សកម្មភាពដឹកជញ្ជូនឈើពីក្នុងឧទ្យានជាតិវីរជ័យ ក្នុងខេត្តរតនគិរី ប្រទេសកម្ពុជា ទៅប្រទេសវៀតណាម កាលពីខែកុម្ភៈ ឆ្នាំ២០១៧។ Photo courtesy of EIA |
«របាយការណ៍ របស់ EIA មិនមាន ឥទ្ធិពល ឲ្យរបប លោក ហ៊ុន សែន ទប់ស្កាត់ បទល្មើស ព្រៃឈើ»
RFA / វិទ្យុ អាស៊ី សេរី | ២ មិថុនា ២០១៨
RFA / វិទ្យុ អាស៊ី សេរី | ២ មិថុនា ២០១៨
មន្ត្រីឃ្លាំមើលបរិស្ថាន នៃអង្គការ មិនមែន រដ្ឋាភិបាល អះអាង ថា, ពួកគេ គ្មានជំនឿ ថា របបលោក ហ៊ុន សែន នឹងយកចិត្ត ទុកដាក់ លើរបាយការណ៍ ស្រាវជ្រាវ ថ្មីមួយ របស់ ទីភ្នាក់ងារ ស៊ើបអង្កេត បរិស្ថាន អ៊ីអាយអេ (EIA) ដែលរក ឃើញថា វៀតណាម នៅតែ ជាមេក្លោង ទិញឈើ ខុសច្បាប់ ពីតំបន់ព្រៃអភិរក្ស របស់ កម្ពុជា។ ពួកគេកត់សម្គាល់ថា នេះមិនមែនជាលើកទី១ ទេ ដែលអង្គការមួយនេះ បង្ហាញរបាយការណ៍ និងភស្តុតាងមួយចំនួន ប៉ុន្តែគេពុំឃើញអាជ្ញាធរពាក់ព័ន្ធស៊ើបអង្កេតរកជនសង្ស័យ និងទប់ស្កាត់បទល្មើសព្រៃឈើនោះទេ។
មន្ត្រីឃ្លាំមើលបរិស្ថាន នៃអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ការពារព្រៃឈើនៅខេត្តភាគឦសាន្ត ឲ្យដឹងនៅថ្ងៃទី២ មិថុនាថា អំពើពុករលួយជាប្រព័ន្ធ រឿងបទល្មើសព្រៃឈើ បានក្លាយជាទម្លាប់របស់មន្ត្រីក្នុងរបប លោក ហ៊ុន សែន ដែលនាំឈ្មួញឈើខុសច្បាប់ជនជាតិវៀតណាម លួចទិញឈើខុសច្បាប់ពីតំបន់ការពាររបស់កម្ពុជាតាមអំពើចិត្ត។ រីឯស្ថាប័នពាក់ព័ន្ធ រួមមាន មន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ច អាជ្ញាធរស្រុក/ខេត្ត និងមន្ត្រីបរិស្ថានជាដើម នៅតែយកតួនាទីទទួលសំណូកពីជនល្មើសដដែលៗ។
កាលពីថ្ងៃទី៣១ ខែឧសភា ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានហៅកាត់ថា EIA ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានផ្សាយរបាយការណ៍ស្រាវជ្រាវថ្មីមួយ ដាក់ចំណងជើងថា ជនល្មើសមុខដដែលៗ។ របាយការណ៍នេះបង្ហាញឲ្យដឹងថា វៀតណាមនៅតែជាមេក្លោងទិញឈើ ពីតំបន់ការពាររបស់ប្រទេសកម្ពុជា រួមមាន តំបន់ព្រៃអភិរក្សឧទ្យានជាតិវីរជ័យ ក្នុងខេត្តរតនគីរី និងខេត្តស្ទឹងត្រែង ទំនប់សេសានក្រោមពីរ ក្នុងខេត្តស្ទឹងត្រែង និងដែនជម្រកសត្វព្រៃភ្នំព្រិច ខេត្តមណ្ឌលគីរី កំពុងទទួលរងការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ ពីសំណាក់ក្រុមហ៊ុនសម្បទាន និងឈ្មួញវៀតណាម ដែលមានការបើកដៃពីអាជ្ញាធររបស់របបលោក ហ៊ុន សែន។ របាយការណ៍របស់ EIA បន្ថែមទៀតថា ក្រុមហ៊ុនវៀតណាមអាចកាប់ព្រៃឈើខុសច្បាប់នៅតំបន់ឧទ្យានជាតិវីរៈជ័យ និងតំបន់ព្រៃការពារនៅខេត្តភាគឦសាន ដោយបង់លុយដល់មន្ត្រីប៉ូលិសព្រំដែន និងអនុរក្សព្រៃឈើ ជាថ្នូរក្នុងកិច្ចការពារសុវត្ថិភាពឆ្លងព្រំដែន។
EIA ឲ្យដឹងដែរថា ចាប់ពីខែតុលា ឆ្នាំ២០១៧ ដល់ខែមីនា ២០១៨ មានទំហំព្រៃឈើដែលត្រូវបានកាប់បំផ្លាញ មានប្រមាណជាង ១លាន ១សែន ៥ម៉ឺនម៉ែត្រគីប (១.១៥៥.០០០ម៉ែត្រគីប) ដែលមានតម្លៃរាប់សិបលានដុល្លារ។
មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគម អាដហុក (Adhoc) លោក ប៉ែន បុណ្ណារ៍ មិនរំពឹងថា អាជ្ញាធររបបលោក ហ៊ុន សែន នឹងប្រើប្រាស់របាយការណ៍របស់ EIA ជាតម្រុយស៊ើបអង្កេតរកអ្នកពាក់ព័ន្ធបំផ្លាញព្រៃមកផ្ដន្ទាទោស ដើម្បីសង្គ្រោះបរិស្ថាននោះទេ។ លោកសង្កេតឃើញថា ទម្រង់កាប់បំផ្លាញព្រៃឈើជាប្រព័ន្ធមានពីរប្រភេទ គឺ ការកាប់យកឈើប្រណិតលក់នៅក្រៅប្រទេស និងចលនាទន្ទ្រានឈូសឆាយដីព្រៃជាកម្មសិទ្ធិឯកជន បានកើតឡើងយ៉ាងពេញទំហឹងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលនាំឲ្យព្រៃការពារ និងព្រៃសហគមន៍រាប់ម៉ឺនហិកតារបានក្លាយជាវាលយ៉ាងឆាប់រហ័ស ។ លោកថា ឈ្មួញរកស៊ីឈើខ្លះ បានត្អូញពីការបង់ប្រាក់ច្រើន ឲ្យសមត្ថកិច្ចពាក់ព័ន្ធជាច្រើន រហូតដល់ ២ម៉ឺន ៣ពាន់ដុល្លារ (២៣.០០០) ដើម្បីជាថ្នូរដឹកឈើទៅក្រៅប្រទេសបានក្នុងមួយរថយន្ត៖ «របាយការណ៍ចេញច្រើន តែគ្រាន់មិនមានទម្ងន់ដាក់គំនាប ដើម្បីឲ្យរដ្ឋាភិបាលចាត់វិធានការ។ យើងឃើញថា ដាក់ទៅស្ងាត់ៗ ហើយមិនថយចុះទៀត។ អ្វីដែលថយចុះ និងបាត់បង់ គឺព្រៃឈើ។»
សហគមន៍ការពារព្រៃឈើខេត្តមណ្ឌលគីរីថ្លែងមិនហ៊ានបញ្ចេញឈ្មោះ ដោយសារបារម្ភពីសុវត្ថិភាព ឲ្យដឹងនៅថ្ងៃទី២ មិថុនាថា ឧកញ៉ាមួយចំនួន បង្កើតក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចក្លែងក្លាយ នៅក្បែរដែនជម្រកសត្វភ្នំព្រិច បន្ទាប់មកគេយកទីតាំងនោះ ជាកន្លែងបន្លំយកឈើចូល ដើម្បីបម្លែងជាឈើស្របច្បាប់ ដែលមានកិច្ចសហការល្អជាមួយអាជ្ញាធរខ្មែរ។ លោកថា វិធីសាស្ត្រនេះ កើតមានគ្រប់តំបន់ នៅខេត្តភាគឦសាន ហើយសមត្ថកិច្ចរបស់កម្ពុជា បានសប្បាយនឹងប្រព្រឹត្តអំពើពុករលួយ តាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់លើ។ លោកថា នៅខេត្តមណ្ឌលគិរី មានដែនជម្រកសត្វព្រៃ ៥កន្លែង រហូតមកទល់ពេលនេះ គឺមានតែដែនជម្រកសត្វព្រៃភ្នំព្រិច ក្នុងស្រុកកែវសីមាមួយទេ ដែលនៅសល់ដើមឈើគគីរ ផ្ចឹក និងសុក្រំខ្លះៗ រីឯតំបន់ដែនជម្រកសត្វព្រៃ ៤កន្លែងផ្សេងទៀត គ្មានដើមឈើធំៗ នោះទេ៖ «ក្រុមហ៊ុនខ្មែរអង្គរជាប់ព្រំដែនក្រចេះ នៅដែនជម្រកសត្វព្រៃភ្នំព្រិច ខ្ញុំឃើញនៅទីនោះ មានក្រុមហ៊ុនកៅស៊ូ តែគេអត់អភិវឌ្ឍន៍អីទាំងអស់។ គេយកតែឈើទេ។ គេយកគ្រឿងចក្រមកធ្វើឈើ។ យើងមានច្បាប់តែអត់អនុវត្តច្បាប់។ យើងមានច្បាប់គ្រប់គ្រាន់តែ ការអនុវត្តច្បាប់ជាក់ស្តែង តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម មិនមានប្រសិទ្ធភាព។»
អាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព និង អ្នកនាំពាក្យគណៈកម្មាធិការជាតិបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ បានទេ នៅថ្ងៃទី២ មិថុនា។
កាលពីខែមករា ឆ្នាំ២០១៦ របប លោក ហ៊ុន សែន បានបង្កើតគណៈកម្មការមួយដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងចាប់ជនល្មើស រួមទាំងវត្ថុតាងមកផ្ដន្ទាទោសតាមច្បាប់ ដោយសហការជាមួយតំណាងអយ្យការតាមខេត្តនីមួយៗ។ ក៏ប៉ុន្តែបទល្មើសព្រៃឈើនៅតែកើតមានរឹតតែខ្លាំងឡើងៗ ហើយមន្ត្រីអសកម្ម នៅតែទទួលប្រយោជន៍ពីជនល្មើស និងអនុគ្រោះឱ្យមានវិនាសកម្មព្រៃឈើមកទល់ពេលនេះ នៅមិនទាន់មានការផ្ដន្ទាទោស ឧកញ៉ា និងអ្នកមានសែស្រឡាយធំៗ នៅឡើយទេ។
កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ អង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានអន្តរជាតិហៅកាត់ថា អ៊ី.អាយ.អេ (EIA) ក៏បានរកឃើញថា គ្រាន់តែពីខែមករា ឆ្នាំ២០១៦ ដល់ត្រឹមខែមីនា ឆ្នាំ២០១៧ មន្ត្រីគយវៀតណាម បានកត់ត្រាឯកសារពន្ធគយលើការនាំឈើ និងគ្រឿងធ្វើអំពីឈើចេញពីប្រទេសកម្ពុជា ទៅកាន់វៀតណាម មានទឹកប្រាក់រហូតជិត ៣០០លានដុល្លារអាមេរិក។ ទីភ្នាក់ងារមួយនេះ បានចោទមន្ត្រីអាជ្ញាធរនៃប្រទេសវៀតណាម និងកម្ពុជាថា បានយកលុយសំណូករាប់លានដុល្លារ ពីឈ្មួញឈើ ជាថ្នូរការបើកទ្វារឲ្យកាប់ឈើ និងជួញដូរឈើខុសច្បាប់។
សហគមន៍ការពារព្រៃឈើនៅខេត្តភាគឦសានបន្ថែមថា ក្រោយពីរបប លោក ហ៊ុន សែន រំលាយបក្សសង្គ្រោះជាតិ សហគមន៍ការពារព្រៃឈើ និង ពលរដ្ឋមិនហ៊ានចេញមុខទប់ស្កាត់បទល្មើសព្រៃឈើ និងលាតត្រដាងបទល្មើសព្រៃឈើទៅប្រព័ន្ធផ្សព្វផ្សាយនោះទេ ព្រោះត្រូវអាជ្ញាធរចោទពួកគេថា ជាក្រុមបដិវត្តពណ៌ និងមានពលរដ្ឋខ្លះជាប់បណ្ដឹងទៅតុលាការទៀតផង៕
No comments:
Post a Comment