Paris Peace Accords 23 Oct. 1991

Saturday, December 21, 2013

អ្នកសង្កេតការណ៍៖ ​ការឆ្លើយ​តប​ របស់​ លោក​ ហ៊ុន សែន​ ជា​ការ​គួរ​ ឱ្យ​ខកចិត្ត

អ្នកសង្កេតការណ៍៖ ​ការឆ្លើយ​តប​ របស់​ លោក​ ហ៊ុន សែន​ ជា​ការ​គួរ​ ឱ្យ​ខកចិត្ត

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​​បាន​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​កាលពីថ្ងៃ​សុក្រ​ថា​​​ លោក​នឹង​មិន​ចុះ​ចេញ​ពី​អំណាច​​ទេ ​ហើយ​ក៏​​​មិន​មានការបោះឆ្នោត​មុន​អណត្តិ​ដែរ។​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​​បាន​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​កាលពីថ្ងៃ​សុក្រ​ថា​​​ លោក​នឹង​មិន​ចុះ​ចេញ​ពី​អំណាច​​ទេ ​ហើយ​ក៏​​​មិន​មានការបោះឆ្នោត​មុន​អណត្តិ​ដែរ។​

ម៉ែន​ គឹមសេង VOA | 21 ធ្នូ 2013
វ៉ាស៊ីនតោន៖ អង្គការ សិទ្ធិ​មនុស្ស​ខ្មែរ​ នៅ​សហរដ្ឋ​អាមេរិក មើល​ឃើញ​ប្រតិកម្ម​ របស់​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ចំពោះ​ ការតវ៉ា​ របស់​ គណបក្ស​ប្រឆាំង​ ថា​ ជា​រឿង​គួរ​ ឱ្យ​ខកចិត្ត។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ប្រាប់​ ក្រុម​អ្នក​រាយការណ៍​ ព័ត៌មាន​ កាលពីថ្ងៃ​សុក្រ​ ថា​, លោក​ នឹង​មិន​ចុះ​ចេញ​ ពី​អំណាច​ តាម​ការ​ទាមទារ​ របស់​ បាតុករ​ នៃ​គណបក្ស​ប្រឆាំង​ទេ​, ហើយ​ ក៏​នឹង​មិន​មាន ការបោះឆ្នោត​ មុន​អណត្តិ​ដែរ​ ដោយ​សារ​តែ​ ច្បាប់​ មិន​អនុញ្ញាត។​

លោក​ យ័ប​ គឹមទុង ប្រធាន​សមាគម​ខ្មែរ​អាមេរិក​ដើម្បី​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​បញ្ជាក់​ថា​រដ្ឋាភិបាល​មិន​គួរ​មិន​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​តវ៉ា​របស់​គណបក្ស​ប្រឆាំង​ទេ៖

«ខ្ញុំ​ថា​រឿង​នេះ​ប្រសិន​បើ​រដ្ឋាភិបាល​មិន​ដោះស្រាយ​ពី​រឿង​ហ្នឹង​ទេ​ប្រទេស​យើង​នឹង​មាន​បញ្ហា​ដល់​មនុស្ស​យើង​ទាំង​អស់​គ្នា​មិន​ថា​សមាជិក​គណបក្ស​ប្រជាជន​ឬ​មួយ​ក៏​សមាជិក​សង្គ្រោះ​ជាតិ​នោះ​ទេ​ពីព្រោះ​ នេះ​វា​ប៉ះពាល់​ទាំង​អស់​គ្នា​ហើយ​ប៉ះពាល់​រហូត​ទៅ​ដល់​ពួកអ្នក​រកស៊ី​ផង​ដែរ។ ជាពិសេស​រកស៊ី​ធំៗ​ហើយ​នឹង​ទោះបី​រដ្ឋមន្ត្រី​ធំៗ​ក៏​នឹង​ប៉ះពាល់​ពី​ព្រោះ​ថា​ប្រទេស​យើង​តែ​មាន​បង្ហូរ​ឈាម​ឬ​មួយ​ក៏​ធ្វើបង្រ្កាប​ពួកអ្នក​បាតុកម្ម​មិន​ត្រឹមត្រូវ​អន្តរជាតិ​នឹង​មិន​អត់​ឱន​ឱ្យ​ហើយ​មួយ​ទៀត​ក៏​ពួកអ្នក​រកស៊ី​ធំៗ​ក៏​មិន​ហ៊ាន​រកស៊ី​នៅ​ស្រុក​ខ្មែរ»។

​អង្គការ​សិទ្ធិ​មនុស្ស​នេះ​នៅ​បន្ត​ទាមទារ​ឱ្យ​មាន​ការដោះស្រាយ​ដោយ​សន្តិវិធី​លើ​ការខ្វែង​គំនិត​គ្នាលើ​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត​ជាតិ​កាលពីថ្ងៃ​ទី​២៨​ខែ​កក្កដា។

លោក​ យ័ប គឹមទុង​បាន​បន្ថែម​ថា៖​

«ចំពោះ​ខ្ញុំ​ ខ្ញុំ​សូម​ជំរុញ​ឱ្យ​ភាគី​ទាំង​សង​ខាង​ចរចា​ឱ្យ​បាន​ត្រឹម​ត្រូវ​ឱ្យ​បាន​ភាគី​ទាំង​សងខាង​ឱ្យ​បាន​ស្រួល​ទាំង​អស់​គ្នា​ហើយ​បើសិន​ដោះស្រាយ​រឿង​ហ្នឹង​មិន​បាន​តាមការ​ចរចា​ទេ​ការបោះឆ្នោត​សារជាថ្មី គឺ​ជា​ការ​ត្រឹមត្រូវ​ហើយ។ យើ​ងឃើញ​ថា​ប្រទេស​ថៃ​គេ​គ្រាន់​តែ​មាន​បញ្ហា​អញ្ចឹង​ភ្លេត​ គេមិន​ដឹង​ដោះស្រាយ​យ៉ាងម៉េច​គេ​ឱ្យ​ប្រជាជន​ជួយ​ដោះស្រាយ​ឱ្យ​ម៉្លោះ​ហើយ​គេ​អាច​ឱ្យ​មាន​ការ​បោះឆ្នោត​ថ្មីៗ​ភ្លាមៗ​អញ្ចឹង​បាន។ ខ្ញុំ​ថា​ស្រុក​ខ្មែរ​យើង​អាច​ធ្វើ​អញ្ចឹង​បាន​ដូច​គ្នា​ប្រសិន​បើ​រដ្ឋាភិបាល​ចង់​ដោះស្រាយ​អញ្ចឹង»។

​ក្រុម​បាតុករ​រាប់​ពាន់​នាក់​នៃ​គណបក្ស​សង្គ្រោះជាតិ​ដឹកនាំ​ដោយ​លោកសម រង្ស៊ី​និង​លោក​កឹម សុខាបាន​ជួប​ប្រជុំ​គ្នា​ជារៀង​រាល់​ថ្ងៃ​ចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ​ទី​១៥​ខែ​ធ្នូនៅ​ទីលាន​ប្រជាធិបតេយ្យ​និង​បាន​ដើរ​ក្បួន​ដង្ហែរ​ពាស​ពេញ​ទីក្រុង​ភ្នំពេញ​ដើម្បី​ប្រកាសទាមទារឱ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​និង​ស្នើ​សុំ​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ចុះ​ចេញ​ពី​តំណែង។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ទម្លាយ​នូវ​ភាព​ស្ងៀមស្ងាត់​ជាយូរ​ដោយ​ផ្តល់សម្ភាស​ខ្លី​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​វិមាន​រដ្ឋ​សភា​ជាតិ​ថា៖​

«ទាម​ទារ​ឱ្យ​ខ្ញុំ​ចុះ​ចេញ​ពី​តំណែង​ តើ​ខ្ញុំ​បាន​ធ្វើ​កំហុស​អ្វី​បើ​សិន​ជា​សភា​ទម្លាក់​ខ្ញុំ​នោះ​វាជា​រឿង​មួយ​ក៏ ​ប៉ុន្តែ​ការ​ចុះ​ចេញ​ពី​តំណែង​របស់​ខ្ញុំ​មិន​មែន​ជាការ​ចង់​បាន​របស់​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​និង​គាំទ្រ​ខ្ញុំ​នោះ​ទេ»។​

ប្រតិកម្ម​ជាសាធារណៈ​របស់​លោក​ហ៊ុន សែន​កើត​ឡើង​ក្នុង​ខណៈ​ដែល​បាតុកម្ម​ប្រឆាំង​បាន​ឈាន​មក​ដល់​ថ្ងៃ​ទី​៦​ហើយ​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ជាច្រើន។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​បាន​ព្រមាន​ដោយ​ប្រយោល​សុំ​កុំ​ឱ្យ​បាតុករ​ធ្វើ​ទង្វើ​ណា​ដែល​ផ្ទុយ​នឹង​ច្បាប់។ ​

​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ថា​នឹង​បិទ​ផ្លូវជាតិ​សំខាន់ៗ​បើ​រដ្ឋាភិបាល​ពុំ​ព្រម​ធ្វើ​តាម​ការ​ដែល​ខ្លួន​ចង់បាន​ទេ។

ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ព្រមាន​ថា៖

«យើង​មិន​អាចទទួល​យក​បាន​លើ​ទង្វើ​ណា​ក៏ដោយ​ចុះ​ដែល​ពាក់​ព័ន្ធ​ទៅ ​នឹង​ការ​បំផ្លាញ​សន្តិសុខ​របស់​ជាតិ​ហើយ​ខ្ញុំ​សូម​ស្នើ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតដៃ​ទីបី»។​

មិន​មាន​មន្ត្រី​រដ្ឋាភិបាល​ណា​ម្នាក់​ចេញ​មក​បកស្រាយ​ចំពោះ​សមាសភាព​នៃ​បាត​ដៃ​ទីបី​ដែល​លោក​ហ៊ុន សែន​ព្រមាន​ឱ្យ​ប្រយ័ត្ន​នោះ​ទេ​ប៉ុន្តែ​យោងតាម​អ្នក​តាម​ដាន​សភាព​ការណ៍​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ថៃ​ឱ្យ​ដឹង​ថា​ពាក្យ​នេះ​ត្រូវបាន​គេ​ប្រើ​សំដៅ​ទៅលើ​ក្រុម​ឆ្លៀត​ឱកាស​ដែល​បន្លំ​ខ្លួន​ចូល​ក្នុង​ក្រុម​បាតុករ​ហើយ​បង្ករ​ជា​អំពើ​ហិង្សា។  តាម​ប្រភព​រដ្ឋាភិបាល​ដែល​បាន​បង្ហើប​ប្រាប់​ឱ្យ​វីអូអេ​ដឹង​ថា​ពួកគេ​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​ក្រុម​បាតដៃ​ទីបីនេះ​ ដែល​អាច​នឹង​ឆ្លៀត​ចូល​ក្នុង​ក្រុម​បាតុករ​របស់​គណបក្ស​ប្រឆាំង​ផងដែរ៕


No comments:

Post a Comment