វិស័យ រោងចក្រ កាត់ដេរ មិនដំណើរការ ១ថ្ងៃ អាចបាត់ ចំណូល ប្រមាណ ១៧លាន ដុល្លារ
តាមការប៉ាន់ស្មាន វិស័យរោងចក្រកាត់ដេររបស់កម្ពុជា អាចបាត់បង់ចំណូលប្រមាណ ១៧លានដុល្លារក្នុងមួយថ្ងៃ។ ចំណែកក្រុមកម្មករវិញ ក៏បានបាត់ចំណូលពីប្រាក់ប្រចាំថ្ងៃរបស់គេប្រមាណ ១លានដុល្លារអាមេរិកដែរ។
កម្មកររោងចក្រកាត់ដេរកាន់តែច្រើន បានធ្វើការប្រមូលផ្ដុំគ្នាដើរនៅតាមផ្លូវនានានៅរាជធានីភ្នំពេញ ដើម្បីទាមទារដំឡើងប្រាក់គោលទៅតាមអ្វីដែលគេរំពឹងទុកចំនួន ១៦០ដុល្លារក្នុងមួយខែ។ ការកើនឡើងក្រុមអ្នកតវ៉ានេះ ដោយសារតែយន្តការរបស់ស្ថាប័នពាក់ព័ន្ធបានផ្ដល់ដំណោះស្រាយ ដោយផ្ដល់ប្រាក់ខែគោលចំនួន ៩៥ដុល្លារ ដែលក្រុមកម្មករមិនអាចទទួលយកបាន ព្រោះចំនួននេះមិនអាចទូទាត់នឹងការចំណាយប្រចាំថ្ងៃឡើយ។
ការស្រាវជ្រាវនានាបានបង្ហាញទៀតថា ការផាត់ចំណាយលើប្រាក់ខែកម្មករប្រចាំឆ្នាំ និងការចំណាយលើការទិញវត្ថុធាតុដើមនោះ គឺវិស័យរោងចក្រកាត់ដេរនៅកម្ពុជា ទាំងអស់នៅសល់ទឹកប្រាក់ចំនួន ២ពាន់លានដុល្លារទៀត ដែលទុកសម្រាប់ចំណាយប្រតិបត្តិការផ្សេងៗ និងផលចំណេញ។
បញ្ហានេះ អ្នកវិភាគសេដ្ឋកិច្ចបានអះអាងថា ផលលំបាកពីរដែលម្ចាស់រោងចក្រមិនអាចដំឡើងប្រាក់ខែឲ្យកម្មករបាន។ កត្តាទីមួយ គឺចំណាយក្រៅផ្លូវការខ្ពស់ និងទីពីរ ការទទួលផលចំណេញខ្ពស់របស់ម្ចាស់រោងចក្រ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់សមាគមរោងចក្រកាត់ដេរកម្ពុជា លោក ជាតិ ខេមរា មានប្រសាសន៍ថា ការដំឡើងប្រាក់ខែគោលដល់កម្មករដូចអ្វីដែលក្រុមកម្មករចង់បាន រោងចក្រនឹងអាចបិទ ឬផ្លាស់ប្ដូរទីតាំងទៅប្រទេសផ្សេង។ លោកបញ្ជាក់ថា ប្រសិនបើលទ្ធភាពដំឡើងប្រាក់ខែគោលអាចធ្វើទៅបាន គឺម្ចាស់រោងចក្រនឹងដំឡើងទៅតាមការចង់បានរបស់កម្មករ ដើម្បីធានាស្ថិរភាពផលិតកម្ម ប៉ុន្តែដំណើរការរោងចក្រក៏ត្រូវប្រឈមនឹងការចំណាយខ្ពស់លើកត្តាផលិតកម្មដែរ។
«សំឡេង»
លោក ជាតិ ខេមរា មានប្រសាសន៍បន្ថែមទៀតថា ចំពោះការចំណាយក្រៅផ្លូវការលើសេវារដ្ឋបាល គឺរឿងបច្ចេកទេសផ្ទាល់របស់ម្ចាស់រោងចក្រនីមួយៗ។
ទោះបីជាមានការអះអាងរបស់តំណាងរោងចក្រដែលមិនអាចមានលទ្ធភាពដំឡើងប្រាក់ខែគោល ប៉ុន្តែមានការសិក្សានានារកឃើញថា អាចដំឡើងបាន។
របាយការណ៍របស់វិទ្យាស្ថានសម្រាប់សិក្សាអភិវឌ្ឍន៍នៅកម្ពុជា បានរកឃើញថា កម្មករម្នាក់ជួយផលិតអោយថៅកែរោងចក្រទទួលបានផលចំណេញចំនួន ២៨០ដុល្លារអាមេរិក កាលពីឆ្នាំ២០១០។ បច្ចុប្បន្ន កម្មករម្នាក់ៗអាចបង្កើតផលចំណេញដល់ម្ចាស់រោងចក្រកាន់តែច្រើនថែមទៀត នៅពេលដែលកម្មករទទួលបានជំនាញកាន់តែប្រសើរជាងមុន។
ប្រធានស្ដីទីសមាគមអ្នកសេដ្ឋកិច្ចកម្ពុជា លោក ស្រី ចន្ធី មានប្រសាសន៍ថា ប្រសិនបើម្ចាស់រោងចក្រប្រឈមចំណាយក្រៅផ្លូវការពិតប្រាកដមែន លទ្ធភាពដំឡើងប្រាក់គោលដល់កម្មករ គឺជារឿងមួយលំបាក។ លោកបញ្ជាក់ថា បញ្ហាដំឡើងប្រាក់ខែដល់កម្មករ គឺរដ្ឋាភិបាលអាចទៅបានតាមរយៈការកាត់បន្ថយពន្ធដល់រោងចក្រកាត់ដេរ និងការកាត់បន្ថយការយកកម្រៃក្រៅផ្លូវការ។ ការធ្វើបាតុកម្មនេះ នឹងប៉ះពាល់ការទទួលកិច្ចសន្យាបន្ថែមរបស់ម្ចាស់រោងចក្រនីមួយៗ។
សមាគមរោងចក្រកាត់ដេរកម្ពុជា បានចេញសេចក្ដីប្រកាសកាលពីថ្ងៃ២៥ ធ្នូ ទៅសមាជិករបស់ខ្លួនដែលមានចំនួនជាង ៤០០រោងចក្រ ឲ្យផ្អាកសកម្មភាពរបស់ខ្លួនជាបណ្ដោះអាសន្ន ក្នុងកំឡុងពេលមួយសប្ដាហ៍។
ទោះជាយ៉ាងណាក៏ដោយ ស្របពេលដែលបញ្ហាដំឡើងប្រាក់ខែគោលកំពុងពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយនៅឡើយ អ្នកវិភាគសេដ្ឋកិច្ចវិញបានស្នើឲ្យភាគីពីគ្រប់ស្ថាប័នទាំងអស់ រួមទាំងក្រុមបាតុករផង ត្រូវពិចារណាលើចំណុច៥ ដើម្បីដោះស្រាយបញ្ហានេះ។ ទីមួយ គឺផលចំណេញរបស់សហគ្រាសរោងចក្រ។ ទីពីរ ការចំណាយផ្សេងៗរបស់រោងចក្រ។ ទីបី ភាពប្រកួតប្រជែងផលិតរបស់រោងចក្រ (country comparative advantage)។ ទីបួន ផលិតភាពរបស់កម្មករ និងទីប្រាំ គឺវាយតម្លៃពីប្រភេទ ឬលក្ខណៈវិស័យកាត់ដេរកម្ពុជា នៅក្នុងបរិបទកម្លាំងពលកម្មចូលក្នុងទីផ្សារការងារកាន់តែខ្ពស់។
ការចូលរួមវាយតម្លៃនេះ នឹងធ្វើឲ្យគ្រប់ភាគីចំណេញទាំងអស់គ្នា។ ការស្រាវជ្រាវដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរកឃើញថា ការធ្វើបាតុកម្មដំឡើងប្រាក់ខែកាលពីឆ្នាំ២០១០ គឺមានកម្មករប្រមាណ ១៦ម៉ឺននាក់ ដែលការធ្វើបាតុកម្មនោះបានខាតបង់ទឹកប្រាក់ប្រមាណ ១៥លានដុល្លារ កំឡុងពេលធ្វើបាតុកម្មរយៈពេលបីថ្ងៃ។
បច្ចុប្បន្ន តាមការប៉ាន់ស្មានដោយផ្អែកលើទិន្នន័យចំណូលវិស័យកាត់ដេររបស់ក្រសួងពាណិជ្ជកម្ម នៅរយៈពេល ១១ខែ ឆ្នាំ២០១៣ មានទឹកប្រាក់ ៥ពាន់លានដុល្លារអាមេរិក និងការវិភាគរបស់អ្នកសេដ្ឋកិច្ចមួយចំនួនបានបង្ហាញថា ភាពមិនដំណើរការរោងចក្រក្នុងមួយថ្ងៃ វិស័យឧស្សាហកម្មកាត់ដេរនេះនឹងខាតបង់ចំណូល ១៧លានដុល្លារអាមេរិក។ ការខាតបង់ប្រាក់ប្រចាំថ្ងៃឲ្យកម្មករវិញ មានចំនួនប្រមាណ ១លានដុល្លារអាមេរិក ដែលសមាមាត្រកម្មករម្នាក់ៗបាត់បង់ចំណូលប្រមាណ ៥ពាន់រៀល នៅពេលដែលគាត់ចេញធ្វើបាតុកម្មក្នុងមួយថ្ងៃ៕
No comments:
Post a Comment