ក្រុមហ៊ុនប្រេងឥន្ធនៈ តូតាល់ ច្រានចោល ការចោទថា មិនចាក់សាំង ឲ្យក្រុមបាតុករ
ក្រុមហ៊ុនប្រេង ឥន្ធនៈ តូតាល់ (TOTAL) នៅកម្ពុជា បានច្រានចោល ចំពោះ ការលើកឡើង របស់ បាតុករ គាំទ្រគណបក្សសង្គ្រោះជាតិ ដែលបានចោទប្រកាន់ កាលពីពេល ថ្មីៗ នេះថា, ក្រុមហ៊ុន តូតាល់ មានការរើសអើង ចំពោះអ្នកគាំទ្រ គណបក្សប្រឆាំង ដោយសារក្រុមហ៊ុន មិនចាក់សាំង ឲ្យពួកគេ ក្នុងពេលដង្ហែក្បួន បាតុកម្ម គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃ ទី១៨ ខែធ្នូ ឆ្នាំ២០១៣។
RFA | 20 Dec. 2013
ប្រធានផ្នែកទីផ្សារ និងទំនាក់ទំនងនៃក្រុមហ៊ុនប្រេងឥន្ធនៈ តូតាល់ នៅកម្ពុជា អ្នកស្រី ស៊ន សុវត្តី នៅថ្ងៃទី២០ ខែធ្នូ បានបដិសេធការលើកឡើងរបស់បាតុករគាំទ្រទាំងនោះ។ អ្នកស្រីថា តាមពិត ក្រុមហ៊ុន តូតាល់ ពុំមានស្ថានីយរបស់ខ្លួនត្រង់កន្លែងដែលពលរដ្ឋលើកឡើងនោះទេ ហើយអ្នកស្រីគិតថា ពលរដ្ឋទាំងនោះអាចច្រឡំស្ថានីយផ្សេងដែលមានរូបរាង និងពណ៌ស្រដៀងនឹងស្ថានីយរបស់ តូតាល់ ហើយក៏គិតថាវាជាស្ថានីយរបស់ តូតាល់។
អ្នកស្រី ស៊ន សុវត្តី៖
«តូតាល់ គឺជាក្រុមហ៊ុនរបស់បារាំង អត់មានចូលបក្សសម្ព័ន្ធខាងនយោបាយណាមួយទេ គឺយើងលក់សាំងទៅឲ្យពលរដ្ឋគ្រប់ស្ថានភាពទាំងអស់ មិនថាអ្នកណាកាន់គណបក្សណា អ្នកហ្នឹងមានប៉ុណ្ណា ក្រប៉ុណ្ណា ស្ថានីយរបស់យើង គឺយើងចាក់សាំងឲ្យទាំងអស់។ ការលើកឡើងរបស់ប្រជាពលរដ្ឋ គឺពួកខ្ញុំបានចុះទៅមើលកាមេរ៉ាសុវត្ថិភាពរបស់យើងនៅក្នុងស្ថានីយទាំងអស់។ តូតាល់ មានស្ថានីយមួយឈ្មោះ តូតាល់ មុនីវង្ស លើផ្លូវមុនីវង្ស កែងនឹងផ្លូវ៣១០ ក៏ប៉ុន្តែនៅថ្ងៃដែល គេដើរហែគណបក្សហ្នឹង គឺអត់មានដើរកាត់ស្ថានីយរបស់ តូតាល់ ទេ ហើយផ្លូវដែលគេដើរ គឺនៅលើផ្លូវសីហនុ ដែលផ្លូវសីហនុ គឺអត់មាន តូតាល់ នៅលើផ្លូវហ្នឹងទេ នៅម្តុំពេទ្យចិនចាស់ ដែលគេបញ្ជាក់ ហើយបញ្ជាក់ទៀតនៅម្តុំពេទ្យចិនចាស់ តែ តូតាល់ ក៏ចង់បញ្ជាក់ទៅវិញថា តូតាល់ អត់មានស្ថានីយនៅពេទ្យចិនចាស់ទេ»។
បើទោះជាយ៉ាងណា ក្បួនបាតុកររបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៨ ខែធ្នូ បានឆ្លងកាត់ស្ថានីយប្រេង តូតាល់ ដែលស្ថិតនៅជ្រុងម្ខាងនៃរង្វង់មូលអាងទឹកអូឡាំពិក គឺនៅលើចំណុចកែងគ្នារវាងផ្លូវសីហនុ និងផ្លូវតូចមួយភ្ជាប់ទៅផ្លូវមុនីរ៉េត៕
No comments:
Post a Comment