វិភាគ៖ តើ អាចមាន ប្រជាមតិ សម្រាប់ ការបោះឆ្នោត ឡើងវិញទេ?
ដោយ៖ ស៊ុន ណារិន / វិទ្យុ វីអូឌី | ថ្ងៃអាទិត្យ ទី29 ខែធ្នូ ឆ្នាំ2013

ទិដ្ឋភាពនៃក្បួនបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់នៅលើមហាវិថីព្រះមុនីវង្សនៅរសៀលថ្ងៃអាទិត្យនេះ/រូបថតពីហ្វេសប៊ុកលោក កឹម សុខា
គណបក្សសង្គ្រោះជាតិ កំពុងធ្វើបាតុកម្មជារៀងរាល់ថ្ងៃទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និងការលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្របពេលកម្មករ បានតវ៉ា ដើម្បីទាមទារប្រាក់ឈ្នួលគោលរហូតដល់ទៅ១៦០ដុល្លារ ដែលធ្វើឲ្យសម្ពាធនយោបាយកាន់តែពុះកញ្ជ្រោល។តែការស្នើឲ្យមានការបោះឆ្នោតឡើងវិញនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធ។
អ្នកវិភាគមួយចំនួន លើកឡើងថា ប្រជាមតិទៅលើការបោះឆ្នោតឡើងវិញ អាចជាដំណោះស្រាយមួយសម្រាប់បញ្ហានយោបាយនៅកម្ពុជា តែអ្វីសំខាន់តើស្ថាប័នណា នឹងទទួលខុសត្រូវលើការធ្វើប្រជាមតិនេះ។
នាយកប្រតិបត្តិអង្គការនិកហ្វិក ដែលកំពុងតាមការដំណើរការបោះឆ្នោត លោកហង្ស ពុទ្ធា មានប្រសាសន៍ថា គោលបំណងរបស់គណបក្សទាំងពីរ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ផ្សេងគ្នាដាច់ស្រឡះ ដែលមិនអាចរកចំណុចរួមបាន។លោកគាំទ្រសមាជតាមបែបអព្យាក្រឹត ពិតប្រាកដ ដោយក្រុមឯករាជ្យ តែត្រូវប្រាកដថា លទ្ធផល អាចព្រមទទួលយកបានពីភាគីទាំងពីរ។
លោកហង្ស ពុទ្ធា បន្តថា មុននឹងឈានដល់ការបោះឆ្នោតឡើងវិញ គឺទាមទារការកែទម្រង់នៃការបោះឆ្នោតជាមុនសិន ដើម្បីប្រាកដថា ពលរដ្ឋអាចទុកចិត្តបាន។លោកបញ្ជាក់ថា៖«ខ្ញុំគ្មានជំនឿថា អាចនឹងមានការបោះឆ្នោតឡើងវិញទេ។ បើធ្វើ[ប្រជាមតិ] គណបក្សប្រជាជន អាចទទួលបានលទ្ធផល ទីមួយគឺគាត់អាចជោគជ័យ ទីពីរ គាត់អាចបរាជ័យ។សព្វថ្ងៃ ប្រសិនបើគាត់ជោគជ័យ ជារឿងធម្មតា តែបើបរាជ័យវិញ គឺជារឿងអាម៉ាស់មួយ»។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា ការបោះឆ្នោតឡើងវិញ មិនទាក់ទងនឹងប្រជាមតិ តែអាស្រ័យលើឆន្ទៈនយោបាយ។ លោកស្នើឲ្យមានការកែទម្រង់ការបោះឆ្នោត និងការបោះឆ្នោតឡើងវិញ ដើម្បីឲ្យការឈ្នះចាញ់ល្អមើល និងអ្នកដែលឈ្នះមានភាពស្របច្បាប់។ លោកបញ្ជាក់ថា៖«ដំណោះស្រាយនយោបាយ មានតែរឿងណ្នឹង[ការបោះឆ្នោតឡើងវិញ] តែបើសិនយើងចង់ងាកទៅរឿងមុន[រឿងចែកអំណាច] អាចហួសពេលតិចហើយ ស្ទើរតែចង់ផុតហើយ»។
លោក គល់ បញ្ញា ឲ្យដឹងទៀថា ការបោះឆ្នោតឡើងវិញ អាចត្រូវការពេលយ៉ាងតិច១ឆ្នាំ។ លោកបន្តថា ភាគីទាំងពីរ អាចជជែកគ្នា ដើម្បីបញ្ច្រៀសវិបត្តិនយោបាយ ដែលអាចធ្ងន់ធ្ងរជាងមុន។ឆន្ទៈនយោបាយ អាចកើតឡើងពីអ្នកនយោបាយ ដែលចង់បានកិត្តិយស កិត្យានុភាព និងភាពត្រឹមត្រូវ និងមួយទៀតកើតចេញពីសម្ពាធនយោបាយ។
(បាតុករគណបក្សសង្រ្គោះជាតិ រាប់ម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យ នៅរសៀលថ្ងៃអាទិត្យនេះ/ជន ស្រីណុច)
លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការធ្វើប្រជាមតិជារឿងល្អមួយ តែសំណួរចោទសួរថា ធ្វើម៉េចបានប្រជាមតិ ថាតើស្ថាប័នមួយណា ដែលនឹងធ្វើប្រជាមតិ ព្រោះថាប្រជាមតិ គឺធ្វើដូចការបោះឆ្នោត។
កាលពីថ្ងៃសៅរ៍ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៍ជាលក្ខណៈផ្ញើសារទៅកាន់គណបក្សប្រជាជនកម្ពុជា ជាពិសេសទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថា លោកស្នើឲ្យមានការជួបជុំគ្នាជាទ្រង់ទ្រាយធំ ដោយនាំមកនូវគំនិតថ្មី ដើម្បីរកដំណោះស្រាយទៅលើបញ្ហាដែលកំពុងកើតឡើងនៅកម្ពុជា។លោក សម រង្ស៊ី មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ ចង់ឲ្យមានការជជែកគ្នាជាទ្រង់ទ្រាយធំមួយ ដែលមានការចូលរួមពីគណបក្សនយោបាយ សហជីព សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីជជែកពីបញ្ហាប្រទេស ដោយយកប្រយោជន៍ជាតិជាធំ ប្រកបដោយឆន្ទៈក្នុងស្មារតីស្ថាបនាវិជ្ជមាន។ លោក សម រង្ស៊ី បន្តថា ល្មមដល់ពេលគណបក្សនយោបាយជួបគ្នាហើយនៅសប្តាហ៍ក្រោយ គឺដើមឆ្នាំ២០១៤ ដើម្បីកុំឲ្យមានបញ្ហាស្មុគស្មាញ ដោយរកគំនិតថ្មីខ្លះ កុំយកតែគំនិតចាស់ៗ។ លោក ព្រមានថា កុំឲ្យការតវ៉ាហួសវែងឆ្ងាយ និងកុំឲ្យកាន់តែធំធ្ងន់ធ្ងរ៕
No comments:
Post a Comment