Paris Peace Accords 23 Oct. 1991

Monday, June 11, 2018

លោក សម រង្ស៊ី ថា ព្រះមហាក្សត្រ​ ជា​ចំណាប់ខ្មាំង ​របស់​ លោក ហ៊ុន សែន | Sam Rainsy says King is a hostage of Hun Sen

RFA / វិទ្យុ អាស៊ី សេរី | ១០ មិថុនា ២០១៨


លោក សម រង្ស៊ី ប្រធាន​ចលនាសង្គ្រោះជាតិ និង​ជា​អតីត​ប្រធានចលន​សង្គ្រោះ​ជាតិ បាន​សរសេរ​សារ​មួយ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក កាលពី​ថ្ងៃ​អាទិត្យ ទី១០ មិថុនា ថា ព្រះមហាក្សត្រ ជា​ចំណាប់ខ្មាំង​របស់​លោក ហ៊ុន សែន។

សារ​ដដែល​នោះ​នោះ​បន្ត​ថា គ្មាន​នរណា​មើលងាយ​ព្រះមហាក្សត្រ ជាង​ជន​ផ្ដាច់ការ ហ៊ុន សែន ទេ ដែល​ជេរប្រមាថ និង​គំរាមកំហែង​ព្រះមហាក្សត្រ តាំងពី​យូរ​ឆ្នាំ​មក​ហើយ ព្រមទាំង​យក​ព្រះមហាក្សត្រ ប្រើ​ជា​ខែល ដើម្បី​បន្ត​អំណាច​ផ្ដាច់ការ​របស់​គាត់។ លោក សម រង្ស៊ី បន្ត​ថា របប​លោក ហ៊ុន សែន មិន​មាន​ការ​គាំទ្រ​ពី​ប្រជារាស្ត្រ ហើយក៏​មិន​មាន​ភាព​ស្របច្បាប់ ដែល​មាន​តម្លៃ​ពិត​ប្រាកដ ដូច្នេះ​គាត់​ក៏​យក​ព្រះមហាក្សត្រ ដែល​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​គាត់ ទៅ​ប្រើ​ដើម្បី​បាន​ភាព​ស្របច្បាប់​ក្លែងក្លាយ​មួយ​ឲ្យ​ទៅ​របប​ផ្ដាច់ការ​របស់​គាត់។
លោក សម រង្ស៊ី បន្ត​ទៀត​ថា ចុងក្រោយ​នេះ ជន​ផ្ដាច់ការ ហ៊ុន សែន បាន​ឲ្យ​បក្ខពួក​គាត់​រៀបចំ « ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ » គ្រាន់តែ​ដើម្បី​យក​មក​ធ្វើជា​លេស ក្នុង​គោលបំណង​បង្ក្រាប​ប្រជារាស្ត្រ ដែល​ទាមទារ​លទ្ធិប្រជាធិបតេយ្យ សេរីភាព និង​យុត្តិធម៌។
លោក សម រង្ស៊ី គឺជា​មនុស្ស​ទី៣ ហើយ ដែល​ត្រូវ​រដ្ឋអំណាច​ក្រុងភ្នំពេញ​ប្រើប្រាស់​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ដែល​ទើប​អនុម័ត ដើម្បី​ប្តឹង​ទៅ​តុលាការ។ អធិបញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បង្គាប់​អោយ​ព្រះរាជអាជ្ញា​ចាត់ការ​លោក​សម រង្សី ធ្វើឡើង​បន្ទាប់ពី​អតីត​ប្រធាន​គណបក្សប្រឆាំង​រូប​នេះ​និយាយ​ថា របប​លោក​ហ៊ុន សែន បង្ខំ​ឲ្យ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជសារ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាងមុខ។ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា និង​សហគមន៍​សិទ្ធិមនុស្ស​បង្ហាញ​ក្តី​បារម្ភ​ថា វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​ដែល​ទើប​អនុម័ត​ដោយ​រដ្ឋសភា​ឯក​បក្ស ដើម្បី​ការពារ​ព្រះចេស្ដា​ព្រះមហាក្សត្រ​អាច​ក្លាយ​ជា​ឧបករណ៍​នយោបាយ​ដ៏​មុត​ស្រួច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បង្ក្រាប​សំឡេង​ជំទាស់។
រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កម្ពុជា​លោក អង្ស វង្សវឌ្ឍានា បាន​ចេញ​អធិបញ្ជា​ឲ្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្ដឹង​លោក សម រង្ស៊ី។ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព​បាន​អះអាង​ថា ការ​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​លោក សម រង្ស៊ី នៅ​ពេល​នេះ​ដើម្បី ការពារ​ព្រះ​ចេស្ដា​អង្គ​ព្រះមហាក្សត្រ។
ក្រោយពេល​របប​ក្រុងភ្នំពេញ​បាន​កែ​ក្រមព្រហ្មទណ្ឌ​ពាក់ព័ន្ធ​និង​អំពើ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ អាជ្ញាធរ​នេះ​បាន​ចាប់​ឃុំខ្លួន​បុរស​ពីរ​នាក់​រួច​ទៅ​ហើយ​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​។ កាលពី​ខែ​ឧសភា​កន្លង​ទៅ​នេះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​នាយក​សាលាបឋមសិក្សា​ម្នាក់ ក្នុង​ខេត្ត​កំពង់ធំ ឈ្មោះ ឃាង ណាវី ក្រោយពី​នាយក​សាលា​រូប​នោះ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ក្នុង​ន័យ​ចោទប្រកាន់ ព្រះមហាក្សត្រ និង​សមាជិក​រាជវង្ស​ដទៃ​ទៀត​ថា បាន​ចូល​ដៃ​ចូល​ជើង​ជាមួយ​របប​លោក ហ៊ុន សែន ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។ មនុស្ស​ទី​២​ដែល​ត្រូវ​ចាប់ខ្លួន​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​គឺ​ជាងកាត់សក់​នៅ​ខេត្ត​សៀមរាប ឈ្មោះ បាន សម្ភីរ ជា​មន្ត្រី​គណបក្ស​ង្គ្រោះជាតិ​ប្រចាំខេត្ត​សៀមរាប។ លោក​ត្រូវ​ចោទប្រកាន់ ក្រោយពេល​បាន​ចែកចាយ​បន្ត (Share) នូវ​រូបភាព​អង្គ​ព្រះមហាក្សត្រ​មាន​បង្កប់​ន័យ​រិះគន់​ព្រះមហាក្សត្រ​តាមរយៈ​គណនី​ហ្វេសប៊ុក។ ពេលនេះ លោក សម រង្ស៊ី គឺជា​បុគ្គល​ទី​៣​ដែល​ត្រូវ​អាជ្ញាធរ​ក្រុងភ្នំពេញ​ប្រើប្រាស់ ច្បាប់​ថ្មី​ដ៏​ចម្រូងចម្រាស​ដើម្បី​ចាត់​ការ។
ចំណាត់​ការ​ផ្លូវច្បាប់​មក​លើ​លោក សម រង្ស៊ី នៅ​ពេល​នេះ​ក្រោយ​លោក​បាន​និយាយ​ថា របប លោក ហ៊ុន សែន ជា​អ្នក​បង្ខំ​ឲ្យ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជសារ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ ឆ្នោត​។ លោក សម រង្ស៊ី បាន​ហៅ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ចេញផ្សាយ​នោះ​ថា​ជា លិខិត​ក្លែងក្លាយ ឬ​ត្រូវ​លោក ហ៊ុន សែន បង្ខំ​អោយ​ចេញ​សារ​អំពាវនាវ​នោះ។ ក្រោយពី​លោក សម រង្ស៊ី ចោទប្រកាន់​បែបនេះ មេដឹកនាំ​របប​ក្រុងភ្នំពេញ ដែល​រួមមាន​៖ លោក ហ៊ុន សែន លោក គង់ សំអុល តំណាង​គណបក្ស​កាន់​អំណាច និង​រដ្ឋមន្ត្រី​ក្រសួង​ព្រះ​រប​រាជវាំង អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា រួម​ទាំង​គណបក្ស​តូចៗ​ពីរ​ដែល​ជា​កូនជឹង បក្ស​កាន់អំណាច ព្រមទាំង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​នាំ​គ្នា​ប្រតិកម្ម​តប និង​ចោទ​ប្រកាន់​ថា លោក សម រង្ស៊ី ប្រមាថ​ព្រះមហាក្សត្រ។
លោក អង្ស វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កម្ពុជា​បាន​បញ្ជា​ឲ្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​លើ​លោក សម រង្ស៊ី តាំងតែ​ពី​ថ្ងៃ​សុក្រ ទី​៨ មិថុនា​មក​ម្ល៉ោះ ប៉ុន្តែ​ព័ត៌មាន​នេះ​ទើប​ត្រូវ​អ្នកនាំពាក្យ​របស់​លោក​ប្រាប់​អ្នកសារព័ត៌មាន​ថ្ងៃ​អាទិត្យ ទី​១០ ខែ​មិថុនា។
អ្នកវិភាគ​នយោបាយ​ជើងចាស់ និង​ជា​អតីត​ទីប្រឹក្សា លោក កឹម សុខា គឺ លោក បណ្ឌិត ឡៅ ម៉ុងហៃ ចោទ​សួរ​ថា ព្រះមហាក្សត្រ​មាន​ព្រះទ័យ​យ៉ាងណា​ចំពោះ​ការ​លើកឡើង​របស់​លោក សម រង្ស៊ី? ហេតុ​អី​បាន​ជា​របប​លោក ហ៊ុន សែន ចេញ មុខ​ប្តឹង​ជំនួស​ព្រះមហាក្សត្រ?។
លោក​បណ្ឌិត​បន្ត​ថា ការដែល​របប​មន្ត្រី​រប​បលោក ហ៊ុន សែន ជា​អ្នក​ចេញមុខ​ប្តឹង​ជំនួស​ព្រះមហាក្សត្រ​ដូចនេះ​គឺ​គ្មាន​សមភាព​ចំពោះ​មុខ​ច្បាប់​នោះ​ទេ ព្រោះ​នៅ​ក្នុង​ស្ថាប័ន​នានា​ក៏​មាន ភាព​មិន​ប្រក្រតី​កើត​ឡើង​ច្រើន​ដែរ ចុះ​ហេតុអ្វី​ព្រះរាជអាជ្ញា​ទាំងនោះ​មិន​ចេញមុខ​ប្ដឹង​ផង៖ «មានការ​រំលោភច្បាប់​ច្រើន​ណាស់ណា​ម៉ិច​ក៏​មិន​ចេញមុខ​ប្ដឹង​ផង​ទៅ មួយ​ចេញមុខ​ប្តឹង មួយទៀត​អត់​ចេញ​មុខ​ប្តឹង ដូច្នេះ​នៅឯណា​សមភាព​ចំពោះ​មុខ​ច្បាប់»
យោង​តាម​ច្បាប់​ថ្មី​ស្ដីពី​ការប្រមាថ​ព្រះមហាក្សត្រ​នេះ លោក សម រង្ស៊ី អាច​ប្រឈម​ជាប់​ពន្ធ​ធនាគារ​ពី​១​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល ឬ​ស្មើនឹង​ប្រាក់ ៥០០ ទៅ ២.៥០០​ដុល្លារ​អាមេរិក។ ច្បាប់​ដែល​របប​លោក ហ៊ុន សែន បាន​វិសោធនកម្ម​នេះ ត្រូវ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ រួម​និង​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ទាមទារ​ឱ្យ​លុបចោល​មាត្រា​ថ្មី​នេះ​វិញ ដោយ​ចាត់ទុកថា​ជា​ការ​ប៉ះពាល់​ដល់​សិទ្ធិ​នៃ​ការ​បញ្ចេញមតិ​ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ស៊ីវិល​និង​នយោបាយ។
ប៉ុន្តែ​ការចោទប្រកាន់​មក​លើ​អតីត​ប្រធាន​គណបក្សប្រឆាំង​រូប​នេះ មិនមែន​ជា​រឿង​ថ្មី​ឡើយ ។ លោក​ត្រូវ​បាន​តុលាការ​ដែល​ពលរដ្ឋ​ហៅថា ជា​តុលាការ​តេឡេ ស្ថិត​ក្រោម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន ចោទប្រកាន់ និង​ផ្ដន្ទាទោស ជាង​១០​ករណី៖ «តុលាការ​ស្រុក​ខ្មែរ​គ្នា​មិនសូវ​ដឹង​អី​ទេ គ្នា​ធ្វើតាម​ថ្នាក់លើ ហើយ​ថ្នាក់លើ​ហ្នឹង​ធ្វើ​អី​តាមតែ​អំពើ​ចិត្ត​។ ខ្ញុំ​សប្បាយចិត្ត​ទៅវិញ​ទេ ព្រោះ​ឱកាស​មួយ​លាតត្រដាង​ឲ្យ​កាន់តែ​ច្បាស់​ថែមទៀត​អ្វី​ដែល​អ្នកដឹកនាំ​និង​គូរ​កន​របស់​គេ​បាន​ធ្វើ»
កាលពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា លោក សម រង្ស៊ី បាន​សរសេរ​លិខិត​មួយ​ច្បាប់ ថ្វាយ​ទៅ​ព្រះមហាក្សត្រ ស្នើសុំ​ព្រះអង្គ​កុំ​ធ្វើតាម​អ្វី ដែល​របប​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ជំរុញ​អោយ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាងមុខនេះ។ ព្រះរាជ​សារលិខិត​របស់​ព្រះមហាក្សត្រ​ត្រូវ​បាន​ឡាយ​ព្រះហស្ថលេខា ថ្ងៃ​ទី​១៨ ខែ​ឧសភា ប៉ុន្តែ​ជាង​ម្ភៃ​ថ្ងៃ​ក្រោយមក ទើប​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក ហ៊ុន សែន ចេញផ្សាយ​ដែល​មាន​ខ្លឹមសារ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត។
លោក សម រង្ស៊ី អះអាង​ថា លិខិត​ណាមួយ​ពី​ព្រះមហាក្សត្រ​ពេលនេះ គឺ​ធ្វើ​ឡើង​ក្រោម​កា​គំរាមកំហែង ហើយ​លិខិត​បែបនេះ​អត់​មានតម្លៃ​អ្វី​ទេ តាម​ផ្លូវ​ច្បាប់។ លោក​ថែមទាំង​បាន​រម្លឹក​ថា លោក ហ៊ុន សែន ធ្លាប់​ប្រើ​អំណាច​គំរាម​រម្លាយ​របបរាជានិយម​ចោល ដោយសារតែ​អតីត​ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ មិន​ចង់​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម កាលពី​ឆ្នាំ​២០០៥៕


1 comment:

  1. Anonymous9:29 AM

    Scam Rainsy, don't you dare to insult the King. He is a good King.

    ReplyDelete