កម្មករ ច្រើនម៉ឺននាក់ ធ្វើបាតុកម្ម នៅមុខ ក្រសួងការងារ ទាមទារ ឡើងប្រាក់ខែ
គង់ សុឋានរិទ្ធ / វីអូអេ | 27 ធ្នូ 2013
ភ្នំពេញ — រលកនៃ កម្មករ រោងចក្រ ជាច្រើនម៉ឺន នាក់បានចេញធ្វើ បាតុកម្ម នៅថ្ងៃសុក្រនេះ នៅក្នុង ប្រទេសកម្ពុជា ដើម្បីទាមទារដំឡើង ប្រាក់ខែ គោលឲ្យដល់ ១៦០ ដុល្លារអាមេរិក ក្នុងមួយខែ។
មន្ត្រី អង្គការ សង្គមស៊ីវិល បាន ប៉ាន់ប្រមាណថា កម្មករ ធ្វើបាតុកម្ម និងកូដកម្មកើនដល់ ៤០ម៉ឺននាក់ នៅទូទាំង ប្រទេសនៅថ្ងៃនេះ។
បាតុកម្មរបស់ក្រុមកម្មករធ្វើឡើងស្របពេលដែលគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខាបានដឹកនាំបាតុកម្មក្នុងទីក្រុងភ្នំពេញឈានដល់ថ្ងៃទី១២ហើយ។
ចាប់តាំងពីព្រឹកព្រលឹម ក្រុមកម្មករបានធ្វើកូដកម្មនៅតាមរោងចក្ររបស់ពួកគេរៀងៗខ្លួន ហើយបានចុះដើរតាមដងផ្លូវឆ្ពោះមកកាន់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យដើម្បីចូលរួមបាតុកម្មជាមួយគណបក្សជំទាស់គឺគណបក្សសង្គ្រោះជាតិ។
ដោយឡែកនៅឯតំបន់សេដ្ឋកិច្ចពិសេស សង្កាត់កំបូល នៅលើផ្លូវជាតិលេខ៤ ជាយទីក្រុងភ្នំពេញវិញ កម្មករបានធ្វើបាតុកម្មនៅនឹងកន្លែង ហើយមានការប៉ះទង្គិចគ្នាមួយឈុតជាមួយកម្លាំងកងរាជអាវុធហត្ថ។ កម្មករយ៉ាងហោចណាស់ប្រាំនាក់បានរងរបួស ហើយពួកគេបានបិទផ្លូវនេះ មុននឹងបើកឡើងវិញនៅម៉ោងជិត៥ល្ងាចនេះ។
កម្មករចំនួនបីនាក់ត្រូវបានចាប់ខ្លួនក្នុងការប៉ះទង្គិចនេះ ហើយក្រោយមកត្រូវបានដោះលែងមកវិញ។
កញ្ញាមាន វណ្ណា កម្មការិនីមកពីរោងចក្រមួយនៅសង្កាត់ចោមចៅ ខ័ណ្ឌពោធិសែនជ័យ។
នាងដើរជាមួយនឹងក្រុមកម្មកររាប់ពាន់នាក់លើផ្លូវសហព័ន្ធរុស្ស៊ី។ ខ្លះគ្រវីស្លឹកឈើ ខ្លះស្រែក។
នាងនិយាយថា៖ «ទៅក្រសួងការងារ(ដើម្បី)ទាមទារប្រាក់ខែឲ្យបាន១៦០ដុល្លារក្នុងមួយខែ។ កម្មកររោងចក្រទាំងអស់មកទីនេះ»។
នៅលើផ្លូវវ៉េងស្រេង ខ័ណ្ឌមានជ័យឯណោះវិញ កម្មករក៏នាំគ្នាដើរជាក្រុមធំៗដើម្បីប្រមូលផ្តុំគ្នាធ្វើបាតុកម្មជាមួយកម្មករដទៃទៀត។ នៅតាមបណ្តោយផ្លូវវ៉េងស្រេងគឺជាតំបន់រោងចក្រយ៉ាងច្រើនបំផុតក្នុងរាជធានីភ្នំពេញ។
កម្មករម្នាក់និយាយថា៖ «រោងចក្រចម្រុះមកទីនេះ។ សង្ឃឹមថានឹងទទួលបានជោគជ័យ»។
កម្មករបានប្រមូលផ្តុំគ្នាជាច្រើនពាន់នាក់នៅពីមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ប៉ុន្តែចំនួនកម្មករបានចុះថយមកវិញ នៅពេលដែលកម្មករដទៃបានទៅចូលរួមបាតុកម្មនៅទីលានប្រជាធិបតេយ្យជាមួយគណបក្សសង្គ្រោះជាតិ។
កញ្ញាឈាង ធីតាគឺជាអ្នកដឹកនាំកម្មករម្នាក់មកពីរោងចក្រគីនតាយ នៅតាមបណ្តោយផ្លូវជាតិលេខ២។ នាងកំពុងអង្គុយនៅមុខក្រសួងការងារ។
នាងនិយាយថា៖ «សូម្បីតែហូបក៏ហូបមិនឆ្អែតដែរ។ ហូបតែពងទាជាមួយទឹកត្រី ជាមួយលៀសហាល ជាមួយជ្រក់ ជាមួយសម្លម្ជូរត្រកួន ហើយជាមួយស្ពៃបន្លែរលួយៗ។ នេះហើយកម្មករនៅស្រុកខ្មែរ។ ដូច្នេះហើយបានជាកម្មករគ្រប់រោងចក្រទូទាំងប្រទេសទាមទារដំឡើងប្រាក់ខែថ្ងៃនេះ»។
តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិគឺលោកស្រីមួ សុខហួរបានបង្ហាញវត្តមានក្នុងចំណោមបាតុករនៅមុខក្រសួងការងារ។
លោកស្រីនិយាយថា៖ «ការងារដែលក្មួយធ្វើនេះគឺជាការងារសមរម្យណាស់។ ប៉ុន្តែអ្នកដឹកនាំទេដែលមិនឲ្យតម្លៃដល់ក្មួយៗ»។
ដំណាលគ្នានឹងការធ្វើបាតុកម្មរបស់ក្រុមកម្មកររោងចក្រនោះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកកិច្ចប្រជុំមួយជាមួយក្រុមសហជីពកម្មករនៅរសៀលថ្ងៃសុក្រនេះ។
ប៉ុន្តែកិច្ចប្រជុំរយៈពេលជាង២ម៉ោងដែលមិនមានភាគីថៅកែរោងចក្រចូលរួមនោះ មិនបានឈានដល់កិច្ចព្រមព្រៀងដំឡើងប្រាក់ឈ្នួលកម្មករនោះទេ។
លោកអាត់ ធន់ ប្រធានសហព័ន្ធសហជីព CCAWDU មានប្រសាសន៍ថាកិច្ចប្រជុំនឹងធ្វើបន្តទៀតនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ដោយរដ្ឋមន្ត្រីក្រសួងការងារយកសំណើដំឡើងប្រាក់ខែដល់កម្មករចំនួន១៦០ដុល្លារអាមេរិកក្នុងមួយខែនេះទៅដាក់ជូនក្រុមនិយោជក។
លោកនិយាយថា៖ «គាត់ទទួលសំណើហ្នឹងហើយ នឹងណាត់ឲ្យជួបជាមួយនិយោជកនៅថ្ងៃច័ន្ទ ទី៣០ ខែធ្នូវេលាម៉ោង៩ព្រឹកដើម្បីជជែកគ្នាបន្ត»។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅល្ងាចនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើឲ្យកម្មកររោងចក្រចូលបំពេញការងារដូចធម្មតាវិញ និងស្នើឲ្យបញ្ឈប់កូដកម្ម និងបាតុកម្ម។
ប៉ុន្តែលោកអាត់ ធុនអះអាងថា កម្មករនឹងមិនបញ្ឈប់ការតវ៉ាទេ ល្គឹកណាមិនទាន់មានការយល់ព្រមលើការដំឡើងប្រាក់ខែ។
យោងតាមលោកមឿន តុលា ប្រធានកម្មវិធីសិទ្ធិការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ មានកម្មករប្រមាណ១៧៥រោងចក្របានធ្វើកូដកម្មនិងបាតុកម្មនៅទូទាំងប្រទេសកម្ពុជា ហើយការប៉ាន់ប្រមាណមានកម្មករចន្លោះពី៣៥ទៅ៤០ម៉ឺននាក់បានចូលរួមក្នុងចលនាសង្គមនេះ។
នៅថ្ងៃនេះដែរ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានដឹកនាំបាតុកម្មនៅក្នុងរាជធានីភ្នំពេញឈានដល់ថ្ងៃទី១២ហើយ។
លោកសម រង្ស៊ីបានស្នើឲ្យក្រុមកម្មករបន្តតវ៉ាតទៅទៀត បើសិនជាថៅកែរោងចក្រមិនព្រមតំឡើងប្រាក់ខែដល់ពួកគេឲ្យដល់១៦០ដុល្លារក្នុងមួយខែនោះទេ៕
No comments:
Post a Comment