Paris Peace Accords 23 Oct. 1991

Saturday, December 21, 2013

លោក ហ៊ុន សែន បដិសេធ ​មិន​ចុះ​ចេញ ​ពី​តំណែង

លោក ហ៊ុន សែន បដិសេធ​មិន​ចុះ​ចេញ​ពី​តំណែង

លោក​នាយក ​រដ្ឋមន្ត្រី ហ៊ុន សែន បដិសេធ​ថា​ នឹង​មិន​ចុះ​ចេញ​ ពី​តំណែង, ហើយ​ ក៏​មិន​រៀប​ចំ​ បោះ​ឆ្នោត​សភា​ នីតិកាល​ទី​៥​ ឡើង​វិញ តាម​ការ​ទាមទារ​ របស់​ គណបក្ស​សង្គ្រោះ​ជាតិ ទេ។  ជាង​នេះ  លោក​ បាន​ព្រមាន​ចាត់​វិធាន​ការ​ តាម​ផ្លូវ​ច្បាប់​ ទៅ​លើ​ហ្វូង​បាតុកម្ម​ ដឹក​នាំ​ ដោយ​បក្ស​ប្រឆាំង ដែល​ប៉ុនប៉ង​បិទ​ផ្លូវ​ នា​ថ្ងៃ​ខាង​មុខ។  ប៉ុន្តែ សម្រាប់​មេ​ដឹក​នាំ​ គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា មិន​ព្រឺព្រួច ឬ​ញញើត​ទៅ​ នឹង​សារ​គំរាម​ របស់ លោក ហ៊ុន សែន ទេ និង​អះអាង​ថា​ បន្ត​ដឹក​នាំ​ មហា​បាតុកម្ម​នេះ​ ត​ទៅ​ទៀត។
ហ៊ុន សែន ៣០៥
១០-ធ្នូ-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​របស់​ជប៉ុន នៅ​ក្បែរ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។
RFA
​បដិសេធ​របស់​ លោក​នាយក ​រដ្ឋមន្ត្រី ហ៊ុន សែន ពេល​នេះ គឺ​ ជា​ការ​ឆ្លើយ​តប ​ទៅ​នឹង​សំណួរ ​របស់ ​អ្នក​សារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​ រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែ​ធ្នូ នា​មន្ទីរ​រដ្ឋសភា។ ប្រមុខ​ដឹក​នាំ ​មាន​ប្រសាសន៍​ថា គ្មាន​ច្បាប់​តម្រូវ ឲ្យ​មាន​ការ​បោះ​ឆ្នោត ​ឡើង​វិញ​ទេ។  លើស​ពី​នេះ បើ​តាម​រដ្ឋធម្មនុញ្ញ រូប​លោក ឬ​ព្រះមហាក្សត្រ​ក្តី,​រួម​នឹង​រដ្ឋសភា, មិន​មាន​សិទ្ធិ​​ ក្នុង​ការ​រំលាយ​រដ្ឋសភា ​ចោល​ទេ។
លោក ​បន្ត​ថា ចំពោះ​ការ​បោះ​ឆ្នោត ​អាច​ធ្វើ​ទៅ​បាន​ ជា​រៀង​រាល់ ៥​ឆ្នាំ​ម្តង ដូច​បាន​កំណត់ ​ក្នុង​រដ្ឋធម្មនុញ្ញ។  ជាមួយ​គ្នា​នេះ លោក​នាយក ​រដ្ឋមន្ត្រី​ បញ្ជាក់​ថា នឹង​មិន​ចុះ​ចេញ ​ពី​តំណែង ​ទៅ​តាម​ការ​ទាមទារ ​របស់​​ បក្ស​ប្រឆាំង​ទេ ព្រោះ ​មិន​បាន​ប្រព្រឹត្ត​ កំហុស​ឆ្គង។  ហើយ​ថា រដ្ឋសភា ​ក៏​មិន​បាន ​ទម្លាក់​រូប​លោក​ ពី​តំណែង​ដែរ។

បន្ថែម​លើ​នេះ លោក ហ៊ុន សែន បាន​ព្រមាន​ទៅ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​គម្រោង​ដឹក​នាំ​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​សាធារណៈ​ថា​ជា​ទង្វើ​ខុស​ច្បាប់។ ហើយ​ថា រដ្ឋាភិបាល​នឹង​ឆ្លើយ​តប ឬ​មាន​វិធាន​ការ​តាម​ផ្លូវ​ច្បាប់។ លោក ហ៊ុន សែន បាន​ស្នើ​ដល់​គណបក្ស​ប្រឆាំង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ធ្វើ​បាតុកម្ម​របស់​ខ្លួន។
ស្រប​ពេល​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ក៏​បាន​ចេញ​សេចក្តី​អំពាវនាវ​មួយ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ចូល​រួម​សហការ​ជាមួយ​អាជ្ញាធរ និង​អនុវត្ត​ឲ្យ​បាន​តាម​ច្បាប់ និង​បទបញ្ញត្តិ​នានា ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ចំពោះ​ផល​ប្រយោជន៍​ជាតិ ដើម្បី​បុព្វហេតុ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។
យ៉ាង​ណា​ក៏ដោយ ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​មិន​បាន​ចាប់​អារម្មណ៍​ទៅ​នឹង​សារ​ព្រមាន​របស់​រាជ​រដ្ឋាភិបាល ឬ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ ដោយ​អះអាង​ថា នឹង​បន្ត​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​រហូត​មាន​ដំណោះស្រាយ។
លោក ហូរ វ៉ាន់ បេក្ខជន​តំណាង​រាស្ត្រ និង​ជា​អនុប្រធាន​គណៈកម្មការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឆ្លើយ​តប​ទៅ​នឹង​សារ​ព្រមាន​របស់ លោក ហ៊ុន សែន ទេ។ លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​ដឹក​នាំ​មហា​បាតុកម្ម​អហិង្សា​រហូត ដោយ​គ្មាន​ញញើត​នឹង​សារ​គំរាម​ណា​មួយ​ទេ។
បន្ថែម​លើ​នេះ លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ ដែល​បង្ហាញ​វត្តមាន​នៅ​ទីលាន​ប្រជាធិបតេយ្យ នឹង​ដើរ​ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ល្ងាច​ថ្ងៃ​សុក្រ ទី​២០ ខែ​ធ្នូ ក៏​បាន​បន្ត​ទាមទារ​ឲ្យ លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង និង​ស្នើ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ដដែល។
គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ រហូត​ទៅ ដើម្បី​ដាក់​សម្ពាធ​ឲ្យ លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង និង​ទាមទារ​ឲ្យ​រៀប​ចំ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​៥​ឡើង​វិញ។ បញ្ហា​នេះ ទាំង លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន-អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​បាតុករ​ច្រើន​ពាន់​នាក់ សុទ្ធតែ​បាន​អះអាង​ថា នឹង​ប្ដេជ្ញា​បន្ត​ប្រមូល​ផ្តុំ​ធ្វើ​មហា​បាតុកម្ម​រហូត​មាន​ដំណោះស្រាយ ទើប​បញ្ឈប់​ការ​តវ៉ា៕

No comments:

Post a Comment