ពលរដ្ឋ កម្ពុជា ភ្ញាក់ផ្អើល ពេលឮ លោក ហ៊ុន សែន និយាយ ភាសាវៀតណាម
ដោយ៖ ស៊ុន ណារិន / វិទ្យុ វីអូឌី | ថ្ងៃសៅរ៍ ទី28 ខែធ្នូ ឆ្នាំ2013
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពេលថ្លែងទៅកាន់មន្រ្តីវៀតណាមកាលពីថ្ងៃសុក្រ/រូបថតព្រីនស្រ្គីនពីវីដេអូក្លីប
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសុក្រ បានថ្លែងជាភាសាវៀតណាមក្នុងអង្គមេទ្ទិញមួយទៅកាន់មន្ត្រីជាន់ខ្ពស់វៀតណាម ខណៈលោកកំពុងបំពេញទស្សនកិច្ច ដើម្បីជាការពង្រឹងទំនាក់ជាមួយប្រទេសជិតខាងមួយនេះ។
វីដេអូមួយ ដែលបានបង្ហោះតាមហ្វេសប៊ុកដោយដកស្រង់ពីទូរទស្សន៍ក្នុងស្រុកវៀតណាម បង្ហាញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទាក់ទងនឹងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) ជាភាសាវៀតណាម។ លោកនាយករដ្ឋមន្ត្រី បានថ្លែងដឹងគុណប្រទេសវៀតណាម ដែលបានជួយរំដោះកម្ពុជា ចេះពីរបបប៉ុល ពតក្នុងឆ្នាំ១៩៧៩។ វីដេអូ ក៏បានបង្ហាញរូបភាពឯកសារមួយចំនួនទាក់ទងនឹងរបបប៉ុល ពត នៅពេលដែលលោក ហ៊ុន សែន បានថ្លែង។
វីដេអូបង្ហោះលើហ្វេសប៊ុកនេះ ធ្វើឲ្យពលរដ្ឋខ្មែរជាពិសេសអ្នកលេងហ្វេសប៊ុក ភ្ញាក់ផ្អើល ដោយលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនិយាយភាសាវៀតណាមបាន។
លោក ហ៊ុន សែន មានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយប្រទេសវៀតណាមអំឡុងពេលកម្ពុជា បានជួបនឹងរបបសម្លាប់រង្គាល។ កាលពីឆ្នាំ១៩៧៩ លោក ជាមនុស្សម្នាក់ ដែលបានដឹកនាំទ័ពខ្មែរ និងទ័ព វៀតណាម ដើម្បីផ្តួលរលំរបបខ្មែរក្រហម។ លោក ក៏ជាសមាជិកទាហានខ្មែរក្រហម ដែលបានរត់គេចទៅប្រទេសវៀតណាមមុនឆ្នាំ១៩៧៩ ហើយបានទាក់ទងបញ្ជាការទ័ពប្រទេសវៀតណាម ដើម្បីវាយបករំលំខ្មែរក្រហមវិញ។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីទៅប្រទេសវៀតណាមនេះ ខណៈដែលបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ និងចលនាតវ៉ារបស់កម្មករទាមទារការដំឡើងប្រាក់ឈ្នួល កំពុងពុះកញ្ជ្រោល។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងមកដល់កម្ពុជាវិញនៅថ្ងៃសៅរ៍ ទី២៨ខែធ្នូនេះ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ឲ្យដឹងថា កម្ពុជា និងវៀតណាម ចុះហត្ថលេខាលើឯកសារមួយចំនួន រួមមាន៖ ១)កិច្ចសម្របសម្រួលពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងវៀតណាម ឆ្នាំ២០១៤-២០១៥ ២)កិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរទំនិញ ៣)សន្ធិសញ្ញាស្តីពីបត្យាប័ន ៤)កិច្ចព្រមព្រៀងឥណទានសម្បទាន ៥)ផែនការសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា កម្ពុជានិងក្រសួងអប់រំ និងបណ្តុះបណ្ដាលនៃប្រទេសវៀតណាម ៦)ផែនការសហប្រតិបត្តិការ ស្តីពីព័ត៌មានរវាងក្រសួងព័ត៌មាន ៧)ផែនការសហប្រតិបត្តិការឆ្នាំ២០១៤រវាងក្រសួងមហាផ្ទៃ កម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៨)អនុស្សរណៈនៃការយោគយល់គ្នាស្តីពីផែនការសហប្រតិបត្តិការ រវាងបណ្ណសារដ្ឋានជាតិ នៃទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា និងសាកលវិទ្យាល័យហាណូយនៃក្រសួងកិច្ចការផ្ទៃក្នុងនៃប្រទេស វៀតណាម៕
No comments:
Post a Comment