ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដឹកនាំយុទ្ធនាការឃោសនារកសំឡេងឆ្នោត កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។ |
មន្ត្រី ធំៗ ចាប់ផ្ដើម ប្រើថ្ងៃ ឈប់សម្រាក ចុះតាមមូលដ្ឋាន ឃោសនា បោះឆ្នោត មុនកាលកំណត់
RFA / វិទ្យុ អាស៊ី សេរី | ៣ មិថុនា ២០១៨
មន្ត្រី ធំៗ បម្រើ ការងារ ក្នុងរាជការ នៅតាម ស្ថាប័នរដ្ឋ ចាប់ផ្ដើម នាំគ្នា ប្រើថ្ងៃ ឈប់សម្រាក របស់ខ្លួន ចុះឃោសនាឲ្យបក្សកាន់អំណាចនៅតាមមូលដ្ឋានរៀងៗខ្លួនហើយ។ អ្នកវិភាគថា ការប្រើយុទ្ធសាស្ត្រ ធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោត មុនកាលកំណត់របស់គ.ជ.ប បែបនេះ មិនអាចទាញការគាំទ្រចេញពីបេះដូងពលរដ្ឋពិតប្រាកដឲ្យស្រឡាញ់បក្សនោះបានទេ។
ទោះជាដឹងថាលទ្ធផលនៃការឆ្នោតឆ្នាំ២០១៨ គណបក្សកាន់អំណាចនឹងបន្តឈ្នះឆ្នោត ដោយសារតែគ្មានដៃគូប្រកួតយ៉ាងណាក្តី ក៏ថ្នាក់ដឹកនាំគណបក្សនេះ ចាប់ពីមេដឹកនាំកំពូល រហូតដល់មន្ត្រីថ្នាក់មូលដ្ឋាន នៅតែបន្តប្រឹងចេញឃោសនា ទាំងថ្ងៃឈប់សម្រាក និងថ្ងៃធ្វើការរដ្ឋ។
ប្រព័ន្ធឃោសនារបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃអាទិត្យ ទី៣ មិថុនា បានចុះផ្សាយពីសកម្មភាពរបស់មន្ត្រីបក្សកាន់អំណាច ដែលមានតួនាទីធំៗក្នុងរាជការ បានប្រើប្រាស់ថ្ងៃឈប់សម្រាករបស់ខ្លួន អួតពីសមិទ្ធផលបក្ស ប្រាប់ពលរដ្ឋនៅតាមមូលដ្ឋាន ដែលខុសពីរាល់ដង គេហាក់ឃើញមន្ត្រីធំៗទាំងនោះ ប្រើប្រាស់ថ្ងៃឈប់សម្រាករបស់ខ្លួន នាំគ្រួសារទៅលេងសមុទ្រ ឬទៅដើរលេងនៅក្រៅប្រទេស។
មន្ត្រីរាជការ ដែលប្រើប្រាស់ថ្ងៃឈប់សម្រាក ទៅឃោសនាឲ្យបក្សកាន់អំណាច នៅសប្ដាហ៍នេះ មានចាប់តាំងពី ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ សមាជិកព្រឹទ្ធសភា រដ្ឋសភា អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ទេសរដ្ឋមន្ត្រី អៀង ម៉ូលី រដ្ឋមន្ត្រី ប៉ាន សូរសក្ដិ លោក វេង សាខុន លោក ថោង ខុន មេទ័ព អភិបាលខេត្តរាជធានី ក្រុង ស្រុក ខណ្ឌ មន្ត្រីនៅតាមក្រសួង និងមានកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត ជាដើម។
មន្ត្រីរាជការម្នាក់ ឲ្យដឹងថា ប្រធានស្ថាប័នបានលើកទឹកចិត្តឲ្យមន្ត្រីរាជការទាំងអស់ ចុះទៅឃោសនា ពន្យល់ពលរដ្ឋតាមមូលដ្ឋាន ដែលមូលដ្ឋានទាំងនោះមានការគាំទ្រគណបក្សសង្គ្រោះជាតិច្រើន។ មន្ត្រីរូបនេះ ឲ្យដឹងថា ប្រធានស្ថាប័ន មិនបានគាបសង្កត់មន្ត្រីឲ្យចុះទៅមូលដ្ឋានទេ គឺតាមការស្ម័គ្រចិត្ត ដូច្នេះមានមន្ត្រីខ្លះមិនបានចុះទៅឃោសនាឲ្យគណបក្សទេ។ បើតាមការសង្កេត មន្ត្រីរូបនេះឲ្យដឹងថា មូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ គឺពិបាកក្នុងការអូសទាញឲ្យពលរដ្ឋទៅ បោះ ឆ្នោតណាស់។
កន្លងមក ក្រៅពីការឃោសនា មន្ត្រីរាជការ ដែលមានតួនាទីក្នុងបក្សកាន់អំណាច បានឆ្លៀតវាយប្រហារគណបក្សសង្គ្រោះជាតិ និងបានគំរាមពលរដ្ឋណា ដែលមិនទៅបោះឆ្នោតជាក្រុមប្រឆាំង ក្រុមគាំទ្រក្រុមឧទ្ទាមជាដើម។
អ្នកវិភាគនយោបាយ លោក ហង្ស វិទូ មើលឃើញថា គណបក្សកាន់អំណាចនៅកម្ពុជា ហាក់ធ្វើសកម្មភាពដូចគណបក្សកាន់អំណាចនៅប្រទេសវ៉េណេហ្សូអេឡា ដែលសម្ដែងឲ្យអន្តរជាតិមើលថា ពួកគេភ័យខ្លាច ពលរដ្ឋមិនទៅបោះឆ្នោតឲ្យ ខណៈដែលការពិតនរណាក៏អាចដឹងលទ្ធផលមុនថា គណបក្សប្រជាជនកម្ពុជា នឹងឈ្នះឆ្នោត ដោយសារគ្មានដៃគូប្រកួត។ «»
អ្នកវិភាគយល់ថា ការធ្វើយុទ្ធនាការឃោសនាមុនអាណត្តិភ្លូកទឹកភ្លូកដីបែបនេះ នឹងមិនអាចធ្វើឲ្យពលរដ្ឋគាំទ្របក្សកាន់អំណាចជាងមុនទេ តែផ្ទុយទៅវិញ សកម្មភាពបែបនេះ នឹងកាន់តែធ្វើឲ្យពលរដ្ឋ មិនទៅបោះឆ្នោតទៅវិញ ព្រោះពលរដ្ឋអាចយល់ថា នេះជាសកម្មភាពគំរាម ឬជាការសម្ដែងមុនការបោះឆ្នោត៕
No comments:
Post a Comment