ដើម និងរាប់ម៉ឺនម៉ែត្រគូប ត្រូវគេអារំលំកាត់ចុង និងគល់ ហើយ ដឹកជញ្ជូនទៅកាន់វៀតណាម បង្កឲ្យខូចផ្លូវលំមួយចំនួន ដែលជាច្រកសេដ្ឋកិច្ចសំខាន់របស់ពលរដ្ឋនៅស្រុកលំផាត់។ លើសពីនេះ សមត្ថកិច្ច និងឆ្មាំអភិរក្ស នៅតំបន់នោះ មិនហ៊ានបង្ក្រាបឈើរបស់អ្នកមានអំណាចនោះទេ បានត្រឹមតែទទួលប្រាក់តិចតួចជាថ្នូររួចផុតពីសំណាញ់ច្បាប់៖ «រឿងប្រជាពលរដ្ឋវាអស់សង្ឃឹមរឿងព្រៃឈើហ្នឹងហើយ។ ឥឡូវវាកើតឡើងអីចឹង គឺថា អាជ្ញាធរមូលដ្ឋាន ឃុបឃិតលក់ដីព្រៃ និងឈូសឆាយ អត់មាននរណាទប់ស្កាត់សោះ។»
កាលពីចុង ឆ្នាំ២០១៧ អ្នកភូមិកែងសាន់ ១២០នាក់ បានផ្តិតមេដៃ ស្នើឲ្យអាជ្ញាធរខែត្រ និងមន្ទីរបរិស្ថាន ទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃលំផាត់ នៅគ្រាដែលសហគមន៍រកឃើញថា ដីព្រៃនៅតំបន់នោះត្រូវឈ្មួញកាប់ឆ្ការ និងឈូសឆាយក្លាយជាវាលអស់ជាង ៥០០ហិកតារជាថ្មីទៀត។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព តែទូរស័ព្ទហៅចូលគ្មានអ្នកទទួល។
ចំណែកមេឃុំសេដា ដែលពលរដ្ឋចោទថា ឃុបឃិតជាមួយឈ្មួញ លក់ដីព្រៃអភិរក្ស លោក អង់ ប៊ុនធៀង បានបដិសេធមិនផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី នៅថ្ងៃទី៩ មិថុនា។
ពលរដ្ឋថា ព្រៃសហគមន៍ភូមិកែងសាន់ គឺជាផ្នែកមួយនៃដែនជម្រកសត្វព្រៃលំផាត់ មានផ្ទៃដីជាង ៤ពាន់ហិកតារ បានទទួលរងការកាប់បំផ្លាញយកឈើ និងកាប់ព្រៃរានព្រៃយកដីអស់ជាងពាក់កណ្តាល។ ចំណែកឈើមូលធំៗ ដូចជា គគីរ ផ្ចឹក និងសុក្រំជាដើម ត្រូវគេកាប់លក់ឲ្យឈ្មួញដឹកទៅវៀតណាមអស់ស្ទើរទាំងស្រុង។
កាលពីខែតុលា ឆ្នាំ២០១៧ តំណាងពលរដ្ឋភូមិកែងសាន់ មួយចំនួន និងមន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុក (Adhoc) មួយរួប បានដាក់ពាក្យប្ដឹងករណីនេះទៅស្ថាប័នអយ្យការសាលាដំបូងខែត្ររតនគិរី ដោយចោទមេឃុំ អភិបាលស្រុកលំផាត់ និងមន្ត្រីជំនាញ ១០នាក់ ពីបទអនុគ្រោះឲ្យកើតមានបទល្មើសព្រៃឈើ។ មកទល់ពេលនេះ សំណុំរឿងនេះស្ងាត់ជ្រងំ បង្កឲ្យពលរដ្ឋអស់សង្ឃឹមលើប្រព័ន្ធយុត្តិធម៌។
មន្ត្រីអង្កេតជាន់ខ្ពស់សមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ អង្កេតឃើញថា គ្រោះមហន្តរាយធនធានធម្មជាតិនៅតំបន់នោះ បង្កជាវិបត្តិសង្គម បរិស្ថាន និងផ្លូវចិត្តជនជាតិដើមភាគធ្ងន់ធ្ងរ។ លោកថា សមាគមអាដហុកបានទទួលព័ត៌មានពីការលក់ដីព្រៃជិត ១រយ ហិកតារថ្មីៗនេះ ដែលពលរដ្ឋចោទអាជ្ញាធរមូលដ្ឋានថា ឃុបឃិតគ្នាជាប្រព័ន្ធលក់ដីព្រៃខុសច្បាប់។ លោកថា ពលរដ្ឋបានដាក់ពាក្យប្ដឹងអាជ្ញាធរពាក់ព័ន្ធ ទៅច្រើនខែហើយ នៅតែពុំទាន់ឃើញតំណាងអយ្យការខេត្តរតនគិរី ស៊ើបអង្កេតនៅឡើយទេ៖ «សូម្បីតែមេភូមិ និងមេភូមិ ក៏លែងខ្លាចច្បាប់ដែរលោកដឹងថា លក់ទ្រព្យសម្បត្តិរបស់រដ្ឋមានទោស។ យើងទាមទារមន្ត្រីដែលពាក់ព័ន្ធអំពើពុករលួយ សូមឲ្យខ្មាសខ្លួនឯងផង អស់លោកធ្វើឲ្យពលរដ្ឋឈឺចាប់ណាស់។»
អ្នកភូមិកែងសាន់ខ្លះ ដែលរិះគន់អាជ្ញាធរអើពើទប់ស្កាត់បទល្មើសព្រៃឈើ ធ្លាប់ត្រូវបានអាជ្ញាធរគំរាមដាក់គុក នៅគ្រាដែលពួកគេនាំគ្នាតវ៉ាស្វែងឲ្យទប់ស្កាត់បទល្មើសព្រៃឈើ ហើយអ្នកភូមិខ្លះទៀតត្រូវបានសមត្ថកិច្ចតាមដាន និងត្រូវអាជ្ញាធរចោទថា ជាក្រុមបក្សប្រឆាំង។ ពួកគេអំពាវនាវឲ្យក្រសួងបរិស្ថាន ចុះពិនិត្យពីវិនាសកម្មព្រៃឈើនៅតំបន់នោះ និងមេត្តាទុកដីអភិរក្សខ្លះ ដែលជាដីទំនេរ ផ្ដល់លទ្ធភាពឲ្យជនជាតិដើមភាគតិចឃ្វាលគោ ក្របី ខណៈដែលអាជ្ញាធរ និងឈ្មួញមានឥទ្ធិពល អាចមានមហិច្ឆតា ហ៊ុមព័ទ្ធដីនៅតំបន់នោះធ្វើអាជីវកម្មទាំងស្រុង៕
No comments:
Post a Comment